ដោយ​មើល​ឃើញ​ពី​ការ​គាំទ្រ​ចំពោះ​ផលិតផល​ថៃ​ដែល​ជា​ផលិតផល​មាន​គុណភាព​ខ្ពស់​ និង​តម្លៃ​សមរម្យ ​ពី​សំណាក់​​ប្រជា​ពលរដ្ឋ​កម្ពុជា​នោះ​ក្រុមហ៊ុន ​នានា​មក​ពី​ប្រទេស ​ថៃ ​កំពុង​បន្ត​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ទ្វេ​ដង​ដើម្បី​រក្សា​ទីតាំង​ឈរ​ជើង​របស់​ពួក​គេ​ឲ្យ​កាន់​តែ​រឹងមាំ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ដែល​អ្នក​ប្រើប្រាស់​ទំនិញ​ថៃ​កំពុង​តែ​មាន​សម្ទុះ​កើន​ឡើង​។

តម្រូវ​ការ​ផលិតផល​ថៃ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​​គឺ​មាន​សម្ទុះ​​កើន​ឡើង​ខ្លាំង​ ហើយ​កត្តា​ដែល​ជុំរុញ​ឲ្យ​មាន​កំណើន​ដ៏​ធំ​នេះ ភាគ​ច្រើន​គឺ​ដោយ​សារ​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​មាន​ការ​កើន​ឡើង​ជា​ពិសេស​គឺ​ប្រជា​ពលរដ្ឋ​ដែល​មាន​អាយុ​ក្មេង​មាន​ចំនួន​ច្រើន​ ដូច្នេះ​ហើយ​ក្រុមហ៊ុន​នាំចេញ​​របស់​ថៃ​កំពុង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដ៏​ធំ​មួយ​នេះ​ ដោយ​បាន​នាំ​មក​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​ជូន​ដល់​​អតិថិជន​ និង​អ្នក​គាំទ្រ​ផលិតផល​ថៃ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។

ដើម្បី​ឆ្លើយ​តប​ការ​គាំទ្រ​ផលិតផល​ថៃ​ដែល​ចេះ​តែ​កើន​ច្រើន​ឡើង​នេះ ទើប​មាន​ការ​រៀបចំ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ (Top Thai Brands 2019) នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី ​៣១​ មករា ដល់​ថ្ងៃ​ទី ​៣ ​ខែ​កុម្ភៈ ​ឆ្នាំ ​២០១៩ ​កន្លង​ទៅ​ថ្មី​ៗ​នេះ ​ដែល​មាន ​២១៦ ​ក្រុមហ៊ុន​ចូល​រួម​នៅ​ក្នុង​​ពិព័រណ៍​ផលិតផល​ថៃ​នោះ​។

លោក​ ជីរ៉ា​វុឍ សុវណ្ណា​អាត (Jirawuth Suwanna-arj) អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ ប្រចាំ​ស្ថាន​ឯកអគ្គ​រាជទូត​ថៃ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​កាល​ពី​សប្ដាហ៍​មុន​ថា​៖ «ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស ​ថៃ ​បាន​ប្រើប្រាស់​ការ​តាំង​ពិព័រណ៍​នេះ​ដើម្បី​បង្ហាញ​ផលិតផល​របស់​ពួក​គេ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ​និង​ដើម្បី​ស្វែង​រក​តំណាង​ចែកចាយ​នៅ​កម្ពុជា​ ដើម្បី​ស្វែង​យល់​អំពី​ប្រជាប្រិយភាព ​និង​ការ​គាំទ្រ​ចំពោះ​ផលិតផល​របស់​ខ្លួន ក៏​ដូច​ជា​ដើម្បី​ធ្វើ​តេស្ត​ទីផ្សារ​ផង​ដែរ​»។

លោក ​ជី​រ៉ា​វុ​ឍ៖ តម្រូវការផលិតផលថៃកើនឡើង។

នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​នោះ​មាន​ជិត ​៣០០ ​ស្តង់​ ដែល​ដាក់​តាំង​បង្ហាញ​ទំនិញ​ជា​ច្រើន​ប្រភេទ​ដែល​ជា​ផលិតផល​របស់​​ថៃ ​មាន​ដូច​ជា​ អាហារ ​ភេសជ្ជៈ​ សម្លៀក​បំពាក់​ គ្រឿង​សម្អាង​ ទំនិញ​សុខភាព​​សម្ផស្ស សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​ សម្ភារ​ផ្ទះបាយ វត្ថុ​អនុស្សាវរីយ៍​ ស្បែកជើង​ សម្ភារ​អគ្គិសនី អេឡិចត្រូនិក គ្រឿង​សង្ហារិម​ ផលិតផល​ធ្វើ​ពី​ប្លាស្ទិក និង​ទំនិញ​ផ្សេង​ៗ​ជា​ច្រើន​មុខ​ទៀត​។

លោក​បន្ត​ថា​៖ «ពួក​គេ​ត្រូវ​តែ​ជា​ក្រុមហ៊ុន​ផលិត​ផលិតផល​ថៃ​និង​ត្រូវ​ឆ្លង​កាត់​ដំណើរ​ការ​ជ្រើសរើស​មុន​ពេល​ពួក​គេ​ត្រូវ​បាន​ជ្រើសរើស​មក​ចូល​រួម​។ ​យើង​មិន​ផ្តោត​លើ​បរិមាណ​ទេ​ប៉ុន្តែ​យើង​ផ្តោត​លើ​គុណភាព​»។

មាន​អ្នក​ចូល​មក​ទស្សនា​ការ​​តាំង​ពិព័រណ៍​នោះ​ប្រមាណ​ ២ ​ម៉ឺន​នាក់​ជា​រៀងរាល់​ថ្ងៃ​ ដែល​បច្ចុប្បន្ន​នេះ​វា​បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ទៅ​ហើយ​។

ចំពោះ​ទីតាំង​យុទ្ធសាស្ត្រ​ គឺ​កម្ពុជា​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ាន​បូក​រួម​ជា​មួយ​ការ​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​សំខាន់​ៗ​ និង​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ដោយ​សារ​គោល​នយោបាយ​ពាណិជ្ជកម្ម​អំណោយផល​ និង​ការ​យក​ពន្ធ​មិន​មាន​លក្ខណ​ស្មុគស្មាញ​ផង​នោះ​ វា​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​ទាក់ទាញ​ដ៏​សំខាន់​ចំពោះ​ក្រុមហ៊ុន​នាំចូល​ទំនិញ​ផ្សេង​ៗ​ពិសេស​ក្នុង​ចំណោម​ក្រុមហ៊ុន​នៅ​ក្នុង​តំបន់​អាស៊ាន​។

យោង​តាម​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ព្យាករថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ប្រមាណ ​៧ ភាគរយ​នៅ​ក្នុង​ឆ្នាំ​នេះ​ ដូច្នេះ​ហើយ​វា​នឹង​ជួយ​រក្សា​សម្ទុះ​កំណើន​ដ៏​រឹងមាំ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​​មក​នេះ​។

លោក​បន្ថែម​ថា៖ «អតិថិជន​កម្ពុជា​ជឿជាក់​លើ​ផលិតផល​ថៃ​ដោយ​សា​តែ​ផលិតផល​ទាំង​នោះ​មាន​គុណភាព​ល្អ និង​តម្លៃ​សមរម្យ»។

ហើយ​គោល​បំណង​នៃ​ការ​រៀបចំ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Top Thai Brands ២០១៩ ​លើក​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ថៃ​ដែល​ជា​ផលិតផល​មាន​គុណភាព​ល្អ​ តម្លៃ​សមរម្យ​ និង​ដើម្បី​ជា​ការ​អរគុណ​​ដល់​អតិថិជន​ដែល​គាំទ្រ​ទំនិញ​ថៃ​ឲ្យ​មាន​ឱកាស​បាន​ទិញ​ទំនិញ​ពី​ម្ទាស់​រោងចក្រ​ដោយ​ផ្ទាល់​។

លោក ​ជី​រ៉ា​វុ​ឍ​​ ឲ្យ​ដឹង​ទៀត​ថា​ក្រុមហ៊ុន​ថៃ​មិន​ត្រឹមតែ​លក់​ផលិតផល​សម្រេច​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​ស្វែង​រក​ប្រភព​វត្ថុ​ធាតុ​ដើម​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ ​«យើង​មិន​មែន​គ្រាន់​តែ​មក​លក់​ផលិតផល​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​ក៏​ស្វែង​រក​ប្រភព​ផលិតផល​មួយ​ចំនួន​ដែរ​ ជា​ពិសេស​ផលិតផល​កសិកម្ម​ដូច​ជា​ស្វាយ​ ដំឡូងមី​ និង​ពោត​ សម្រាប់​ផលិត​ចំណី​សត្វ​ រួម​នឹង​​បន្លែ​ជា​ដើម​»។

ទាំង​ប្រទេស ​ថៃ​ និង​កម្ពុជា ​សុទ្ធ​តែ​ជា​សមាជិក​អាស៊ាន​ហើយ​ប្រទេស​ទាំង ​២ ​បាន​រក្សា​បាន​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​យ៉ាង​រឹងមាំ​។ ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង ​២ ​កើន​ឡើង​លើស ​៧ ​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ដោយ​សារ​តែ​លំហូរ​នាំចេញ​នាំចូល​ឆ្លង​កាត់​ព្រំដែន​មាន​លក្ខណៈ​ងាយ​ស្រួល​។

ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ស្រី​ Oranooch Pakarat-Rutten អ្នក​តំណាង​ផ្នែក​ទីផ្សារ​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ​ប្រចាំ​កម្ពុជា និង​ឡាវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ​២ ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​រីក​ចម្រើន​។

លោក​ស្រី Oranooch៖ ទេសចរណ៍រវាងប្រទេសទាំង២កើនឡើង។

លោក​ស្រី​ Oranooch ថ្លែង​ថា​៖ «វិស័យ​ទេសចរណ៍​បាន​កើន​ឡើង​ចំនួន​ ១៥ ​ភាគរយ​នៅ​ក្នុង​ឆ្នាំ ​២០១៨​ បើ​ធៀប​ទៅ​ឆ្នាំ ​២០១៧​។​ កម្ពុជា​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ក្រីក្រ​ទៀត​ទេ​ដោយ​សារ​តែ​ផលិតផល​ក្នុង​ស្រុក​សរុប​​ (GDP) របស់​ប្រទេស​នេះ​កំពុង​តែ​មាន​សម្ទុះ​កើន​ឡើង​ហើយ​ប្រជា​ពលរដ្ឋ​កាន់​តែ​ច្រើន​មាន​លទ្ធភាព​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ជា​ពិសេស​ទៅ​កាន់​ប្រទេស ​ថៃ ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រទេស ​កម្ពុជា​»។

ការ​ត​ភ្ជាប់​រវាង​ទីក្រុង​បាងកក ​និង​ទីក្រុង​ភ្នំពេញ​ទាំង​ផ្លូវ​គោក​​នឹង​ផ្លូវ​អាកាស​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ ក្នុង​នោះ​សេវាកម្ម​អាកាសចរណ៍​មាន​ជើង​ហោះហើរ​ប្រមាណ ​៣២ ​ជើង​ជា​រៀង​រាល់​ថ្ងៃ​ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​ទេសចរណ៍​។

លោក​ស្រី​ថ្លែង​ថា​៖ «បច្ចុប្បន្ន​នេះ​យើង​កំពុង​ព្យាយាម​កំណត់​ទិស​ដៅ​ឲ្យ​មាន​និស្សិត​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ទៅ​សិក្សា​នៅ​ក្នុង​ប្រទេស ​ថៃ ហើយ​នៅ​ពេល​ពួក​គេ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ពួក​គេ​អាច​ធ្វើ​អាជីវកម្ម​បាន​»។

សូម​បញ្ជាក់​ថា ​ប្រជាជន​កម្ពុជា​ប្រមាណ​ជិត ​៨០ ​ម៉ឺន​នាក់​បាន​ទៅ​ទស្សនា​ប្រទេស ​ថៃ ​កាល​ពី​ឆ្នាំ​មុន​៕

ក្រុមហ៊ុនថៃជាង ២០០ក្រុមហ៊ុនបានតាំងបង្ហាញផលិតផលរបស់ខ្លួននៅឯមជ្ឈមណ្ឌលកោះពេជ្រកាលពីសប្តាហ៍កន្លងទៅ