ថៃដែលជាប្រទេសពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរកំពុងឈានមុខគេនៅក្នុងការលើកកម្ពស់ «ស្ថាបត្យកម្មបៃតង» និងយកផ្នត់គំនិតនេះទៅហួសពីព្រំដែនរបស់ខ្លួន ខណៈការការពារបរិស្ថាន គឺជាដំណាក់កាលដ៏សំខាន់នៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍។
ការកើនឡើងសីតុណ្ហភាព កង្វះខាតទឹកនៅក្នុងទីក្រុង ទឹកជំនន់ និងគ្រោះរាំងស្ងួត កំពុងជះឥទ្ធិពលដល់ការធ្វើកសិកម្មនៅតាមតំបន់ជនបទ ប៉ុន្តែមានការឆ្លើយតបយ៉ាងស្វាហាប់ពីសំណាក់អ្នកបង្កើតគោលនយោបាយ នៅទូទាំងពិភពលោក ដើម្បីដោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះ។
ប្រទេស ថៃ បានធ្វើលើសពីការលើក កម្ពស់គោលដៅទេសចរណ៍របស់ខ្លួនទៅកាន់ពិភពលោកដែលបានទាក់ទាញភ្ញៀវទេសចរចំនួន ៣៨ លាននាក់កាលពីឆ្នាំមុន។ ប្រទេស ថៃ ក៏កំពុងមមាញឹកក្នុងការលើកកម្ពស់ស្ថាបត្យកម្មបៃតងដោយធ្វើការតាំងពិព័រណ៍ដ៏ធំនៅក្នុងទីក្រុងបាងកក។
រាជធានីរបស់ប្រទេសនេះកំពុងប្រែក្លាយទៅជាទីក្រុងបៃតងជាបណ្តើរៗ ដែលជាឧទាហរណ៍ដ៏ល្អមួយនៅក្នុងតំបន់ ខណៈវិស័យសាធារណៈ និងឯកជនបានជួយលើកកម្ពស់យ៉ាងខ្លាំងក្លានូវស្ថាបត្យកម្មបៃតងនេះដើម្បីទប់ស្កាត់ ការបំភាយឧស្ម័នកាបូនិចដើម្បីធ្វើឱ្យទីក្រុងដែលមានការកកស្ទះចរាចរណ៍ខ្លាំងនេះកាន់តែរស់រវើក។
ចំនួនអគារបៃតងនៅក្នុងប្រទេស ថៃ បានកើនឡើងយ៉ាងខ្លាំងពី ៥៥ ទៅដល់ ២៤០ អគារកាលពីឆ្នាំមុន។
ប្រទេស ថៃ កំពុងត្រៀមខ្លួនរៀបចំការតាំងពិព័រណ៍ «ការរស់នៅបៃតង» លើកទី៣៣ ដែលរៀបចំដោយសមាគមស្ថាបត្យករសៀម (ASA) ស្ថិតនៅក្រោមការគាំទ្រពី Royal Patronage និងសហការជាមួយក្រុមហ៊ុនរៀបចំការតាំងពិព័រណ៍ N.C.C។
លោកស្រី Acharawan Chutarat ប្រធានគណៈកម្មការពិព័រណ៍ស្ថាបត្យកម្ម ២០១៩ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍នៅក្នុងបទសម្ភាសមួយក្នុងទីក្រុងបាងកកកាលពីថ្ងៃទី ២៧ ខែមីនាកន្លងទៅថា៖ «យើងត្រូវសន្សំសំចៃធនធានហើយមិនគួររំខានដល់មនុស្សជំនាន់ក្រោយនោះទេ។ យើងអញ្ជើញអ្នកធ្វើគោលនយោបាយអ្នកផ្តល់ការអប់រំអ្នកផលិត និងអ្នកផ្គត់ផ្គង់មក ដើម្បីពិភាក្សាគ្នាអំពី «ស្ថាបត្យកម្មបៃតង»។ វាគឺជាវេទិកាដ៏ល្អមួយដើម្បីផ្សព្វផ្សាយទីក្រុងឆ្លាតវៃ និងអគារបៃតងសម្រាប់អនាគតប្រកបដោយនិរន្តរភាព»។
លោក Ajinveat Vhonthong អ្នកគ្រប់គ្រង់គម្រោងជាន់ខ្ពស់នៃក្រុមហ៊ុនរៀបចំតាំងពិព័រណ៍ N.C.C ថ្លែងថា៖ ពិព័រណ៍ដ៏ធំនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញក្រុមហ៊ុនតាំងពិព័រណ៍ថៃ និងអន្តរជាតិមកពីជាង ៤០ ប្រទេសដែលមានប្រមាណ ៨៥០ ក្រុមហ៊ុន នឹងមកដាក់តាំងបង្ហាញផលិតផលស្ថាបត្យកម្ម និងសេវាកម្មរបស់ពួកគេដែលមិនប៉ះពាល់ដល់បរិស្ថាន។
លោកស្រីថ្លែងថា៖ «គោលបំណងរបស់យើងគឺបង្កើតការយល់ដឹង និងផ្ញើសារទៅសហគមន៍អំពីស្ថាបត្យកម្មបៃតងនិងបន្តឲ្យមានការចាប់អារម្មណ៍រួមគ្នានៅ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការច្នៃប្រឌិតអគារបៃតង»។
លោកស្រីបន្តថា៖ «ប្រសិនបើយើងចង់បានអគារបៃតង ប៉ុន្តែបើមនុស្សមិនបានដឹង នោះមិនអាចទៅរួចទេ។ បៃតងគឺជាអ្វីៗគ្រប់យ៉ាងជាវិធីដែលយើងប្រើធនធាន ការរក្សាទុកទឹក របៀបដែលបរិភោគអាហារទាំងក្នុងស្រុក ឬនាំចូល របៀបដែលយើងស្លៀកពាក់ របៀបដែលយើងប្រើប្រាស់ផលិតផលនានា គឺទាំងអស់នេះសុទ្ធតែប៉ះពាល់ដល់បរិស្ថាន។
លោស្រី Acharawan លើកឡើងថា ការដឹកជញ្ជូនតាមរថយន្តធំៗ ឬតាមរថយន្តឯកជនរបស់បុគ្គលម្នាក់ៗ គឺមានឥទ្ធិពលដល់ការបំភាយឧស្ម័នកាបូនិច ដូច្នេះហើយយើងត្រូវរចនាអគារដែលប្រើប្រាស់ថាមពលតិចខណៈម៉ាស៊ីនត្រជាក់ស៊ីថាមពលច្រើន។
ព្រឹត្តិការណ៍ដ៏ធំអស្ទារ្យនេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ IMPACT Exhibition and Convention Centre ដែលមានទំហំ ៦ ម៉ឺនម៉ែត្រការ៉េនៅក្នុងទីក្រុងបាងកក ចាប់ពីថ្ងៃទី ៣០ ខែ មេសាដល់ថ្ងៃទី ៥ ខែ ឧសភា។ ការតាំងពិព័រណ៍នៅក្នុងឆ្នាំនេះ នឹងមានផលិតផលពិសេសៗជាច្រើនដែលមិនប៉ះពាល់ដល់បរិស្ថាន រាប់ចាប់តាំងពីការចុះឈ្មោះដោយមិនប្រើក្រដាស រថយន្តអគ្គិសនី ការសន្សំសំចៃទឹក និងការមិនប្រើប្រាស់ថង់ប្លាស្ទិកជាដើម។
សេចក្តីថ្លែងការណ៍រួមពីអ្នករៀបចំបាន លើកឡើងថាទស្សនៈ «រស់នៅបៃតង» គឺដើម្បីលើកកម្ពស់គំនិតនៃការរចនាស្ថាបត្យកម្ម និងវត្ថុធាតុដើមសាងសង់អគារដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ ដែលអាចធ្វើបដិវត្តន៍ឧស្សាហកម្មមួយនេះ ដើម្បីដោះស្រាយបញ្ហាបរិស្ថានជាមួយ នឹងដំណោះស្រាយដែលមាននិរន្តរភាព។
ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សារិនថន (Maha Chakri Sirindhorn) ត្រូវបានគេរំពឹងថា នឹងយាងធ្វើជាអធិបតីនៅក្នុងពិធីបើកការតាំងពិព័រណ៍នៅថ្ងៃទី ៣០ ខែ មេសា ខាងមុខនេះ។
ពិព័រណ៍ស្ថាបត្យកម្ម ២០១៩ គឺជាពិព័រណ៍បច្ចេកវិទ្យាស្ថាបត្យកម្មធំជាងគេបំផុតនៅក្នុងតំបន់អាស៊ាន។ ការតាំងពិព័រណ៍នេះមានគោលបំណងបង្ហាញអំពីការរីកចម្រើននៃការរចនាស្ថាបត្យកម្មដែលឆ្លុះបញ្ចាំងអំពីសក្តានុពលរបស់សហគ្រិន និងតួនាទីរបស់ស្ថាបត្យករនៅក្នុងសង្គម។
លោក Ajaphol Dusitnanond ប្រធានសមាគមស្ថាបត្យករ ASA ថ្លែងថា៖ «ពិព័រណ៍ស្ថាបត្យកម្ម ២០១៩ នេះមិនត្រឹមតែបង្ហាញអំពីជំនាញស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏បើកទូលំទូលាយដល់វិស័យដែលពាក់ព័ន្ធនានា ក៏ដូចជាសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍លើការរចនាអគារ និងការសាងសង់ផងដែរ»៕