បន្ទាប់​ពី​ប្រតិបត្តិការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល ​១២ ​ឆ្នាំ ធនាគារ ​ស៊ិនហាន (​ខេមបូឌា​) ភីអិលស៊ី បច្ចុប្បន្ន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​ប្រជែង​សំខាន់ៗ នៅ​ឆ្នាំ​ក្រោយ​។

ធនាគារ ស៊ិន​ហាន (​ខេមបូឌា​) ភីអិលស៊ី គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ ស៊ិនហាន ដែល​ជា​ធនាគារ​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស ​កូរ៉េ​ខាង​ត្បូង បាន​ប្រារព្ធ​ខួប ១២ ​ឆ្នាំ នៅ​ក្នុង​ខែ​តុលា ហើយ​កំពុង​ពង្រឹង​សេវាកម្ម​របស់​ខ្លួន​ឲ្យ​កាន់​តែ​រឹងមាំ ​ដើម្បី​ប្រកួត​ប្រជែង​នៅក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែល​កំពុង​មាន​ធនាគារ​ពាណិជ្ជ​ប្រមាណ ​៤០ ​កំពុង​ប្រតិបត្តិការ​។

អគ្គនាយក​ជា​ជនជាតិ​កូរ៉េ​ខាង​ត្បូង លោក​កំពុង​ប្រកាន់​ខ្ជាប់​នូវ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ​ដើម្បី​លើក​កម្ពស់​សេវាកម្ម​របស់​ខ្លួន​ជូន​ដល់​អតិថិជន​។ ក្នុង​នោះ​មាន​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​និស្សិត ផ្តល់​ទុន​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម (SMEs) ថែម​ទាំង​ផ្តល់​កម្ចី​បន្ទាន់​ដល់​អតិថិជន​របស់​ខ្លួន ដូចជា​ប្រាក់​កម្ចី​សម្រាប់​ការ​សិក្សា កម្ចី​ជួសជុល​ផ្ទះ និង​កម្ចី​សម្រាប់​ការ​ព្យាបាល​ជំងឺ​ជា​ដើម ជា​ពិសេស​លោក​ចង់​ពន្លឿន​សេវាកម្ម​ផ្ទេរ​ប្រាក់​រហ័ស «real time» ដែល​ទាំង​អស់​នេះ ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​។

លោក Lee Tae kyung អគ្គនាយក​ធនាគារ ស៊ិន​ហាន (​ខេម​បូឌា​) ភីអិល​ស៊ី ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​សប្តាហ៍​មុន​ថា​៖ «​យើង​ជា​ធនាគារ​ដែល​ផ្តោត​លើ​អតិថិជន​ជា​សំខាន់ និង​ជា​ធនាគារ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​។ យើង​គ្រោង​នឹង​បើក​សាខា​ចំនួន ​៣ បន្ថែម​ទៀត​នៅ​ចុង​ឆ្នាំ​នេះ និង​បង្កើន​សេវា​ឌីជីថល ដើម្បី​នាំ​យក​សេវាកម្ម​ធនាគារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​។ នេះ​គឺ​ជា​បាវចនា​របស់​ធនាគារ ស៊ិនហាន​»​។

លោក Lee Tae kyung អគ្គនាយក​ធនាគារ ស៊ិន​ហាន (​ខេ​ម​បូឌា​) ភី​អិ​ល​សុី។

លោក Lee លើក​ឡើង​ថា​៖ «​នៅ​កម្ពុជា ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត​នៅ​ឡើយ ដូច្នេះ​យើង​មាន​ថ្នាក់​បង្រៀន​អំពី​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅ​សាលារៀន ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ការ​ទទួល​ខុស​ត្រូវ​សង្គម ​(CSR) របស់​យើង​។ ធនាគារ ​ស៊ីនហាន ​មិន​ត្រឹម​តែ​ផ្តោត​លើ​វិស័យ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​យើង​ក៏​មាន​ចំណែក​នៅ​ក្នុង​សកម្មភាព​សេវាកម្ម​សង្គម​មួយ​ចំនួន​ផង​ដែរ ដោយ​ផ្តោត​លើ​ការ​ចែក​រំលែក​ដល់​កុមារ​ក្រីក្រ​ដែល​ត្រូវ​ការ​ជំនួយ​។ រហូត​មក​ដល់​ពេល​នេះ​យើង​បាន​បរិច្ចាគ​ខ្លះ​ដល់​សហគមន៍ Dell Community និង​Tmor Da ជា​ដើម​។ គម្រោង​របស់​យើង​នៅ​ឆ្នាំ​ក្រោយ យើង​សង្ឃឹម​ថា​នឹង​ចែក​រំលែក​ដល់​សកម្មភាព​សេវា​សង្គម​បន្ថែម តាម​ដែល​យើង​អាច​ធ្វើ​បាន ដែល​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់​យើង​»​។

«​នៅ​ឆ្នាំ​ក្រោយ​ម៉ាស៊ីន​អេធីអឹម​របស់​យើង​នឹង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ធនាគារ តាម​តំបន់​ពាណិជ្ជកម្ម ដូច​ជា​តាម​ផ្សារ​ទំនើប ឬ​តំបន់​សក្តានុពល​ជា​ដើម​។ បច្ចុប្បន្ន​ធនាគារ​យើង​មាន​សាខា​ចំនួន ​៦ ហើយ ​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​ទាំង​អស់ ​គឺ​ស្ថិត​នៅ​ក្នុង​បរិវេណ​ធនាគារ​»​។

លោក Lee គឺ​ជា​ធនាគារិក​ដ៏​ចំណាន​ និង​ជា​អ្នក​លេង​កីឡា​វាយ​កូន​ហ្គោល​ដ៏​ពូកែ​ម្នាក់​។ លោក​ទើប​តែ​មក​កាន់​ការងារ​បច្ចុប្បន្ន​នៅ​កម្ពុជា ​រយៈពេល​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ដោយ​លោក​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ប្រតិបត្តិការ​ធនាគារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព មិន​ត្រឹម​តែ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ធនាគារ​ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ថែម​ទាំង​បាន​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ផង​ដែរ​។

លោក Lee បញ្ជាក់​ថា​៖ «​យុទ្ធសាស្ត្រ​របស់​យើង ​គឺ​ផ្តល់​នូវ​អត្រា​ការ​ប្រាក់​ទាប ហើយ​ការ​គ្រប់គ្រង​ហានិភ័យ ​​គឺ​មាន​សារៈសំខាន់​ណាស់​។ ធនាគារ ស៊ិនហាន មាន​ភាព​ល្បីល្បាញ​នៅ​ទូទាំង​ពិភព​លោក​ចំពោះ​ការ​គ្រប់គ្រង​ហានិភ័យ ដូច្នេះ​យើង​អាច​ក្លាយ​ជា​ធនាគារ​ដែល​មាន​និរន្តរភាព​»​។

«​អាជីវកម្ម​ធនាគារ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​នៅ​កម្ពុជា ពី​ព្រោះ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ ខ្ញុំ​រំពឹង​ថា ​កំណើន​សេដ្ឋកិច្ច​នឹង​ល្អ​នៅ​ឆ្នាំ​ក្រោយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​នេះ ពី​ព្រោះ​សេដ្ឋកិច្ច​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ ទោះបី​ជា​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) នៅ​ឆ្នាំ​ក្រោយ​អាច​នឹង​ទាប​ជាង​ឆ្នាំ​នេះ​បន្តិច​ក៏​ដោយ​»​។ លោក Lee បន្ថែម​។

កំណើន​ទ្រព្យ​សកម្ម​ច្បាស់​ណាស់ គឺ​បង្ហាញ​អំពី​កំណើន​ថេរ​របស់​ធនាគារ​។ ឧទាហរណ៍ នៅ​ឆ្នាំ ២០១៧ ទ្រព្យ​សកម្ម​មាន​ចំនួន ​៤០,៨ ភាគរយ ហើយ​កាល​ពី​ឆ្នាំ​មុន​មាន ​៣៣,៦២ ភាគរយ ចំណែក​ឯ​ឆ្នាំ​នេះ​គិត​ត្រឹម​ខែ​កញ្ញា ទ្រព្យ​សកម្ម​មាន​កំណើន ៤៤,៣ ភាគរយ ហើយ​បើ​គិត​ដល់​ដំណាច់​ឆ្នាំ​នេះ វា​អាច​កើនឡើង​លើស ​៥០ ​ភាគរយ​។

ទោះបី​ពាណិជ្ជកម្ម​ពិភព​លោក ហាក់​មិន​មាន​ភាព​ប្រាកដ​ប្រជា និង​នៅ​តែ​បន្ត​បង្ក​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ធនាគារ​ និង​អ្នក​បង្កើត​គោល​នយោបាយ​ក៏​ដោយ ប៉ុន្តែ​លោក Lee នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ធនាគារ ស៊ិន​ណាន នឹង​អាច​ជម្នះ​រាល់​បញ្ហា​ប្រឈម​ទាំង​នោះបាន​។

លោក​បន្ត​ថា​៖ «​ក្តី​បារម្ភ​ចម្បង ​គឺ​បញ្ហា​មក​ពី​ខាង ដូចជា​បញ្ហា​ពន្ធ​អនុគ្រោះ EBA និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP​។ ប៉ុន្តែ​កម្ពុជា​អាច​ឆ្លើយតប​បាន​យ៉ាង​ល្អ សេដ្ឋកិច្ច​កម្ពុជា​អាច​ទ្រាំទ្រ​នឹង​ផល​ប៉ះពាល់​បែប​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​»​។

លោក Lee មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​ជួប​ហានិភ័យ​ពពុះ​អចលនទ្រព្យ (Property Bubble) នោះ​វា​អាច​គ្រប់គ្រង​បាន ពី​ព្រោះ [​វិនិយោគគិន​បរទេស​]​ មួយ​ចំនួន​មិន​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ក្នុង​ស្រុក​ទេ ដូច្នេះ​វា​ជា​បញ្ហា​ដាច់​ដោយ​ឡែក​ ហើយ​ចំពោះ​ការ​ប្រែប្រួល​សេដ្ឋកិច្ច​ពិភព​លោក វា​ក៏​មិន​បង្ក​ផល​ប៉ះពាល់​អ្វី​ធំ​ដុំ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដែរ ពី​ព្រោះ​កម្ពុជា​មិន​ពាក់ព័ន្ធ​ទៅ​នឹង​សេដ្ឋកិច្ច​ពិភព​លោក​​ច្រើន​ប៉ុន្មាន​នោះ​ទេ​»៕