ធនាគារ​ស្ថាបនា​បាន​ឈាន​ជើង​ចូល​ទៅ​ក្នុង​ពិភព​ឌីជីថល តាមរយៈ​ការ​ផ្លាស់ប្តូរ​មួយ​ដែល​ផ្តោ​លើ​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ ដែល​ជំរុញ​សមត្ថភាព​វេទិកា​បច្ចេកវិទ្យា​របស់​ខ្លួន​។

លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​ការ​វិវឌ្ឍ​​ទៅ​រក​ប្រព័ន្ធ​ឌីជីថល​នេះ​នឹង​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ធនាគារ​កាន់​តែ​ឆាប់​រហ័ស ​និង​ងាយ​ស្រួល​សម្រាប់​ទាំង​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី​។ យើង​ក៏​រំពឹង​ផង​ដែរ​ថា​ជាមួយ​នឹង​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ជា​បន្តបន្ទាប់ នឹង​ជួយ​បង្កើន​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​ធនាគារ​របស់​យើង ក៏​ដូច​ជា​អាច​ផ្តល់​ជូន​នូវ​ផលិតផល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​ដើម្បី​ទាក់ទាញ​អតិថិជន​បន្ថែម​»​។

«​នៅ​ក្នុង​បរិយាកាស​ធនាគារ​តាម​ប្រព័ន្ធ​ឌីជីថល​គ្មាន​ហេតុផល​ណា​ដែល​ធនាគារ​ត្រូវ​កំណត់​ត្រឹមតែ​ការ​ផ្តល់​សេវា​ធនាគារ​តាម​បែប​ប្រពៃណី​នោះ​ទេ​។ ជា​ការ​ពិត អនាគត​នៃ​វិស័យ​ធនាគារ នឹង​រួម​បញ្ចូល​ទាំង​ផលិតផល ​និង​សេវាកម្ម​ពី​ធនាគារ​ផ្សេងៗ​ដែល​ផ្តោត​លើ​ការ​ជួយ​អតិថិជន​ធ្វើ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​កាន់​តែ​ប្រសើរ​ឡើង​»​។

លោក ​លឹម ​ថ្លែង​ថា ឧទាហរណ៍​ដែល​ល្អ​បំផុត​គឺ​កម្មវិធី Sathapana Mobile ជា​កម្មវិធី​ដែល​ផ្តល់​ជូន​អតិថិជន​នូវ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដែល​ងាយ​ស្រួល​ និង​មាន​សុវត្ថិភាព​ខ្ពស់ ​និង​ជា​បទពិសោធ​ដ៏​អស្ទារ្យ​របស់​អតិថិជន​។

លោក លឹម (រូប​កណ្តាល) អម​ជាមួយ​នឹង​មន្ត្រី​ធនាគារ​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទ្រូម៉ាន់នី ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី ១៥ ខែ កក្កដា។

នៅ​ក្នុង​ឆ្នាំ​នេះ កម្មវិធី Sathapana Mobile ត្រូវ​បាន​ទទួល​ស្គាល់​ថា ​ជា​កម្មវិធី Mobile App ល្អ​បំផុត​នៅ​កម្ពុជា ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ធនាគារ ​និង​ហិរញ្ញវត្ថុ​សកល​ ហើយ​ទទួល​បាន​ពាន​រង្វាន់​ពី​ទស្សនាវដ្តី​ Global Banking & Finance Review ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​។​

ជំរុញ​ដោយ​យុទ្ធសាស្ដ្រ​ឌីជីថល​របស់​ខ្លួន ធនាគារ​ស្ថាបនា​មាន​ទំនុក​ចិត្ត​ខ្ពស់​នៃ​កំណើន​រឹងមាំ​នៅ​ក្នុង​ឆ្នាំ​នេះ​ទោះបី​សេដ្ឋកិច្ច​មាន​ភាព​មិន​ប្រាកដ​ប្រជា ដោយសារ​បញ្ហា​ពាណិជ្ជកម្ម​អន្តរជាតិ​ក្តី​។ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា​ក្នុង​រង្វង់ ​៧ ​ភាគរយ ​ក្នុង ​១ ឆ្នាំ លោក លឹម មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​របស់​ធនាគារ​ស្ថាបនា​។

លោក​ថ្លែង​ថា​៖ «​ធនាគារ​ស្ថាបនា​មាន​កំណើន​រឹងមាំ ​១ ឆ្នាំ​ទៀត ​សម្រាប់ ឆ្នាំ ​២០១៩ នេះ ស្រប​តាម​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​នេះ ​និង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​នៅ​លើ​ពិភព​លោក​។ វិស័យ​ធនាគារ​សេវាកម្ម​លក់រាយ​របស់​យើង​មាន​ដូចជា​មីក្រូ​ និង​សហ​គ្រាស​ធុន​តូច ​និង​មធ្យម (SME) ជួយ​ជំរុញ​កំណើន​របស់​ធនាគារ​ស្ថាបនា​ក្នុង​ឆ្នាំ ​២០១៩ នេះ​»​។

កំណើនភាព​ជា​ដៃគូ​ធនាគារ​ស្ថាបនា​​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​វីង (​កម្ពុជា​) ក្រុមហ៊ុន Pi Pay ក្រុមហ៊ុន TrueMoney ភ្នាក់ងារ​ផ្ទេរ​ប្រាក់​អន្តរជាតិ Western Union និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត Manulife។ ភាព​ជា​ដៃគូ​នេះ​មាន​គោល​បំណង​ផ្តល់​នូវ​ភាព​ងាយ​ស្រួល ​និង​ច្រើន​ជម្រើស​សម្រាប់​អតិថិជន​របស់​ធនាគារ​។​

លោក ​លឹម​ បន្ថែម​ថា​៖ «​ជា​ការ​ពិត សម្ព័ន្ធភាព​អាជីវកម្ម​របស់​យើង​ជាមួយ​ក្រុមហ៊ុន​នានា ​គឺ​សម្រាប់​ប្រព័ន្ធ​អេកូ​ទូទាត់​របស់​យើង នឹង​ដើម្បី​រួម​ចំណែក​ដល់​ការ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​របស់​ធនាគារ​ស្ថាបនា ហើយ​ក៏​ជា​ឱកាស​​ដ៏​ល្អ​សម្រាប់​យើង​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល​ផង​ដែរ​។ ភាព​ជា​ដៃគូ​នេះ​អនុញ្ញាត​ឱ្យ​យើង​បន្ត​បង្កើន​ចំនួន​អតិថិជន និង​ផ្តល់​ជូន​នូវ​បទពិសោធ​ថ្មី​ដល់​អតិថិជន​សម្រាប់​សេវា​ធនាគារ​ក្នុង​យុគ​ឌីជីថល​»​។

ធនាគារ​ស្ថាបនា​ជឿជាក់​យ៉ាង​មុតមាំ​ថា ជាមួយ​ដៃគូ​របស់​ខ្លួន​ពួក​គេ​អាច​លើក​ទឹក​ចិត្ត​ប្រជាជន​កម្ពុជា​ដែល​មិន​ទាន់​បាន​ប្រើប្រាស់​សេវាកម្ម​ធនាគារ ដើម្បី​នាំ​ពួក​គេ​ទៅ​រក​វិស័យ​ហិរញ្ញវត្ថុ​ផ្លូវ​ការ​ដែល​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​។

លោក លឹម (រូប​កណ្តាល) អម​ជាមួយ​នឹង​មន្ត្រី​ធនាគារ​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទ្រូម៉ាន់នី ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី ១៥ ខែ កក្កដា។

ការ​ពង្រីក​សាខា​នៅ​ក្នុង​ឆ្នាំ ​២០១៩ ជា​ផ្នែក​មួយ​នៃ​ផែនការ​អាជីវកម្ម​របស់​ធនាគារ​ស្ថាបនា​នៅ​ក្នុង​ឆ្នាំ​នេះ គឺ​រក្សា​ការ​ពង្រីក​សាខា​ និង​បង្កើន​វត្តមាន​របស់​ខ្លួន​យ៉ាង​រឹងមាំ​នៅ​តាម​តំបន់​ណា​ដែល​ពួក​គេ​ជឿជាក់​ថា ​មាន​អតិថិជន​ត្រូវ​ការ​។​

«​យើង​កំពុង​សម្លឹង​ទៅ​រក​ការ​ពង្រីក​សាខា​របស់​យើង​មិន​ត្រឹមតែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​នៅ​តាម​បណ្តា​ខេត្ត​សំខាន់ៗ​ផង​ដែរ​»​។

លោក ​លឹម ​បញ្ជាក់​ថា​៖ «​ធនាគារ​ស្ថាបនា​តែងតែ​ខិតខំ​បំពេញ​តម្រូវ​ការ​ហិរញ្ញវត្ថុ​អតិថិជន​របស់​ខ្លួន មិន​ត្រឹមតែ​តាមរយៈ​សេវាកម្ម​ និង​ផលិតផល​ដ៏​មាន​តម្លៃ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​តាមរយៈ​ការិយាល័យ​សាខា​ដែល​ស្ថិត​នៅ​ទីតាំង​ដ៏​ល្អ ហើយ​អាច​នឹង​ពង្រីក​ម៉ោង​ធ្វើ​ការ​ផង​ដែរ​។ ជា​មួយ​នឹង​បរិយាកាស​វិជ្ជមាន​នាពេល​បច្ចុប្បន្ន ដែល​ផ្តល់​ដោយ​ធនាគ​ជាតិ​នៃ​កម្ពុជា ធនាគារ​ស្ថាបនា​មាន​ការ​ជឿ​ទុក​ចិត្ត ​និង​មាន​ទំនុក​ចិត្ត​ខ្ពស់​នៅ​ក្នុង​វិស័យ​ធនាគារ ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ធនាគារ​ស្ថាបនា​»​។

ធនាគារ​ស្ថាបនា ​គឺ​ជា​ធនាគារ ពាណិជ្ជ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ដែល​មាន​ទ្រព្យសកម្ម​សរុប​លើស ​១,៣ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​បម្រើ​ការងារ​ជាង ​៤ ០០០ ​នាក់​។

ធនាគារ​នេះ​មាន​បណ្តាញ​សាខា​ធំ​ជាង​គេ​ទី​២ ​​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ចំនួន ១៧១ សាខា និង​ម៉ាស៊ីន​អេធីអឹម​ចំនួន ​១៦១ គ្រឿង ដែល​មាន​សមត្ថភាព​ទទួល​យក​ក្រដាស​ប្រាក់​ដក​ប្រាក់ និង​ធ្វើ​ការ​ទូទាត់​ប្រាក់​៕ ​