ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍ លោក Madi Akmambet អភិបាលប្រតិបត្តិនៃក្រុមព្រឹក្សាភិបាល និងជាអតីតនាយកប្រតិបត្តិធ្វើការលាតត្រដាងអំពីដំណើរការវិវឌ្ឍន៍របស់ ABA នៅកម្ពុជា។
សំណួរ៖ តើអ្វីដែលធ្វើឲ្យធនាគារ ABA ឈរលើធនាគារផ្សេងៗនៅកម្ពុជា?
នៅកម្ពុជា យើងមានធនាគារជាង ៥០ ហើយធនាគារខ្លះកំពុងសាងខ្លួនឲ្យប្លែកពីគ្នា។ មើលចេញពីជ្រុងនេះ ABA មានជំហរខុសប្លែកពីធនាគារផ្សេងៗ។ នាមជាបុត្រសម្ព័ន្ធនៃធនាគារជាតិកាណាដា ABA ជាធនាគារមកពីអាមេរិកខាងជើងតែមួយគត់នៅកម្ពុជា។
ចំណុចខុសប្លែកផ្សេងរបស់យើង គឺការផ្សព្វផ្សាយអត្តសញ្ញាណខុសប្លែកពីគេ និងការរចនាសាខាដ៏ទំនើប។
យើងក៏កំពុងតែកែលម្អទាំងផលិតផល និងដំណើរការធុរកិច្ចរបស់ខ្លួន។ លក្ខណពិសេសរបស់ធនាគារ ABA គឺមានសេវាកម្មតាមបញ្ជរ ១២/៧ បណ្តាញគាំទ្រអតិថិជន ២៤ ម៉ោង និងកម្មវិធី ABA Mobile ដ៏លេចធ្លោជាងគេ។
យើងជឿជាក់ថា លក្ខណៈទាំងអស់នេះ ព្រមជាមួយការផ្តល់នូវផលិតផលដែលមានភាពប្រកួតប្រជែង និងបុគ្គលិកមានជំនាញខ្ពស់របស់យើង នាំមកនូវបទពិសោធប្លែកជាងគេជូនអតិថិជន។ យ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុតនោះ គឺលក្ខណៈដោយឡែកផ្ទាល់របស់ ABA។
ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ភាគច្រើនមានសញ្ជាតិបារាំង និងកាណាដា។ គណៈគ្រប់គ្រងប្រតិបត្តិមាន ចម្រុះសាសន៍ ដោយមានសញ្ជាតិកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន នេប៉ាល់ កូរ៉េខាងត្បូង និងកាណាដា។ ប្រាកដណាស់ អ្នកជំនាញកំពូលៗរបស់កម្ពុជាក៏នៅ ក្នុងនោះដែរ ដោយមានតួនាទីសំខាន់ៗក្នុងការគ្រប់គ្រងស្ថាប័នរបស់យើង។ ភាពចម្រុះគ្នានេះធ្វើឲ្យធនាគារ ABA ប្លែក និងពិសេសដោយឡែកពីគេ ពាក់ព័ន្ធនឹងវប្បធម៌សាជីវកម្ម គុណតម្លៃស្នូល និងសមត្ថភាពប្រតិបត្តិ។
បើនិយាយពីបេសកកម្មរបស់ធនាគារក្នុងការបម្រើប្រជាជនកម្ពុជា និងផលប្រយោជន៍ដល់កម្ពុជា ABA ក៏ពិសេសជាងគេផងដែរ ដោយសារយើងឈរលើស្មារតីនេះជាសំខាន់ក្នុងធុរកិច្ចរបស់ខ្លួន។
និយាយដល់ចំណុចនេះ យើងក៏បានដឹងថា ធនាគារ ABA រួមជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត ក៏ដើរតួនាទីសំខាន់ក្នុងការជួយប្រជាជនកម្ពុជា និងក្រុមហ៊ុននានាឲ្យឆ្លងផុតវិបត្តិជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះផងដែរ។
ក្រោមការណែនាំ និងចង្អុលបង្ហាញពីធនាគារជាតិនៃកម្ពុជា វិស័យធនាគារគួរតែបន្តធ្វើការងារ ដើម្បីគាំទ្រសេដ្ឋកិច្ចជាតិ។ តាមទស្សនៈនេះ ABA ក៏បានត្រួសត្រាយនាំមុខរួចហើយ អាស្រ័យដោយភាពធន់ផ្នែកហិរញ្ញវត្ថុ ការអនុវត្តតាមស្តង់ដាអន្តរជាតិ និងការបេ្តជ្ញាចិត្តរបស់ធនាគារចំពោះសេដ្ឋកិច្ចកម្ពុជា។
សំណួរ៖ តើផ្នែកអ្វីដែលជំរុញធុរកិច្ចរបស់ធនាគារ ABA នៅក្នុងទីផ្សារកម្ពុជា? តើផ្នែកសេវាធនាគាររូបវន្តដំណើរការយ៉ាងណាដែរ?
ធនាគារ ABA មានយុទ្ធសាស្ត្រអាជីវកម្មផ្តាច់មុខមួយដែលមានផ្នែកអាជីវកម្មចំនួន ២។ ផ្នែកទី ១ ផ្តោតលើរូបវន្តបុគ្គល មានបញ្ញើ ការផ្ទេរប្រាក់ និងសេវាធនាគារគ្រប់គ្រងគណនីផ្សេងៗ។
ផ្នែកនេះកំពុងតែដំណើរការយ៉ាងល្អបំផុត។ ចំនួនគណនីសរុបកាន់តែកើនឡើងស្ទើរតែទ្វេដងកាលពីឆ្នាំមុន និងបានឈានដល់ ១ លានជាង ដែល ៩៨ ភាគរយជាអតិថិជនរូបវន្ត។
ផ្នែកទី២ គឺការផ្តល់កម្ចី ដោយមានយុទ្ធសាស្ត្រផ្តោតលើអតិថិជនជាអាជីវកម្មខ្នាតតូច និងសហគ្រាស ធុនតូច និងមធ្យម [MSME] ដែលមានចំនួន ៩២ ភាគរយនៃផលបត្រកម្ចីសរុបរបស់យើង។
សំណួរ៖ ផលបត្របញ្ញើរបស់ធនាគារ ABA បានកើនឡើងដល់ ៣.៤ ប៊ីលានដុល្លារ ខណៈដែលផ្នែកកម្ចីមានចំនួន ២.៨ ប៊ីលានដុល្លារ។ តើធនាគារអាចសម្រេចលទ្ធផលនេះបានដោយរបៀបណា?
នេះជាចក្ខុវិស័យរបស់យើងដើម្បីក្លាយជាធនាគារដែលប្រជាជនកម្ពុជាទុកចិត្ត សម្រាប់តម្រូវការសេវាធនាគារផ្ទាល់ខ្លួន និងអាជីវកម្មរបស់ពួកគេ។ ដូច្នេះយើងបង្កើតក៏ដូចជាផ្គត់ផ្គង់ផលិតផល និងសេវាកម្មនានាដែលចាំបាច់នៅកម្ពុជា។
យើងមានក្រុមការងារផ្នែកលក់ដ៏រឹងមាំ បណ្តាញសាខាទូលំទូលាយ និងដំណោះស្រាយសេវាធនាគារឌីជីថលដ៏ទំនើប។ ទាំងនេះផ្តល់ឲ្យយើងនូវសមត្ថភាព «បណ្តាញរួមមួយ (omni channel)» ពេញលេញក្នុងការបម្រើអតិថិជន។
សរុបមក កត្តាជោគជ័យសំខាន់ៗ គឺផ្តោតលើតម្រូវការរបស់អតិថិជន។ យើងនាំមកនូវគុណតម្លៃជូនអតិថិជន ដោយបង្កើតសេវាហិរញ្ញវត្ថុដែលមានប្រយោជន៍ អាចទុកចិត្តបាន និងនវានុវត្តន៍។ ដោយមានទស្សនៈបែបនេះ ទើបយើងអាចនាំភាពជោគជ័យជូនអតិថិជនក្នុងនាមជាដៃគូ។
សំណួរ៖ តើប្រាក់ចំណេញ និងចំណូលកាលពីឆ្នាំមុនកើនឡើងយ៉ាងម៉េចដែរ?
កាលពីឆ្នាំមុន ធនាគារ ABA ទទួលបានប្រាក់ចំណេញជាប់កំណត់ត្រា។ ចំណេញសុទ្ធមានចំនួន ១២៧ លានដុល្លារ កើនឡើង ៧២ ភាគរយ ធៀបនឹងដំណាច់ឆ្នាំ ២០១៨។ ជាលទ្ធផល អនុបាតចំណូលធៀបនឹងមូលធន (ROE) គឺ ៣៣ ភាគរយ ក្នុងឆ្នាំ ២០១៩ ដែលខ្ពស់ខ្លាំងបំផុតនៅក្នុងឧស្សាហកម្មនេះ។
តាំងពីចាប់ផ្តើមប្រតិបត្តិការមក តើធនាគារមានដំណើរការរីកចម្រើនដូចម្ដេចដែរ?
ទោះបីជាធនាគារវឌ្ឍនៈអាស៊ី បើកដំណើរការនៅឆ្នាំ ១៩៩៦ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកមួយក៏ពិតមែនក៏ដំណាក់កាលថ្មីទើបបានចាប់ផ្តើមនៅឆ្នាំ ២០០៧ នៅពេលដែលក្រុមហ៊ុនមូលធនឯកជនមួយមកពីកាហ្សាក់ស្ថាន គឺក្រុមហ៊ុន Visor Group និងដៃគូរបស់ខ្លួន គឺលោក DamirKarassayev បានទិញយកធនាគារដែលពេលនោះ មានតែមួយសាខាជាមួយទ្រព្យសកម្មត្រឹមតែ ៤០ លានដុល្លារ។ ការទិញយកនេះ បានក្លាយជាការវិនិយោគដ៏សំខាន់មួយមកលើធនាគារនេះ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ពន្ធ។
ធនាគារត្រូវបានបង្កើតឡើងវិញក្នុងនាមជាធនាគារ ABA នៅឆ្នាំ ២០០៩ នៅពេលដែលយើងធ្វើការកែសម្រួលអត្តសញ្ញាណ និងបានដាក់ឲ្យដំណើរការផលិតផលថ្មីៗនៅក្នុងទីផ្សារ។ ស្នូលគ្រឹះនៃគណៈគ្រប់គ្រងនាពេលបច្ចុប្បន្នត្រូវបានបង្កើតឡើងចាប់តាំងពីពេលនោះមក។ បន្ទាប់ពីទទួលបានផលចំណេញជាលើកដំបូងនៅឆ្នាំ ២០១០ ធនាគារបន្តរីកចម្រើនជាប់មករហូត។
ក្នុងឆ្នាំ ២០១៤ ធនាគារបានបើកទំព័រថ្មីនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយនឹងធនាគារជាតិកាណាដាដែលបានក្លាយជាភាគហ៊ុនិក ដោយបន្តទិញយកភាគហ៊ុនរបស់ធនាគារ ABA រហូតដល់ ១០០ ភាគរយ (ដកមួយភាគហ៊ុន)។ ឥឡូវនេះធនាគារ ABA ជាផ្នែកមួយនៃសម្ពន្ធធនាគារជាតិកាណាដាហើយកត្តានេះនាំឲ្យមានចំណុចខ្លាំងផ្នែកហិរញ្ញវត្ថុ អភិបាលកិច្ចសាជីវកម្ម និងជំហរទីផ្សារកាន់តែរឹងមាំជាងមុន។ ទ្រព្យសកម្មសរុបរបស់ធនាគារ ABA គិតត្រឹមដំណាច់ឆ្នាំមុន បានឈានដល់ ៤ ៣៩៥ លានដុល្លារ ឬច្រើនជាង ១០០ ដងនៃទ្រព្យសកម្មដែលមាននៅពេលដែលយើងចាប់ផ្ដើមទទួលបន្ទុកប្រតិបត្តិការនោះ។
ទ្រព្យសកម្មសរុបរបស់ធនាគារ ABA បានឈានដល់ ៤.៤ ប៊ីលានដុល្លារ នៅឆ្នាំ ២០១៩។ តើមានកត្តាអ្វីខ្លះរួមចំណែកជំរុញឲ្យសម្រេចបានទ្រព្យសកម្មនេះ?
ទ្រព្យសកម្មសរុបរបស់ធនាគារមានសមាសភាពនៃដើមទុនរបស់ភាគហ៊ុនិកជាង ១១ ភាគរយ និងបញ្ញើរបស់អតិថិជនចំនួន ៧៧ ភាគរយ។ ក្រៅពីនេះ គឺជាកម្ចី និងបំណុលផ្សេងៗ។ នេះជារចនាសម្ពន្ធថវិកាទូទៅសម្រាប់ធនាគារពាណិជ្ជ ហើយស្របតាមលក្ខខណ្ឌតម្រូវនៃសាធនភាពរបស់ធនាគារជាតិនៃកម្ពុជា។
តើកំណើនកាលពីឆ្នាំមុនយ៉ាងណាដែរ ពាក់ព័ន្ធនឹងប្រាក់ចំណេញ និងចំណូល?
កាលពីឆ្នាំមុន ធនាគារ ABA ទទួលបានប្រាក់ចំណេញខ្ពស់កំណត់ត្រា។ ប្រាក់ចំណូលសុទ្ធមានចំនួន ១២៧ លានដុល្លារ កើនឡើង ៧២ ភាគរយ ធៀបនឹងដំណាច់ឆ្នាំ ២០១៨។ជាលទ្ធផលអនុបាតចំណូលធៀបនឹងសមធន (ROE) មានចំនួន ៣៣ ភាគរយ ក្នុងឆ្នាំ ២០១៩ ដែលខ្ពស់ជាងគេបំផុតនៅក្នុងឧស្សាហកម្មនេះ។
តើអ្វីជាផលិតផលសេវាធនាគារ ដែលពេញនិយមបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន?
ដូចបានលើកឡើងខាងលើ នៅពេលផ្តល់កម្ចី ធនាគារ ABA ផ្តោតលើការផ្តល់កម្ចីដល់អាជីវកម្មមីក្រូ និងសហគ្រាសធុនតូច និងមធ្យម [MSME] ដែលជាសសរស្តម្ភសំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ យើងក៏បើកគណនីថ្មីរាប់ពាន់រៀងរាល់ថ្ងៃ ដែលផ្តល់នូវបរិយាប័ន្នហិរញ្ញវត្ថុ។ អ្នកដែលមានគណនីអាចទទួលផលប្រយោជន៍ពីសេវាកម្មពេញលេញ រួមមាន គណនីបញ្ញើសន្សំ ឬបញ្ញើមានកាលកំណត់ សេវាផ្ទេរប្រាក់ និងកាតធនាគារ ព្រមទាំងការផ្តល់ជូនផ្សេងៗជាច្រើនទៀត។ សេវាធនាគារឌីជីថលផ្តាច់មុខមានតម្រូវការខ្ពស់ គឺកម្មវិធី ABA Mobile សេវាកម្មធនាគារអនឡាញ និងទីកន្លែងស្វ័យសេវារបស់យើងនៅទូទាំងប្រទេស។
តើធនាគារចាត់ទុកខ្លួនឯងយ៉ាងណា ដើម្បីបម្រើដល់ប្រជាជនវ័យក្មេង?
ជាមួយកញ្ចប់សេវាធនាគារឌីជីថល និងស្វ័យសេវាដ៏ទំនើប ស្ថានភាពរបស់ធនាគារ ABA មានភាពទាក់ទាញនៅក្នុងទីផ្សារ ជាពិសេសចំពោះប្រជាជនវ័យក្មេងដែលមានការយល់ដឹងខ្លាំងអំពីបច្ចេកវិទ្យា។ មិនថាអ្នកមានអាជីវកម្មផ្ទាល់ខ្លួន ឬជាបុគ្គលិកក្រុមហ៊ុន ឬក៏ជាសិស្សនិស្សិតនោះទេ សេវាធនាគារឥឡូវនេះស្ថិតនៅលើចុងម្រាមដៃរបស់អ្នក។
អ្នកអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលទៅកាន់ដៃគូអាជីវកម្ម គ្រួសារ ឬមិត្តភក្តិរបស់អ្នក។ អ្នកអាចបង់ទឹកភ្លើង និងសំរាម បញ្ចូលលុយទូរស័ព្ទ និងបង់ថ្លៃអ៊ីនធឺណិត សាលា ឬសាកលវិទ្យាល័យ ព្រមទាំងធ្វើប្រតិបត្តិការផ្សេងៗជាច្រើនទៀត។ លើសពីនេះ មានសាច់ប្រាក់ ២៤/៧ នៅតាមបណ្តាញ ATM ដ៏ធំបំផុតនៅកម្ពុជា។
ជាមួយនឹងការផ្តល់កម្ចីអាជីវកម្មរបស់យើង យើងសង្ឃឹមថាមានសហគ្រិនវ័យក្មេងច្រើនបន្ថែមទៀតដែលជាអតិថិជន និងជាអតិថិជនកម្ចីរបស់យើងទទួលបានផលប្រយោជន៍ពីអ្វីដែលយើងមានផ្តល់ជូននោះ។ ហើយនេះមិនត្រឹមតែជាផលិតផលកម្ចីរបស់យើងទេដែលជួយលើកកម្ពស់សហគ្រិនភាពវ័យក្មេងនោះ យើងថែមទាំងចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គមរបស់សាជីវកម្មដូចជា កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ (FLIP) រួមជាមួយធនាគារជាតិកាណាដាសមាគមរបស់អង្គការសហប្រជាជាតិនៅការិយាល័យកាណាដានៅប្រទេស កាណាដា និងការិយាល័យកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនៅកម្ពុជា។
ក្នុងនាមជាធនាគារបរទេស តើធនាគារ ABA រួមចំណែកដល់វិស័យហិរញ្ញវត្ថុរបស់កម្ពុជាដោយរបៀបណា?
ក្នុងនាមជាធនាគារកំពូលមួយ និងជាធនាគារអាមេរិកខាងជើងប្រចាំនៅកម្ពុជា យើងបន្តដាក់ឲ្យដំណើរការការអនុវត្តល្អៗបំផុតជាច្រើនពាក់ព័ន្ធនឹងអភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យការប្រតិបត្តិតាម។ យើងក៏បន្តកែលម្អ និងនាំមកនូវផលិតផលថ្មីៗចូលក្នុងទីផ្សារ។
ធនាគារជាអ្នកត្រួសត្រាយនៅកម្ពុជា ដូចជា ការនាំមកនូវសេវាធនាគារពេញលេញតាមទូរស័ព្ទ សេវាដកសាច់ប្រាក់មិនបាច់ប្រើកាត e-Cash និងការទូទាត់ប្រើកូដ QR និងសេវាផ្សេងៗជាច្រើនទៀត។ ដូច្នេះ យើងជាញឹកញាប់មិនត្រឹមតែបំពេញតម្រូវការតែប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវតម្រូវការថ្មីៗផងដែរ។
ដោយមានធនាគារជាតិកាណាដាជាភាគហ៊ុនិកដែលអាចទុកចិត្តបាន និងមានកិត្តិនាមខ្ពស់នោះ មានន័យថា ធនាគារ ABA ទទួលបានដើមទុន និងថវិកាកាន់តែងាយស្រួល។ កាលពីឆ្នាំមុន យើងទទួលបាន ៥០ លានដុល្លារ ជាដើមទុនភាគហ៊ុនិក និង ៤០ លានដុល្លារ ជាអនុបំណុលបន្ទាប់បន្សំសម្រាប់គាំទ្រដល់កំណើនរបស់ធនាគារ ABA នៅកម្ពុជា។ ក្នុងត្រីមាសទីមួយឆ្នាំនេះ យើងបានទទួលប្រាក់តម្កល់ធានាលើដើមទុនបន្ថែមចំនួន ១២០ លានដុល្លារ។
យើងក៏ទទួលបានចំណាត់ថ្នាក់ឥណទាន «B+» ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតមួយនៅកម្ពុជាពីទីភ្នាក់ងារ Standard and Poor’s ដែលទទួលស្គាល់ជាអន្តរជាតិ។ ធនាគារអាណាព្យាបាលរបស់យើងទទួលបានចំណាត់ថ្នាក់ឥណទានអន្តរជាតិ «AA-»។ កត្តាទាំងនេះ ធ្វើឲ្យធនាគារ ABA មានសមត្ថភាពទទួលបានឥណទានពីធនាគារបរទេស និងគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិនានា ដែលមានន័យថាជាការទាក់ទាញការវិនិយោគបន្ថែមសម្រាប់កម្ពុជា។
ជាចុងក្រោយនិងសំខាន់បំផុត យើងរួមចំណែកជាច្រើនដល់កម្ពុជា តាមរយៈ «ការបង្កើត» អ្នកជំនាញវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាកាន់តែច្រើន។ សម្រាប់គោលបំណងនេះ កាលពីពីរបីឆ្នាំមុន យើងបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ធនាគារ ABA ដែលផ្តល់ការបណ្តុះបណ្តាលបុគ្គលិកទាំងអស់របស់យើងជាទៀងទាត់។ មជ្ឈមណ្ឌលនេះជួយបង្កើនសមត្ថភាពធនធានមនុស្សនៅក្នុងប្រព័ន្ធធនាគារ និងក្នុងប្រទេសទាំងមូល។
កាលពីឆ្នាំមុន ធនាគារ ABA បានបោះផ្សាយសញ្ញាបណ្ណដែលមានតម្លៃ ២១ លានដុល្លារ។ តើការអនុវត្តសាជីវកម្មនេះជោគជ័យឬអត់ ហើយតើថវិកាទាំងនេះត្រូវបានប្រើប្រាស់សម្រាប់អ្វីដែរ?
ប្រាកដណាស់ យើងមានភាពរីករាយនឹងលទ្ធផលនៃការបោះផ្សាយសញ្ញាបណ្ណនេះ ហើយយើងចាត់ទុកថាជាភាពជោគជ័យ។
សញ្ញាបណ្ណនេះជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ធនាគារ ABA ព្រមទាំងសម្រាប់ទីផ្សារដើមទុនកម្ពុជា។ នេះជាសញ្ញាបណ្ណដំបូងពីធនាគារពាណិជ្ជដែលបានចុះបញ្ជីលក់នៅផ្សារមូលបត្រកម្ពុជា និងជាសញ្ញាបណ្ណកម្ពុជាទី ១ ដែលមានកម្រិតឥណទានអន្តរជាតិពីទីភ្នាក់ងារ S&P។
លើសពីនេះ ធនាគារ ABA បានក្លាយជាធនាគារដំបូងដែលបោះផ្សាយសញ្ញាបណ្ណសាជីវកម្មលក់ជូនវិនិយោគិនរូបវន្តបន្ថែមលើវិនិយោគិនដែលជាគ្រឹះស្ថាន។ ក្នុងចំណោមអ្នកទិញសញ្ញាបណ្ណទាំងអស់មាន ៩២ ភាគរយ មកពីខាងរូបវន្ត ហើយវិនិយោគិនភាគច្រើនជាប្រជាជនកម្ពុជា។ នេះបង្ហាញពីទំនុកចិត្តរបស់ប្រជាជនមកលើធនាគារ និងការត្រៀមខ្លួនជាស្រេចរបស់ពួកគេក្នុងការវិនិយោគលើរូបិយបណ្ណប្រាក់រៀលខ្មែរ (KHR)។
សញ្ញាបណ្ណទាំងនេះត្រូវបានបោះផ្សាយជារូបិយបណ្ណជាតិ ដើម្បីផ្តល់ថវិកាដល់ការផ្តល់កម្ចីរបស់យើងជាប្រាក់រៀល។ នេះក៏បានជួយធនាគារសម្រេចនូវគោលដៅ កំណត់ដោយគោលនយោបាយធនាគារជាតិនៃកម្ពុជាដែលតម្រូវឲ្យមានកម្ចីសរុបអប្បបរមា ១០ ភាគរយ ជាប្រាក់រៀលត្រឹមដំណាច់ឆ្នាំមុន។
ក្រៅពីនេះ ការចុះបញ្ជីណាមួយលើផ្សារភាគហ៊ុនត្រូវមានតម្លាភាពខ្ពស់ ការរាយការណ៍ជាក់លាក់ និងសវនកម្មហិរញ្ញវត្ថុបន្ថែម។ និយាយរួមមក នេះមានន័យថា មានវិន័យផ្នែកហិរញ្ញវត្ថុកាន់តែខ្ពស់។
សរុបមក យើងជឿជាក់ថា សញ្ញាបណ្ណរបស់ធនាគារ ABA រួមចំណែកដល់ការអភិវឌ្ឍផ្សារដើមទុន ហើយនឹងនាំមកនូវទំនុកចិត្តកាន់តែច្រើនបន្ថែមមកលើវិស័យនេះ។
សំណួរ៖ តើអ្នកមានទស្សនៈ និងផែនការអ្វីខ្លះសម្រាប់ឆ្នាំ ២០២០?
នៅពេលយើងពិភាក្សាពីផែនការអាជីវកម្មសម្រាប់នេះកាលពីខែធ្នូនោះ សេដ្ឋកិច្ចត្រូវបានរំពឹងរួចហើយថានឹងថយចុះបន្តិចម្តងៗ ដោយសារតម្រូវការទំនិញកម្ពុជាថយចុះ និងការដកផ្នែកខ្លះនៃ EBA របស់សហភាពអឺរ៉ុប ព្រមទាំងការធ្លាក់ចុះនៅក្នុងវិស័យទេសចរណ៍។
ប៉ុន្តែយើងបានព្យាករថា ធនាគារ ABA នឹងទទួលបានកំណើនក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ ៣០ ភាគរយ ក្នុងទ្រព្យសកម្ម កម្ចី និងបញ្ញើ ធៀបនឹង ៥០-៦០ ភាគរយ នៅក្នុងប៉ុន្មានឆ្នាំមុន។ យើងក៏បានរៀបចំផែនការបើកសាខាថ្មីចំនួន ២-៣ នៅក្នុងឆ្នាំនេះផងដែរ។
ទោះបីជាមានការរីករាលដាលនូវជំងឺកូវីដ ១៩ ក៏បរិស្ថានធុរកិច្ចបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ដែរ។
យើងកំពុងរៀបចំរចនាសម្ព័ន្ធក្រុមការងារឡើងវិញ ដោះស្រាយបញ្ហាធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំ ២០២០ ដោយសារយើងមើលឃើញថា អាជីវកម្មជាច្រើនកំពុងរងផលប៉ះពាល់។
ដូចអ្នកបានដឹងហើយកាលពីខែមុន ធនាគារជាតិនៃកម្ពុជាបានចេញសារាចរដោយអនុញ្ញាតឲ្យធនាគារពាណិជ្ជផ្តល់នូវរយៈពេលអនុគ្រោះ និងការរៀបចំកាលវិភាគការបង់កម្ចីដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។
យើងបានចាប់ផ្តើមផ្តល់ការគាំទ្រដល់អតិថិជនកម្ចីរបស់យើងតាមការសមស្របរួចរាល់ហើយ។ ឆ្នាំនេះនឹងជាឆ្នាំដែលមានឧបសគ្គខ្ពស់ ប៉ុន្តែយើងបន្តឈានទៅមុខដោយទំនុកចិត្ត។ យើងមានធនធានទាំងអស់ក្នុងដៃសម្រាប់បន្តគាំទ្រអាជីវកម្មរបស់ប្រជាជនកម្ពុជា រួមមាន ថវិកា បណ្តាញសាខា និងបច្ចេកវិទ្យា។
យើងក៏ជឿជាក់យ៉ាងមុតមាំលើសេដ្ឋកិច្ចកម្ពុជា។ វាមានភាពចម្រុះ ភាពប្រកួតប្រជែង និងបើកចំហសម្រាប់ការវិនិយោគ ហើយវាក៏មានជំហរល្អក្នុងការរីកចម្រើនឡើងវិញឆាប់ៗនេះ៕