ធនាគារ​វឌ្ឍនៈ​កំពុង​ចាប់ផ្តើម​អនុវត្ត​យុទ្ធសាស្ត្រ​ចំនួន​ ២ ​គឺ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​ពង្រីក​បណ្តាញ​សាខា​ដើម្បី​ក្លាយជា​ធនាគារ​ផ្ទាល់ខ្លួន​របស់​អតិថិជន និង​ត្រៀមខ្លួន​សម្រាប់​កំណើន​ប្រកបដោយ​ចីរភាព​នៅក្នុង​វិស័យ​ធនាគារ​ដែល​កំពុង​មាន​ការប្រកួតប្រជែង​។

ធនាគារ​ដែល​បង្កើតឡើង​ដោយ​វិនិយោគិន​ក្នុង​ស្រុក​មួយ​នេះ​បាន​ចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ដ៏ទំនើប​ និង​មាន​សុវត្ថិភាព​ខ្ពស់បំផុត​កាលពី​សប្តាហ៍​មុន​ដើម្បី​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​ធនាគារ​ឌីជីថល​របស់ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើន​ និង​រក្សា​ឧត្តមភាព​ប្រកួតប្រជែង​របស់​ខ្លួន​។ លើសពីនេះ​ទៀត​ធនាគារ​ដែល​មាន​អាយុកាល​ ១៧ ​ឆ្នាំ​មួយ​នេះ គ្រោង​នឹង​បន្ថែម​សាខា​ចំនួន​ ៤ ​ទៀត​នៅ​ចុងឆ្នាំ​នេះ​គឺ​សាខា​ប៉ោយប៉ែត សាខា​ខេត្ត​ប៉ៃលិន សាខា​ខេត្តកំពង់ធំ និង​សាខា​ខេត្តកំពង់ឆ្នាំង​។

ដោយ​មើលឃើញ​ពី​កំណើន​នៃ​តម្រូវការ​សេវា​ធនាគារ​ឌីជីថល និង​ការហូរចូល​នៃ​បច្ចេកវិទ្យា​លើ​ទូរស័ព្ទ​ចល័ត​ដែល​កំពុង​ផ្លាស់ប្តូរ​ដំណើរ​​វិវឌ្ឍន៍​នៃ​វិស័យ​ធនាគារ ធនាគារ​វឌ្ឍនៈ​កំពុង​បញ្ជ្រាប​ចូលទៅក្នុង​ប្រព័ន្ធ​សេវា​ធនាគារ​ឌីជីថល ដើម្បី​ផ្តល់នូវ​សេវាកម្ម​កាន់តែ​មាន​ប្រសិទ្ធភាព​ជូន​អតិថិជន​របស់ខ្លួន​ដែល​កំពុង​មាន​ចំនួន​កើនឡើង​។

លោក ចាន់ កុក ឆយ អគ្គនាយក​នៃ​ធនាគារ​វឌ្ឍនៈ​បាន​មាន​ប្រសាសន៍​ថា៖ «​បច្ចុប្បន្ន​សេវា​ធនាគារ​ចល័ត​គឺជា​សេវាកម្ម​ដ៏ចាំបាច់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​អតិថិជន​ជាច្រើន​កំពុង​ប្រើប្រាស់​សេវាកម្ម​នេះ​។ សេវា​ធនាគារ​ចល័ត​នឹង​ក្លាយជា​ផលិតផល​ដ៏សំខាន់​មួយ​សម្រាប់​យើង​»​។

លោក ចាន់ កុក ឆយ អគ្គនាយក​នៃ​ធនាគារ​វឌ្ឍនៈ​។

«​ធនាគារ​យើង​បាន​ពិនិត្យមើល​អំពី​តម្រូវការ​របស់​អតិថិជន ហើយ​ស្ថានភាព​បច្ចុប្បន្ន​គឺមាន​តម្រូវ​ការចង់​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដោយ​គ្មាន​សាច់ប្រាក់ និង​ប្រតិបត្តិការ​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ដោយ​មិនចាំបាច់​តម្រូវឱ្យ​អតិថិជន​មក​ធនាគារ​ទេ​។ ដូច្នេះ​យើង​ទទួលស្គាល់​ថា ធនាគារ​ឌីជីថល​កាន់តែ​ដើរតួនាទី​សំខាន់​ឡើងៗ​»​។

លោក​បន្ថែមថា​៖ «​យើង​អាច​មើល​ឃើញ​ថា នៅពេល​ដែល​យើង​ពង្រីក​ប្រតិបត្តិការ​របស់​យើង​នោះ ចាំបាច់​ត្រូវមាន​សេវា​ធនាគារ​ចល័ត​ដើម្បី​ប្រកួតប្រជែង​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​ធនាគារ​ដទៃទៀត​។ យើង​ទទួលបាន​មតិ​ត្រឡប់​ជា​វិជ្ជមាន​ពី​អតិថិជន​របស់​យើង​ហើយ​ចំណុច​នេះ​នឹង​ជួយ​ដល់​កំណើន​អាជីវកម្ម​របស់​យើង ជាពិសេស​បណ្តាញ​សាខា​យើង​នៅ​ខាងក្រៅ​ទីក្រុង​ភ្នំពេញ​នៅពេល​យើង​ពង្រីក​សាខា​បន្ថែមទៀត​»​។

កម្មវិធី​សេវា​ធនាគារ​ចល័ត ធនាគារ វឌ្ឍនៈ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមការងារ​ធនាគារ​ឌីជីថល​ផ្ទាល់ខ្លួន​របស់​ធនាគារ​។ កម្មវិធី​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់​ទាំងអស់​សូម្បី​អតិថិជន​ដែល​មិនសូវ​ពូកែ​ប្រើប្រាស់​បច្ចេកវិទ្យា​ក៏ដោយ ដោយសារ​ថា កម្មវិធី​នេះ​មានមុខ​ងារ​/​របៀប​ប្រើ​គួរឱ្យ​ទាក់ទាញ និង​ងាយស្រួល​ប្រើប្រាស់​ដែល​ជួយ​កាត់បន្ថយ​ពេលវេលា​បាន​យ៉ាងច្រើន​។

មុខងារ​ជាច្រើន​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​កម្មវិធី​នេះ ដូចជា​មុខងារ​មើល​សមតុល្យ​គណនី ការផ្ទេរ​ប្រាក់ ការទូទាត់​វិក្កយបត្រ​សម្រាប់​បង់​ថ្លៃ​អគ្គិសនី និង​ទឹក ការជូនដំណឹង ការគ្រប់គ្រង​កាត របាយការណ៍​កាត​ឥណទាន និង​ការទូទាត់​ព្រមទាំង​មុខងារ​សំខាន់ៗ​ជាច្រើន​ទៀត ដូចជា​ការបញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ​ជាដើម​។

«​នេះ​គឺជា​អ្វីដែល​យើង​មាន​មោទនភាព ពីព្រោះ​ថា​កម្មវិធី​សេវា​ធនាគារ​ចល័ត​របស់​យើង​ពិតជា​មាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​! យើង​បាន​យកចិត្តទុកដាក់​ខ្ពស់ សូម្បីតែ​រឿង​តូចតាច​បំផុត​នៅពេល​ដែល​រចនា​កម្មវិធី​នេះ​ឡើង​។ មុខងារ​សំខាន់​មួយ​គឺ​ការផ្ទេរ​ប្រាក់​។ កម្មវិធី​នេះ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​សម្រាប់​អ្នក​ប្រើប្រាស់​ស្របតាម​ពាក្យ​ស្លាក​របស់​ធនាគារ​វឌ្ឍនៈ​គឺ «​ធនាគារ​ផ្ទាល់ខ្លួន​របស់លោក​អ្នក​»​។

លោក ចាន់ បាន​បន្ថែម​ថា ធនាគារ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​អំពី​លក្ខណៈ​សុវត្ថិភាព​។

«​សុវត្ថិភាព​គឺ​សំខាន់​ណាស់​ដើម្បី​ធានាថា សាច់ប្រាក់​របស់​អតិថិជន​គឺមាន​សុវត្ថិភាព ហើយ​យើង​បាន​វិនិយោគ​បង្កើត​កម្មវិធី​ដែលមាន​សុវត្ថិភាព​បំផុត​។ កម្មវិធី​សេវា​ធនាគារ​ចល័ត​របស់​យើង បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​យ៉ាង​ហ្មត់ចត់ ហើយ​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​សុវត្ថិភាព​ពី​ក្រុមហ៊ុន Thales ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​ល្បីល្បាញ​ខាង​ការផ្តល់​សេវាកម្ម​ដំណោះស្រាយ​សុវត្ថិភាព​ទិន្នន័យ និង​បច្ចេកវិទ្យា​ព័ត៌មាន​។

លោក​ ចាន់ បាន​បន្តថា​៖ «​យើង​ពេញចិត្ត​ជាមួយ​នឹង​មុខងារ​ការពារ​សុវត្ថិភាព​នៃ​កម្មវិធី​សេវា​ធនាគារ​ចល័ត​របស់​យើង ហើយ​អ្វីដែល​សំខាន់​គឺថា កម្មវិធី​នេះ​ងាយស្រួល​ប្រើប្រាស់ ហើយ​ត្រូវ​ធ្វើឱ្យ​អ្នក​ប្រើប្រាស់​យល់ឃើញ​ថា ពិតជា​ងាយស្រួល​ប្រើប្រាស់​មែន​»​។

លោក​ ចាន់ បាន​សង្កត់ធ្ងន់​ថា ចាំបាច់​ត្រូវអនុវត្ត​អភិក្រម​សមតុល្យ​ក្នុង​ការពង្រីក​អាជីវកម្ម​មាន​ន័យ​ថា សមតុល្យ​រវាង​ការពង្រីក​បណ្តាញ​សាខា ជាមួយ​នឹង​ការពង្រីក​បច្ចេកវិទ្យា​សេវា​ធនាគារ​ទូទាត់​ឌីជីថល​។

លោក​ ចាន់ មាន​ប្រសាសន៍​ថា​៖ «​ត្រូវតែ​មាន​សមតុល្យ​រវាង​វត្តមាន​សាខា​របស់​យើង​ជាមួយ​នឹង​សេវា​ធនាគារ​ចល័ត​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ ក្នុងនាម​ជា​ធនាគារ​ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ មហិច្ឆតា​របស់​យើង​គឺ​ចង់​មាន​វត្តមាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​»​។

«​ធនាគារ​មិនមែន​ជា​ការវិនិយោគ​រយៈពេល​ខ្លី​ទេ​។ ក្នុង​នាម​ជា​ធនាគារ​ក្នុងស្រុក យើង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​។ យើង​មាន​វត្តមាន​ដើម្បី​គោលដៅ​យូរអង្វែង មិនមែន​រយៈពេល​ខ្លី​នោះទេ​។ យើង​ជឿជាក់​ថា ពេលនេះ​យើង​បាន​ត្រៀមខ្លួន​រួចហើយ​។ នេះ​គឺជា​ពេលវេលា​ដែល​យើង​ត្រូវ​បើក​សាខា​ថ្មី​បន្ថែម​ទៀតហើយ​»៕