សមាជិកថ្មីនៃវិស័យធនាគារនៅកម្ពុជាគឺធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង (M.G.N Emperor Bank) មានបំណងក្លាយជាធនាគារឌីជីថលឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយមើលឃើញសក្តានុពលដ៏ធំសម្រាប់ការវិនិយោគនៅក្នុងវិស័យហិរញ្ញវត្ថុ ខណៈដែលសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនទាំងនៅក្នុងទីក្រុង និងជនបទនោះ ទើបធនាគារនេះត្រូវបានបង្កើតឡើងជាមួយនឹងគោលដៅផ្គត់ផ្គង់ដល់ទីផ្សារសហគ្រាសធុនតូច និងមធ្យម និងប្រមូលប្រាក់បញ្ញើពីអតិថិជនដែលមានទ្រព្យស្តុកស្តម្ភ។
លោក ឱម វិសាល អគ្គនាយកធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង បានមានប្រសាសន៍ថា៖ «ដំបូងគឺយើងផ្តោតលើការរួមចំណែករបស់យើងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានពីសហគ្រាសធុនតូច និងមធ្យម (SME) »។
យោងតាមវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យម (SME) ដែលបានធ្វើឡើងកាលពី ឆ្នាំ ២០១៧ ដែលគ្រប់គ្រងដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានឲ្យដឹងថា គម្លាតហិរញ្ញវត្ថុរបស់ SME ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ២១ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ដែលមានតម្លៃ ៤,៧ ពាន់លានដុល្លារនៅ ឆ្នាំ ២០១៧។
ក្នុងនាមជាអ្នកគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍធនាគារឌីជីថលនោះ ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង ជឿជាក់ថា បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នឹងដើរតួយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។
«យើងដាក់បញ្ចូលនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ទៅក្នុងទម្រង់អាជីវកម្មរបស់យើង ហើយដើម្បីចាប់ផ្តើមជាមួយការដាក់បញ្ចូលនេះ យើងមានគម្រោងណែនាំនូវបច្ចេកវិទ្យាឈានមុខដែលជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់យើង ដូចជាបច្ចេកវិទ្យាសម្គាល់ភិនភាគផ្ទៃមុខ ដើម្បីផ្តល់បទពិសោធថ្មីដល់អតិថិជន»។
លោក វិសាល បន្ថែមថា៖ «នេះគឺជាជំហានទីមួយដែលបង្ហាញថា យើងប្តេជ្ញារួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឌីជីថលរបស់កម្ពុជា។ លើសពីនេះទៀត យើងខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្លាស់ប្តូរការងារដោយប្រើក្រដាសទៅការងារដែលប្រើប្រព័ន្ធឌីជីថលជំនួសវិញ»។
ផែនការដ៏សំខាន់មួយទៀតរបស់ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង គឺបង្កើតមជ្ឈមណ្ឌល Emperor Banking Center ដែលមានចំនួន ៣ ទីតាំងស្ថិតនៅអគារការិយាល័យកណ្តាលរបស់ខ្លួន ហើយមជ្ឈមណ្ឌលនេះនឹងរួចរាល់សម្រាប់ប្រតិបត្តិការនៅឆមាសទី២ ឆ្នាំ ២០២០។
លោក វិសាល បានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងទៀតថា មជ្ឈមណ្ឌលនេះនឹងបំពាក់ដោយសម្ភារបរិក្ខារទំនើបៗ ជាមួយនឹងបច្ចេកវិជ្ជាខ្ពស់ ដែលគ្រប់គ្រងដោយប្រធានផ្នែកទំនាក់ទំនងនៅក្នុងតំបន់ ដើម្បីផ្តល់សេវាធនាគារ One-Stop Service ឲ្យបានល្អបំផុត។
ធនាគារក៏នឹងបង្កើតកម្មវិធីទូរស័ព្ទសម្រាប់អតិថិជនលំដាប់ខ្ពស់ផងដែរ ដើម្បីកក់កន្លែងចតយានយន្ត និង សម្ភារបរិក្ខារទុកជាមុន ជាមួយប្រធានផ្នែកទំនាក់ទំនង និងដើម្បីពិនិត្យមើលកិច្ចការ និងសកម្មភាពរបស់ពួកគេ។
សម្រាប់ទីផ្សារផ្តល់ប្រាក់កម្ចីធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង នឹងរៀបចំឯកសារ ឬក្រដាសស្នាមចាំបាច់តាមប្រព័ន្ធឌីជីថលដើម្បីកាត់បន្ថយរយៈពេល និងពន្លឿនការផ្តល់ប្រាក់កម្ចីឱ្យបានឆាប់រហ័ស ហើយដើម្បីសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែងនេះ ធនាគារបានពិភាក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនានា ដើម្បីសហការបង្កើតប្រព័ន្ធធនាគារឌីជីថល។
ទាក់ទងទៅនឹងបញ្ហាលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសអតិថិជន SME របស់ខ្លួនដែលមានស្រាប់ លោក វិសាល បានបញ្ជាក់ថា ព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់នឹងត្រូវបានផ្ទុកនៅក្នុងប្រព័ន្ធរក្សាទុកដែលផ្តល់ឲ្យដោយដៃគូហិរញ្ញវត្ថុរបស់ខ្លួន។
លោកបន្ថែមថា៖ «វាជួយយើងឱ្យផ្តល់កម្ចីដល់ពួកគេក្នុងអត្រាសមរម្យស្របទៅនឹងការវិភាគពីហានិភ័យ និងក្នុងរយៈពេលខ្លី»។
ដើម្បីសម្រេចឲ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុឌីជីថលនេះ ធនាគារ អិម ជី.អិន អេមផឹរើរ ប៊ែង បានសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាមកពីប្រទេស ជប៉ុន ដើម្បីបំពាក់នូវម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ម៉ាស៊ីន ATM) ដែលប្រើបច្ចេកវិជ្ជាសម្គាល់ភិនភាគផ្ទៃមុខ។ ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង នឹងក្លាយជាធនាគារដំបូងគេ ដែលបានប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះក្នុងនៅកម្ពុជា ហើយវានឹងរួចរាល់នៅ ខែធ្នូ ឬដើម ឆ្នាំ ២០២០។
ដោយពន្យល់បន្ថែមអំពីវិធីដែលធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង នឹងអភិវឌ្ឍសេវាធនាគារឌីជីថលរបស់ខ្លួន លោកវិសាល បានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់សម្រាប់ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង និងសហគ្រាសធុនតូច និងមធ្យម ដើម្បីសហការ និងកសាងទំនាក់ទំនងឲ្យបានរឹងមាំ ដើម្បីសម្របខ្លួនទៅនឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថលនេះ។
លោកបន្តថា៖ «នៅពេលណាមួយ អតិថិជនថ្មី និងអតិថិជនសហគ្រាសធុនតូច និងមធ្យម ដែលមានស្រាប់របស់យើង នឹងត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ដើម្បីធានាថា គំរូអាជីវកម្មរបស់ពួកគេនឹងឆ្លើយតបទៅនឹងតម្រូវការនៃយុគឌីជីថលនេះ។ លើសពីនេះទៀត ការផ្លាស់ប្តូរនេះក៏អាចជួយឱ្យយើងវាយតម្លៃអំពីលទ្ធភាពទទួលកម្ចី និងលទ្ធភាពសងផងដែរ»។
លោក វិសាល ជឿជាក់យ៉ាងមុតមាំថា ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះ នឹងជួយដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីលើកកម្ពស់អភិបាលកិច្ចសាជីវកម្ម ដែលជាអត្ថប្រយោជន៍សម្រាប់ពួកគេក្នុងការទទួលបានប្រភពមូលធន ឧទាហរណ៍ មូលធនមកពីផ្សារមូលបត្រកម្ពុជា (CSX) ឬការទាក់ទាញដៃគូអាជីវកម្មយុទ្ធសាស្ត្រ។
លោកសង្ឃឹមថា ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង និងប្រមូលផ្តុំបទពិសោធដ៏មានតម្លៃក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលនឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការពង្រីកទៅក្នុងទីផ្សារអាស៊ាន៕