ការតាំងពិព័រណ៍ពាណិជ្ជកម្មដ៏ធំដែលផ្តោតលើវិស័យ ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ បដិសណ្ឋារកិច្ច និងសំណង់ (Angkor Food and Hotel and Angkor Build) ២០១៩ នឹងត្រឡប់មកប្រទេស កម្ពុជា វិញក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងជួយពង្រឹងបន្ថែមដល់វិស័យបដិសណ្ឋារកិច្ច និងសំណង់នៅក្នុងប្រទេស កម្ពុជា។
វិស័យទាំង ២ កំពុងស្ថិតនៅក្នុងដំណើររីកចម្រើន ដែលភាគច្រើនគឺត្រូវបានជំរុញដោយកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាដែលមានកំណើនប្រមាណ ៧ ភាគរយ ក្នុង ១ ឆ្នាំ ហើយកម្ពុជាកំពុងក្លាយជាទីផ្សារដ៏ទាក់ទាញមួយសម្រាប់វិនិយោគិនបរទេស និងក្នុងស្រុក។
នៅក្នុងឆ្នាំនេះ ខេត្តសៀមរាបដែលជាទឹកដីទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញ នឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍តាំងពិព័រណ៍ដ៏ធំនេះ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខាសៀមរាប ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែ តុលា ឆ្នាំ ២០១៩។
«ការតាំងពិព័រណ៍នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលធ្វើឲ្យខេត្តសៀមរាបបង្កើតបាននូវព្រឹត្តិការណ៍ទេសចរណ៍យ៉ាងសំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ»។
លោក ធិម សេរីវុឌ្ឍ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ខេត្តសៀមរាបថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីអំពីការតាំងពិព័រណ៍នេះនៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី ១០ ខែ កក្កដា ថា៖ «[ការតាំងពិព័រណ៍] នេះ នឹងជួយពង្រឹងដល់គុណភាពនៃសេវាកម្មទេសចរណ៍ក៏ដូចជាសិល្បៈនៃការរៀបចំម្ហូបអាហារ និងភេសជ្ជៈ និងបង្កើននូវជំនាញបដិសណ្ឋារកិច្ចរបស់ប្រតិបត្តិករទេសចរណ៍ដែលបានធ្វើការនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជាដើម្បីពង្រឹងឲ្យគុណភាព នៃសេវាកម្មរបស់យើងកាន់តែមានគុណភាព ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ»។
ពិព័រណ៍វិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ បដិសណ្ឋារកិច្ច និងសំណង់ (Angkor Food and Hotel and Angkor Build) ២០១៩ នេះគឺរៀបចំឡើងដោយក្រុមហ៊ុនម៉ាឡេស៊ី AMB Tarsus Events Group ដោយរំពឹងថា នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុនជាង ៣០០ ក្រុមហ៊ុនមកពី ១៨ ប្រទេសផ្សេងៗគ្នា។
ព្រឹត្តិការណ៍សំខាន់ៗនៃការតាំងពិព័រណ៍ដ៏ធំរយៈពេល ៣ ថ្ងៃនេះនឹងមានការរៀបចំការប្រកួតប្រជែងផ្នែកចំអិនម្ហូបអាហារ និងបដិសណ្ឋារកិច្ចលក្ខណៈអន្តរជាតិរបស់កម្ពុជាដែលរៀបចំដោយសមាគមចុងភៅកម្ពុជា ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេស កម្ពុជា ជាពិសេសដើម្បីពង្រឹងវិស័យធនធានមនុស្សក្នុងវិស័យនេះដែលកំពុងមានតម្រូវការខ្ពស់។
លោក ចាន់ សុភា ស្ថាបនិកសមាគមចុងភៅកម្ពុជាឲ្យដឹងថា គោលបំណងនៃការតាំងពិព័រណ៍នេះ គឺដើម្បីបង្ហាញដល់ពិភពលោកថា ជនជាតិខ្មែរមានសក្តានុពល ក្នុងការបម្រើម្ហូបអាហារ និងភេសជ្ជៈដែលអាចបំពេញតាមស្តង់ដាអន្តរជាតិ និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរ។
លោក សុភា ថ្លែងថា៖ «ការធ្វើដំណើររបស់ភ្ញៀវទេសចរមិនមែនមានតែការស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែម្ហូបអាហារក៏ជារឿងដ៏សំខាន់បំផុតដែរ។ យើងចង់បង្ហាញថា ខេត្តសៀមរាបគឺជាខេត្តមួយដែលមានភាពទាក់ទាញ មានសក្តានុពល យើងចង់លើកកម្ពស់គោលដៅទេសចរណ៍»។
លោកបានបញ្ជាក់បន្ថែមថា៖ «នៅពេលដែលមានក្រុមហ៊ុនអន្ដរជាតិមកចូលរួមតាំងពិព័រណ៍ ឬមានចុងភៅមកពីទូទាំងពិភពលោកមកប្រកួតធ្វើម្ហូប ពេលនោះនឹងជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន»។
លោក Andrew Siow ប្រធានក្រុមហ៊ុន AMB Tarsus បានថ្លែងថា៖ «ខេត្តសៀមរាបត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំព្រឹត្តិការណ៍ដ៏ធំនៅក្នុងឆ្នាំនេះ ដោយសារកន្លងមកមិនមានអ្នកខេត្តសៀមរាបច្រើនប៉ុន្មានទេបានទៅចូលរួមការតាំងពិព័រណ៍បែបនេះនៅទីក្រុងភ្នំពេញ»។
លោកបន្តថា៖ «ដូច្នេះហើយបានជាយើងមកកាន់នៅទីនេះ ខេត្តសៀមរាប។ យើងនឹងអញ្ជើញភ្ញៀវមកពីតំបន់ជុំវិញឲ្យមកចូលរួម ហើយពួកគេនឹងមានឱកាសចូលរួមការតាំងពិព័រណ៍លក្ខណៈអន្តរជាតិ»។
ព្រឹតិ្តការណ៍មួយចំនួនទៀត មានដូចជាការប្រកួតធ្វើនំខេក ការរចនានំ ការធ្វើម្ហូប ការតុបតែងម្ហូប ការរៀបចំតុ ការតុបតែងបន្លែ និងផ្លែឈើជាដើម។
ការតាំងពិព័រណ៍នេះទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ សមាគមចុងភៅកម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា និងសមាគមក្លិបទេសចរណ៍សៀមរាប។
កាលពីឆ្នាំមុន ការតាំងពិព័រណ៍នេះបានទាក់ទាញភ្ញៀវចូលរួមជាង ៨ ពាន់នាក់ ហើយនៅក្នុងឆ្នាំនេះ អ្នករៀបចំរំពឹងថា នឹងមានអ្នកជំនាញក្នុងឧស្សាហកម្មនេះប្រមាណ ១ ម៉ឺននាក់ ចូលរួម។
«យើងជឿជាក់យ៉ាងមុតមាំថា អ្នកនៅក្នុងឧស្សាហកម្មនេះ ដូចជាអ្នកផ្គត់ផ្គង់ អ្នកបច្ចេកវិទ្យា នឹងរៀនសូត្រអំពីបទពិសោធនេះ ហើយនឹងផ្តល់អត្ថប្រយោជន៍សម្រាប់អាជីវកម្មរបស់យើង»។
លោក Philip Kao ប្រធានសមាគមក្លិបទេសចរណ៍សៀមរាបបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះថា៖ «ទន្ទឹមនឹងនេះដែរ យើងក៏អាចបង្ហាញដល់ពិភពលោកអំពីវិស័យបដិសណ្ឋារកិច្ចរបស់យើងផងដែរ»៕