រដ្ឋប៉េណាំង (Penang) នៃប្រទេស ម៉ាឡេស៊ី បានបន្ថែមលក្ខណពិសេសមួយទៀតដល់អាជីវកម្មទេសចរណ៍របស់ខ្លួន។
ដោយភាពល្បីល្បាញ និងត្រូវបានគេស្គាល់ទូទាំងពិភពលោកពីអាហារ លក្ខណៈ Street Food ដ៏ឈ្ងុយឆ្ងាញ់ តំបន់បេតិកភណ្ឌ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតពេលនេះរដ្ឋប៉េណាំងកំពុងផ្សព្វផ្សាយទេសចរណ៍សម្រាប់ការព្យាបាល និងថែទាំសុខភាព (health tourism) ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្លួនដើម្បីទាក់ទាញទេសចរឱ្យមកទស្សនារដ្ឋនេះកាន់តែច្រើន។
ជាមួយគោលបំណងធ្វើឲ្យរដ្ឋប៉េណាំងក្លាយជាគោលដៅទេសចរណ៍សម្រាប់ការព្យាបាល និងថែទាំសុខភាពលំដាប់ខ្ពស់មួយនៅក្នុងតំបន់ និងដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងតំបន់ដូចជាប្រទេស ថៃ និងសិង្ហបុរី ដែលល្បីល្បាញខាងសេវាព្យាបាល និងថែទាំងសុខភាពមានគុណភាពខ្ពស់។
លោកស្រី Yoon Pauline ប្រធានទេសចរណ៍សកលនៃរដ្ឋប៉េណាំងបានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ «យើងមានសេវាព្យាបាល និងវេជ្ជបណ្ឌិតល្អបំផុត ហើយយើងកំពុងព្យាយាមលើកកម្ពស់វិស័យទេសចរណ៍សម្រាប់ការព្យាបាលនិងថែទាំសុខភាព (medical tourism)។ យើងកំពុងផ្សព្វផ្សាយតាមបណ្តាញសង្គម ហើយក៏កំពុងធ្វើការជាមួយទេសចរណ៍ម៉ាឡេស៊ី ដើម្បីមើលថាតើយុទ្ធនាការណាដែលអាចជួយទាក់ទាញទេសចរឱ្យកាន់តែច្រើនមកទស្សនារដ្ឋប៉េណាំង។ នៅប៉េណាំងភ្ញៀវទេសចរមានភាពងាយស្រួល ដោយសារយើងនិយាយច្រើនភាសា ហើយកន្លែងស្នាក់នៅគឺមានតម្លៃថោកជាងប្រទេសសិង្ហបុរី»។
ទេសចរណ៍សម្រាប់ការព្យាបាល និងពិនិត្យសុខភាពគឺជាអាជីវកម្មដែលកំពុងរីកលូតលាស់នៅប្រទេសម៉ាឡេស៊ី និងរដ្ឋប៉េណាំង។ កាលពីឆ្នាំមុនជនបរទេសប្រមាណ ១,២ លាននាក់បានមកទស្សនាប្រទេសម៉ាឡេស៊ីដើម្បីការព្យាបាលជំងឺ និងពិនិត្យសុខភាព និងបានផ្តល់ចំណូលចំនួន ១,៥ ពាន់លានរីងហ្គីត។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថាវិស័យព្យាបាល និងពិនិត្យសុខភាពរបស់រដ្ឋប៉េណាំងបង្កើតប្រាក់ចំណូលបានចំនួន ១៦៥ លានដុល្លារក្នុងឆ្នាំ ២០១៧។
បណ្តាប្រទេសអាស៊ានកំពុងពង្រឹងឧស្សាហកម្មទេសចរណ៍ព្យាបាល និងថែទាំសុខភាព ខណៈប្រាក់ចំណូលរបស់ប្រជាជនកំពុងកើនឡើងស្របនឹងការរីកចម្រើនសេដ្ឋកិច្ចបូករួមនឹងការកើនឡើងនៃការយល់ដឹងអំពីសេវាព្យាបាលដែលមានគុណភាពខ្ពស់នៅក្រៅប្រទេស វាបានជំរុញឱ្យប្រជាពលរដ្ឋដែលមានកម្រិតជីវភាពមធ្យម ស្វែងរកការព្យាបាលនៅក្រៅប្រទេសកាន់តែច្រើន ខណៈតំបន់អាស៊ានមានប្រជាជនរហូតដល់ ៦៣០ លាននាក់។
យោងតាមរបាយការណ៍ AEC Blueprint 2025 Analysis របស់វិទ្យាស្ថានស្រាវជ្រាវ CIMB Asean Research Institute ដែលបានចេញផ្សាយកាលពី ២ ឆ្នាំមុនបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងថៃគឺជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរដែលស្វែងរកការព្យាបាល និងពិនិត្យសុខភាពដោយភាគច្រើនមកពីតំបន់អាស៊ាន។
របាយការណ៍នោះបានបន្តថាឥណ្ឌូនេស៊ីបានរួមចំណែកដ៏ធំចំពោះទេសចរដែលស្វែងរកការព្យាបាល និងពិនិត្យសុខភាពនៅក្នុងតំបន់ដោយបានចំណាយប្រមាណ ១១,៥ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ភាគច្រើននៅប្រទេសម៉ាឡេស៊ី។
ដោយមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ាន និងមានការតភ្ជាប់ល្អ ការព្យាបាលមានតម្លៃសមរម្យ អ្នកជំនាញវេជ្ជសាស្ត្រទទួលបានការបណ្តុះបណ្តាលខ្ពស់ មានហេដ្ឋារចនាសម្ព័ន្ធល្អ និងឧបករណ៍វេជ្ជសាស្ត្រទំនើបគឺវាបានរួមចំណែកដល់ការលូតលាស់វិស័យទេសចរណ៍សម្រាប់ការព្យាបាលរបស់រដ្ឋប៉េណាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកស្រី Yoon ថ្លែងថា៖ «យើងផ្តល់របាយការណ៍សុខភាពដល់អ្នកជំងឺនៅថ្ងៃតែមួយ។ យើងមានគ្រូពេទ្យប្រចាំការនៅក្នុងនៅមន្ទីរពេទ្យជាប្រចាំ ហើយវេជ្ជបណ្ឌិតទទួលបានការបណ្តុះបណ្តាលខ្ពស់នៅក្រៅប្រទេស។ មានជើងហោះហើរត្រង់ច្រើនមកកាន់ប៉េណាំង ចំណាយពេលតិច ហើយការពិនិត្យ និងព្យាបាលគឺមានតម្លៃសមរម្យ»។
សេវាពិនិត្យសុខភាព និងព្យាបាលនៅរដ្ឋប៉េណាំង គឺផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្រសំខាន់ៗជាច្រើនដូចជា ការវះកាត់ខួរក្បាល ភ្នែក បេះដូង វះកាត់កែសម្ផស្ស និងមានសេវាកម្មជាច្រើនទៀត។ នៅឆ្នាំក្រោយប្រទេសម៉ាឡេស៊ីនឹងផ្សព្វផ្សាយយុទ្ធនាការទស្សនាប្រទេសម៉ាឡេស៊ីឆ្នាំ ២០២០ ក្នុងគោលបំណងទាក់ទាញទេសចរអន្តរជាតិឲ្យបាន ៣០ លាននាក់ ហើយសង្ឃឹមថានឹងទទួលបានចំណូលប្រមាណ ១០០ ប៊ីលានរីងហ្គីត ពីវិស័យទេសចរណ៍។
កាលពីឆ្នាំមុន ម៉ាឡេស៊ីទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៥,៨ លាននាក់។ យុទ្ធនាការនេះទំនងជំរុញមហិច្ឆតារបស់រដ្ឋប៉េណាំងបន្ថែមដើម្បីទាក់ទាញភ្ញៀវទេសចរដែលស្វែងរកការព្យាបាល និងពិនិត្យសុខភាពឲ្យបានកាន់តែច្រើន៕