ធនាគារ មេយប៊ែង បាន​ពង្រីក​សេវា​ធនាគារ​រូបវន្តបុគ្គល​ជាន់ខ្ពស់ Maybank Premier របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ការសម្ពោធ​ការិយាល័យ Premier Wealth ទី​ ៣ សម្រាប់​បម្រើ​សេវាកម្ម​ជូន​អតិថិជន Maybank Premier ​នៅ​ទីតាំង​ថ្មី​នៃ​ធនាគារ មេយប៊ែង សាខា​ទួលគោក រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ២៥ ខែឧសភា ឆ្នាំ​ ២០២០ កន្លងទៅ​។

ដាតុ ម៉ូហាមាដ ហានីវស៊ូអាឌី នាយក​ប្រតិបត្តិ​នៃ​ធនាគារ មេយប៊ែង បាន​មាន​ប្រសាសន៍​ថា ការផ្លាស់ប្តូរ​ទីតាំង​របស់​ធនាគារ មេយប៊ែង សាខា​ទួលគោក ទៅកាន់​ទីតាំង​ថ្មី​គឺ​មាន​ភាពចាំបាច់ ដោយសារ​ធនាគារ​បន្ត​ពង្រីក​សេវា​ធនាគារ​រូបវន្តបុគ្គល​ជាន់​ខ្ពស់ Maybank Premier ក៏ដូចជា​បង្កើន​នូវ​បទពិសោធន៍​ធនាគារ​ដ៏ល្អប្រសើរ​សម្រាប់​អតិថិជន​របស់​យើង​។

«​ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ពួកយើង​នៅតែ​បន្ត​ប្តេជ្ញា​ដើរតួនាទី​ចូលរួម​ជួយ​ដល់​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​។ សេវា​ធនាគារ​រូបវន្តបុគ្គល​ជាន់ខ្ពស់ MaybankPremier គឺជា​ផ្នែក​ដ៏សំខាន់​សម្រាប់​ធនាគារ​ដូច​ដែល​យើង​បាន​ឃើញថា ផ្នែក​នេះ​កំពុងតែ​រីកចម្រើន​យ៉ាងខ្លាំង ដោយ​ទ្រព្យសកម្ម​ដែល​ស្ថិតក្នុង​ការគ្រប់គ្រង (Asset Under Management) នៃ​ផ្នែក​ធនាគារ​រូបវន្តបុគ្គល​ជាន់ខ្ពស់​នេះ​ស្មើនឹង​ ៤១% ​ទ្រព្យសកម្ម​ដែល​ស្ថិតក្នុង​ការគ្រប់គ្រង​សរុប​នៃ​ធនាគារ បើ​ធៀប​នឹង​កំណើន​អតិថិជន​ត្រឹមតែ ១៦% ​កាលពី​ឆ្នាំមុន ហើយ​យើង​មាន​បំណង​បង្កើន​កំណើន​នេះ​ទ្វេដង​នៅក្នុង​​ឆ្នាំនេះ​។ ដូច្នេះ​ហើយ​ការិយាល័យ Premier Wealth ថ្មី​នេះ​នឹង​មិន​ត្រឹមតែ​អាច​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ថ្មី​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​ឲ្យ​ធនាគារ​នូវ​ភាពរហ័សរហួន​ក្នុង​ការផ្តល់ជូន​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជូន​ចំពោះ​អតិថិជន​យើង​ផងដែរ​»​។

ធនាគារ​មាន​ផែនការ​បន្ត​អាជីវកម្ម​ត្រឹមត្រូវ ដើម្បី​ធានា​ឲ្យ​ប្រតិបត្តិការ​របស់​យើង​មាន​ភាពរលូន ទោះបី​ក្នុង​ករណី​មានរឿង​ទាំងនេះ​កើតឡើង​ក៏ដោយ​។ ក្នុងន័យនេះ វិធានការ​ប្រុងប្រយ័ត្ន​ផ្សេងៗ​នឹង​នៅតែ​បន្ត​អនុវត្ត​នៅ​សាខា​ទួលគោក​ថ្មី​ផងដែរ​។

ដាតុ ម៉ូហាមាដ ហានីវស៊ូអាឌី ក៏​មាន​ប្រសាសន៍​ផងដែរ​ថា​៖ «​ចាប់​តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ធនាគារ​បាន​ចាត់វិធានការ ការពារ និង​រក្សា​អនាម័យ​នៅ​គ្រប់​ទីតាំង​ប្រតិបត្តិការ​ទាំងអស់​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នានា​ដែល​អាច​កើតមានឡើង​ពី​ការរីករាលដាល​នៃ​មេរោគ​នេះ​។

ធនាគារ មេយប៊ែង ផ្តល់​បទពិសោធ​ដ៏ល្អ​ប្រសើរ​ដល់​អតិថិជន​របស់ខ្លួន​។

ក្រៅពី​ការធ្វើ​អនាម័យ​នៅក្នុង​ការិយាល័យ​របស់​យើង​ជាប្រចាំ និយោជិត​ដែល​ប្រឈមមុខ​នឹង​អតិថិជន​ទាំងអស់​ត្រូវបាន​ផ្តល់ជូន​នូវ​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​ផងដែរ​។ ទឹក​អាល់កុល​សម្លាប់​មេរោគ​ត្រូវ​បាន​ផ្តល់​ជូន​និយោជិត​សម្រាប់​ប្រើប្រាស់​ហើយ ការត្រួតពិនិត្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​ក៏​ត្រូវបាន​អនុវត្ត​ប្រចាំថ្ងៃ​ក្នុង​គោលបំណង ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខុមាលភាព​របស់​និយោជិត និង​អតិថិជន​របស់​យើង​។ ពួកយើង​នឹង​បន្ត​អនុវត្ត​វិធានការ​ចាំបាច់​ដែល​តម្រូវ​ឲ្យ​ប្រតិបត្តិ​តាម ព្រោះ​ថា​ការរក្សា​សុវត្ថិភាព​សម្រាប់​អតិថិជន និង​និយោជិត​របស់​យើង​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​»​។

ដាតុ ម៉ូហាមាដ ហានីវស៊ូអាឌី បន្ថែម​ថា​៖ «​ក្នុងនាម​ជា​គ្រឹះសា្ថន​មួយ​ដែល មាន​បេសកកម្ម​ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​អរិយ​ភាព យើង​តែងតែ​ធានាថា​តួនាទី​របស់​យើង មិន​ត្រឹម​តែ​ជំរុញ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស និង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានា​ដល់​សុខុមាលភាព​សហគមន៍​របស់​យើង​គ្រប់ពេលវេលា ហើយ​លើសពី​នេះ​គឺ​ក្នុងពេល​មាន​អាសន្ន​ដូចជា​ស្ថានភាព​ជំងឺ​កូវីដ​១៩ បច្ចុប្បន្ន​»​។

ទន្ទឹមគ្នា​នេះដែរ​ធនាគារ មេយប៊ែង ក៏​កំពុង​ផ្តោត​ការយកចិត្ត​ទុកដាក់​របស់ខ្លួន​ក្នុង​ការជួយ​ប្រជាជន​ឲ្យ​រួច​ផុតពី​វិបត្ដិ​នេះ ហើយ​ក៏​បាន​ជួយ​បញ្ចៀស​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​នេះដែរ​។ ចាប់តាំងពី​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ មក​ធនាគារ មេយប៊ែង បានចាប់ផ្តើម​ផ្តល់​សេវា​ប្រឹក្សា​ហិរញ្ញវត្ថុ សម្រាប់​អតិថិជន​របស់ខ្លួន​ដែល​រង​ផលប៉ះពាល់​ដោយ​រោគរាតត្បាត​នេះ បន្ថែម​ពីលើ​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ និង​ការកំណត់​ពេលវេលា​ឡើងវិញ​សម្រាប់​ការសង​ឥណទាន ក៏ដូចជា​ការផ្អាក​ការសង​ប្រាក់កម្ចី​ជាដើម​។

ធនាគារ មេយប៊ែង ក៏បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​តាមរយៈ​គម្រោង​សហហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ជួយ​សម្រួល​ដល់​ការផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព​ក៏ដូចជា​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​គោលបំណង​បង្កើន​កំណើន​សេដ្ឋកិច្ច និង​ជួយ​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​មាន​បញ្ហា​ប្រឈម​នេះ​។

«​យើង​ក៏​កំពុង​ជំរុញ​ដល់​អតិថិជន​របស់​យើង​ឲ្យ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​តាម​អ៊ីនធឺណិត​ដោយ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន និង​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការថែរក្សា​សុវត្ថិភាព​ខ្លួន និង​សហគមន៍ ដោយ​ចៀសវាង​កន្លែង​អ៊ូអរ និង​រក្សា​គម្លាត​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​ផងដែរ​» ​ដាតុ ម៉ូហាមាដ ហានីវស៊ូអាឌី បាន​បន្ថែម​។

បច្ចុប្បន្ន​ធនាគារ មេយប៊ែង មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារ​តាម​អ៊ីនធឺណិត និង​តាម​ទូរស័ព្ទដៃ Maybank2u ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​ធនាគារ​កិច្ចបុគ្គល​ផ្សេងៗ​។

ថ្មីៗ​នេះ​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ Maybank2u ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​រូបរាង និង​មាន​បន្ថែម​មុខងារ​មួយចំនួន ដើម្បី​ធ្វើឲ្យ​បទពិសោធ​របស់​អ្នកប្រើប្រាស់ មាន​ភាព​កាន់តែ​ប្រសើរឡើង​ដែល​ផ្តល់នូវ​ភាពសាមញ្ញ លឿន និង​ងាយស្រួល​ក្នុង​ការប្រើប្រាស់​។

សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម ធនាគារ មេយប៊ែង ក៏មាន​ផ្តល់​ជូន​នូវ​ប្រព័ន្ធគ្រប់គ្រង​សាច់ប្រាក់ Maybank2e ដែល​ផ្តល់ជូន​នូវ​ដំណោះស្រាយ​លើ​ការគ្រប់គ្រង​សាច់ប្រាក់​តាម​អ៊ីនធឺណិត​ដ៏ទូលំទូលាយ​ដូចជា ការគ្រប់គ្រង​ព័ត៌មាន ការគ្រប់គ្រង​លើ​សាច់ប្រាក់​ត្រូវ​ទូទាត់​ និង​គ្រប់គ្រង​សាច់ប្រាក់​ត្រូវ​ទទួលបាន​៕