ការធ្វើអ្វីៗដែលមានលក្ខណៈពិសេសប្លែកពីគេបានផ្តល់នូវភាគលាភដ៏គួរឱ្យទាក់ទាញ ខណៈធនាគារប្រៃសណីយ៍កម្ពុជាសម្រេចបានទ្រព្យសកម្មសរុបជាង ១ ពាន់លានដុល្លារអាមេរិក។
លេខ ៧ នៅតែជាលេខនៃអនុស្សាវរីយ៍ដ៏គួរឲ្យចងចាំរបស់ប្រជាជនកម្ពុជា នៅពេលធនាគារប្រៃសណីយ៍កម្ពុជាដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេមួយ បានប្រារព្ធពិធីអបអរសាទរជាមួយការសម្រេចបានទ្រព្យសកម្មសរុបកើនឡើងដល់ ១ ពាន់លានដុល្លារអាមេរិក។
ទទួលបានការជំរុញឲ្យបង្កើតស្ថាប័នហិរញ្ញវត្ថុ ដោយផ្អែកលើអាយុកាលដែលបានសាកល្បងវេទិកាធនាគារប្រៃសណីយ៍ និងបន្ទាប់ពីបានទៅទស្សនកិច្ចប្រទេសមួយចំនួនជាកន្លែងដែលធនាគារប្រៃសណីយ៍មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជោគជ័យ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារប្រៃសណីយ៍កម្ពុជា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ក៏សម្រេចចិត្តចាប់ផ្តើមស្ថាប័នសេវាកម្មធនាគារ និងហិរញ្ញវត្ថុមួយនេះឡើងដែលមានលក្ខណៈពិសេស និងប្លែកពីគេ។
ដូច្នេះនៅក្នុងចន្លោះឆ្នាំ ២០១១ និង ២០១២ លោកបានចូលជួបប្រៃសណីយ៍កម្ពុជាដែលជាស្ថាប័នស្វយ័ត គ្រប់គ្រងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ភ្ជាប់ជាមួយនឹងសំណើមួយ។ បន្ទាប់ពីការពិភាក្សាជាច្រើនលើកច្រើនសា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង ដើម្បីបង្កើតធនាគារប្រៃសណីយ៍កម្ពុជាដោយមានការអនុម័តយល់ព្រមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បន្ទាប់មកអាជ្ញាប័ណ្ណបើកធនាគារត្រូវបានផ្តល់ឱ្យធនាគារប្រៃសណីយ៍កម្ពុជានៅថ្ងៃទី ២០ ខែ កញ្ញាឆ្នាំ ២០១៣ ដោយធនាគារជាតិនៃកម្ពុជា (NBC) ឈរលើគោលការណ៍គាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ជាតិ។ បច្ចុប្បន្នបន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ៧ ឆ្នាំ ធនាគារប្រៃសណីយ៍សម្រេចបានទ្រព្យសកម្មលើស ១ ពាន់លានដុល្លារអាមេរិក។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជាបានបង្ហាញពីទស្សនៈរបស់លោកចំពោះការប្រារព្ធពិធីអបអរជាប្រវត្តិសាស្ត្ររបស់ធនាគារមួយនេះថា៖ «ការសម្រេចបានទ្រព្យសកម្មចំនួន ១ ពាន់លានដុល្លារអាមេរិក គឺជាប្រវត្តិសាស្ត្រដ៏អស្ទារ្យសម្រាប់ធនាគារប្រៃសណីយ៍។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺថាយើងអាចសម្រេចបានក្នុងរយៈពេល ៧ ឆ្នាំ។ ជោគជ័យនេះសម្រេចបានដោយមានកត្តាជាច្រើនរួមផ្សំគ្នាដូចជាភាពជាដៃគូយុទ្ធសាស្ត្រ កម្លាំងហិរញ្ញវត្ថុ និងធនធានមនុស្ស»។
«ភាពខ្លាំងរបស់ម្ចាស់ភាគហ៊ុនរបស់ធនាគារយើងរួមមានក្រុមហ៊ុនកាណាឌីយ៉ាអ៊ិនវេសមិនហូលឌីងប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុន Fullerton Financial Holdings ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Temasek Group គ្រប់គ្រងដោយរដ្ឋាភិបាលសិង្ហបុរី គឺជាអ្វីដែលផ្តល់ឱ្យយើងនូវយុទ្ធសាស្ត្រ និងកម្លាំងហិរញ្ញវត្ថុ។ ភាពជាដៃគូរបស់យើងជាមួយស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្ដរជាតិឈានមុខ បានផ្តល់ឱ្យយើងនូវចំណេះដឹង ជំនាញ និងបទពិសោធ ដើម្បីឈានដល់គោលដៅ និងបំណងប្រាថ្នារបស់យើង»។
លោក ចៅចេក មានប្រសាសន៍ថា៖ «ចំពោះធនធានមនុស្សកម្លាំងការងាររបស់យើងភាគច្រើន គឺជាអ្នកជំនាញខាងធនាគារ និងហិរញ្ញវត្ថុដែលជាជនជាតិខ្មែរ ពីព្រោះយើងជឿជាក់ថា មានតែអ្នកមានសមត្ថភាពក្នុងស្រុកប៉ុណ្ណោះ ដែលអាចយល់ច្បាស់អំពីទីផ្សារប្រទេសកម្ពុជា»។
ការរួមបញ្ចូលគ្នានៃភាពជាដៃគូដ៏ល្អជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខគេ និងការដឹកនាំដ៏ឈ្លាសវៃរបស់ប្រជាជនកម្ពុជាបានធ្វើឱ្យធនាគារប្រៃសណីយ៍កម្ពុជាសម្រេចបានទ្រព្យសកម្មសរុបជាង ១ ពាន់លានដុល្លារ។
គិតមកដល់ពេលនេះ ទ្រព្យសកម្មសរុបរបស់ធនាគារប្រៃសណីយ៍កម្ពុជាបានកើនដល់ ១,០០៧ ពាន់លានដុល្លារអាមេរិក។
ក្នុងនាមជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបានបង្កើតឡើងក្នុងស្រុក ធនាគារប្រៃសណីយ៍កម្ពុជា បានយល់ពីទីផ្សារកម្ពុជា និងមើលឃើញឱកាសក្នុងការផ្តល់សេវាកម្មធនាគាររបស់ខ្លួនដល់សហគមន៍ជនបទ។ នេះគឺជាយុទ្ធសាស្ត្រមួយដែលធនាគារពាណិជ្ជមួយចំនួនស្ទាក់ស្ទើរក្នុងការស្វែងរកអតិថិជនដែលនៅតំបន់ដាច់ស្រយាល។
ធានាគារប្រៃសណីយ៍កម្ពុជាក៏មានមោទនភាពផងដែរក្នុងការបង្កើតការងារសម្រាប់ប្រជាជននៅក្នុងប្រទេស។ ធនាគារប្រៃសណីយ៏កម្ពុជាមានបុគ្គលិកប្រមាណ ១ ពាន់នាក់ បូករួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ Funan Microfinance ដែលមានបុគ្គលិកជិត ៦០០ នាក់។
លោកបានបន្ថែមទៀតថា៖ «ខ្ញុំមានសុទិដ្ឋិនិយមអំពីការអភិវឌ្ឍទេពកោសល្យផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសជាតិ។ ការអភិវឌ្ឍទេពកោសល្យក្នុងតំបន់នឹងចូលរួមចំណែកយ៉ាងសំខាន់មិនត្រឹមតែជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនកម្រិតជំនាញវិជ្ជាជីវៈ ក្នុងចំណោមអ្នកជំនាញខាងសេវាកម្មធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសផងដែរ។ ទេពកោសល្យទាំងនេះ អាចឱ្យយើងគាំទ្រប្រទេសទាំងមូល និងទទួលបានម្ចាស់គណនីច្រើនជាង ១ សែននាក់។
«ការចូលរួមចំណែករបស់យើងមិនត្រឹមតែបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែប្រាក់កម្ចីដែលយើងផ្តល់ជូនប្រជាជន និងអាជីវកម្មទាំងនៅតាមតំបន់ជនបទ និងទីក្រុង អនុញ្ញាតឱ្យអតិថិជនរបស់យើងលើកកម្ពស់កម្រិតជីវភាព និងពង្រីកអាជីវកម្មរបស់ពួកគេថែមទៀតផង»។
យោងតាមស្ថិតិថ្មីៗបានបង្ហាញថា បច្ចុប្បន្នស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារពាណិជ្ជ ដែលកំពុងប្រតិបត្តិការនៅកម្ពុជាមានគណនីកម្ចី ២,២ លានគណនី និង ១,២ លានជាគណនីសន្សំ។ តាមរយៈទិន្នន័យនេះបានបង្ហាញថា មានគ្រួសារជាច្រើនដែលមានគណនីប្រាក់កម្ចីជាជាងគណនីសន្សំ។ វាជារឿងគួរឱ្យចាប់អារម្មណ៍ដែលអតិថិជនទាំងនោះមានគណនីកម្ចីច្រើនជាងគណនីសន្សំ។
លោក ចៅចេក បានថ្លែងថា៖ «ដូច្នេះយើងបានចាប់ផ្តើមគំនិតផ្តួចផ្តើម ដើម្បីលើកទឹកចិត្តប្រជាជនឱ្យបើកគណនីសន្សំកាលពីឆ្នាំមុនជាពិសេសអតិថិជនរបស់យើងនៅតាមជនបទ។
គំនិតផ្តួចផ្តើមនោះដូចជាការផ្តល់នូវការបើកគណនីបើកប្រាក់បៀវត្សរ៍ដល់និយោជិតនៅក្នុងក្រុមហ៊ុនទាំងនៅតាមជនបទ និងនៅទីក្រុង។ លើសពីនេះទៀត ដើម្បីគាំទ្រដល់ម្ចាស់គណនីដែលទទួលប្រាក់ខែយើងបានលើកទឹកចិត្ត និងបណ្តុះបណ្តាលពួកគេឱ្យធ្វើប្រតិបត្តិការដែលរួមមានការផ្ទេរប្រាក់ទៅឪពុកម្តាយ និងក្រុមគ្រួសារនៅតាមខេត្ត។ កម្មវិធីនេះវាជាផ្នែកដ៏ធំមួយនៃយុទ្ធនាការ “គ្រួសារមួយគណនីមួយ” យុទ្ធនាការរបស់យើងបង្កើតឡើង ដើម្បីបង្កើនការបើកគណនីសន្សំ និងការដាក់បញ្ចូលហិរញ្ញវត្ថុសម្រាប់ប្រជាជននៅតាមជនបទ”។
លោក ចៅចេក ថ្លែងថា ធនាគារប្រៃសណីយ៍កម្ពុជានឹងគាំទ្រដល់កិច្ចប្រឹងប្រែងថ្មីៗរបស់ធនាគារជាតិនៃកម្ពុជា ឱ្យមានប្រសិទ្ធភាព ដូចជាការដកទុកក្រដាសប្រាក់ ១ ដុល្លារ និង ៥ ដុល្លារ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ។
លោកបានមានប្រសាសន៍ថា៖ «នេះ គឺជាគំនិតផ្តួចផ្តើមមួយដែលនឹងជំរុញមោទនភាពសេដ្ឋកិច្ចរបស់ប្រជាជនរបស់យើង»៕