ថ្វីបើ​ធនាគារ ព្រីនស៍ ទើប​ចូលមកក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ប្រមាណ​ ៥ ​ឆ្នាំ​ក្តី ប៉ុន្តែ​ធនាគារ​ដ៏រឹងមាំ​មួយ​នេះ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង និង​ទទួល​បាន​ពានរង្វាន់​ជាច្រើន​។ ដោយមាន​ស្នាក់ការ​កណ្តាល​ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​មាន​ដើមកំណើត​ចេញពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​នៅក្នុង​ឆ្នាំ​ ២០១៥ ទើប ៣ ​ឆ្នាំ​ក្រោយមក ស្ថាប័ន​នេះ​ក៏​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារពាណិជ្ជ​ពេញលេញ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ លោក ហ៊ន់ សុរចនា ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ ព្រីនស៍​បាន​លើក​ឡើង​អំពី​ផែនការ និង​សមិទ្ធផល​ថ្មីៗ​របស់​ធនាគារ​មួយ​នេះ​ដូចខាងក្រោម​។

ប្រហែលជា​រឿង​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​ចំពោះ​ការវិវឌ្ឍ​ដ៏លឿន​របស់​ធនាគារ ព្រីនស៍ ក្នុង​នោះ​ធនាគារ ព្រីនស៍ បាន​ក្លាយជា​ធនាគារ​ដំបូង​គេ​ដែល​ដាក់ឱ្យ​ដំណើរការ​បណ្ណ​ឥណពន្ធ​/​ឥណទាន Mastercard និង VISA ​ដែល​មាន​រយៈពេល​មិន​ដល់​ ២ ​ឆ្នាំ​ផង​បន្ទាប់ពី​បាន​ក្លាយជា​ធនាគារពាណិជ្ជ និង​ជា​ធនាគារ​ដំបូង​គេ​ដែល​បាន​បើក​សាខា​ចំនួន​ ១៩ និង​បញ្ជរ​សេវាកម្ម​ដោយ​ខ្លួនឯង​ចំនួន​ ៣២ ​ក្នុង​រយៈពេល​ត្រឹមតែ​ ១២ ​ខែ​នៅ​ទូទាំង​ប្រទេស​។ លោក សុរចនា ​តើ​លោក​អាច​សម្រេចបាន​សមិទ្ធផល​ដ៏ធំ​ក្នុង​រយៈពេល​ដ៏ខ្លី​នេះ​យ៉ាង​ដូចម្តេច​?

លោក សុរចនា: សមិទ្ធផល​ដ៏គួរ​ឱ្យ​កត់សម្គាល់​ទាំងនេះ​អាច​កើតឡើង​បាន​គឺ​ដោយសារ​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​ធនាគារ​ការប្តេជ្ញាចិត្ត​របស់​ម្ចាស់​ភាគហ៊ុន​ការគាំទ្រ​ដ៏រឹងមាំ​របស់​ក្រុមប្រឹក្សាភិបាល​ការណែនាំ​ និង​ការគាំទ្រ​របស់​និយតករ និង​ការខិតខំ​របស់​គណៈគ្រប់គ្រង​ក៏ដូចជា​បុគ្គលិក​របស់​យើង​ទាំងអស់​។

លោក ហ៊ន់ សុរចនា

ភាគទុនិក និង​ក្រុមប្រឹក្សា​ភិបាល​បានផ្តល់​ធនធាន​ចាំបាច់​ និង​ជឿជាក់​លើ​ការវិនិយោគ​រយៈពេល​វែង​ដូច្នេះហើយ​ទើប​ធនាគារ​មាន​លក្ខណពិសេស​ប្លែក​ពី​គេ​នៅក្នុង​ឧស្សាហកម្ម​នេះ​។ ជាក់ស្តែង​ល្បឿន​ និង​ទំហំ​កំណើន​ប្រកួតប្រជែង​សម្រាប់​ធនធាន គឺ​ទាមទារ​ឱ្យមាន​ការបែងចែក​ធនធាន និង​អាទិភាព​ការងារ​ឱ្យបាន​ត្រឹមត្រូវ​។ នៅក្នុង​បរិបទ​នេះ​សហការី​របស់ខ្ញុំ​បាន​ខិតខំ​បំពេញ​ការងារ​ដោយ​មិន​ខ្លាច​នឿយហត់​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​អនុវត្ត​គម្រោង​ជាច្រើន ខណៈ​ផ្តល់​លទ្ធផល​អាជីវកម្ម​ក្នុង​ពេល​តែមួយ​ដើម្បី​ធានាថា យើង​មាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់​សម្រាប់​ការរីកចម្រើន​បន្ថែម​ទៅមុខទៀត​។

បើ​គ្មាន​បុគ្គលិក​ដែលមាន​ការប្តេជ្ញាចិត្ត និង​មាន​សមត្ថភាព​ខ្ពស់​ទេ នោះ​យើង​នឹងមិន​អាច​នៅ​កន្លែង​ដែល​យើង​នៅ​សព្វថ្ងៃនេះ​ទេ​។ លើស​ពី​នេះ​ទៀត ដៃគូ​អាជីវកម្ម​ និង​អតិថិជន​របស់​យើង​បាន​គាំទ្រ​យ៉ាងសកម្ម​នៅក្នុង​ដំណើរការ​រីកចម្រើន​របស់​យើង​។ ​សរុបមក អ្វីៗ​ទាំងអស់​គឺជា​ការខិតខំ​ប្រឹងប្រែង និង​ការគាំទ្រ​ដ៏ធំ​ដល់​ធនាគារ​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​របស់​យើង​។

លក្ខណពិសេស​ដ៏លេចធ្លោ​មួយ​របស់​ធនាគារ​គឺ​ចំនួន​ទឹកប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់​ដែល​លោក​បាន​វិនិយោគ​លើ​កម្មវិធី​បណ្តុះបណ្តាល​បុគ្គលិក និង​ការអភិវឌ្ឍ​។ លោក សុរចនា ហេតុអ្វី​បានជា​លោក​ចាត់ទុក​វិស័យ​ធនធាន​មនុស្ស (HR) មាន​សារៈសំខាន់​ខ្លាំង​បែបនេះ​?

លោក សុរចនា: ដូច​ខ្ញុំ​បានលើកឡើង​ពី​ខាងដើម​អ៊ីចឹង ធនធានមនុស្ស​គឺជា​ទ្រព្យ​ដ៏សំខាន់​បំផុត​របស់​យើង​ និង​បាន​គាំទ្រ​សមត្ថភាព​ក្នុង​ការអភិវឌ្ឍ និង​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង​ឱ្យ​កាន់តែ​រឹងមាំ​។ ​សម្រាប់​យើង ដើម្បី​ឱ្យ​អាច​បន្ត​សម្ទុះ​ និង​ធ្វើឱ្យ​ខ្លួន​យើង​មាន​លក្ខណពិសេស​ប្លែក​ពី​គេ​នៅក្នុង​ឧស្សាហកម្ម​ដែល​កំពុងមាន​ការប្រកួត​ប្រជែង​កាន់តែខ្លាំង​នេះ​គឺ​យើង​ត្រូវ​ទាក់ទាញ​អ្នក​ដែល​មាន​ទេពកោសល្យ​ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន​។

ដូច្នេះ​ធនាគារ​បាន​វិនិយោគ​ដោយ​មនសិការ និង​យ៉ាងសកម្ម​នៅក្នុង​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​បុគ្គលិក​របស់​យើង​រាប់​ចាប់ពី​សកម្មភាព​ខាងក្នុង​ និង​ខាងក្រៅ​រហូតដល់​ការបណ្តុះបណ្តាល​តាម​អ៊ីនធឺណិត ការចាត់​ចែង​គម្រោង​ក៏ដូចជា​ការបណ្តុះបណ្តាល​ការងារ និង​ការហ្វឹកហាត់​។ ខណៈពេល​ដែល​ធនាគារ​ត្រូវការ​ធនធាន​មនុស្ស​ដែលមាន​ផលិតភាព​កាន់តែច្រើន យើង​ក៏​យល់ច្បាស់​ថា​បុគ្គលិក​របស់​យើង​ត្រូវការ​បរិយាកាស​អំណោយផល​ និង​ការគាំទ្រ​ជា​បន្ត​សម្រាប់​ការអភិវឌ្ឍ​ជំនាញ​របស់​ពួកគេ​។ ​ក្នុងន័យ​នេះ​ការវិនិយោគ​របស់​យើង​នៅក្នុង​កម្មវិធី​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​គឺមាន​គោលបំណង​បំពេញ​ទាំង​តម្រូវការ​របស់​ធនាគារ​ និង​តម្រូវការ​របស់​បុគ្គលិក​។

លោក សុរចនា តើ​អ្វី​ជា​ទិដ្ឋភាព​ដែល​លោក​ពេញចិត្ត​បំផុត​ក្នុង​នាម​ជា​អ្នកដឹកនាំ​នៅ​ធនាគារ ព្រីនស៍​? ហើយ​តើ​លោក​គិតថា​អ្វី​ដែលជា​បញ្ហា​ប្រឈម​ធំ​បំផុត​នៅក្នុង​រយៈពេល​ ១២ ទៅ​ ១៨ ខែ​ខាងមុខ​?

លោក សុរចនា: ការមើលឃើញ​ធនាគារ ព្រីនស៍ គឺជា​ស្ថាប័ន​ក្នុង​ស្រុក​មួយ​ដែលមាន​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​ក៏ដូចជា​បុគ្គលិក​របស់​យើង​ដែល​កំពុងមាន​ការអភិវឌ្ឍ​ធ្វើឱ្យ​ខ្ញុំ​ពេញចិត្ត​ក្នុង​នាម​ជា​ប្រធាន​នាយក​ប្រតិបត្តិ​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ធនាគារ ព្រីនស៍ ដែល​ក្លាយជា​ធនាគារ​ឌីជីថល ដែលមាន​ការរីកចម្រើន​ក្នុង​លឿន​បំផុត​នៅក្នុង​ប្រទេស​ក្នុង​រយៈពេល​ដ៏ខ្លី​។

សមិទ្ធផល​របស់​ធនាគារ​កើតឡើង​ដោយសារ​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​ច្បាស់លាស់​។

ជាពិសេស ខ្ញុំ​រីករាយ​ចំពោះ​ការទទួល​ស្គាល់​ជា​អន្តរជាតិ​ដែល​ធនាគារ ព្រីនស៍ ទទួល​បាន​ក្នុង​នោះ​រួមមាន​ពានរង្វាន់​ «Asia''s Top 100 Best Employer Brands for 2019» ពានរង្វាន់​ «Cambodia''s Best Employer Brands for 2020» ​ពានរង្វាន់ «Global Best Employer Brands for 2020» ​ពី​វិទ្យាស្ថាន Employer Branding Institute ពី​ក្រុមហ៊ុន World HRD Congress និង​ពី​ក្រុមហ៊ុន Stars of the Industry Group​។

ហើយ​បច្ចុប្បន្ន​អ្វី​ដែល​ខ្ញុំ​កាន់តែ​រំភើប​ថែមទៀត​នោះ គឺ​ធនាគារ​យើង​ទទួលបាន​ពានរង្វាន់​ «​ធនាគារ ពាណិជ្ជ​ល្អ​បំផុត​នៅ​កម្ពុជា​ឆ្នាំ​ ២០២០» ពី​ទស្សនាវដ្ដី International Banker​។ បើ​ក្រឡេក​ទៅ​មើល​រយៈពេល​ ១២ ទៅ​ ១៨ ​ខែ​ខាង​មុខ ខ្ញុំ​មាន​អារម្មណ៍​ថា​បញ្ហា​ប្រឈម​ធំ​បំផុត​គឺថា​តើ​ត្រូវ​បន្ត​សម្ទុះ​កំណើន​របស់​យើង​បែបណា ក្រោយ​កូវីដ​១៩​។

រាល់​អាជីវកម្ម​ និង​ប្រទេស​ទាំងអស់​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​រាតត្បាត​មួយ​នេះ​។​រៀបចំ​ខ្លួន​យើង​សម្រាប់​ការងើបឡើង​វិញ​ និង​ការរីកចម្រើន​ជា​បន្តបន្ទាប់​ក្នុង​ល្បឿន​ដែល​យើង​មាន គឺជា​គន្លឹះ​ដើម្បី​កំណើន​ខ្ពស់​ជាង​ធនាគារ​ផ្សេងទៀត​។ ទោះយ៉ាងណា នេះ​គឺជា​ឧបសគ្គ​ដ៏ធំ​ដែល​យើង​ត្រូវ​មាន​យុទ្ធសាស្ត្រ​ដើម្បី​ជម្នះ​លើ​បញ្ហា​ប្រឈម​ទាំងនេះ​៕

អត្ថបទ​នេះ​កែសម្រួល និង​ដកស្រង់​ចេញពី​គេហទំព័រ www.internationalbanker.com