ធនាគារ ព្រីនស៍ ម.ក បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​នូវ​បណ្ណ​ឥណពន្ធ​/​ឥណទាន Mastercard និង VISA ដែល​អាច​ឲ្យ​អតិថិជន​របស់​ខ្លួន​ធ្វើ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កាន់​តែ​ងាយ​ស្រួល ដែល​នេះ​គឺ​ជា​ការ​វិវឌ្ឍ​ថ្មី​មួយ​ផ្សេង​ទៀត ​ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ធនាគារ​ឌីជីថល​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស ​កម្ពុជា​។

កាល​ពី​ថ្ងៃទី ​២៣ ខែ មេសា ឆ្នាំ ​២០២០ ធនាគារ ព្រីនស៍ បាន​ប្រកាស​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​រួម​គ្នា​នូវ​បណ្ណ​ម៉ាស្ទ័រ និង​បណ្ណ​វីសា​ថ្មី​របស់​ខ្លួន​ដល់​សាធារណជន ។ ជាមួយ​នឹង​បទពិសោធ​ជាច្រើន​ទសវត្សរ៍​ និង​ក្នុង​នាម​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​ទូទាត់​ប្រាក់​ជា​ប្រព័ន្ធ​ឌីជីថល ម៉ាស្ទ័រ និង​វីសា ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​តាម​ហាង​ទំនិញ​រាប់​លាន​កន្លែង​នៅ​ទូទាំង​ពិភព​លោក​។ ភាព​ជា​ដៃគូ​នេះ​នឹង​ជួយ​បំពេញ​ផែនការ​របស់​ធនាគារ ព្រីនស៍​ ក្នុង​ការ​ផ្តល់​ជូន​ផលិតផល ​និង​សេវាកម្ម​ថ្មីៗ​ទៅ​កាន់​អតិថិជន​បច្ចុប្បន្ន​ក៏​ដូចជា​ទាក់ទាញ​អតិថិជន​ដែល​មាន​សក្តានុពល​ថ្មីៗ​ផង​ដែរ​។​

លោក ហ៊ន់ សុរចនា ​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ ព្រីនស៍ បាន​មាន​ប្រសាសន៍​ថា​៖ «ដោយ​សង្កេត​ឃើញ​ថា ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​កំពុង​ធ្វើ​ជំនួញ និង​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស នៅ​ក្នុង​តំបន់ និង​ទៅ​ក្រៅ​ប្រទេស ហើយ​អ្នក​ទាំង​អស់​នោះ​កំពុង​ស្វែងរក​នូវ​អត្ថប្រយោជន៍ និង​ការ​ផ្តល់​ជូន​ជាពិសេស​នានា ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​នៃ​ការ​រស់នៅ​របស់​ពួក​គេ​»​។​

គម្រោងប្លង់អគារស្នាក់ការកណ្តាលរបស់ធនាគារ ព្រីនស៍ ក្នុងទីក្រុងភ្នំពេញ។

ធនាគារ ព្រីនស៍ នឹង​ផ្តល់​ជូន​នូវ​បណ្ណ​ឥណពន្ធ​ និង​បណ្ណ​ឥណទាន​ផ្សេងៗ​ពី​គ្នា ដែល​មាន​ដូចជា​ បណ្ណ Standard ឬ Classic និង​បណ្ណ Platinum​។ ជម្រើស​ទាំង​នេះ​ធ្វើ​ឱ្យ​អតិថិជន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ជ្រើសរើស​ផលិតផល​ដែល​ស័ក្តិសម​ទៅ​នឹង​តម្រូវ​ការ​ស្រប​ទៅ​តាម​គោលដៅ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​។ ដោយ​បំពេញ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​រាល់​បណ្ណ​ឥណពន្ធ និង​បណ្ណ​ឥណទាន​ដែល​ចេញ​ដោយ​ធនាគារ ​ព្រីនស៍ នឹង​ផ្តល់​ជូន​អតិថិជន​នូវ​ផាសុកភាព និង​មាន​សុវត្ថិភាព​ខ្ពស់​រាល់​ពេល​ដែល​ពួក​គេ​ធ្វើ​ការ​បញ្ជា​ទិញ​ពី​បណ្តាញ​ទូទាត់​ដ៏​ធំ​បំផុត ​២ ​នៅ​លើ​ពិភព​លោក​។​

ម៉ាស្ទ័រ និង​វីសា ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​បញ្ជា​ទិញ​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​នៅ​តាម​ហាង​ទំនិញ​នានា​នៅ​ទូទាំង​ពិភព​លោក​។ អតិថិជន​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ភាព​ជា​ដៃគូ ការ​ធ្វើ​បច្ចុប្បន្នភាព និង​បទពិសោធ​ផ្សេងៗ​បន្ថែម​ទៀត​ដូចជា ការ​ផ្តល់​ជូន​ពិសេស​ពី​ហាង​ទំនិញ ភោជនីយដ្ឋាន​លំដាប់​ពិភព​លោក សណ្ឋាគារ និង​រមណីយដ្ឋាន​នានា ​ដោយ​គ្រាន់​តែ​ប្រើប្រាស់​កាត​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។​

លោក ហ៊ន់ សុរចនា បាន​សង្កត់​ធ្ងន់​លើ​ភាព​ច្នៃ​ប្រឌិត​ថ្មី​នៃ​ប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ ជាមួយ​នឹង​ការ​ផ្តល់​ជូន​នូវ​បណ្ណ​ថ្មីៗ​នេះ​ថា​ យើង​មាន​គោល​បំណង​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ធនាគារ​ឌីជីថល​ដែល​ល្អ​បំផុត និង​មាន​ការ​រីក​ចម្រើន​លឿន​បំផុត​នៅ​កម្ពុជា​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​គម្រោង​ឌីជីថល​របស់​យើង​។ អ្នក​កាន់​បណ្ណ​ម៉ាស្ទ័រ និង​វីសា​អាច​ធ្វើ​ប្រតិបត្តិការ​តាម​ដាន ​និង​ទូទាត់​ប្រាក់​តាមរយៈ​បណ្តាញ​ឌីជីថល​ដែល​មាន​ដូចជា​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​របស់​ធនាគារ ព្រីនស៍​។ អតិថិជន​នឹង​ទទួល​បាន​ព័ត៌មាន​លម្អិត​ចុង​ក្រោយ​ស្តីអំពី​ការ​បញ្ជា​ទិញ​របស់​ពួក​គេ ជាមួយ​នឹង​ការ​ជូន​ដំណឹង​តាមរយៈ​សារ SMS ទៅ​កាន់​ទូរស័ព្ទ​របស់​ពួក​គេ​ដោយ​ផ្ទាល់​ផង​ដែរ​»​។

«​លក្ខណ​ពិសេស​ទាំង​នេះ​នឹង​ជួយ​ឱ្យ​អតិថិជន​របស់​យើង​ផ្លាស់​ប្តូរ​ទៅ​ជា​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ដែល​មិន​ប៉ះពាល់​ក្រដាស​ប្រាក់​ដោយ​ផ្ទាល់ ​និង​ទូទាត់​បែប​ឌីជីថល ព្រោះ​ថា​ធនាគារ ព្រីនស៍ កំពុង​ខិតខំ​អភិវឌ្ឍ​ដំណោះ​ស្រាយ​តាម​បែប​ធនាគារ​ឌីជីថល ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ដោយ​ផ្តល់​នូវ​បទពិសោធ​ធនាគារ​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ជូន​ដល់​អតិថិជន​របស់​ខ្លួន​។​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​កាន់​សាខា​ធនាគារ ព្រីនស៍ ​ណា​មួយ ឬ​ក៏​ទាក់ទង​មក​កាន់​លេខ 1800-20-8888​។ បុគ្គលិក​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​យើង​នឹង​នៅ​ឆ្លើយ​តប​រាល់​តម្រូវការ​របស់​លោក​អ្នក ​២៤ ​ម៉ោង​លើ ​២៤ ពេញ ​៧ ​ថ្ងៃ ​ក្នុង ​១ ​សប្តាហ៍​។

សូម​បញ្ជាក់​ថា​ ធនាគារ ព្រីនស៍ មាន​ ២៨ ​សាខា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ក្រុង​ចំនួន​ ២២ រួម​ទាំង​ទីក្រុង​ភ្នំពេញ​ផង​ដែរ​៕