ក្រុមហ៊ុន ធី ខេ អេស គ្រុប ហៅ​ គីសែ គឺជា​ក្រុមហ៊ុន​ចែកចាយ​ឧបករណ៍ និង​សម្ភារ​ជាង សំណង់ និង​កសិកម្ម​ដ៏ធំ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​លើក​កម្ពស់​ផលិតផល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ផងដែរ​។

ដោយ​បង្កើតឡើង​តាំងពី​ឆ្នាំ​ ១៩៩១ ក្រុមហ៊ុន​មាន​លក់​ឧបករណ៍​ និង​សម្ភារ​ជាច្រើន​មុខ​ដែល​មាន​គុណភាព​ខ្ពស់ ដើម្បី​បម្រើ​ឲ្យ​វិស័យ​ជាង​សំណង់ និង​កសិកម្ម​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ចង់​បញ្ជ្រាប​ការប្រើប្រាស់​បច្ចេកវិទ្យា​បៃតង​នៅក្នុង​អាជីវកម្ម​របស់ខ្លួន​។

លោក ប៊ុន ចាន់សុភាព អគ្គនាយក​ក្រុមហ៊ុន ធី ខេ អេស គ្រុប ហៅ គីសែ បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​តាមរយៈ​ការតាំងពិព័រណ៍​អគារ និង​សំណង់ Cambuild’19 នេះ​គឺ​យើង​សង្ឃឹម​នឹង​ទាក់ទាញ​អតិថិជន​ថ្មីៗ ហើយ​យើង​ណែនាំ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​ទៅ​ដល់​អតិថិជន​។ ផលិតផល​ទាំងនោះ​គឺ​ផ្តោតលើ​បច្ចេកវិទ្យា​បៃតង​ (Green technology) ជួយ​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ដែល​ជា​ការរួម​ចំណែក​ជួយ​គាំទ្រ​ដល់​ការការពារ​បរិស្ថាន​»​។

ក្រុមហ៊ុន​ក៏ឆ្លៀត​យក​ឱកាស​នៃ​ការតាំងពិព័រណ៍​ក្នុង​វិស័យ​សំណង់ Cambuild’19 ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និបាត​កោះពេជ្រ​នោះ ដើម្បី​ផ្សព្វផ្សាយ និង​ណែនាំ​ផលិតផល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​។

ពិធី​តាំងពិព័រណ៍​វិស័យ​សំណង់ និង​អគារ​ដ៏ធំ​នេះ​នឹង​មាន​ក្រុមហ៊ុន​ជាង​ ៥០០ ​ក្រុមហ៊ុន និង​ម៉ាក​សញ្ញា​មកពី​ជាង​ ២០ ​ប្រទេស​មក​បង្ហាញ​ផលិតផល សេវាកម្ម និង​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ពួកគេ​ចាប់ពី​ថ្ងៃទី​ ១៨-២០ ខែ​កញ្ញា​។

លោក សុភាព​៖ ផលិតផល Makita នឹង​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​។

នៅក្នុង​ពិធី​តាំងពិព័រណ៍​នោះ​ដែរ​ក្រុមហ៊ុន ធី ខេ អេស គ្រុប នឹង​មាន​ ៨ ​ស្តង់ ហើយ​ផលិតផល​ជាច្រើន​នឹង​ត្រូវ​បង្ហាញ​ក្នុង​នោះ​រួមមាន​ផលិតផល Makita ស៊េរី​ថ្មី​របស់​ជប៉ុន ប្រើ​ថ្ម គុណភាព​ខ្ពស់ មិន​ប៉ះពាល់​បរិស្ថាន និង​មាន​សុវត្ថិភាព​។ គោលនយោបាយ​របស់​ក្រុមហ៊ុន Makita គឺ​ប្រើប្រាស់​ថាមពលបៃតង (Green Power) ដើម្បី​ជួយ​ការពារ​បរិស្ថាន​»​។

លោក សុភាព បន្ថែម​ថា​៖ « Makita នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី​គឺ​ផលិតផល​ប្រើ​ថ្ម ជំនួស​ឲ្យ​ការប្រើ​ខ្សែ ប៉ុន្តែ​គុណភាព​ និង​កម្លាំង​ដូច​ទៅនឹង​ផលិតផល​ដែល​ប្រើ​ភ្លើង​ដែរ​នឹង​មាន​សុវត្ថិភាព​ខ្ពស់ ពីព្រោះ​ផលិតផល Makita គោរព​តាម​ស្តង់ដា​អន្តរជាតិ​។ ក្នុង​នោះ​គោលដៅ​របស់​ក្រុមហ៊ុន Makita គឺ​ ៥ ​ឆ្នាំ​ទៅ​មុខ​ទៀត ផលិតផល​របស់​ខ្លួន​ទាំងអស់​នឹង​ផ្ទេរ​ទៅប្រើ​ថ្ម ដើម្បី​ការការពារ​បរិស្ថាន​»​។

សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ក្រុមហ៊ុន ធី ខេ អេស គ្រុប​មាន​លក់​ឧបករណ៍ និង​សម្ភារ​ជាច្រើន​ដូចជា ម៉ាស៊ីនបូមទឹក ម៉ាស៊ីន​កាត់​ស្មៅ ម៉ាស៊ីន​បាញ់ថ្នាំ ម៉ូទ័រស្វាន ម៉ូទ័រខាត់ ម៉ូទ័រខាត់​ដែក ម៉ូទ័រ​ឆាប និង​គ្រឿងបន្លាស់​គ្រប់​ប្រភេទ ដើម្បី​ចែកចាយ​ជូន​ដល់​អតិថិជន​ជា​ផលិតផល​ប្រកបដោយ​គុណភាព ស្រប​តាម​ស្តង់ដា​អន្តរជាតិ​។

លោក​បញ្ជាក់ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្ទាល់​ពី​ក្រុមហ៊ុន Makita របស់​ជប៉ុន​ដែល​ផ្តោត​សំខាន់​លើ​គុណភាព​។ បច្ចុប្បន្ន​ក្រុមហ៊ុន ធី ខេ អេស គ្រុប ហៅ គីសែ មាន​ដៃគូ​ចែកចាយ​ទូទាំង​ ២៥ ​ខេត្ត​ក្រុង ហើយ​ក្រុមហ៊ុន​ក៏កំពុង​សិក្សា​អំពី​លទ្ធភាព​បង្កើត​រោងចក្រ​ផលិត​សម្ភារ​មួយចំនួន​ផង​ដែរ ដោយ​កំពុង​ស្វែងរក​ដៃគូ​សហការ​។

លោក​ សុភាព បន្ត​ថា​៖ «​កំណើន​របស់​ក្រុមហ៊ុន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គឺ​កើន​ចំនួន​ ២០ ​ភាគរយ​។ មូលហេតុ​គឺ​ដោយសារ​ប្រទេស​កម្ពុជា​រក្សា​បាន​នូវ​សុខសន្តិភាព ចំណូល​ប្រជាជន​កាន់តែ​ច្រើន ដូច្នេះ​អតិថិជន​ងាក​ពី​ផលិតផល​ដែល​គ្មាន​គុណភាព​មក​រក​ផលិតផល​ដែលមាន​គុណភាព​»​។

លោក​លើក​ឡើង​ថា​៖ «​ចំពោះ​បញ្ហា​ប្រឈម​របស់​ក្រុមហ៊ុន​គឺ​រឿង​ផលិតផល​ក្លែងក្លាយ ជាពិសេស​ផលិតផល Makita​។ ប៉ុន្តែ​ក្រុមហ៊ុន Makita បាន​ចុះទៅ​ពន្យល់​ផ្ទាល់​ដល់​អ្នក​ប្រើប្រាស់​ឲ្យ​ដឹង​អំពី​ផលិតផល​ក្លែងក្លាយ និង​ផលិតផល​ពិតប្រាកដ​។ រឿង​ផលិតផល​ក្លែងក្លាយ​នេះ​ពី​មុន​ជា​បញ្ហា​ចោទ​មួយ ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ​ប្រជាជន​យើង​ពួកគាត់​មាន​ជីវភាព​កាន់តែ​ប្រសើរ ពួកគាត់​ចាប់ផ្តើម​ងាក​មក​ប្រើប្រាស់​ផលិតផល​ពិត​ដែល​មាន​គុណភាព​ល្អ​ជំនួស​វិញ​»៕

ក្រុមហ៊ុន Makita ជប៉ុន​លើក​កម្ពស់​ការប្រើប្រាស់​ឧបករណ៍​មិន​ប៉ះពាល់​បរិស្ថាន​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន ចំណែកឯ​ក្រុមហ៊ុន ធី ខេ អេស គ្រុប ក៏​ប្រកាន់​ខ្ជាប់​នូវ​ការលើកកម្ពស់​ផលិតផល​មិន​ប៉ះពាល់​បរិស្ថាន​នេះដែរ ។

ក្រុមហ៊ុន Makita ជប៉ុន​លើក​កម្ពស់​ការប្រើប្រាស់​ឧបករណ៍​មិន​ប៉ះពាល់​បរិស្ថាន​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន ចំណែកឯ​ក្រុមហ៊ុន ធី ខេ អេស គ្រុប ក៏​ប្រកាន់​ខ្ជាប់​នូវ​ការលើកកម្ពស់​ផលិតផល​មិន​ប៉ះពាល់​បរិស្ថាន​នេះដែរ ។

ក្រុមហ៊ុន Makita ជប៉ុន​លើក​កម្ពស់​ការប្រើប្រាស់​ឧបករណ៍​មិន​ប៉ះពាល់​បរិស្ថាន​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន ចំណែកឯ​ក្រុមហ៊ុន ធី ខេ អេស គ្រុប ក៏​ប្រកាន់​ខ្ជាប់​នូវ​ការលើកកម្ពស់​ផលិតផល​មិន​ប៉ះពាល់​បរិស្ថាន​នេះដែរ ។