
លោកឧកញ៉ា លាង ពៅ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ។
បន្ទាប់ពីបង្កើតម៉ាកយីហោដ៏រឹងមាំក្នុងរយៈពេលមិនដល់មួយទសវត្សរ៍ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ខូអិលធីឌី ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាដ៏ល្បីល្បាញ មានទំនុកចិត្តខ្ពស់ថានៅឆ្នាំក្រោយនឹងមានកំណើនកាន់តែខ្លាំងជាមួយនឹងគោលដៅដ៏ច្បាស់លាស់ ទោះបីទីផ្សារស្រាបៀរកំពុងមានការប្រកួតប្រជែងក៏ដោយ។
ក្រុមហ៊ុនមានគ្រឿងផ្សំ និងវត្ថុធាតុដើមល្អបំផុតនៅក្នុងទីផ្សារស្រាបៀរក្នុងស្រុក។ ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ ម៉ាកយីហោដ៏ល្បីល្បាញ កម្លាំងពលកម្មខ្មែរដ៏រឹងមាំមានបណ្តាញចែកចាយធំទូលាយ បានធ្វើឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្លាយជាក្រុមហ៊ុនដ៏មានសក្តានុពលក្នុងការប្រជែងជាមួយក្រុមហ៊ុន ផលិតស្រាបៀរបរទេសនៅកម្ពុជា។
លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «បើនិយាយអំពីចំណាត់ថ្នាក់យើងស្ថិតក្នុងតំណែងកំពូលនៅក្នុងប្រទេស កម្ពុជា។ ពេលខ្លះយើងលេខ ១ ពេលខ្លះយើងលេខ ២។ ទីផ្សារកម្ពុជាមានការប្រកួតប្រជែងខ្លាំងណាស់វាមិនមែនជាទីផ្សារដែលងាយស្រួលនោះទេ។ យើងក្មេងខ្ចីនៅឡើយក្នុងឧស្សាហកម្មនេះ គឺយើងមានអាយុប្រមាណ ១០ ឆ្នាំប៉ុណ្ណោះ បើធៀបនឹងក្រុមហ៊ុនអន្តរជាតិ ២ ទៀត»។
ដោយមានទីតាំងស្ថិតនៅលើផ្ទៃដីធំទូលាយចំនួន ១៥ ហិកតា បច្ចុប្បន្នផលិតកម្មប្រចាំឆ្នាំរបស់ក្រុមហ៊ុនមានចំនួន ៧៥០ លានលីត្រ ប្រៀបធៀបនឹង ៦០ លានលីត្រ នៅពេលចាប់ផ្តើមដំណើរការដំបូងក្នុងឆ្នាំ ២០០៩។ ស្រាបៀរកម្ពុជាច្រកក្នុងដបពណ៌ក្រហមពណ៌ស និងកំប៉ុង ត្រូវបានចរាចរលក់នៅទូទាំងប្រទេស។ លើសពីនេះទៀត ក្រុមហ៊ុនក៏មានផលិតផលជាភេសជ្ជៈជាច្រើនផងដែរ ដែលមានចំនួន ២០០ លានលីត្រ ក្នុង ១ ឆ្នាំ។

រោងចក្រ ខ្មែរ ប៊ែវើរីជីស ដ៏ទំនើបមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានសមត្ថភាពផលិតស្រាបៀរបានចំនួន ៧៥០ លានលីត្រ ក្នុង ១ ឆ្នាំ។ រូបថត សហការី
លោក ភីធើរ ថ្លែងថា៖ «ជាដំបូងការពង្រីករបស់យើង គឺដោយសារតែសេដ្ឋកិច្ច។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះសេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនជាលំដាប់ ដោយសារតែស្ថិរភាពរបស់ប្រទេស ហើយប្រជាជនកម្ពុជាបច្ចុប្បន្នមានប្រាក់ចំណូលកាន់តែប្រសើរជាងមុន។ ប្រជាជននៅតាមជនបទ ពីមុនធ្លាប់ទទួលទានស្រាស ដែលមានតម្លៃថោក ប៉ុន្តែបានប្តូរមកទទួលទានស្រាបៀរជំនួសវិញ។ ដូច្នេះតម្រូវការស្រាបៀរមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងឧស្សាហកម្មស្រាបៀររបស់យើង»។
ក្រៅពីស្រាបៀរកម្ពុជាដែលលក់ដាច់ជាងគេ ក្រុមហ៊ុនក៏ផលិតស្រាបៀរជាច្រើនម៉ាកផ្សេងទៀត ដូចជាស្រាបៀរ Kudo និងស្រាបៀរ Barrley Black Extra Stout Beerចំណែកឯផលិតផលដែលមិនមានជាតិអាល់កុល រួមមានភេសជ្ជៈប៉ូវកម្លាំង Wurkz ភេសជ្ជៈ Ize និងទឹកបរិសុទ្ធកម្ពុជា។
ក្រុមហ៊ុននេះ គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុនជីបម៉ុង ដែលមានអាជីវកម្មចំនួន ១៣ ផ្សេងទៀត រាប់ចាប់ពីហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច រហូតដល់ក្រុមហ៊ុនអភិវឌ្ឍអចនលទ្រព្យ។

រោងចក្រ ខ្មែរ ប៊ែវើរីជីស ដ៏ទំនើបមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានសមត្ថភាពផលិតស្រាបៀរបានចំនួន ៧៥០ លានលីត្រ ក្នុង ១ ឆ្នាំ។ រូបថត សហការី
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានពង្រីក ៣ ដង ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ។
«ចំណុចខ្លាំងរបស់យើង គឺថាយើងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជីបម៉ុង ដែលមានបទពិសោធជិត ៤០ ឆ្នាំ និងមានបណ្តាញចែកចាយដ៏ខ្លាំងក្លាពីព្រោះក្រុមហ៊ុនជីបម៉ុងពីដំបូងចាប់ផ្តើមជាអាជីវកម្មជំនួញ ក្រោយមកប្តូរទៅក្រុមហ៊ុនផលិតកម្មជាច្រើន»។
«ជាមួយនឹងភាពខ្លាំងនេះ យើងមានកំណើនទៅមុខយ៉ាងលឿននៅក្នុងទីផ្សារអ្នកប្រើប្រាស់ ទីផ្សារចែកចាយ ដែលជាកូនសោគន្លឹះក្នុងការចែកចាយផលិតផលទៅដល់ដៃអតិថិជន។ ភាពខ្លាំងទី ២ របស់ យើងគឺក្នុងនាមជាក្រុមហ៊ុនក្នុងស្រុករាល់ការសម្រេចចិត្តទាំងអស់ត្រូវបានធ្វើឡើងនៅក្នុងប្រទេស កម្ពុជា ហើយយើងមានក្រុមប្រឹក្សាភិបាលតិច»។
លោក ភីធើរ បន្ថែមថា៖ «យើងមិនមែននៅក្នុងទីផ្សារនេះ ដោយគ្រាន់តែផលិតផលិតផលឲ្យចេះតែបានៗនោះទេ ប៉ុន្តែយើងផលិតផលិតផលដែលមានគុណភាពខ្ពស់។ យើងមានផែនការច្បាស់លាស់ អ្វីៗដែលយើងធ្វើគឺតាមច្បាប់ និងស្តង់ដារគុណភាពអន្តរជាតិ។ យើងបានវិនិយោគច្រើនទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់»។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក ភីធើរ គឺផ្តោតលើសសរស្តម្ភចំនួន ៤ គឺ គ្រឿងម៉ាស៊ីន វត្ថុធាតុដើម វិធីសាស្ត្រក្នុងការផលិត និងកម្លាំងពលកម្ម។

រោងចក្រ ខ្មែរ ប៊ែវើរីជីស ដ៏ទំនើបមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានសមត្ថភាពផលិតស្រាបៀរបានចំនួន ៧៥០ លានលីត្រ ក្នុង ១ ឆ្នាំ។ រូបថត សហការី
ក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជាគ្រឿងម៉ាស៊ីនទំនើបចុងក្រោយ នាំចូលមកពីប្រទេស អាល្លឺម៉ង់ និងអឺរ៉ុប ជាម៉ាស៊ីនដែលមានប្រសិទ្ធភាពខ្ពស់បំផុត។ ចំពោះគ្រឿងផ្សំ ដើម្បីផលិតស្រាបៀរ មានដូចជាផ្កាហប ស្រូវសាឡី និងមេស្រាបៀរ ដែលសុទ្ធតែនាំចូលមកពីអឺរ៉ុប។
លោក ភីធើរ បន្ថែមថា៖ «ក្នុងនាមជាក្រុមហ៊ុនមួយយើងជឿជាក់ថាដំណើរការ និងប្រព័ន្ធ គឺមានសារៈសំខាន់ណាស់ដូចជាបច្ចេកវិទ្យាជាដើម។ យើងជាក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមគ្រួសារ ប៉ុន្តែយើងមិនប្រតិបត្តិការជាលក្ខណៈគ្រួសារនោះទេ។ យើងប្រតិបត្តិការជាលក្ខណៈក្រុមហ៊ុនអាជីព និងជាក្រុមហ៊ុនពហុសាសន៍។ យើងមានស្តង់ដាដ៏ល្អ»។
អ្វីដែលកាន់តែរំភើបទៀតនោះ គឺក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានកម្លាំងពលកម្មដ៏មោះមុត និងបុគ្គលិកដ៏ពូកែប្រមាណ ១ ១០០ នាក់ កំពុងបម្រើការងារ ក្នុងនោះតិចជាង ៥ ភាគរយ ជាជនបរទេស។
លោក ភីធើរ បញ្ជាក់ថា៖ «យើងត្រូវការបុគ្គលិកដែលមានទេពកោសល្យ ដើម្បីជួយពង្រឹងក្រុមហ៊ុនដូច្នេះយើងមានបុគ្គលិកជាជនបរទេសនៅថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ ជនបរទេសជួយពង្រឹងបុគ្គលិកខ្មែរ ដែលពួកគេជាអនាគតអ្នកគ្រប់គ្រង»។
លោក ភីធើរ មានសុទិដ្ឋិនិយមចំពោះទីផ្សារស្រាបៀរនៅកម្ពុជា ហើយលោករំពឹងថាវានឹងមានកំណើនល្អទោះបីមានការប្រកួតប្រជែងខ្លាំងពីគូប្រជែងក៏ដោយ។
លោកបានបន្ថែមថា៖ «និយាយដោយស្មោះ ការប្រកួតប្រជែងគឺល្អ វាធ្វើឱ្យយើងកាន់តែរឹងមាំ និងអនុញ្ញាតឱ្យយើងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។ មើលទៅកំណើនសម្រាប់ឆ្នាំ ២០២០ គឺល្អ ដោយសារតែសេដ្ឋកិច្ចមានស្ថិរភាព។ ចក្ខុវិស័យរបស់ខ្ញុំ គឺរក្សាកំណើនជាមួយនឹងលទ្ធផលល្អដូច្នេះយើងអាចចូលរួមចំណែកដល់សេដ្ឋកិច្ច និងប្រជាជន»៕