វេលា​ម៉ោង​ ១ ​រសៀល​នា​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​សិស្ស​កំពុង​ត្រៀម​ចូលរៀន អ្នកស្រី Nagaya Keiko ដែលជា​គ្រូបង្រៀន​តន្ត្រី​ជនជាតិ​ជប៉ុន​កំពុង​ឈរ​នៅ​ជិត​ក្តារខៀន​ជាមួយ​នឹង​ឧបករណ៍ និង​សម្ភារ​បង្រៀន​តន្ត្រី ដើម្បី​ត្រៀម​បង្រៀន​កូនសិស្ស​របស់គាត់​។

យោងតាម​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (Jica) អត្រា​ចុះឈ្មោះ​ចូលរៀន​របស់​កុមារ​តូច​អាយុ​ពី​ ៣ ​ដល់​ ៥ ​ឆ្នាំ​នៅ​កម្ពុជា​គឺ​នៅមាន​កម្រិត​ទាប​នៅឡើយ ពោលគឺ​កុមារ​អាយុ​ ៣ ​ឆ្នាំ​ដែល​បាន​ចុះឈ្មោះ​ចូលរៀន​មាន​ ១៦,៦ ភាគរយ​កុមារ​អាយុ​ ៤ ​ឆ្នាំ​មាន​ ២៩,១ ភាគរយ និង​កុមារ​អាយុ​ ៥ ​ឆ្នាំ​មាន​ត្រឹម​ត្រែ​ ៦១,៤ ភាគរយ​ប៉ុណ្ណោះ​។

អង្គការ Jica កំពុង​គាំទ្រ​គោលដៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្រោម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣ របស់​ក្រសួង​អប់រំ ដើម្បី​លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន និង​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​។

អង្គការ Jica បាន​កសាង​វិទ្យាស្ថាន​គរុកោសល្យ​សាកល្បង​ចំនួន​ ២ គឺ​ ១ ​ក្នុង​រាជធានី​ភ្នំពេញ និង​ ១ ​ទៀត​នៅក្នុង​ក្រុង​បាត់ដំបង ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​សហប្រតិបត្តិការ​បច្ចេកទេស​រយៈពេល​ ៦ ​ឆ្នាំ​របស់ខ្លួន​អនុវត្ត​រូបមន្ត​ «១២+៤» ​ដើម្បី​ធានាថា​គ្រូបង្រៀន​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​រយៈពេល​ ៤ ​ឆ្នាំក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​។

បច្ចុប្បន្ន​គ្រូបង្រៀន​នៃ​កម្មវិធី​អ្នកស្ម័គ្រចិត្ត​សហប្រតិបត្តិការ​ក្រៅប្រទេស​ជប៉ុន​ (JOCV) ​ចំនួន​ ១៨ នាក់​កំពុង​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា​ជួយ​ឲ្យ​ការចូល​រៀន​របស់​កុមារ​តូច​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​។

កូនសិស្ស​របស់​អ្នកគ្រូ Keiko កំពុង​រៀន​ភ្លេង​។

អ្នកគ្រូ Nagaya អាយុ​ ៣០ ​ឆ្នាំ​មាន​ដើមកំណើត​មកពី​ទីក្រុង Nagoya នៃ​ខេត្ត Aichi ប្រទេស​ជប៉ុន​បានមក​ដល់​ប្រទេស​កម្ពុជា​កាលពី​ ៨ ​ខែ​មុន បន្ទាប់ពី​អ្នកគ្រូ​ចូលរួម​ក្នុង​កម្មវិធី JOCV​។

អ្នកគ្រូ​បាន​ចំណាយពេល​ ៧០ ​ថ្ងៃ​ដើម្បី​រៀន​អាន​ភាសា​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​មុនពេល​ធ្វើដំណើរ​មក​ក្រុង​បាត់ដំបង​ដើម្បី​បង្រៀន​នៅ​សាលាបឋមសិក្សា​អនុវត្ត​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​វិទ្យាស្ថាន​គរុកោសល្យ​ខេត្ត​។

អ្នកគ្រូ Nagaya ជិះកង់​ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល​ ៤ ​គីឡូម៉ែត្រ​ដើម្បី​មក​បង្រៀន​ជា​រៀងរាល់ថ្ងៃ​ហើយ​ពេល​ល្ងាច​គាត់​ចំណាយពេល​រៀន​និយាយ​ភាសា​ខ្មែរ​នៅ​វត្ត​ក្បែរ​នោះ​។

អ្នកគ្រូ Nagaya ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​អ្នកបកប្រែ​ថា គាត់​មកកាន់​ប្រទេស​កម្ពុជា​ពីព្រោះ​គាត់​បានដឹង​អំពី​ប្រវត្តិ​ដ៏ឈឺចាប់​របស់​កម្ពុជា ហើយ​គាត់​ចង់​ជួយ​ប្រទេស​នេះ​»​។

«​វា​ពិតជា​លំបាក​ណាស់​ក្នុង​ការធ្វើឲ្យ​ក្មេងៗ​សប្បាយចិត្ត​ក្នុង​ពេល​ដែល​អ្នកមាន​អារម្មណ៍​សោកសៅ​។ ខ្ញុំ​ចូលចិត្ត​ប្រជាជន​កម្ពុជា ពួកគេ​មាន​ចិត្តល្អ ដូច្នេះ​ខ្ញុំ​ពិតជា​ស្រឡាញ់​ទីនេះ​ណាស់​»​។

អ្នកគ្រូ​ជនជាតិ​ជប៉ុន​ពេល​ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​។

អតីត​និស្សិត​សាកលវិទ្យាល័យ Aichi University of Education រូបនេះ​បន្តថា​៖ «​ប្រទេស​កម្ពុជា​កំពុង​ជួប​ការលំបាក ពីព្រោះ​មាន​សាលារៀន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​នៅ​ខ្វះ​គ្រូបង្រៀន​ថ្នាក់បឋមសិក្សា​»​។

អ្នកគ្រូ Nagaya បង្រៀន​សិស្ស​ចំនួន​ ៣៦១ ​នាក់​ចាប់ពី​ថ្នាក់​ទី​ ១ រហូតដល់​ថ្នាក់​ទី​ ៦ ហើយ​គាត់ បង្រៀន​មុខវិជ្ជា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ទៅ​ថ្នាក់​ខ្ពស់ជាង​នេះ​។

អ្នកគ្រូ​ឲ្យ​ដឹងថា គាត់​បានដាក់​ពាក្យ​ចូលរួម​កម្មវិធី JOCV ខណៈ​គាត់​កំពុង​បង្រៀន​តន្ត្រី​នៅ​សាលា​បឋមសិក្សា​មួយ​នៅឯ​ស្រុកកំណើត​របស់គាត់​។

នៅពេល​សួរថា តើ​សិស្ស​កម្ពុជា​ខុសគ្នា​យ៉ាងណា​ពី​អតីត​សិស្ស​របស់គាត់​នៅ​សាលាបឋមសិក្សា Narawa Elementary School អ្នកគ្រូ Nagaya ឆ្លើយ​ទាំង​យក​ក្រមា​ទប់​សំណើច​ថា​៖ «​សិស្ស​ជប៉ុន​គឺ​ខុសពី​សិស្ស​នៅ​កម្ពុជា​។ សិស្ស​ទាំងអស់​នៅពេល​ពួកគេ​ឮ​សំឡេង​ជួង​គេ​ត្រូវ ទៅ​អង្គុយ​ទៅក្នុង​ថ្នាក់ ហើយ​នៅពេល​គ្រួ​បង្រៀន​កូនសិស្ស​ស្តាប់​។ ប៉ុន្តែ​នៅ​កម្ពុជា​កូនសិស្ស​តូចៗ​ចូលចិត្ត​លេង​ច្រើន​»​។

សិស្ស​ និង​អ្នកគ្រូ​បង្ហាញ​ភាពស្និទ្ធស្នាល​ពេល​ម៉ោង​សម្រាក​។

អ្នកគ្រូ Nagaya លើកឡើង​ថា​កូនសិស្ស​នៅទីនេះ​មិនមាន​សម្ភារ​ប្រណីតៗ​ដូច​នៅ​សាលា​ប្រទេស​ជប៉ុន​ទេ ប៉ុន្តែ​អ្នកគ្រូ​តន្ត្រី​រូបនេះ​នៅតែមាន​សុទិដ្ឋិនិយម​ថា ក្មេងៗ​ទាំងនេះ​នឹងមាន​អនាគត​ភ្លឺស្វាង​នៅពេល​អនាគត​។

លោកស្រី ទេព វណ្ឌី នាយិការង​នៃ​វិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង​ (BTEC) ​ថ្លែងថា លោកស្រី​ពិតជា​សូម​កោតសរសើរ​ការលះបង់​របស់​អ្នកគ្រូ Nagaya ចំពោះ​សាលារៀន​ និង​កូនសិស្ស​របស់គាត់​។

លោកស្រី​បាន​សង្កត់ធ្ងន់​ថា វា​ពិតជា​មានតម្លៃ​ណាស់​ដែលមាន​គ្រូបង្រៀន​ប្រកបដោយ​ការលះបង់ និង​សមត្ថភាព​នៅ​វិទ្យាស្ថាន​នេះ សង្ឃឹមថា​លោកគ្រូ​អ្នកគ្រូ​ផ្សេង​នឹង​យក​គំរូ​តាម​។

លោកស្រី​បាន​បន្ថែមថា ការលះបង់​របស់គាត់​គឺ​បង្ហាញ​ពី​ការងារ​ដែល​រដ្ឋាភិបាល​ជប៉ុន​កំពុង​ធ្វើ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោកស្រី​ ទេព វណ្ឌី ថ្លែងថា​៖ «​រហូតមកដល់​ពេលនេះ​វិទ្យាស្ថាន BTEC បាន​បណ្តុះបណ្តាល​គ្រូ​បាន​ ២ ​ជំនាន់​ហើយ ដោយ​ប្រើប្រាស់​រូបមន្ត​ ១២+៤ ហើយ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​គរុសិស្ស​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ល្អ​បំផុត​ពី​គ្រូ​ដែលមាន​សមត្ថភាព​ដើម្បី​បង្កើន​សមត្ថភាព​ធនធាន​មនុស្ស​នៅ​កម្ពុជា​ និង​បង្កើន​ការចុះឈ្មោះ​ចូលរៀន​របស់​សិស្ស​»៕