ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង «hackathon» នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​សហគមន៍​បង្កើត​គំនិត​ផ្តួចផ្តើម ​និង​ដំណោះ​ស្រាយ​បច្ចេកវិទ្យា​សម្រាប់​ឧស្សាហកម្ម​ធនាគារ។

«ការ​ប្រកួតប្រជែង​នេះ ​គឺ​បើក​ចំហ​សម្រាប់​និស្សិត​អ្នក​អភិវឌ្ឍន៍​កម្មវិធី និង​អ្នក​ចូលចិត្ត​ទិន្នន័យ​ក្លោដ (cloud) ដើម្បី​ចូលរួម​ក្នុង​កម្មវិធី «Build On, Cambodia 2021 Hackathon» សម្រាប់​អ្នក​ដែល​មាន​ជំនាញ​សរសេរ​កូដ ដែល​ចង់​បង្កើត​ផល​វិជ្ជមាន​នៅ​ក្នុង​សហគមន៍​ធុរកិច្ច ជាមួយ​នឹង​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា»។

លោក Wong Kee Poh អគ្គនាយក​ធនាគារ អ អេច ប៊ី បាន​មាន​ប្រសាសន៍​ថា៖ «នេះ ​គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​អ្នក​ចូលរួម​មាន​ឱកាស​ស្វែង​យល់​បន្ថែម​អំពី​មូលដ្ឋានគ្រឹះ​នៃ​ទិន្នន័យ cloud computing។

ព្រឹត្តិការណ៍ hackathon ជា​ផែ្នក​នៃ «hacking marathon» គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ក្រុម​ត្រូវ​សហការ​គ្នា​ឱ្យ​បាន​ខ្លាំងក្លា​លើ​គម្រោង​សូហ្វវែរ ហើយ​នឹង​បញ្ចប់​នៅ​ក្នុង​ព្រឹត្តិការណ៍ Build On, Cambodia 2021 រយៈពេល ៤ ម៉ោង ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៨ ខែ​ឧសភា។

ក្រុម​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​សម្រាំង បច្ចុប្បន្ន​គឺ​កំពុង​ធ្វើ​គំរូ​របស់​ពួកគេ​ដោយ​មាន​ការ​ណែនាំ​ពី​ស្ថាបត្យករ​ពី AWS នឹង​បាន​ជួប​អតិថិជន​នៅ​ថ្ងៃទី ១០-១១ ខែ​ឧសភា ដើម្បី​យល់​ឱ្យ​កាន់​តែ​ច្បាស់​អំពី​ការ​ប្រកួតប្រជែង។

ស្នាក់ការកណ្តាលធនាគារ អ អេច ប៊ី ​នៅក្នុងរាជធានីភ្នំពេញ។ រូបថត Supplied

«ធនាគារ អ អេច ប៊ី រីករាយ​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ AWS លើ​គម្រោង​នេះ ដែល​មាន​សក្តានុពល​ដ៏​ធំធេង ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​យុវជន​នៅ​កម្ពុជា»។

លោក Wong បន្ថែម​ថា៖ «ជាមួយ​ព្រឹត្តិការណ៍​នេះ ធនាគារ អ អេច ប៊ី សង្ឃឹម​ថា នឹង​ជំរុញ​អ្នក​ច្នៃប្រឌិត​ហិរញ្ញវត្ថុ​ជំនាន់​ថ្មី ដើម្បី​បង្កើត​គំនិត​ដែល​អាចជួយ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ ដែល​មនុស្ស​គ្រប់​រូប​អាច​រីករាយ​នឹង​ប្រព័ន្ធ ធនាគារ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា»។

នៅ​ថ្ងៃទី ២៥ ខែ​ឧសភា នឹង​មាន​ការ​ហាត់​សម​ជាមួយ​អតិថិជន​សម្រាប់​ការ​ត្រៀម​រៀបចំ​របៀប​ប្រើប្រាស់​វេទិកា​សិក្ខាសាលា​អនឡាញ និង​របៀប​ដែល​ក្រុម​នឹង​ទទួល​បាន​ពិន្ទុ។ ចាប់ពី​ថ្ងៃទី ៩-៣០ ខែមេសា អ្នក​ចូលរួម​បាន​ចាប់​ផ្តើម​ផ្ញើ​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ទស្សនៈ​របស់​ពួក​គេ រួម​ជាមួយ​សំណើ ដើម្បី​ជ្រើសរើស​សម្រាប់​ដំណាក់កាល​បន្ទាប់ ដែល AWS បាន​ចាត់ចែង​ចន្លោះ​ពីថ្ងៃ​ទី ៣០ ខែ​មេសា ដល់​ថ្ងៃ ទី ៧ ខែ​ឧសភា។

ដោយ​ផ្តល់រ​ង្វាន់​ចំនួន ៣ និង​ជួយ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ ធនាគារ អ អេច ប៊ី កំពុង​ធ្វើ​ការ​វិនិច្ឆ័យ​លើ​កម្មវិធី hackathon និង​ឧបត្ថម្ភ​ដល់​ជយលាភី​ចំនួន ៣ ហើយ​អ្នក​រៀបចំ​កម្មវិធី​ពិតជា​បាន​កោតសរសើរ ចំពោះ​ទេពកោសល្យ​ដែល​ព្រះរាជាណាចក្រកម្ពុជា​មាន។

«តាមរយៈ​ការ​វាយ​តម្លៃ​លើ​ការបង្កើត​គំនិត និង​សំណើ គេ​អាច​មើល​ឃើញ​ថា យុវជន​ដែល​មាន​ទេពកោសល្យ​នៅ​កម្ពុជា រីករាយ​ខ្លាំង​ណាស់​ចំពោះ​ការ​បង្កើត​សំណើ​សម្រាប់​ការបង្កើត​គំនិត​ឌីជីថល​សម្រាប់​ធនាគារ អ អេច ប៊ី។ ទស្សនៈ​របស់​ពួក​គេ ​គឺ​ដើម្បី​បង្ហាញ​គំនិត​ច្នៃ​ប្រឌិត​ដល់​អ្នក​រៀបចំ​កម្មវិធី ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​ពេល​ពិភាក្សា​រយៈពេល​ខ្លី រវាង​ក្រុម​ការងារ​របស់​ធនាគារ អ អេច ប៊ី និង AWS»។

«អ្នក​ចូលរួម​ត្រូវ​បាន​បង្វឹក​ និង​ដឹកនាំ​ដោយ​ក្រុម​ប្រឹក្សាភិបាល​ធនាគារ អ អេ​ច ប៊ី និង​អ្នក​ជំនាញ​របស់ AWS ក្នុង​ពេល​ប្រកួត។ ពួក​គេ​មាន​ឱកាស​រៀន​សូត្រ​បន្ថែម​អំពី​មូលដ្ឋានគ្រឹះ​នៃ​សេវាកម្ម​ធនាគារ និង​ទិន្នន័យ cloud computing»។

«គំនិត​របស់​ក្រុម​ដែល​ឈ្នះ​ក្នុង​បញ្ជី​សម្រាំង ​គឺ​តម្រូវ​ឱ្យ​បង្ហាញ​អំពី​សំណើ ​និង​គំរូរៀងៗ​ខ្លួន​ទៅ​កាន់​ក្រុម​ចៅក្រម ហើយ​មាន​ឱកាស​ឈ្នះ​រង្វាន់»។

លោក Wong ថ្លែង​ថា៖ «ក្រុម​អ្នក​ណែនាំ​បាន​ដឹកនាំ​ពួក​គេ ចាប់​តាំង​ពី​ដំបូង រហូតដល់​ដំណាក់កាល​ធ្វើ​បទបង្ហាញ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួក​គេ​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​ផ្តាច់​ព្រ័ត»។

ក្រុម​ដែល​ឈ្នះនីមួយៗ គឺ​ទទួល​បាន​ទឹក​ប្រាក់​រហូត​ដល់ ១ ៥០០ ដុល្លារ និង​ទទួល​ទាន​អាហារ​ថ្ងៃត្រង់​នៅ​សណ្ឋាគារ Rosewood Hotel លំដាប់​ផ្កាយ ៥ ជាមួយ​ក្រុម​គណៈ​គ្រប់គ្រង​របស់​ធនាគារ អ អេ​ច ប៊ី និង​លោក Wong ដើម្បី​ចែក​រំលែក​បទពិសោធ​ការងារ​ធនាគារ​ដ៏​ច្រើន​របស់​អគ្គនាយក និង​បង្កើត​ការ​យល់​ដឹង​លើ​ការកសាង​អាជីព​នៅក្នុង​ឧស្សាហកម្ម​មួយ​នេះ។

ធនាគារ អ អេច ប៊ី (ខេមបូឌា)ម.ក ត្រូវ​បាន​បង្កើត​ឡើង នៅ​ខែ​កក្កដា ឆ្នាំ ២០០៨ បច្ចុប្បន្ន​មាន ១២ សាខា ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត។ ដើម្បី​បំពេញបន្ថែម​សេវាកម្ម​នៃ​សកម្មភាព​ធនាគារពាណិជ្ជ​របស់​ខ្លួន ក្រុមការងារ​ធនាគារ អ អេ​ច ប៊ី នៅ​កម្ពុជា ក៏​ផ្តល់​ជូន​ផង​ដែរ​នូវ​សេវាកម្ម​ធនាគារ​វិនិយោគ ដែល​គ្រប​ដណ្តប់​លើ​ទីផ្សារ​មូលធន និង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា។

ធនាគារ RHB Banking Group គឺជា​ស្ថាប័ន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ចម្រុះ ធំ​ជាង​គេ​លំដាប់​ទី៤ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ជាមួយនឹង​បទពិសោធ​ផ្តល់​សេវាកម្ម​ធនាគារ​ជាង ១០០ ឆ្នាំ និង​មាន​វត្ត​មាន​នៅ​ទូទាំង​តំបន់​អាស៊ាន។

ព្រឹត្តិការណ៍ Build On, Cambodia ធនាគារ​សង្ឃឹម​ថា នឹង​អាច​រៀបចំ​ជា​រៀងរាល់​ឆ្នាំ ដោយ​ឆ្នាំ ២០២២ នឹង​រៀបចំ​ជា​ព្រឹត្តិការណ៍ hackathon ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ នៅ​ពេល​ជំងឺ​កូវីដ​បាន​បញ្ចប់ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​របស់ អ អេ​ច ប៊ី ក្នុង​ការ​ប្រើប្រាស់​ការច្នៃ​ប្រឌិត ​ដើម្បី​ផ្គត់ផ្គង់​សេវាកម្ម​ល្អ​បំផុត​ដល់​អតិថិជន​របស់​ខ្លួន។

«ធនាគារ​បាន​ជូនដំណឹង​ឱ្យ​អតិថិជន​ដឹង​អំពី​ផលិតផល​ពាក់ព័ន្ធ ដែល​ជា​មាគ៌ា​ឆ្ពោះ​ទៅ​រក​កំណើន។ ពី​មុន វិធីសាស្ត្រ​នេះ ​គឺ​ជា​ការ​ណែនាំ​ផលិតផល​ធនាគារ​ផ្សេង​ទៀត»។

«តាមរយៈ​ការ​ផ្លាស់ប្តូរ​ទៅ​រក​ប្រព័ន្ធ​អេកូ ច្រើន​ជាង​ការ​អនុវត្ត​បែប​ប្រពៃណី ធនាគារ អ អេច ប៊ី អាច​បម្រើ​អតិថិជន ​និង​សមត្ថភាព​ប្រតិបត្តិការ​ដែល​មាន​ស្រាប់ ដើម្បី​ពង្រឹង​ការចូលរួម និង​ចាប់​យក​ទិន្នន័យ ដែល​នឹង​ផ្តល់​នូវ​ទិដ្ឋភាព​ពេញលេញ​នៃ​តម្រូវការ​របស់​អតិថិជន»។

លោក Wong បន្ថែម​ទៀត​ថា៖ «សម្រាប់​អតិថិជន​ភាគ​ច្រើន ធនាគារ​គឺ​គ្រាន់តែ​ជា​មធ្យោបាយ​ដើម្បី​ផ្តល់​សេវាកម្ម​ធនាគារ​របស់​ពួកគេ​ប៉ុណ្ណោះ ដើម្បី​ធានា​នូវ​ការ​ចូល​និវត្តន៍​ប្រកប​ដោយ​សុវត្ថិភាព ដើម្បី​កំណើន​អាជីវ-កម្ម ឬ​សម្រាប់​ការ​ទិញ​គេហដ្ឋាន​ជាដើម។ ប៉ុន្តែ​ធនាគារ អ អេច ប៊ី គឺ​មាន​ទំនាក់ទំនង​ជាមួយ​អតិថិជន​គ្រប់​ដំណាក់កាល​នៃ​ដំណើរ​ជីវិត​របស់​ពួកគេ»៕