ប្ររទេស ​ថៃ ​កំពុង​ចាប់​ផ្តើម​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​លក្ខណៈ​គ្រួសារ ​(Family Friendly Destinations) ​បន្ថែម​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​កាន់​តែ​ច្រើន​នៅ​តាម​គោលដៅ​ទាំង​នោះ​។

ប្រទេស ​ថៃ ​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប្រមាណ ​៣៨ ​លាន​នាក់ ​កាល​ពី​ឆ្នាំ​មុន​មាន​បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​បាន​ចំនួន ​៤១ ​លាន​នាក់ ​នៅ​ក្នុង​ឆ្នាំ​នេះ​។​

«​យើង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ដើម្បី​ផ្សព្វផ្សាយ​និង​លើក​កម្ពស់​ប្រទេស ​ថៃ ​ឲ្យ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​កាន់ តែ​ពេញ​និយម​ក៏​ដូចជា​ការ​ធ្វើដំណើរ​លក្ខណៈ​គ្រួសារ​ដោយសារ​តែ​ប្រទេស​របស់ យើង​មាន​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​លក្ខណៈ​គ្រួសារ ​និង​ផលិតផល ទេសចរណ៍​ជា​ច្រើន ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ ដែល​កំពុង​កើន​ឡើង​ពី​ទីផ្សារ​អាស៊ាន អាស៊ី​ខាង​ត្បូង ​និង​អូសេអានី​»​។

តំបន់ផ្សេងៗបានតាំងបង្ហាញផលិតផលទេសចរណ៍របស់ពួកគេក្នុងទីក្រុងបាងកក។ នាង​ សុភាព

លោក Chattan Kunjara Na Ayudhaya អភិបាល​រង​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ​ទទួល​បន្ទុក​ទីផ្សារ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ខាង​ត្បូង​បន្ត​ថា​៖ ​«​យើង​ផ្តោត​លើ​ការ​លើក​កម្ពស់​គោលដៅ​ទេសចរណ៍​ថ្មីៗ​នៅ​តាម​បណ្តា​ខេត្ត​ដែល​កំពុង​រីក​ចម្រើន​នៅ​ទូទាំង​ប្រទេស​ថៃ មាន​ដូចជា​ខេត្ត​ឈៀងរ៉ៃ ភីសានុ​លោក​ សុខោទ័យ ត្រាត ចាន់ថា​បុរី ហាតយ៉ៃ និង​សាទួន​ជា​ដើម​»​។

ការ​ថ្លែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​កាន់​ភ្ញៀវ​អន្ដរជាតិ​ជា​ច្រើន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ទិសដៅ​ទេសចរណ៍​សម្រាប់ ឆ្នាំ ​២០១៩ «Experience New Variety and Family Fun in Amazing Thailand 2019 »​នៅ​ទីក្រុង​បាងកក​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បាន​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT)​។ ​នៅ​ក្នុង​ប្រិត្តិការណ៍​នោះ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន ​និង​ប្រតិបត្តិករ​ទេសចរណ៍​ប្រមាណ​ ៦៤ ដែល​មក​ពី​តំបន់​អាស៊ាន អាស៊ី​ខាង​ត្បូង និង​ប៉ាស៊ីហ្វិក​ខាង​ត្បូង ដែល​បាន​ប្រារព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី ​៤​ ដល់​ថ្ងៃទី ​៧​ ខែ មេសា ដើម្បី​បង្ហាញ​ទិសដៅ​ទេសចរណ៍​ដែល​កំពុង​រីក​ចម្រើន​របស់​​ប្រទេស ​ថៃ​។

អាជ្ញាធរ​ថៃ​កំពុង​មមាញឹក​ផ្សព្វផ្សាយ​​​​​យុទ្ធនាការ «Experience New Variety Thailand and Family Fun »​ដើម្បី​បម្រើ​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​ក៏​ដូចជា​ដើម្បី​ផ្សព្វផ្សាយ​ប្រទេស ​ថៃ ​ឲ្យ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​គ្រួសារ​កាន់​តែ​ទូលំទូលាយ​។

លោក Chattan បន្ថែម​ថា​៖ «​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រទេស ​ថៃ ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​ និង​មាន​និរន្តរភាព​ក៏​ដូចជា​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​សម្រាប់​តំបន់​ជនបទ​តាមរយៈ​ការ​ផ្សព្វផ្សាយ​គោលដៅ​ដែល​កំពុង​រីក​លូតលាស់​ចំនួន ​៥៥​។ នៅ​ក្នុង​ឆ្នាំ​នេះ​យើង បាន​រៀបចំ​​កម្មវិធី​ផ្សព្វផ្សាយ​ទេសចរណ៍​ « Experience New Variety and Family Fun in Amazing Thailand 2019» ដើម្បី​បង្ហាញ​អំពី​ផលិតផល​ថ្មីៗ​របស់​ប្រទេស ​ថៃ​»​។

លោក Chattan Kunjara Na Ayudhaya។ នាង សុភាព

លោក​បន្ត​ថា​៖ «​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់ អាស៊ាន អាស៊ី​ខាង​ត្បូង និង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង កាន់​តែ​ច្រើន​បាន​មក​ទស្សនា​ប្រទេស ​ថៃ ​នាពេល​បច្ចុប្បន្ន​។ ចំនួន​ភ្ញៀវ​ទេសចរ​រួម​បញ្ចូល​គ្នា​គឺ​មាន​ច្រើន​ជាង​តំបន់​ដទៃៗ​ទៀត​នៅ​ក្នុង​ពិភព​លោក​។ គ្រាន់​តែ​ទេសចរ​មក​ពី​តំបន់ អាស៊ាន​មួយ​គឺ​មាន​ចំនួន​ប្រហាក់ប្រហែល​ទេសចរ​ចិន​ដែល​មាន​ជាង ​១០ ​លាន​នាក់ ​បាន​មក​ទស្សនា​ប្រទេស ​ថៃ​»​។

លោក Klissada Ratanapruk នាយក​ប្រតិបត្តិ​របស់ TAT ទទួល​បន្ទុក​តំបន់​អាស៊ាន អាស៊ី​ខាង​ត្បូង ​និង​ប៉ាស៊ីហ្វិក​ខាង​ត្បូង​បាន​លើក​ឡើង​ថា ការ​លើក កម្ពស់​ទិសដៅ​ទេសចរណ៍​ដែល​កំពុង​រីក​ចម្រើន​នេះ​គឺ​ដើម្បី​ត​ភ្ជាប់​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​រួម​ទាំង​បណ្តា​ប្រទេស​ជិត​ខាង ជាមួយ​នឹង​ការ​តភ្ជាប់​ដោយ​រលូន​តាម រយៈ​ទីក្រុង​ទេសចរណ៍​ល្បីៗ​»​។

លោក​ថ្លែង​ថា​៖ «​នេះ​ជា​លើក​ទី​១ ​ដែល​កម្មវិធី​បែប​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​។ វា​ត្រូវបាន​រចនា​ឡើង​ដោយ​យក​ចិត្ត​ទុក ដាក់​ដើម្បី​បង្ហាញ​នូវ​គោលដៅ​លេច​ធ្លោ ក៏​ដូច​ជា​ផលិតផល ​និង​សេវាកម្ម​ដែល​ល្អ​បំផុត​។ ភ្ញៀវ​ចូលរួម​នឹង​រីករាយ​ជាមួយ​ការ​ទទួល​ទាន​អាហារ​ក្នុង​តំបន់​ដ៏​ឆ្ងុយឆ្ងាញ់ ការ​ទទួល​យក​បទ​ពិសោធ ​និង​សកម្មភាព​ជា​ច្រើន​ពី​សហគមន៍​នៅ​ក្នុង​មូលដ្ឋាន​»​។

វត្ថុសិល្បៈផ្សេងៗក៏ផ្តល់ការចាប់អារម្មណ៍ដល់ភ្ញៀវទេសចរខ្លាំងផងដែរ។ នាង សុភាព

លោក Chattan លើក​ឡើង​ថា​៖ «TAT កំពុង​ចាប់​ផ្តើម​គម្រោង​នេះ​ដើម្បី​អនុញ្ញាត ឱ្យ​ភ្ញៀវ​ទេសចរ​អាច​ស្វែងរក​នូវ​តំបន់​ទាក់ទាញ ​និង​ផ្តល់​សេវា​ទេសចរណ៍​នៅ​តាម​ទីក្រុង​ធំៗ និង​បណ្តា​ទីក្រុង​​ដែល​កំពុង​មាន​ភាព​លេច​ធ្លោ​នៅ​តាម​បណ្តា​ខេត្ត​នានា ដើម្បី​ផ្តល់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​នូវ​ ឱកាស​ទទួល​បទ​ពិសោធ​ផ្ទាល់ខ្លួន​នៅ ពេល​ពួក​គេ​មក​ទស្សនា​ប្រទេស ​ថៃ​»​។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ជា​ពិសេស​ដោយ​មាន​ស្តង់​ចំនួន ​៥ ​ដែល តំណាង​ឱ្យ​តំបន់​ផ្សេងៗ​គ្នា ដូចជា​តំបន់ ភាគ​ខាង​កើត ភាគ​ខាង​ជើង ខាង​ត្បូង ភាគ​កណ្តាល​ និង​ភាគ​ឦសាន ជា​កន្លែង​ដែល​ប្រតិបត្តិករ​ទេសចរណ៍​ភ្នាក់ងារ​ទេសចរណ៍​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៅ​ទស្សនា​ និង​ទទូល​ព័ត៌មាន​អំពី​តំបន់​ទេសចរណ៍​ និង​ផលិតផល​របស់​តំបន់​នីមួយៗ​មុន​ពេល​ពួក​គេ​យក​ទៅ​ណែនាំ​ដល់​អតិថិជន​របស់​ពួក​គេ​ និង​សាធារណជន​។

នៅ​ពេល​សួរ​អំពី​កំណើន​វិស័យ​ទេសចរណ៍​រវាង​ថៃ​និង​កម្ពុជា​ លោក Chattan បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ « ​កម្ពុជា​គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យើង​ [ប្រទេស ថៃ]»។

ថៃផ្តល់ជម្រើសផលិតផលទេសចរណ័ដ៏សម្បូរបែបដល់ភ្ញៀវទេសចរ។ នាង សុភាព

លោក​ថ្លែង​ថា​៖ «ការ​ធ្វើ​ដំណើរ​ពី​ប្រទេស ​កម្ពុជា ​មក​កាន់​ប្រទេស ​ថៃ ​កំពុង​តែ​មាន​កំណើន​ជា​រៀង​រាល់​ឆ្នាំ។​ យើង​ជា​ប្រទេស​ជាប់​របង​ជាមួយ​គ្នា​ មាន​វប្បធម៌​ប្រហាក់​ប្រហែល​គ្នា​ និយាយ​ជា​រួម​គឺ​យើង​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ច្រើន​នោះ​ទេ​។ ​ប៉ុន្តែ​នៅ​ប្រទេស ​ថៃ ​យើង​បាន​ខិតខំ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​យ៉ាង​ខ្លាំង​ ហើយ​នៅ​តាម​តំបន់​នីមួយៗ​មាន​បទ​ពិសោធន៍​ ម្ហូប​អាហារ ​និង​វប្បធម៌​ផ្សេងៗ​គ្នា​។​ ដូច្នេះ​ហើយ​យើង​ចង់​ឱ្យ​ភ្ញៀវ​ទេសចរ​កម្ពុជា​មក​ទស្សនា​តំបន់​ផ្សេង​ទៀត​ មិន​ត្រឹមតែ​ទីក្រុង​បាងកក​ប៉ុណ្ណោះ​ទេ​ ដើម្បី​ទទូល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៅ​ក្នុង​ប្រទេស ​ថៃ​»។

មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រទេស ថៃ​ បាន​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​លើ​ពិភព​លោក​ដោយសារ​តែ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​ ប្រវត្តិសាស្រ្ត ​និង​វប្បធម៌​ដ៏​សំម្បូរ​បែប​ ប្រាសាទ​បុរាណ​ថៃ ពិធី​បុណ្យ​ផ្សេងៗ ​ម្ហូប​អាហារ​ដ៏​ឆ្ងុញឆ្ងាញ់ ​ផ្សារ​ទំនើប ​និង​តំបន់​ទាក់ទាញ​ជា​ច្រើន​ទៀត​។

កាល​ពី​ឆ្នាំ​មុន ​ប្រទេស ​ថៃ ​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ប្រមាណ​ ៣៨​ លាន​នាក់ ​និង​ទទួល​បាន​ចំណូល​ពី​វិស័យ​ទេសចរ​នេះ​ចំនួន ​៦២ ​ពាន់​លាន​ដុល្លារ​ ពោល​គឺ​កើន​ឡើង ​១០ ​ភាគរយ​ ធៀប​ទៅ​នឹង​ ឆ្នាំ ​២០១៧។

ក្នុង​នោះ​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​អាស៊ាន​មាន​ជាង ​១០ ​លាន​នាក់ ​បាន​មក​ទស្សនា​ប្រទេស ​ថៃ ​កាល​ពី​ឆ្នាំ​មុន​ដោយ​បាន​ចាក់​បញ្ចូល​ប្រាក់​ចំណូល​ចំនួន ​៣៣២ ​ពាន់​លាន​បាត ​នៅ​ក្នុង​វិស័យ​មួយ​នេះ​។

ប្រទេស ​ម៉ាឡេស៊ី ​ជា​ទីផ្សារ​ធំ​បំផុត​ដែល​មាន​ភ្ញៀវ​ទេសចរ​ចំនួន ​៤,០៩ ​លាន​នាក់​ មក​ទស្សនា​ប្រទេស ​ថៃ បន្ទាប់​មក​គឺ ​ប្រទេស ​ឡាវ ​មាន ​១,៧៥ លាន​នាក់​ សិង្ហបុរី​មាន ​១,០៦ ​លាន​នាក់​ និង​វៀតណាម​មាន​ចំនួន​ ១,០២ ​លាន​នាក់។

ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​អាស៊ី​ខាង​ត្បូង​បាន​កើន​ឡើង​ចំនួន ​១១,៨២ ​ភាគរយ​ ពោល​គឺ​កើន​ឡើង​ដល់​ ១,៩៨ ​លាន​នាក់ ​ហើយ​ឥណ្ឌា​បាន​ឈរ​នៅ​លំដាប់​ទី​១​ដោយ​កើន​ឡើង​ចំនួន ​១២,៨៣ ​ភាគរយ​៕