តើ​សិក្ខាសាលា​ស្តីពី​ការ​ផលិត​ស្រាបៀរ​ទីក្រុង​បាងកក ​២០១៩ គឺ​ជា​អ្វី​? ហើយ​គណៈប្រតិភូ​ដែល​ចូលរួម​សិក្ខាសាលា​នេះ មក​ពី​បណ្តា​ប្រទេស​ណា​ខ្លះ​?

សិក្ខាសាលា​ស្តីពី​ការ​ផលិត​ស្រាបៀរ​ទីក្រុង​បាងកក ​២០១៩ គឺជា​សិក្ខា​សាលា​រយៈពេល ​៣ ​ថ្ងៃ ​ដែល​គេ​រៀបចំ​ឡើង​ក្នុង​ទីក្រុង​បាងកក​ដែល​ចូលរួម​ដោយ​អ្នក​ឯកទេស​ក្នុង​វិស័យ​ផលិត​ស្រាបៀរ​ជុំវិញ​ពិភព​លោក ដែល​ពួក​គាត់​នឹង​ជុំគ្នា​ពិភាក្សា​លើ​ផលិតកម្ម ស្រាបៀរ និង​ភេសជ្ជៈ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ប្រធានបទ​ក្នុង​ឆ្នាំ ​២០១៩ ​នេះ គឺ​ផ្តោត​ទៅ​លើ «​ឱកាស និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ស្រាបៀរ​ក្នុង​តំបន់​អាស៊ី​បាស៊ីហ្វិក​»​។

គណៈប្រតិភូ​ទាំង​នោះ​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា រួមមាន​ដូច​ជា ប្រទេស ​ថៃ ឡាវ វៀតណាម ភូមា បារាំង អាល្លឺម៉ង់ ហូឡង់ និង​អេស្ប៉ាញ ជា​ដើម​។

ហេតុអ្វី​បាន​ជា​គេ​ជ្រើស​យក​រោងចក្រ​ខ្មែរ ប៊ែវើរីជីស ជា​គោលដៅ​សម្រាប់​ដំណើរ​ទស្សនកិច្ច នៃ​សិក្ខាសាលា ​ស្តីពី​ការ​ផលិត​ស្រាបៀរ​ទីក្រុង​បាងកក ​២០១៩?

នេះ​គឺ​ជា​លើក​ទី១ ​ហើយ​ដែល​ពួក​គេ​មក​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ប្រទេស ​កម្ពុជា​។

បាន​ជា​គេ​ជ្រើស​យក​រោងចក្រ ​ខ្មែរ ប៊ែវើរីជីស គឺ​ដោយសារ​តែ​រោងចក្រ​យើង​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា ផលិតកម្ម​របស់​យើង​អាច​ផលិត​បាន​ទាំង​ស្រាបៀរ និង​ភេសជ្ជៈ ហើយ​ក៏​ជា​រោងចក្រ​ផលិត ស្រាបៀរ មួយ​ធំ​ជាង​គេ​ក្នុង​ប្រទេស ​កម្ពុជា ​ផង​ដែរ​។ រោងចក្រ​យើង​វិនិយោគ និង​ផ្តោត​ខ្លាំង​លើ​គ្រឿងចក្រ និង​បច្ចេកវិទ្យា​ទំនើបៗ ដែល​នាំចូល​ពី​សហគមន៍​អឺរ៉ុប ដើម្បី​ផលិត​បាន​ផលិតផល​ដែល​មាន គុណភាព​ល្អ និង​មាន​រសជាតិ​ឆ្ងាញ់​។

តើ​ដំណើរ​ទស្សនកិច្ច​រោងចក្រ​នេះបាន​ឆ្លុះ​បញ្ចាំង​ពី​អ្វីខ្លះ​?

ដំណើរ​ទស្សនកិច្ច​នេះ​​ឆ្លុះ​បញ្ចាំង​អំពី​សក្តានុពល​នៃ​វិស័យ​ឧស្សាហកម្ម​ផលិត​ស្រាបៀរ និង ភេសជ្ជៈ ក្នុង​ប្រទេស​ កម្ពុជា ដោយ​រោងចក្រ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​របស់​ខ្មែរ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា អន្តរជាតិ​ខាង​ផ្នែក​គុណភាព ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ផលិតផល​ស្រាបៀរ និង​ភេសជ្ជៈ​ខ្មែរ​ទទួល​បាន​ការ​គាំទ្រ ក្នុង​ទីផ្សារ​អន្តរជាតិ​។ នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​អាច​លើក​មុខ​មាត់​កម្ពុជា ក្នុង​វិស័យ​នេះ​។

តើ​យុទ្ធសាស្ត្រ​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាច​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​វិស័យ​ឧស្សាហកម្ម ផលិត​ស្រាបៀរ និង​ភេសជ្ជៈ ក្នុង​ប្រទេស ​កម្ពុជា​?

ផលិតផល​យើង​មាន​គុណភាព​ល្អ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ទីផ្សារ​ក្នុង​ស្រុក ដែល​ធ្វើ​ឲ្យ​យើង​អាច​ចាក់​គ្រឹះ​បាន​យ៉ាង​រឹងមាំ​ក្នុង​វិស័យ​នេះ​។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស វិនិយោគ លើ​កត្តា ​៣ ធំៗ ដែល​ធ្វើ​ឲ្យ​យើង​ផលិត​បាន​ផលិតផល​ខ្មែរ ដែល​មាន​គុណភាព​ល្អ​។

កត្តា​ទី១ គឺ​ក្រុមហ៊ុន​វិនិយោគ​លើ​គ្រឿងចក្រ និង​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់​ដែល​នាំចូល​ពី សហគមន៍​អឺរ៉ុប​។ កត្តា​ទី២​ គឺ ធនធាន​មនុស្ស ដែល បុគ្គលិក​ទាំងអស់​សុទ្ធ​តែ​មាន​ការ​បណ្តុះបណ្តាល​ពី​អ្នក​ជំនាញ មក​ពី​ប្រទេស ​អាល្លឺម៉ង់ ​​ហើយ​កត្តា​ទី៣ ​គឺ​គ្រឿង​ផ្សំ​ដែល​ដើរ​តួនាទី​សំខាន់​​ណាស់​ក្នុងការ​ផលិត​បាន​នូវ​ស្រាបៀរ​ដែល​​មានគុណភាព​ល្អ ហើយ​មាន​រសជាតិ​ឆ្ងាញ់​។

កត្តា​ទាំង​នេះហើយ ដែល​អាច​ឲ្យ​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​ឈរ​ជើង ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ដែល​អាច​ឲ្យ​យើង​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ ក្នុង​ប្រទេស កម្ពុជា៕