ការ​ប្រើប្រាស់​បច្ចេកវិទ្យា ​គឺ​មិន​មែន​ផ្តោត​តែ​ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​ទេ។ បច្ចុប្បន្ន​សូម្បី​តែ​វិស័យ​កសិកម្ម​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ក៏​កំពុង​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នេះ​ដែរ ​​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជា​កសិករ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​មួយ​កម្រិត​ថែម​ទៀត​។

ក្រុមហ៊ុន​ គង់ ​នួន ​គ្រុប (Kong Nuon Group) ​គឺ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក ​១ ​ដែល​កំពុង​នាំ​យក​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​មក​បម្រើ​ដល់​វិស័យ​មួយ​ចំនួន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​ពិសេស ​គឺ​វិស័យ​កសិកម្ម​ដែល​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​គឺ​ជា​កសិករ​។

តាម​រយៈ​ការ​លក់​ត្រាក់ទ័រ​ដ៏​ ទំនើប​ដល់​កសិករ​នៅ​តាម​ជនបទ​ ក្រុមហ៊ុន​ក៏​កំពុង​ព្យាយាម​ជួយ​បង្កើន​ផលិតភាព​របស់​កសិករ​ផង​​ដែរ​តាម​រយៈ​ការ​​​ប្រើប្រាស់​ត្រាក់ទ័រ​​ទំនើប​នេះ​​ដែល​វា​នឹង​ជួយ​លើក​កម្ពស់​ស្ថានភាព​សេដ្ឋកិច្ច​របស់​​ ប្រជា​កសិករ​ឲ្យ​កាន់​តែ​ប្រសើរ ​ហើយ​ម្យ៉ាង​វិញ​ទៀត​វា​ជួយ​សម្រួល​ដល់​កង្វះ​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​មួយ​នេះ​ដោយ​សារ​តែ​ការ​​ចំណាក​ស្រុក​មក​កាន់​ទីក្រុង​។

ក្រុមហ៊ុន​ Yanmar Co., Ltd​ បាន​ដាក់​បង្ហាញ​ត្រាក់ទ័រ​ថ្មី​ទំនើប​ចុង​ក្រោយ​បំផុត​ម៉ូដែល​ YM នៅ​ទីក្រុង​បាងកក​ប្រទេស ​ថៃ ​កាល​ពី​ថ្ងៃ​ទី ​២៩​ ខែ​មករា​ កន្លង​ទៅ​ ជា​ប្រភេទ​ត្រាក់ទ័រ​មាន​មុខងារ​ច្រើន​យ៉ាង​ដែល​អាច​ដំណើរ​ការ​បាន​ទាំង​លើ​ដី​ស្រែ​ដែល​មាន​ទឹក​ និង​ចម្ការ​ដែល​មាន​ដី​ស្ងួត​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ​ដូច​ជា​ដំណាំ​អំពៅ​ ឬ​ពោត​​ជា​ដើម ដែល​ជា​គ្រឿង​ចក្រ​កសិកម្ម​ដ៏​ទំនើប​ និង​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​បំផុត​ដល់​ប្រជា​កសិករ​។

ម៉ូដែល YM351A (51 HP) និង​ម៉ូដែល​ YM357A (57 HP) មិន​មែន​ជា​ប្រភេទ​ត្រាក់ទ័រ​​សាមញ្ញ​ធម្មតា​នោះ​ទេ ​ប៉ុន្តែវា​ជា​ត្រាក់ទ័រ​ដ៏​ទំនើប​មាន​បំពាក់​ដោយ​កម្មវិធី​ Smart Assist Remote ដែល​អាច​ផ្តល់​ព័ត៌មាន​​គ្រប់​​ជ្រុងជ្រោយ​ដល់​កសិករ​ ហើយ​រាល់​ព័ត៌មាន​ទាក់ទង​នឹង​ត្រាក់ទ័រ​គឺ​កសិករ​អាច​ដឹង​​តាម​រយៈ​ទូរស័ព្ទ​របស់​ពួក​គាត់​ផ្ទាល់​តែ​ម្តង​។

ម្យ៉ាង​វិញ​ទៀត ​ត្រាក់ទ័រ​ម៉ូដែល​ដ៏​ទំនើប​នេះ​​ប្រើប្រាស់​ម៉ាស៊ូត​ មាន​កម្លាំង​ខ្លាំង ​ពោរពេញ​ដោយ​ថាមពល​​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ស៊ី​ប្រេង​តិច​ និង​មាន​ភាព​ធន់​បំផុត​។

លោក ​ផា​ ប៊ុន​ណាត​ នាយក​ប្រតិបតិ្ត​ក្រុមហ៊ុន ​គង់​នួន ​គ្រុប ​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «នេះ​គឺ​ជា​គ្រឿង​ចក្រ​ម៉ូដែល​ថ្មី​ដែល​មាន​លក្ខណ​ពិសេស​ច្រើន​យ៉ាង​ ហើយ​ត្រាក់ទ័រ​ម៉ូដែល​នេះ​គឺ​ជា​គ្រឿង​ចក្រ​កសិកម្ម​ដ៏​ចាំបាច់​​បំផុត​សម្រាប់​កសិករ​»។

លោក ប៊ុនណាត: គ្រឿងចក្រម៉ូដែលថ្មីនេះជួួយបង្កើនទិន្នផលកសិកម្ម។សហការី

លោក ​ប៊ុន​ណាត​ បាន​បន្ថែម​ថា៖ ​«តម្រូវ​ការ​ត្រាក់ទ័រ​នៅ​កម្ពុជា​កំពុង​កើន​ឡើង​ចន្លោះ​ពី ​១០ ​ទៅ ​២០ ​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ដោយ​សារ​តែ​កង្វះ​ខាត​កម្លាំង​ពលកម្ម​នៅ​តាម​​ជនបទ ​ម្យ៉ាង​វិញ​ទៀត​ការ​ធ្វើ​កសិកម្ម​តាម​បែប​ប្រពៃណី​ដូច​ជា​ប្រើ​គោ​ក្របី​ដើម្បី​ភ្ជួរ​រាស់​ក៏​កំពុង​ធ្លាក់ចុះ​ផង​ដែរ​»។

Smart Assist Remote គឺជា​កម្មវិធី​មួយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បញ្ជូន​ព័ត៌មាន​លម្អិត​ទៅ​ដល់​កសិករ​ឲ្យ​ពួក​គាត់​ដឹង​អំពី​ស្ថានភាព​​​ត្រាក់ទ័រ​របស់​ពួក​គាត់​ផ្សាយ​តាម​​រយៈ​ផ្កាយរណប ​ហើយ​ទិន្នន័យ​ទាំង​អស់​​​​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​​របស់​ក្រុមហ៊ុន ​គង់​នួន ​នៅ​រាជធានី​ភ្នំពេញ​ និង​ទៅ​កាន់​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន Yanmar នៅ​ក្នុង​ប្រទេស​ ជប៉ុន។  

បន្ទាប់​មក​ក្រុមហ៊ុន​នឹង​ជូន​ដំណឹង​ប្រាប់​កសិករ​វិញ​អំពី​ភាព​មិន​ប្រក្រតី​ណា​មួយ​នៃ​ម៉ាស៊ីន​ត្រាក់ទ័រ​របស់​គាត់ បាន​​យ៉ាង​ច្បាស់លាស់​ថា​ត្រាក់ទ័រ​នោះ​មាន​បញ្ហា​អ្វី​ត្រូវ​ជួសជុល​បែប​ណា​ឬ​ត្រូវ​ថែ​ទាំ​បែប​ណា? ​និយាយ​ជា​រួម​គឺ​ព័ត៌មាន​ទាំង​អស់​នឹង​ត្រូវ​បង្ហាញ​នៅ​លើ​អេក្រង់​ទូរស័ព្ទ​ដៃ​របស់​កសិករ​ផ្ទាល់​តែ​ម្តង​។

ការ​ប្រើប្រាស់​កម្មវិធី SR (Smart Assist Remote)​ ​នឹង​ជួយ​បង្កើន​ទិន្នផល​នៅ​ក្នុង​វិស័យ​កសិកម្ម​ហើយ​​កសិករ​ក៏​អាច​តាម​ដាន​មើល​ដឹង​​ទីតាំង​ត្រាក់ទ័រ​របស់​គាត់​បាន​យ៉ាង​ងាយ​ស្រួល​ផង​ដែរ​ ជា​ពិសេស​ប្រសិន​​បើ​មាន​នរណា​​ម្នាក់​ព្យាយាម​លួច​ត្រាក់ទ័រ ​ឬ​ចង់​លួច​ប្រេង​ម៉ាស៊ីន​ពី​ត្រាក់ទ័រ​គឺ​កម្មវិធី​ឆ្លាត​វៃ​នេះ​នឹង​បញ្ចេញ​សញ្ញា​ប្រាប់​ម្ចាស់​ឲ្យ​ដឹង​ភ្លាមៗ​ដូច្នេះ​ត្រាក់ទ័រ​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​។

លោក ​ប៊ុន​ណាត ​បន្ថែម​ទៀត​ថា​៖ ​«កម្មវិធី​នេះ​ក៏​នឹង​ផ្ញើសារ​ទៅ​ប្រាប់​កសិករ​ថា​ ដល់​ពេល​ដែល​ត្រូវ​ជួសជុល ​ឬ​ត្រូវ​ប្តូរ​ប្រេង​ម៉ាស៊ីន ​[ខ្មៅ] ​ចេញ ​ពី​ព្រោះ​កម្មវិធី​ SR នេះ​អាច​គណនា​ចំនួន​ហិកតា​ដែល​ត្រាក់ទ័រ​ភ្ជួរ​រាស់​បាន​យ៉ាង​ [ជាក់​លាក់​] ​បំផុត​ ដើម្បី​ដឹង​ថា​ពេល​ណា​ត្រូវ​ប្តូរ​ប្រេង​ម៉ាស៊ីន​ ពេល​ណា​ត្រូវ​ជួសជុល​លើ​ផ្នែក​ណា​មួយ ដូច្នេះ​វា​ជា​កត្តា​មួយ​ជួយ​ឲ្យ​ត្រាក់ទ័រ​​ធន់​បាន​យូរ​។    

ក្រុមហ៊ុន ​គង់​នួន ​គ្រោង​នឹង​អនុវត្ត​គម្រោង​សាកល្បង​ដោយ​ដាក់​បង្ហាញ​ត្រាក់ទ័រ​ម៉ូដែល​ចុង​ក្រោយ​បំផុត​នេះ​នៅ​ទូទាំង​ប្រទេស​ក្នុង​ខែ​មីនា​ឲ្យ​កសិករ​សាកល្បង​ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង ​និង​ចេះ​ពី​របៀប​ប្រើប្រាស់​ត្រាក់ទ័រ​ម៉ូដែល​ថ្មី​នេះ​។

លោក ​ប៊ុន​ណាត​ ឲ្យ​ដឹង​ទៀត​ថា​៖​​​ ​«នៅ​ខែ​មីនា​ខាង​មុខ​យើង​នឹង​ធ្វើ​តេស្ត​សាកល្បង​រយៈពេល​យូរ ​គឺ​ចន្លោះ​ពី ៦០០ ​ទៅ ​១ ០០០ ​ម៉ោង​ក្នុង​រយៈ​ពេល ​៣ ខែ​ហើយ​នឹង​ផ្ញើ​មតិ​ ឬ​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​ផ្នែក​ស្រាវជ្រាវ​​ និង​អភិវឌ្ឍន៍​របស់​យើង​នៅ​ក្នុង​ប្រទេស ​ជប៉ុន​។ ​នៅ​ក្នុង​ខែ​សីហា​យើង​នឹង​ចាប់​ផ្ដើម​នាំចូល​ត្រាក់ទ័រ​នេះ​ ហើយ​កំណត់​គោល​ដៅ​​លក់​ឲ្យ​បាន​ប្រមាណ​ ២០០ ​គ្រឿង​នៅ​ក្នុង​ ឆ្នាំ​ដំបូង​»។

ក្រុមហ៊ុន​Yanmar ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អូសាកា​មាន​ផែនការ​លើក​កម្ពស់​គ្រឿង​ចក្រ​ម៉ូដែល​ YM នៅ​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ឲ្យ​បាន​រឹងមាំ ហើយ​ចំពោះ​ការ​ចេញ​ត្រាក់ទ័រ​ម៉ូដែល​ថ្មី​នេះ​នឹង​ក្លាយ​ជា​ឆ្អឹង​ខ្នង​ដ៏​រឹងមាំ​នៃ​ស៊េរី​ត្រាក់ទ័រ​របស់​ក្រុមហ៊ុន Yanmar នៅ​ក្នុង​តំបន់​។

លោក​បន្ត​ថា​៖ «ត្រាក់ទ័រ​ម៉ូដែល​ YM ជួយ​កសិករ​ឲ្យ​សន្សំ​សំចៃ​បាន​ច្រើន​ បង្កើន​ទិន្នផល​បាន​ខ្ពស់ ​ងាយ​ស្រួល​ប្រើប្រាស់​ និង​ងាយ​ស្រួល​ត្រួត​ពិនិត្យ​ស្រែ​ចម្ការ​របស់​ពួក​គាត់​ជា​មួយ​នឹង​បច្ចេកវិទ្យា SR ​ដែល​ជា​បច្ចេកវិទ្យា​​មួយ​ដ៏​ទំនើប​នៅ​ក្នុង​សម័យ​ឌីជីថល​នេះ​។

លោក Hiroaki Kitaoka ប្រធាន​កសិ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Yanmar បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​បន្ទាប់​ពី​ការ​ដាក់​បង្ហាញ​នៅ​ក្នុង​ទីក្រុង​បាងកក​ថា​៖ «​ជា​មួយ​នឹង​ការ​បញ្ចូល​ត្រាក់ទ័រ​ម៉ូដែល​ YM ទៅ​ក្នុង​ទីផ្សារ​ត្រាក់ទ័រ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​កំពុង​រីក​ចម្រើន​នេះ ​ក្រុមហ៊ុន Yanmar បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​កសិករ​នៅ​ក្នុង​សតវត្សរ៍​ទី ​២១ ​នេះ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ជីវភាព​ធូរធារ ​និង​ផ្តល់​គុណ​តម្លៃ​ខ្ពស់​ដល់​កសិករ​នៅ​ក្នុង​តំបន់​»។​

សូម​បញ្ជាក់​ថា​ ក្រុម​ហ៊ុន ​គង់​នួន ​គឺ​ជា​ក្រុមហ៊ុន​ចែក​ចាយ​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ Yanmar ​តែ​មួយ​គត់​នៅ​កម្ពុជា​៕