ធនាគារ ឌីជីប៊ី កំពុង​រៀបចំ​ផែនការ​ដើម្បី​ណែនាំ​សេវាកម្ម​ និង​ផលិតផល​របស់​ធនាគារ​ជាច្រើន​រហូត​ដល់​សេវាកម្ម​ធនាគារ​ចល័ត ដើម្បី​ពង្រឹង​ជំហរ​របស់ខ្លួន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដែល​កំពុងមាន​ការប្រកួត​ប្រជែង​។

ធនាគារ​ឯកទេស​របស់​កូរ៉េខាងត្បូង​ដែល​បាន​ប្រែក្លាយ​ទៅជា​ធនាគារ​ពាណិជ្ជ​ពេញលេញ​នៅ​ថ្ងៃទី​ ៣០ ​ខែ​កញ្ញា មួយ​នេះ​បាននិង​កំពុង​បន្ត​បង្កើន​ផ្នែក​ការផ្តល់​ប្រាក់កម្ចី​បន្ថែមទៀត ដែល​ជា​អាជីវកម្ម​ស្នូល​របស់​ខ្លួន​។ ធនាគារ ឌីជីប៊ី មាន​ស្នាក់ការ​កណ្តាល​នៅតាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​បន្ទាប់ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១០​។

លោក Lee Yong Man អគ្គនាយក​របស់​ធនាគារ ឌីជីប៊ី បាន​មាន​ប្រសាសន៍​ថា​៖ «​ការក្លាយខ្លួន​ទៅជា​ធនាគារពាណិជ្ជ គឺជា​ជំហាន​ដ៏ធំ​មួយ ដើម្បី​ពង្រីក​ប្រតិបត្តិការ​របស់​យើង​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ អាជ្ញាប័ណ្ណ​ថ្មី​នេះ​នឹង​អនុញ្ញាតឱ្យ​យើង​ផ្តល់នូវ​ផលិតផល​ថ្មីៗ​ពេញលេញ​ដល់​អតិថិជន​របស់​យើង​។ ការធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​រាល់​ផលិតផល​របស់​យើង​នឹង​ជួយ​សម្រួល​ដល់​អាជីវកម្ម​របស់​អតិថិជន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​បំពេញ​តាម​តម្រូវការ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ផងដែរ​»​។

ធនាគារ ឌីជីប៊ី មាន​ផលិតផល​ជាច្រើន​រួមមាន​សេវាកម្ម​ប្រាក់​បញ្ញើ សេវាកម្ម​ផ្ទេរប្រាក់​ក្នុង និង​ក្រៅ​ប្រទេស អត្រា​ប្តូរប្រាក់​បរទេស​នៅលើ​ធនាគារ​ចល័ត និង​ធនាគារ​តាម​អ៊ីនធឺណិត​ជាដើម ដែល​នឹង​ត្រូវ​ផ្តល់ជូន​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ​។

«​ដោយសារ​តែ​លក្ខណៈ​នៃ​អាជ្ញាប័ណ្ណ​របស់​ធនាគារ​ឯកទេស​គឺ​យើង​អាច​ផ្តល់​តែ​សេវាកម្ម​ប្រាក់កម្ចី​តែប៉ុណ្ណោះ​។ ដូច្នេះហើយ​យើង​មិនទាន់​មាន​បទពិសោធ​ច្រើន​នៅក្នុង​ការផ្តល់​សេវាកម្ម​មួយចំនួន ដូចជា​សេវាកម្ម​គណនី​សន្សំ​ ប្រាក់​បញ្ញើ ក៏ដូចជា​កាត​ឥណទាន​ជាដើម​»​។

ធនាគារ ឌីជីប៊ី មាន​បុគ្គលិក​ជាង​ ៦០០ ​នាក់ កំពុង​បម្រើ​ការងារ​នៅតាម​សាខា​នានា​នៅ​ទូទាំងប្រទេស​។ រូបថត supplied

«​ប៉ុន្តែ​ដោយសារតែ​យើង​មាន​អតិថិជន​ទទួល​សេវា​ប្រាក់កម្ចី​ជាង ៧ ០០០ នាក់​នោះ​យើង​រំពឹងថា ប្រតិបត្តិការ​សេវាកម្ម​ច្រើន​ប្រភេទ​របស់​យើង​នឹង​អាច​ចូលរួមបាន​កាន់តែ​សកម្ម​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ ខណៈ​ដែល​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ជាមួយនឹង​ផលិតផល​ថ្មីៗ​របស់​យើង​»​។

«​ធនាគារ ឌីជីប៊ី នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់ជូន​នូវ​តម្លៃ​អតិបរិមា​ដល់​អតិថិជន​របស់​ខ្លួន តាមរយៈ​ការផ្សាយពាណិជ្ជកម្ម​ និង​យុទ្ធនាការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ លើសពី​នេះ​ទៅទៀត​លោក​ ព្រាប សុវត្ថិ ដែលជា​ទូត​សុច្ឆន្ទៈ​របស់​យើង​បានធ្វើការ​ជាមួយ​យើង​អស់​រយៈពេល​ជាង​ ១០ ឆ្នាំ​មកហើយ​ដើម្បី​ជំរុញ​អាជីវកម្ម​ធនាគារ​របស់​យើង​ក៏ដូចជា​ជួយ​ឱ្យ​ធនាគារ​យើង​បាន​ទៅដល់​ប្រជាជន​នៅ​ទូទាំងប្រទេស​ផងដែរ​។ ខ្ញុំ​ក៏​ចង់ឃើញ​មាន​ការបើក​សាខា​ថ្មីៗ​បន្ថែមទៀត​នៅតាម​បណ្តា​ខេត្ត​នានា ដែលជា​កត្តា​គន្លឹះ​សំខាន់​ដើម្បី​លើកកម្ពស់​សេវាកម្ម​ធនាគារ​របស់​យើង​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ធនាគារ​ត្រូវបាន​គាំទ្រ​ដោយ​បុគ្គលិក​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​យ៉ាង​ល្អ​ចំនួន ៦០០ នាក់ នៅ​ទាំង​ ៩ ​សាខា​នៅ​ទូទាំងប្រទេស ហើយ​ផ្តល់ជូន​សេវាកម្ម​ធនាគារ​ឆាប់រហ័ស​តាមរយៈ​វេទិកា​ឌីជីថល​របស់ខ្លួន​»​។

«​ទីផ្សារ​សំខាន់​របស់​យើង​សម្រាប់​ការផ្តល់​សេវាកម្ម​ប្រាក់កម្ចី គឺ​សហគ្រាស​ធុន​តូច​ និង​មធ្យម (SMEs) ដែល​យើង​បានធ្វើ​ចាប់តាំងពី​យើង​បង្កើត​ធនាគារ ហើយ​យើង​នឹង​បន្ត​សកម្មភាព​នេះ​តទៅទៀត​។ សម្រាប់​សេវា​ប្រាក់​បញ្ញើ ទីផ្សារ​ចម្បង​របស់​យើង​គឺ​ផ្តោត​សំខាន់​លើ​ប្រជាជន​កម្ពុជា ប៉ុន្តែ​នឹង​រួមបញ្ចូល​សាជីវកម្ម​កូរ៉េ និង​ជនជាតិ​កូរ៉េ​ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​»​។

«​បច្ចុប្បន្ន​កម្ចី​សម្រាប់​អាជីវកម្ម​របស់​ធនាគារ ឌីជីប៊ី គឺជា​ផលិតផល​របស់​ធនាគារ​ដែល​លក់ដាច់​ជាងគេ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ផលិតផល​ប្រាក់​បញ្ញើ​របស់​យើង​ជាមួយ​នឹង​អត្រា​ការប្រាក់​ប្រកួតប្រជែង រួម​ជាមួយ​នឹង​បច្ចេកវិទ្យា​ចុងក្រោយ​លើ​កម្មវិធី​ទូរស័ព្ទ​ចល័ត​នឹង​ក្លាយជា​ផលិតផល​ស្នូល​មួយទៀត​របស់​យើង ដែល​នឹងត្រូវ​បន្ថែម​នៅក្នុង​អនាគត​ដ៏ខ្លី​ខាងមុខ​»​។

«​ធនាគារ​នឹង​បន្ត​ផ្តោត​ទៅ​លើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​របស់ខ្លួន ដោយ​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​សម្រាប់​បុគ្គលិក​។ យើង​នាំមក​នូវ​វិធីសាស្ត្រ​ថ្មី និង​ប្រព័ន្ធ​សម្រាប់​ការពារ​ហានិភ័យ វិធីសាស្ត្រ​ទីផ្សារ​ទាក់ទាញ​អតិថិជន និង​ការអភិវឌ្ឍ​ជំនាញ​គ្រប់គ្រង​ដើម្បី​ធានាថា បុគ្គលិក​របស់​យើង​នៅតែ​ទទួលបាន​ការបណ្តុះបណ្តាល​ដ៏ល្អ និង​មាន​សមត្ថភាព​ទៅតាម​ផ្នែក​នីមួយៗ​នៃ​ការទទួល​ខុសត្រូវ​ចម្បង​របស់​ពួកគេ​»​។

លោក Lee បន្ថែមថា​៖ «​ការខិតខំ​ប្រឹងប្រែង​ទាំងនេះ គឺ​ដើម្បី​ធានាថា​បុគ្គលិក​របស់​យើង​នឹង​ក្លាយជា​អ្នកចូលរួម​ដ៏សំខាន់​សម្រាប់​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ក្មេងខ្ចី​ដែល​កំពុង​វិវឌ្ឍ​ទៅមុខ​សម្រាប់​ប្រទេស​កម្ពុជា​»៕