The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុ​ង​កាហ្វេ​ ប្រើប្រាស់​ប្រព​ន្ធ័​ឌីជីថល​ ដើម្បី​កសាង​ម៉ាក​យីហោ​ និង ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន




បុ​ង​កាហ្វេ​ ប្រើប្រាស់​ប្រព​ន្ធ័​ឌីជីថល​ ដើម្បី​កសាង​ម៉ាក​យីហោ​ និង ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន

Content image - Phnom Penh Post
គ្រាប់កាហ្វេ​របស់បុងកាហ្វេមានប្រភពមកពីទូទាំងទ្វិបអាស៊ីមានគុណភាពខ្ពស់ដែលត្រូវបានផលិតតាមតម្រូវការ។ រូបថត សហការី

បុ​ង​កាហ្វេ​ ប្រើប្រាស់​ប្រព​ន្ធ័​ឌីជីថល​ ដើម្បី​កសាង​ម៉ាក​យីហោ​ និង ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន

​ក្រុមហ៊ុន​បុ​ង​កាហ្វេ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី កំពុង​ប្រើប្រាស់​វេទិកា​ទំនាក់ទំនង​ឌីជីថល​ ​ដើម្បី​ឈានមុខ​គេ​នៅក្នុងទីផ្សារ ខណៈ​ដៃគូ​ប្រកួត ប្រជែង​នៅក្នុង​ទីផ្សារ​កាហ្វេ​កំពុង​កើនឡើង​។

​ក្រុមហ៊ុន​ផលិត​កាហ្វេ​និង​ផ្គត់ផ្គង់​​ម៉ាស៊ីន​ឆុង​កា​ហ្វ​មួយ​នេះ កំពុង​ទាញ​អត្ថប្រយោជន៍​ពី​ឌីជីថល​និង​ប្រព​ន្ធ័​ផ្សព្វផ្សាយ​សង្គម ដើម្បី​ពង្រឹង​កេរ្តិ៍ ឈ្មោះ​នៃ​ម៉ាក​យីហោ​របស់ខ្លួន ដែល​បានចាប់ផ្តើម​ដំណើការ​នៅក្នុង​ប្រទេសកម្ពុជា​តាំងពី​ឆ្នាំ​១៩៩៦ ជាទី-​កន្លែង​ដែល​ទីផ្សារ​ភេសជ្ជៈ​មានការ​ប្រ​គួ​ត​ប្រជែង​ខ្លាំង ហើយ​ភាគច្រើន​គឺ គ្របដណ្តប់​ដោយ​ម៉ាក​យីហោ​ល្បីៗ​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ​។

​ប្រជាជន​វ័យក្មេង​មាន​ចំនួន​ច្រើន និង​ប្រាក់ចំណូល​គ្រួសារ​​កើនឡើង កំពុង​ជំរុញឱ្យមាន​តម្រូវការ​កាហ្វេ គុណភាព​ខ្ពស់​កើនឡើង ខណៈ​ការ​ពេញនិយម​កាហ្វេ​យីហោ​បរទេស​ក៏បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុងចំណោម​ប្រជា​កម្ពុជា ជាពិសេស​អ្នករស់នៅក្នុង​ទីក្រុង​។​

​លោក Harry Wong នាយក​គ្រប់គ្រង​ក្រុមហ៊ុន​បុ​ង​កាហ្វេ ប្រចាំ​កម្ពុជា​បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា ​ក្រុមហ៊ុន​កំពុង​រិះរក​វិធី​ថ្មី ដើម្បី​ទាក់ទាញ​អតិថិជន​កាន់តែច្រើន ជាពិសេស​អំឡុង​​នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩​។

«​យើង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក និង Instagram ហើយ​គោលដៅ​របស់​យើង​គឺ​បង្កើន​ចំនួន​អ្នកតាមដាន ​(follower) នៅលើ​វេទិកា​ទាំងនេះ​។ យើង​នឹង​អភិវឌ្ឍន៍​មាតិកា​បន្ថែម​នៅលើ​វេទិកា​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​យើងក្នុង​ទម្រង់​ជា​វីដេអូ​ខ្លីៗ ដើម្បី​ផ្តល់​ការអប់រំ​ដល់​អ្នក​តាម​ដាន​របស់​យើង ​អំពី​ការរៀបចំ​កាហ្វេ​និង​ភេសជ្ជៈ​»​។​

​លោក Wong បន្ថែមថា​៖«​មាន​រហូតដល់ ​៤០ ​ភាគរយ​នៃ​ការសាកសួរ​អំពី​អាជីវកម្ម​របស់​យើង​គឺ​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ឌីជីថល​។ យើង​មាន​ក្រុមការងារ​នៅ​ការិយាល័យ​របស់​យើង រង់ចាំ​ឆ្លើយតប​រាល់​សំណួរ​របស់អតិថិជន ក្នុង​រយៈពេល​ត្រឹម​ ១០ ​នាទី ឬ​ តិចជាង​នេះ​»​។

Content image - Phnom Penh Post
លោក​ Harry Wong នាយកគ្រប់គ្រងបុងកាហ្វេនៅកម្ពុជា។

​តាមរយៈ​ការធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ដ៏​មាន​ប្រជាប្រិយ​ដូចជា Food Panda, Grab Mart និង Nham24 ការិយាល័យ​របស់​ក្រុមហ៊ុន​នៅ​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប និង​ក្រុង ព្រះសីហនុ ក៏​អាច​បន្ត​ប្រតិបត្តិការ​បាន ទោះបី​មាន​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។

​បង្កើតឡើង​ក្នុង​ឆ្នាំ ​១៩៦២ នៅ​ប្រទេស​សឹង្ហ​បុរី យីហោ​ប៊ុង​កាហ្វេ (Boncafé) ឥឡូវនេះ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​នៅតាម​ទីផ្សារ​​នានា​ នៅ​តំបន់​អាស៊ី អឺរ៉ុប អាហ្វ្រិក និង​អាមេរិក​ខាងត្បូង​។​

​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Massimo Zanetti Beverage Group រួមបញ្ចូល​ទាំង​ក្រុមហ៊ុន Brodies Teas និង Torani ក្នុងនោះ​ក៏មាន​លក់​ទឹក​ស៊ី​រ៉ូ និង​ភេសជ្ជៈ​ជាច្រើន​មុខ​ទៀត​។ បុ​ង​កា​ហ្វ​គឺជា​ក្រុមហ៊ុន​នាំចូល​និង​ជា​អ្នកលក់​កាហ្វេ Segafredo Zanetti ដ៏​ល្បីល្បាញ​នៅលើ​ពិភពលោក​។ បុ​ង​កាហ្វេ​ក៏​ផ្តល់ជូន​នូវ​ផលិតផល​ក្រៅពី​កាហ្វេ ដូចជា​តែ​ដែល​ផលិត​ក្រោម​ម៉ាក Bontea ផងដែរ​។​

​គ្រាប់​កាហ្វេ​មាន​ប្រភព​មកពី​ទូទាំង​ទ្វីបអាស៊ី ត្រូវបាន​លីង​ថ្មីៗ ស្រស់ៗ ជាមួយនឹង​ម៉ាស៊ីន​របស់​បុ​ង​កាហ្វេ ដែល​ផលិត​តាម​តម្រូវការ ដូច្នេះ​ការរក្សា​ភាពស្រស់​គឺជា​អាទិភាព​កំពូល​សម្រាប់​កាហ្វេ​ដែលមាន​គុណភាព​ខ្ពស់​។​

Content image - Phnom Penh Post
បុងកាហ្វេបង្កើតឡើងក្នុងប្រទេសសឹង្ហបុរី ឆ្នាំ១៩៦២។

​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ភេសជ្ជៈ​សម្បូរបែប មាន​ទាំង​គ្រាប់​កាហ្វេ​លីង គ្រាប់​កាហ្វេ​កិន តែ ទឹក​ផ្លែឈើ ទឹក​ស៊ី​រ៉ូ ម៉ាស៊ីន​ឆុង​កាហ្វេ និង​ផលិតផល​ជាច្រើន​ទៀត អតិថិជន​របស់​បុ​ង​កាហ្វេ មាន​ទាំង សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុន​អាកាសចរណ៍ ភោជនីយដ្ឋាន និង​ហាង​លក់រាយ​។

​យោងតាម​សមាគម British Coffee Association បានឱ្យដឹងថា​កាហ្វេ​ប្រមាណ ​២​ ពាន់​លាន​ពែង​ត្រូវ បាន​ផឹក នៅ​ទូទាំង​ពិភពលោក​ជា​រៀងរាល់ថ្ងៃ ហើយ​គ្រាប់​កាហ្វេ​បាន​ក្លាយជា​ផលិតផល​មួយ​ដែល​ត្រូវបាន​គេ​ស្វែងរក​ច្រើន​បំផុត​នៅលើ​ពិភពលោក​បន្ទាប់ពី​ប្រេង​ឆៅ​។

​វប្បធម៌​នៃ​ការផឹក​កាហ្វេ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​សន្ទុះ​កើនឡើង​គួរ​ឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ជាមួយនឹង​កំណើន សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមក បាន​ជំរុញឱ្យមាន​អ្នក​ផឹក​ថ្មី​កើនឡើង​។​

​យោងតាម​ក្រសួងពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ​ប្រទេស​កម្ពុជា​បាន​នាំចូល​កាហ្វេ​ចំនួន ៧៧០តោន ដែលមាន​តម្លៃ ៣.៦ លាន​ដុល្លារ កាលពី​ឆ្នាំមុន​។

​ជាមួយ​បទពិសោធន៍​និង​ជំនាញ​របស់ខ្លួន លោក Wong ថ្លែងថា​៖«​ក្រុមហ៊ុន​ផ្ត​ត់​ផ្គង់​កាហ្វេ​ដ៏​ធំនេះ កំពុង​ខិតខំជំរុញ​និង​ពង្រីក​ទីផ្សា​ឱ្យ​កាន់តែ​រីកចម្រើន​។ ខណៈ​បុ​ង​កាហ្វេ​បាន​ដំណើរការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៦ ហើយ​ប្រជាជន​កម្ពុជា​ចូលចិត្ត​គ្រាប់​កាហ្វេ​របស់​យើង​»​។

«​បរិក្ខា​និង​សេវាកម្ម​គឺជា​ផ្នែក​មួយ ទៀត​នៃ​ការពង្រីក ដែល​យើង​កំពុង​ផ្តោត ខណៈ​មាន​ប្រតិបត្តិ​ករ​កាហ្វេ​និង​ភោជនីយដ្ឋាន​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវការ​ជំនួយ​របស់​យើង​ទាក់ទង​នឹង​ការជួសជុល​ម៉ាស៊ីន និង​សម្ភារ​»​។​

​លោក Wong មានប្រសាសន៍ថា​៖ «​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ យើង​រំពឹងថា​បណ្តាញ​អាជីវកម្ម​ផ្សេងទៀត​របស់​យើង​នឹង​កើនឡើង ដូចជា​ផ្សារ​ទំនើប ផ្សារ​លក់រាយ ហាង​លក់​តាម​អន​ឡាញ និង​បង្កើត​ទំនាក់ទំនង​ការងារ​ជិតស្និទ្ធ ជាមួយ​ម៉ាក​យីហោ​ម្ហូបអាហារ​ និង​ភេសជ្ជៈ​អន្តរជាតិ ដែល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​»៕ ​

អត្ថបទគួរចាប់អារម្មណ៍