សហគ្រាស​ខ្នាត​តូច​មួយ​ដែល​ចាប់​ផ្តើម​ពី​ដំបូង​ជាមួយ​ស្ត្រី​ចំនួន ​១០ ​នាក់ ដើម្បី​ផលិត​សូត្រ ​និង​ស៊ឹង ​ធ្វើ​ដោយ​ដៃ នោះ​បច្ចុប្បន្ន​បាន​រីក​ចម្រើន​ក្លាយ​ទៅ​ជា​អាជីវកម្ម​ពេញ​លេញ​ជាមួយ​ស្ត្រី​តម្បាញ​ជាង ​២០០ ​នាក់ ​រួម​ទាំង​បុគ្គលិក​ផ្នែក​លក់ និង​គ្រប់គ្រង​បន្ថែម​នៅ​សង្កាត់​កោះដាច់ និង​ឧកញ៉ាតី ​ដែល​ត្យាញ​សូត្រ​ និង​ស៊ឹង​គ្រប់​ប្រភេទ​សម្រាប់​​​ ទីផ្សារ​ក្នុង​ស្រុក ​និង​សម្លឹង​មើល​ទៅ​រក​ការ​នាំចេញ​នាពេល​អនាគត​ផង​ដែរ​។​

ស្ថាបនិក​សិប្បកម្ម​កី​តម្បាញ​ខ្មែរ លោកស្រី ចេន សុភាព ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ផ្លាស់ប្តូរ​អាជីវកម្ម​ខ្នាត​តូច​របស់​លោកស្រី​ឲ្យ​ក្លាយជា​អាជីវកម្ម​ដ៏​ធំ​មួយ​នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​។

លោកស្រី ​សុភាព បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​យើង​មាន​បំណង​ពង្រឹង ​និង​ពង្រីក​មុខ​របរ​តម្បាញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ទូលំទូលាយ​ជាង​មុន​តាមរយៈ​គុណភាព សោភណភាព សេវាកម្ម ចូលរួម​កាត់​បន្ថយ ការ​ធ្វើ​ចំណាក​ស្រុក​របស់​ស្ត្រី​ទៅ​កាន់​ប្រទេស​ជិត​ខាង ហើយ​ជាមួយ​គ្នា​ផង​ដែរ គឺ​ដើម្បី​លើក​កម្ពស់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ស្ត្រី នៅ​ក្នុង​គ្រួសារ​ក៏​ដូចជា​សង្គម ជា​ពិសេស​​ស្ត្រី​ដែលមាន​ចំណេះដឹង​ទាប មិន​ចេះ​អក្សរ​គឺ​ត្រូវ​បាន​គាំទ្រ លើក​ទឹក​ចិត្ត ក្នុង​ការ​ចូលរួម​ក្នុង​សមាគម​​កី​តម្បាញ​ខ្មែរ ​ដើម្បី​រៀន​សូត្រ ចែក​រំលែក​ចំណេះដឹង បទពិសោធ​រួបរួម​សាមគ្គី​គ្នា ធ្វើ​យ៉ាង​ណា​ដើម្បី​ភាព​រីក​ចម្រើន​ទាំង​មុខ​របរ ទាំង​ខ្លួន​ឯង ព្រម​ទាំង​ក្រុម​គ្រួសារ ។

យើង​មាន​បំណង​ចង់​ឃើញ​ស្ត្រី​តម្បាញ​របស់​យើង​រស់នៅ​លើស​ពី​របរ​តម្បាញ ដោយ​មាន​ភាព​ជា​ម្ចាស់​លើ​ខ្លួន​ឯង មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ជា​ពិសេស​គឺ​ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​»​។​

ការ​វិនិយោគ​របស់​លោកស្រី​នៅ​ក្នុង​សហគ្រាស​សង្គម​បាន​ទទួល​ជោគជ័យ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ត្រឹមតែ ​៤ ឆ្នាំ ប៉ុណ្ណោះ​។ សព្វ​ថ្ងៃ​សហគ្រាស​ផលិត ស៊ឹង ផាមួង ក្រមា​ខ្មែរ បាន​ប្រមាណ​ពី ​៥០០ ​ទៅ ៧០០ ដុំ ក្នុង ​១ ​ខែ ដោយ​មិន​គិត​ទៅ​លើ​ការ​ច្នៃ​ជា​សម្លៀក​បំពាក់ អាវ បុរស នារី ទាំង​បុរាណ សម័យ ហើយ​លោកស្រី​មាន​មហិច្ឆតា​ពង្រីក​កម្លាំង​ពលកម្ម​ឲ្យ​បាន​រហូត​ដល់ ​៥០០ ​នាក់ ​នៅ​​ឆ្នាំ​ក្រោយ​។​

ផលិតផល​ធ្វើ​ពី​សូត្រ​មាន​ច្រើន​ប្រភេទ តាម​តម្រូវការ​របស់​អតិថិជន​។ សហការី

លោកស្រី​បន្ថែម​ថា​៖ «​សមត្ថភាព​ផលិត ស៊ឹង ផាមួង ហូល ក្រមា​ដែល​ធ្វើ​ពី​អំបោះ និង​សូត្រ​របស់​យើង​គឺ​នៅ​មាន​កម្រិត វា​ពិបាក​ក្នុង​ការ​ពង្រីក ទំហំ​ផលិតកម្ម​ដោយសារ​ការ​ធ្វើ​ដោយ​ដៃ​មិន​ដូច​ម៉ាស៊ីន រីឯ​បច្ចេកទេស​ក្នុង​ការ​ផលិត​នៅ​មាន​កម្រិត​ចំពោះ​ស្ត្រី​តម្បាញ​មួយ​ចំនួន​ទាំង​ល្បឿន និង​គុណភាព​។ យើង​កំពុង​ខិតខំ​យ៉ាង​ខ្លាំង ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​ផលិតផល​ចម្លង​នាំចូល​ដែល​មាន​រូបរាង​ និង​ឈ្មោះ ស្ទើរ​តែ​ដូច​ និង​ដូច​ទាំង​ស្រុង ដែល​​ធ្វើ​ដោយ​ម៉ាស៊ីន​នៅ​ក្នុង​រោងចក្រ​ដែល​លក់ដុំ ​និង​រាយ ​នៅ​លើ​ទីផ្សារ​ក្នុង តម្លៃ​ទាប​បំផុត​បើ​ធៀប​នឹង ស៊ឹង និង សូត្រ​ដែល​ធ្វើ​ដោយ​ដៃ​ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​»​។​

យោង​តាម​លោកស្រី ​សុភាព ​បាន​ឲ្យ​ដឹងថា​ សមាគម​កី​តម្បាញ​ខ្មែរ​ផលិត​សូត្រ​ចំនួន ​២ ប្រភេទ ​គឺ​សូត្រ​សុទ្ធ​​ និង​សូត្រ​ ​៥០ ​ភាគរយ ​លាយ​ជាមួយ​កប្បាស​​​ដែល​ប្រើ​សម្រាប់​ផលិត​ផាមួង​ខ្មែរ​។​

«​យើង​ផលិត​ស៊ឹង​ខ្មែរ​គ្រប់​ប្រភេទ ដែល​ធ្វើ​ពី​អំបោះ និង​ក្រមា​ខ្មែរ​ដែល ផលិត​ពី​សូត្រ និង​អំបោះ​ដែល​មាន​គុណភាព​។ យើង​ក៏​ផលិត​អាវ​បុរស អាវធំ និង សម្លៀក​បំពាក់ ស្ត្រី​ជា​ច្រើន​ប្រភេទ​ផង​ដែរ ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​ដោយ​សហការ​ជាមួយ​ជាង កាត់​ដេរ​ដែល​ជា​ដៃគូ​អាជីវកម្ម​របស់​យើង​»​។​

លោកស្រី​បន្ថែម​ថា​៖ «​គោល​បំណង​ចម្បង​របស់​ខ្ញុំ​មុន​ដំបូង​បំផុត គឺ​ផ្សព្វផ្សាយ​ស៊ឹង​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ នៅ​ទូទាំង​ប្រទេស នៅ​ក្នុង​តំបន់ ក៏​ដូចជា ផ្សព្វផ្សាយ​ទៅ​កាន់​ពិភព​លោក​ផង​ដែរ ​ពីព្រោះ​ស៊ឹង​ខ្មែរ​គឺ​សឹង​តែ​បាត់ឈ្មោះ​លែង​មាន​អ្នក​ស្គាល់ និង​ដឹង​ថា​ជា​ផលិតផល​ដែល​មិន​សូវ​មាន​អ្នក​គាំទ្រ​។​ បន្ទាប់​មក ក៏​ចាប់​ផ្តើម​បន្ថែម​ផាមួង និង​ក្រមា ហើយ​យើង​មាន​គម្រោង​នឹង​ផលិត​បន្ថែម​ផលិតផល​ច្រើន​ទៀត​ដូចជា​ហូល​ជា​ដើម។ ស្ត្រី​ដែល​ជា​អ្នក​តម្បាញ​ទាំង​អស់​ធ្វើការ​តាម​ផ្ទះ​របស់ ពួក​គេ​រៀងៗ​ខ្លួន​ដើម្បី​មាន​ពេលវេលា​សម្រាប់​មើល​ថែ​កូន​តូចៗ និង​រៀបចំ​ម្ហូបអាហារ​សម្រាប់​គ្រួសារ ព្រម​ទាំង​សម្រាប់​កូនៗ​ពេល​មក​ពី​សាលា​រៀន​ផង​ដែរ​»​។​

លោកស្រី​បញ្ជាក់​ថា​ បច្ចុប្បន្ន​សូត្រ​ និង​អំបោះ​កប្បាស​ត្រូវ​បាន​នាំចូល​ពី​ប្រទេស ​ចិន ហើយ​មួយ​ចំនួន នាំចូល មក​ពី​ប្រទេស វៀតណាម និង ថៃ ដោយសារ​តែ​វត្ថុ​ធាតុដើម ដូច​ជា​អំបោះ​កប្បាស ដែល​ផលិត​នៅ​ក្នុង​ស្រុក មិន​គ្រប់គ្រាន់​ និង​មិន​ទាន់​មាន​ដើម្បី​បំពេញ​តាម​តម្រូវការ​ក្នុង​ស្រុក​គ្រប់គ្រាន់​នៅ​ឡើយ​។​

សូត្រ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផលិត ផលិតផល​ជា​ច្រើន​ប្រភេទ ដូចជា ក្រវាត់ក សម្លៀកបំពាក់ កាបូប គ្រឿង​តុបតែង​ផ្ទះ សណ្ឋាគារ ហាង និង​សម្ភារ​ជា​ច្រើន​មុខ​ទៀត​។​

លោកស្រី​ថ្លែង​ថា​៖ «​យើង​មិន​ទាន់​ធ្វើ​ការ​នាំចេញ​នៅ​ឡើ​ទេ​។ កី​តម្បាញ​ខ្មែរ ធ្លាប់​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី តាំង​ពិព័រណ៍​ជា​ច្រើន​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ដើម្បី​ស្វែងរក​ទីផ្សារ​ថ្មី​បន្ថែម ហើយ​​យើង​សង្ឃឹម​ថា​នឹង​ធ្វើ​ការ​នាំចេញ​​​នៅ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ ខាង​មុខ »​។​

ប្រភព​ផលិតផល​របស់​កី​តម្បាញ​ខ្មែរ​ក៏​មាន​មក​ពី​ខេត្ត​តាកែវ ​និង​សៀមរាប​ផង​ដែរ ដែល​ផលិត​ដោយ​ក្រុម​សហគមន៍​នៅ​ក្នុង​តំបន់​ទាំង​នោះ​៕