អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក លោក Yannick Milev មាន ប្រសាសន៍ថា៖ «សេវាមីក្រូហិរញ្ញវត្ថុ គឺជាសូចនាករដ៏សំខាន់សម្រាប់ការអភិវឌ្ឍ»។
លោក Yannick និងក្រុមការងារពោរពេញដោយបទពិសោធចំនួន ២៣០ នាក់របស់លោកបានដាក់ចេញនូវគំរូអាជីវកម្មចម្រើនចូលទៅក្នុងគោលគំនិតប្រកបដោយផលិតភាពខ្ពស់ និងមាននិរន្តរភាពដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាជននៅជនបទដែលបានប្រើប្រាស់សេវារបស់ខ្លួន។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្តល់នូវជំនាញដល់គ្រួសារក្រីក្រ។ ដូច្នេះពួកគេអាចមានទំនុកចិត្តក្នុងការរស់នៅ និងធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព។
ម្យ៉ាងវិញទៀតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ផ្តល់នូវស្ថិរភាពក្នុងការរស់នៅសម្រាប់បុគ្គលដែលងាយរងគ្រោះទាំងបុរស និងស្ត្រីដោយជួយពួកគេក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន ដើម្បីរកប្រាក់ចំណូលសមរម្យក្នុងការផ្គត់ផ្គង់ជីវភាព។
ឥណទានសម្រាប់សហគ្រិន ថាមពលបៃតង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទីផ្សារ កសិកម្ម និងការអភិវឌ្ឍអាជីវកម្ម គឺជាផ្នែកមួយនៃរបៀបវារៈបណ្តុះបណ្តាលជាទៀងទាត់។
«គម្រោងរបស់យើងទាំងអស់ត្រូវបានរៀបចំ និងបង្កើតឡើងដើម្បីដោះស្រាយបញ្ហាគ្រួសារដែលមានប្រាក់ចំណូលទាប ជាពិសេសធ្វើឲ្យជីវភាព និងការរស់នៅរបស់ពួកគេមានភាពល្អប្រសើរ»។
«ឧបសគ្គ [សម្រាប់អ្នកស្នើសុំកម្ចី] មានកម្រិតទាប ដូច្នេះគ្រួសារអាចទទួលបាន [ប្រាក់កម្ចី] ច្រើនក្នុងពេលតែមួយ ដូច្នេះយើងក៏បន្ថែមជាមួយសេវាកម្មគាំទ្រផ្សេងទៀតដូចជាការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញ និងបញ្ហាសុខភាព ដូចជា ជំងឺរាករូស និងការគ្រប់គ្រងកាកសំណល់ជាដើម»។
លោក Yannick មានប្រសាសន៍ថា៖ «ដូច្នេះទិដ្ឋភាពជារួមគឺការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្រីក្រ។ សម្រាប់គ្រួសារជាច្រើនគ្រាន់តែទទួលបានប្រាក់កម្ចីគឺមិនទាន់គ្រប់គ្រាន់នៅឡើយ ហើយវាក៏មានហានិភ័យផងដែរ ដូច្នេះយើងព្យាយាមដោះស្រាយឲ្យបានគ្រប់ជ្រុងជ្រោយ»។
ចាប់ផ្តើមនៅឆ្នាំ ២០០៦ ការផ្តោតសំខាន់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន គឺដើម្បីដោះស្រាយភាពក្រីក្រនៅតាមទីក្រុង ប៉ុន្តែយើងបានពង្រីកជាបណ្តើរៗទៅតាមបណ្តាខេត្ត ដោយសារតែតម្រូវការហិរញ្ញវត្ថុកើនឡើង ជាពិសេសពីសហគមន៍ដែលមិនមានលទ្ធភាពទទួលបានកម្ចីផ្លូវការពីសា្ថប័នហិរញ្ញវត្ថុ ធនាគារ។
ចម្រើនបានបង្កើតយន្តការជាច្រើន ដើម្បីជួយដល់អ្នកស្នើសុំកម្ចី ឬដៃគូរបស់ខ្លួនដូចជា ឥណទានសេវាបន្ថែមគឺជាប្រភេទកម្ចីហិរញ្ញវត្ថុដើម្បីជួយដល់ជនពិការ សិស្សមកពីសាលាបច្ចេកទេស ឬអ្នកដែលប្រឈមនឹងបញ្ហាក្នុងការទទួលបានប្រាក់កម្ចី ឬអ្នកដែលត្រូវបានគេយល់ថាជាអតិថិជនដែលមានហានិភ័យខ្ពស់។
ទន្ទឹមនឹងនេះដែរ ចម្រើនក៏បានណែនាំកម្ចីដែលជួយជំរុញដល់ការរស់នៅរបស់ដៃគូដូចជាឥណទានទឹកស្អាត និងអនាម័យ« WASH Loans» ដែលសំដៅទៅលើកម្ចីដែលគាំទ្រផ្នែកទឹកស្អាត និងអនាម័យ ជាផលិតផលសង្គមមួយផ្សេងទៀតដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ដើម្បីទិញធុងចម្រោះទឹក ម៉ាស៊ីនបូមទឹក និងជួសជុលបន្ទប់ទឹកជាដើម។
លោកបន្ថែមថា៖ «វាគឺជាប្រព័ន្ធអេកូឡូស៊ីនៃបញ្ហាផ្សេងៗ។ យើងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះតុល្យភាពនៃផលប៉ះពាល់នឹងធ្វើឱ្យប្រាកដថាយើងមានទំនូលខុសត្រូវចំពោះសេវាកម្មរបស់យើង ដែលដាក់ឱ្យអតិថិជនប្រើប្រាស់ ។ ជាគំនិតគឺយើងចង់ផ្តល់សេវាជាកញ្ចប់រួមបញ្ចូលគ្នាដល់អតិថិជន ឬដៃគូរបស់យើង ដើម្បីជួយពួកគេឱ្យដោះស្រាយបញ្ហាដែលពួកគេប្រឈម»។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើនមានអតិថិជនទទួលកម្ចីប្រមាណ ៣១ ០០០ នាក់នៅតាមខេត្តចំនួន ១៤ ធៀបទៅនឹងអ្នកទទួលកម្ចីចំនួន ២៦ ០០០ នាក់កាលពីឆ្នាំមុនពោលគឺមានការកើនឡើង។ «ដំបូងយើងផ្តោតតែនៅក្នុងទីក្រុង ប៉ុន្តែវាបានផ្លាស់ប្តូរសន្សឹមៗ។ បច្ចុប្បន្នមានអតិថិជន ៦០ ភាគរយនៅតាមតំបន់ជនបទ និង ៤០ ភាគរយនៅក្នុងទីក្រុង ហើយយើងនឹងបន្តផ្តោតការយកចិត្តទុកដាក់ទៅដល់តំបន់ជនបទឱ្យកាន់តែច្រើនបន្ថែមទៀត»៕