ចម្ងាយគឺមិនអាចរារាំងដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជាបានទេ។ ផលិតផលដែលផលិតនៅប្រទេសអូស្ត្រាលីកាន់តែច្រើនកំពុងមានវត្តមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជា។ ផលិតផលរបស់អូស្ត្រាលីទាំងនោះមានដូចជាស្ករសូកូឡា ស្រាបៀរ ម្សៅទឹកដោះគោសម្រាប់ទារកដែលបាននិងកំពុងចរាចរនៅលើទីផ្សារក្នុងស្រុក។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីដែលទើបត្រូវបានតែងតាំងថ្មីប្រចាំនៅកម្ពុជា ឯកឧត្តម Pablo Kang បានពិពណ៌នាពីលំហូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ថានៅមានកម្រិតទាបនៅឡើយ ដោយមានតែក្នុងរង្វង់ប្រមាណ ៦០០ លានដុល្លារអូស្ត្រាលីប៉ុណ្ណោះកាលពីឆ្នាំមុន។ ប៉ុន្តែចំនួននេះអាចនឹងមានការផ្លាស់ប្តូរ ខណៈតម្រូវការទំនិញអូស្ត្រាលីកំពុងតែមានការកើនឡើង។
«ដំណឹងល្អគឺថានៅមានវិសាលភាពធំធេងសម្រាប់ការពង្រីកបន្ថែម ហើយមិនត្រឹមតែរួមបញ្ចូលវិស័យបែបប្រពៃណីដូចជាការអប់រំប៉ុណ្ណោះទេ ប៉ុន្តែអាហារដែលមានគុណភាពខ្ពស់ក៏ជាផលិតផលដែលកំពុងរីកចម្រើនផងដែរ បូករួមទាំងផលិតផលស្រា និងស្រាបៀរអូស្ត្រាលីក៏មានលក់ច្រើននៅតាមផ្សារទំនើបផងដែរ។
ក្នុងសុន្ទរកថារបស់ ឯកឧត្តម Kang នៅឯពិធីប្រកាសអ្នកតំណាងផលិតផលនិងជួបជុំតំណាងចែកចាយដែលរៀបចំដោយក្រុមហ៊ុន Royal Platinum Co Ltd កាលពីសប្តាហ៍មុននៅក្នុងរាជធានីភ្នំពេញ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ចំណាប់អារម្មណ៍សំខាន់ចំពោះផលិតផល Royal Ausnz គឺជាជំហានដ៏វិជ្ជមានមួយផ្សេងទៀត»។
ក្រុមហ៊ុន Royal Platinum គឺជាក្រុមហ៊ុនចែកចាយម្សៅទឹកដោះគោអូស្ត្រាលីម៉ាក រ៉ូយ៉ាល់ អ័ស (Royal Ausnz) ប្រចាំព្រះរាជាណាចក្រ កម្ពុជាបច្ចុប្បន្នក្រុមហ៊ុនកម្ពុជាមួយនេះកំពុងចែកចាយផលិតផល Royal Ausnz ចំនួន ៩ មុខដែលភាគច្រើនគឺជាម្សៅទឹកដោះគោសម្រាប់ទារកហើយគ្រោងនឹងនាំចូលផលិតផលស្រដៀងគ្នានេះចំនួន ៦ មុខផ្សេងទៀតនៅក្នុងឆ្នាំនេះ។
អូស្ត្រាលីគឺជាប្រទេសនាំចេញម្សៅទឹកដោះគោសម្រាប់ទារកដ៏សំខាន់មួយនៅលើពិភពលោកពោលគឺនាំចេញក្នុងតម្លៃប្រមាណ ២,៦ ពាន់លានដុល្លារអូស្ត្រាលីកាលពីឆ្នាំមុន។
«តាមការស្រាវជ្រាវអំពីអតិថិជនបានបង្ហាញថា គុណភាពខ្ពស់នៃម្សៅទឹកដោះគោសម្រាប់ទារករបស់អូស្ត្រាលីគឺកំពុងមានកំណើនខ្ពស់ ខណៈចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែកើនឡើង យើងអាចរំពឹងថាតម្រូវការម្សៅទឹកដោះគោសម្រាប់ទារករបស់អូស្ត្រាលីនឹងបន្តកើនឡើង។
«បច្ចុប្បន្នក្រុមហ៊ុន Royal Aunsz គឺជាក្រុមហ៊ុនផលិតផលិតផលដែលមានគុណភាពខ្ពស់មានមូលដ្ឋាននៅតំបន់ Murray នៃភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី ហើយផលិតផលរបស់ពួកគេបាននាំចេញរួចហើយទៅកាន់ប្រទេសចិនដីគោក ហុងកុង និងវៀតណាម ដូច្នេះយើងរីករាយណាស់ដែលមានវត្តមានផលិតផលទាំងនេះនៅក្នុងប្រទេសកម្ពុជា»។
ឯកឧត្តម Kang បន្ថែមថា៖ «គ្រប់កំប៉ុងនៃម្សៅទឹកដោះគោរបស់ពួកគេគឺមានដាក់ស្លាកសញ្ញារូបសត្វកង់ហ្គូរូដែលផលិតចេញពីគ្រឿងផ្សំរបស់អូស្ត្រាលីយ៉ាងហោចណាស់ចំនួន ៩៨ ភាគរយ។
ក្រុមហ៊ុន Royal Aunsz មានម្សៅទឹកដោះគោសម្រាប់ទារក កុមារ មនុស្សពេញវ័យ និងស្ត្រីមានផ្ទៃពោះ ហើយបច្ចុប្បន្នរ៉ូយ៉ាល់ អ័ស ជាផលិតផលម្សៅទឹកដោះគោអូស្ត្រាលីដែលលក់ដាច់លេខ ១ នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងព្រឹត្តិការណ៍នោះដែរក្រុមហ៊ុន Royal Platinum បានប្រកាសអ្នកតំណាងផលិតផលដំបូងរបស់ខ្លួនគឺលោកស្រី នាង សុវត្ថាណា ហៅ DJ Nana ដែលគាត់តែងតែផ្សព្វផ្សាយវីដេអូអប់រំពីបញ្ហាសុខភាពយ៉ាងសកម្មនៅតាមបណ្តាញសង្គម។
វាគឺជាជំហានដ៏សំខាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន Royal Platinum ដែលបានដំណើរការចាប់តាំងពីឆ្នាំ ២០១៥ ដើម្បីលើកកម្ពស់សុខភាពមាតា និងទារកនៅទូទាំងប្រទេសកម្ពុជាដើម្បីធានាថាម្តាយវ័យក្មេងនឹងផ្តល់កំណើតដល់ទារកដែលមានសុខភាពល្អនាពេលអនាគត។
«ក្នុងនាមជាតំណាងផលិតផលនេះខ្ញុំនឹងធ្វើវីដេអូអប់រំឲ្យបានច្រើន ដោយក្នុងនោះខ្ញុំនឹងចែករំលែកព័ត៌មានដែលខ្ញុំបានស្រាវជ្រាវក្នុងនាមជាស្ត្រីម្នាក់ដែលកំពុងត្រៀមខ្លួនជាម្តាយគេទៅដល់ស្ត្រីដទៃទៀតឲ្យយល់ដឹងអំពីបញ្ហាសុខភាពម្តាយ និងទារក»។
លោកស្រី សុវត្ថាណា បន្ថែមថា៖ « វាជាការទទួលខុសត្រូវរបស់ឪពុក-ម្តាយ ដែលយើងត្រូវថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អ។ បើសិនយើងមើលថែទាំសុខភាពរបស់ខ្លួនមិនបានល្អ ហើយបើយើងបង្កើតកូនមក នោះកូនយើងក៏មិនមានសុខភាពល្អដែរ»។
ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះក្រុមហ៊ុន Royal Platinum បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងខ្លាំងក្នុងការលើកកម្ពស់យុទ្ធនាការយល់ដឹងក្នុងចំណោមស្ត្រីវ័យក្មេងនៅកម្ពុជា។
លោក ជា ស៊ុនសុពណ៌ នាយកគ្រប់គ្រងក្រុមហ៊ុន Royal Platinum មានប្រសាសន៍ថា៖« គោលបំណងរបស់យើងគឺលើកកម្ពស់ការយល់ដឹងអំពីសុខភាពរបស់ស្ត្រី និងទារក និងបង្ហាញពីហានិភ័យនៃការយល់ច្រឡំក្នុងចំណោមស្ត្រី ជាពិសេសក្នុងអំឡុងពេលមានផ្ទៃពោះ»៕