ការផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs) នឹងត្រូវ​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​កំពូល​របស់​ធនាគារ​កាណាឌីយ៉ា​នៅក្នុង​ឆ្នាំនេះ​ដោយសារ​វិស័យនេះ​គឺជា​ឆ្អឹងខ្នង​ដ៏រឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

នៅក្នុង​បទសម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក Raymond Sia នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា​មានប្រសាសន៍​ថា ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លងមកនេះ SMEs និង​ផ្នែក​ធនាគារ​លក់រាយ​បាន​មើលឃើញ​ពី​កំណើន​ទ្វេដង​។

ផ្អែកលើ​កំណើន​នេះ​ធនាគារ​បានសម្រេច​បង្កើន​ប្រាក់កម្ចី​របស់ខ្លួន​ដល់​វិស័យ SMEs ជាមួយ​នឹង​ការដាក់ចេញ​នូវ​កញ្ចប់​ហិរញ្ញប្បទាន​រហូតដល់​ ១៥០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​។

«​យោងតាម​ការឆ្លើយតប​ពី​ទីផ្សារ​ដ៏ខ្លាំងក្លា យើង​បាន​ពង្រីក​កញ្ចប់​នេះ​ច្រើនដង​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លងមកនេះ ហើយ​បច្ចុប្បន្ន​វា​កើនឡើង​ដល់​ ៤០០ ​លាន​ដុល្លារ​។ នៅក្នុង​ខែកក្កដា​ឆ្នាំ​ ២០១៩ ធនាគារ​បាន​បញ្ចេញ​ថវិកា​ចំនួន​ ២០​ លាន​ដុល្លារ​នៃ​កញ្ចប់​ថវិកា​នេះ​ជាពិសេស​ដើម្បី​គាំទ្រ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​ជា​ស្ត្រី និង​ដំណើរការ​គម្រោង «​កម្ចី​ហិរញ្ញប្បទាន​សហគ្រិន​ស្ដ្រី​វៃឆ្លាត​» ​របស់​យើង​»​។

«​ជាមួយ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​នៅក្នុង​ពិភពលោក​ជាពិសេស​នៅក្នុង​តំបន់​អាស៊ាន SMEs បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរីកចម្រើន​របស់​ប្រទេសជាតិ ហើយ​នៅ​កម្ពុជា​ ៩៥ ​ភាគរយ​នៃ​អាជីវកម្ម​គឺជា​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ដែល​កំពុង​កើនឡើង​ជា​រៀងរាល់ថ្ងៃ ហើយ​ភាគច្រើន​នៃ​តម្រូវការ​របស់​ពួកគេ​គឺ​ហិរញ្ញប្បទាន​មូលធន​។

លោក Raymond Sia មាន​សុទិដ្ឋិនិយម​ចំពោះ​លទ្ធផល​ល្អប្រសើរ​នៅ​ឆ្នាំនេះ​។

លោក Sia បញ្ជាក់ថា​៖ «​យើង​បន្ត​ច្នៃប្រឌិត និង​កែលម្អ​ផលិតផល​ និង​ការផ្តល់ជូន​ហិរញ្ញប្បទាន​របស់​យើង​ហើយ​យើង​នឹង​ចាប់ផ្តើម​រៀបចំ​កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់ SME និង​គម្រោង​កម្ចី​ហិរញ្ញប្បទាន​សហគ្រិន​ស្ដ្រី​វៃឆ្លាត​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​»​។

ធនាគារ​កាណាឌីយ៉ា​បាន​ចាប់ផ្តើម​អាជីវកម្ម​ជួញដូរ​មាស​ និង​ផ្តល់​ប្រាក់កម្ចី​ដល់​អាជីវករ​ក្នុង​ឆ្នាំ​ ១៩៩១ ហើយ​បច្ចុប្បន្ន​ធនាគារ​នេះ​មាន​សាខា​ជាង​ ៦០ និង​ម៉ាស៊ីន​អេធីអឹម​ចំនួន​ ១៤៥ ​នៅ​ទូទាំងប្រទេស ដែល​ធ្វើឲ្យ​ធនាគារ​មួយ​នេះ​ក្លាយ​ជា​ធនាគារពាណិជ្ជ​លំដាប់​កំពូល​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ប្រកួតប្រជែង​របស់​កម្ពុជា​។

ធនាគារ​កាណាឌីយ៉ា​បង្កើត​បាន​ម៉ាក​យីហោ​មួយ​ដ៏រឹងមាំ ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន The Asian Banker ថា​ជា​ធនាគារ​ដ៏រឹងមាំ​បំផុត​នៅ​កម្ពុជា​តាមរយៈ​តារាង​តុល្យការ​កាលពី​ឆ្នាំមុន​ហើយ​ក៏​បានទទួល​ពានរង្វាន់​ជា​ធនាគារ​ល្អ​បំផុត​ក្នុងស្រុក​ (Best Domestic Bank) និង​ពាន​ Best SME Bank ​ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ​ក្នុង​ឆ្នាំ​ដដែល​។

«​ធនាគារ​កាណាឌីយ៉ា​ទទួល​សមិទ្ធផល​ហិរញ្ញវត្ថុ​ដ៏ប្រសើរ​ក្នុង​ឆ្នាំ​ ២០១៩​។ នៅក្នុង​បរិបទ​ជារួម ធនាគារ​នេះ​សម្រេចបាន​សមិទ្ធផល​ហិរញ្ញវត្ថុ​ល្អ​បំផុត​ក្នុង​ឆ្នាំ​ ២០១៨ ហើយ​យើង​មាន​សុទិដ្ឋិនិយម​ខ្លាំង​ថា​លទ្ធផល​សវនកម្ម​សម្រាប់​ឆ្នាំ​ ២០១៩ នឹង​ប្រសើរ​ជាង​ឆ្នាំ​ ២០១៨»​។

«​សម្រាប់​ឆ្នាំ​ ២០២០ យើង​ក៏មាន​សុទិដ្ឋិនិយម​ខ្លាំង​ផងដែរ​ចំពោះ​សមិទ្ធផល​ហិរញ្ញវត្ថុ​គួរ​ជាទី​គាប់ចិត្ត​។ មាន​បញ្ហា​មួយចំនួន​ដែល​ឧស្សាហកម្ម​ និង​ប្រទេស​នេះ​កំពុង​ប្រឈម​ដូចជា​ផលប៉ះពាល់​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច ដោយសា​តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន ការដក​ពន្ធ​អនុគ្រោះ EBA មួយផ្នែក ហើយ​ថ្មីៗ​នេះ​គឺ​វិបត្តិ​ជំងឺ​កូរ៉ូណា​ជាដើម​។

កាលពី​ឆ្នាំមុន​ធនាគារ​កាណាឌីយ៉ា​បញ្ចេញ​ថវិកា​ចំនួន​ ២០ ​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី​។

លោក Sia បន្ថែមថា​ទោះយ៉ាងណា​ក៏ដោយ យើង​មាន​ទំនុកចិត្ត​ថា​ឧស្សាហកម្ម និង​ប្រទេស​នេះ​នឹង​អាច​គេច​ផុតពី​បញ្ហា​ប្រឈម​ទាំងនេះ តាមរយៈ​វិធានការ​សកម្ម​ និង​ការគាំទ្រ​អាជីវកម្ម​ដែល​ត្រូវបាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​។

ធនាគារ​កាណាឌីយ៉ា​មានគំនិត​ផ្តួចផ្តើម​មួយចំនួន​សម្រាប់​ឆ្នាំនេះ​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក​ដែល​បច្ចុប្បន្ន​មាន​ធនាគារពាណិជ្ជ​ប្រមាណ​ ៤០ ​កំពុង​ប្រតិបត្តិការ​។

«​យើង​ពិតជា​រីករាយ​ណាស់​សម្រាប់​ឆ្នាំ​ ២០២០ ​នេះ​។ ធនាគារ​កាណាឌីយ៉ា​នឹង​បន្ត​វិនិយោគ​លើ​បុគ្គលិក​របស់​យើង​ក៏ដូចជា​លើកកម្ពស់​បទពិសោធ​អតិថិជន​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​។

លោក Sia បន្ថែមថា​៖ «​ធនាគារ​កំពុង​អនុវត្ត​គំនិត​ផ្តួចផ្តើម​មួយចំនួន​ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ «​ឌីជីថល​» របស់​យើង​រាប់​ចាប់ពី​ការអនុវត្ត​ប្រព័ន្ធ​ផ្តល់​កម្ចី រហូត​ដល់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដំណើរការ​ឥណទាន​ និង​ប្រព័ន្ធ​ធនធានមនុស្ស​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ធនធាន​មនុស្ស​របស់​យើង​»​។

ហើយ​វា​ក៏​ជា​លើកដំបូង​ដែល​ធនាគារ​កាណាឌីយ៉ា​បានរៀបចំ​ «​សិក្ខាសាលា​ស្តីពី​យុទ្ធសាស្ត្រ​ឆ្នាំ​ ២០២០» ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​កោះពេជ្រ កាលពី​ថ្ងៃទី​ ១ ខែ​មីនា កន្លងទៅ​ដោយ​មាន​បុគ្គលិក​ជិត ២០០០ នាក់​ចូលរួម​៕