ប្រទេស​ ម៉ាឡេស៊ី​ គឺជា​វិនិយោគិន​បរទេស​ធំជាងគេ​លំដាប់​ទី​ ៤ ​នៅ​កម្ពុជា ជាមួយ​នឹង​ទុនវិនិយោគ​មាន​ចំនួន​ ២,៧៤ ​ពាន់​លាន​ដុល្លារ​។

បច្ចុប្បន្ន​ម៉ាឡេស៊ី​បាន​និង​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែងរក​សក្តានុពល​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ដែល​ជា​គោលដៅ​ទាក់ទាញ​វិនិយោគិន​បរទេស​ដ៏សំខាន់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

មិន​ដល់​មួយខែ​ផង បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា គណៈប្រតិភូ​ធុរកិច្ច​ជាន់ខ្ពស់​ដឹកនាំ​ដោយសា​ជីវកម្ម​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​ម៉ាឡេស៊ី​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែម​។

ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ឯកឧត្តម Eldeen Husiani Mohd Hashim ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​ជួបជុំ​ក្រុម​អ្នក​ធុរកិច្ច​ក្រោម​ប្រធានបទ​ «​បេសកកម្ម​បង្កើនល្បឿន​នាំ​ចេញ​មក​កម្ពុជា​» ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៧-៩ ខែ​តុលា​កន្លង​ទៅ​ថា​៖ «​គោលបំណង​របស់​បេសកកម្ម​ធុរកិច្ច​នេះ​គឺ​ដើម្បី​ស្វែងរក​កិច្ចសហការ​អាជីវកម្ម​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​ទីផ្សារ​ដែល​កំពុង​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​សម្រាប់​ផលិតផល​ និង​សេវាកម្ម​ជាច្រើន​នៅក្នុង​ប្រទេស ​កម្ពុជា​»​។

កសិកម្ម​កម្ពុជា​នៅ​តែ​ជា​វិស័យ​ដ៏សំខាន់​ក្នុង​ការរួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​។

ក្រុមហ៊ុន​ចំនួន​ ២៥ ដែល​តំណាង​​ឱ្យ​វិស័យ​ផ្សេងៗ​ជាច្រើន​រាប់​ចាប់ពី​វិស័យ​ម្ហូបអាហារ ភេសជ្ជៈ សុខភាព សំណង់ គ្រឿង​ម៉ាស៊ីន ឧបករណ៍​ផ្នែក​វេជ្ជសាស្ត្រ និង​វិស័យ​ផ្សេងៗ​ទៀត​កំពុង​ស្វែងរក​ដៃគូ​ក្នុង​ស្រុក​ដើម្បី​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​។

ឯកឧត្តម Eldeen បាន​បន្ថែមថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​ និង​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត​ដើម្បី​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​បន្ថែម​។ ពួកគេ​ជា​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​លក្ខណៈ​អន្តរជាតិ និង​ផលិត​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ ហើយ​បាន​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​។ ក្រុមហ៊ុន​ទាំង​នេះ​ពិតជា​ចង់​ធ្វើការ​រួម​គ្នា​ជាមួយ​ដៃគូ​កម្ពុជា​ដើម្បី​ចូល​មក​ក្នុង​ទីផ្សារ​មួយ​នេះ​»​។

សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវការ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ដើម្បី​ចាប់ផ្តើម​វិស័យ​ផលិតកម្ម​របស់​ខ្លួន បង្កើត​ការងារ​ដល់​ប្រជាជន​វ័យក្មេង​រាប់​លាន​នាក់ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​នា​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ និង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​។

ម្រេច​កម្ពុជា​ដែល​មាន​គុណភាព​ខ្ពស់​ត្រូវបាន​នាំចេញ​ទៅ​កាន់​ប្រទេស​ជាច្រើន​។

លើស​ពី​នេះ​ទៀត​កំណើន​ការប្រើប្រាស់ ជាពិសេស​ក្នុង​ចំណោម​យុវជន​ក្នុង​ទីក្រុង​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ទំនិញ និង​សេវាកម្ម​។ ដូច្នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​តែ​ជា​ទីកន្លែង​ដ៏មាន​សក្កានុពល​ដែល​ផ្តល់​នូវ​ឱកាស​វិនិយោគ​សម្រាប់​ក្រុមហ៊ុន​បរទេស​។

ឯកឧត្តម Eldeen ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្វាគមន៍​លោកអ្នក​មក​កាន់​ទីផ្សារ​កម្ពុជា​ដែល​កំពុង​រីកចម្រើន​។ ប្រាក់ចំណូល​មធ្យម​កំពុង​មាន​កំណើន​ឡើង​ក្នុង​ចំណោម​យុវជន​ជំនាន់​ក្រោយ ហើយ​គោលនយោបាយ អាជីវកម្ម​ដ៏អំណោយផល​បាន​បន្ត​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់ពី​បរទេស​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន ជាពិសេស​គឺ​វា​មិន​មាន​ពេលណា​ប្រសើរ​ជាង​ពេលបច្ចុប្បន្ន​នេះ​ទេ​ក្នុង​ការស្វែងរក​ឱកាស​ធ្វើ​អាជីវកម្ម​នៅក្នុង​ទីផ្សារ​ដ៏គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នេះ​«​។

ការវិនិយោគ​របស់​ម៉ាឡេស៊ី​នៅ​កម្ពុជា​មាន​តម្លៃ ២,៧៤ ពាន់​លាន​ដុល្លារ ពាក់ព័ន្ធ​នឹង​ ១៣៨ គម្រោង ​គិត​ចាប់ពី​ខែ​មករា ឆ្នាំ​ ១៩៩៤ រហូត​ដល់​ខែ ​កក្កដា ឆ្នាំ​ ២០១៩​។ វិស័យ​ចម្បងៗ​មាន​ដូចជា​វិស័យ​ទេសចរណ៍ ការអភិវឌ្ឍ​អចលនទ្រព្យ ផលិតកម្ម​ឧស្សាហកម្ម កសិកម្ម និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​។

លោក អ៊ុំ សេរីវុទ្ធ​។ រូបថត សហការី

លោក អ៊ុំ សេរីវុទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​មាន​ប្រសាសន៍​ថា គណៈប្រតិភូ​ធុរកិច្ច​មកពី​ប្រទេស​ម៉ាឡេស៊ី​នេះ​នឹង​ជួយ​បើក​ទីផ្សារ​ថ្មី​សម្រាប់​ផលិតផល​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​វា​ជា​ឱកាស​ដ៏ល្អ​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​កម្ពុជា​នឹង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ហើយ​វា​នឹង​ផ្តល់​នូវ​ឱកាស​នាំចេញ​ជាពិសេស​ផលិតផល​កសិកម្ម​ និង​វត្ថុធាតុដើម​»​។

លោក សេរីវុទ្ធ បន្ថែម​ថា​៖ «​ប្រសិនបើ​ម៉ាឡេស៊ី​នាំចូល​ផលិតផល​កសិកម្ម​កាន់តែ​ច្រើន នោះ​នឹង​ជួយ​ដល់​កសិករ ហើយ​នឹង​ជួយ​បង្កើត​ការងារ​កាន់តែច្រើន​ក៏​ដូចជា​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​។ បេសកកម្ម​ពាណិជ្ជកម្ម​នេះ​ផ្តល់​ឱកាស​ដល់​ប្រទេស​ទាំង​ ២ ​ក្នុង​ការនាំចេញ និង​នាំចូល​ទំនិញ​»៕