ទោះបីជាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិនហាក់មានល្បឿនយឺតបន្តិចក្តី ក៏វានៅតែជាទីផ្សារដ៏ទាក់ទាញសម្រាប់វិនិយោគិន និងអ្នកលក់រាយ ដោយសារតែមូលដ្ឋានអ្នកប្រើប្រាស់ និងអំណាចចំណាយដ៏ធំ។ ដូច្នេះតម្រូវការយុទ្ធសាស្ត្រទីផ្សារដែលទាក់ទងនឹងប្រទេសចិនត្រូវបានបង្កើន ជាពិសេសឥទ្ធិពលនៃការប្រើប្រាស់បណ្តាញសង្គម WeChat សម្រាប់វេទិកាទីផ្សារ។
ដោយមើលឃើញពីឱកាសនេះ អ្នកធ្វើបណ្តាញទីផ្សារ WeChat និងជាសហគ្រិនលោក Warren Teh បានចូលមកក្នុងប្រទេសកម្ពុជាដើម្បីបណ្តុះបណ្តាលសហគ្រិន និងអ្នកធ្វើអាជីវកម្មនៅក្នុងប្រទេសនេះអំពីចំណេះដឹងអំពីទីផ្សារដោយប្រើប្រាស់បណ្តាញសង្គម WeChat ចាប់តាំងពីខែមិថុនាមកម្ល៉េះ។
លោកថ្លែងថា៖ «មិត្តភក្តិរបស់ខ្ញុំដែលតែងតែធ្វើដំណើរមកទីក្រុងភ្នំពេញ គាត់បានប្រាប់ខ្ញុំអំពីអាជីវកម្មនៅទីនេះ។ គាត់បានកត់សម្គាល់ឃើញថា អាជីវកម្មក្នុងស្រុកជាច្រើននៅមិនទាន់បានយល់ដឹងអំពីវិធីទំនាក់ទំនងជាមួយជនជាតិចិនដែលធ្វើជំនួញ ឬធ្វើដំណើរមកប្រទេសកម្ពុជានៅឡើយទេ»។
លោក Teh បានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងទៀតថា និន្នាការរបស់ជនជាតិចិនដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកំពុងមានការកើនឡើង បង្កើតបានទីផ្សារដែលអាចរកប្រាក់ចំណេញបានសម្រាប់សេវាកម្មទីផ្សារដែលកំពុងកើនឡើងនេះ។ សម្រាប់អ្នកចូលរួមក្នុងសិក្ខាសាលារបស់ខ្ញុំគឺមានដូចជាម្ចាស់អាជីវកម្ម និងអ្នកជំនាញផ្នែកទីផ្សារដែលចង់ពង្រីកសេវាកម្មរបស់ពួកគេតាមរយៈបណ្តាញសង្គម WeChat ដើម្បីឈានទៅដល់ទីផ្សារចិនដីគោក។
ថ្លែងអំពីសារៈសំខាន់របស់ WeChat ដែលជាឧបករណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីជ្រៀតចូលទីផ្សារចិនលោក Teh ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានបញ្ជាក់ថា WeChat គឺជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយសង្គមឈានមុខគេនៅក្នុងប្រទេសចិន។
«ជាពិសេសជាមួយនឹងមុខងារចុងក្រោយបំផុតរបស់វាគឺ Mini Program ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតហាងអេឡិចត្រូនិកនៅខាងក្នុងកម្មវិធី WeChat នឹងមានកណ្តឹងសម្រាប់ជូនដំណឹង។ មុខងារនេះត្រូវបានប្រើសម្រាប់ការបង្ហាញ និងលក់ផលិតផល»។
លោកពន្យល់ទៀតថា៖ «នៅពេលនិយាយដល់ការទិញគឺវាកាន់តែងាយស្រួលថែមទៀត។ លោកអ្នកគ្រាន់តែ ស្គែន QR កូដ ជាមួយកាបូបចល័ត WeChat របស់លោកអ្នកនោះលោកអ្នកនឹងអាចទិញផលិតផលនោះបានដោយងាយស្រួល»។
ចំពោះកម្មវិធី Mini Program ក៏អាចភ្ជាប់ទៅនឹងគណនីផ្លូវការដែលស្រដៀងនឹងទំព័រហ្វេសប៊ុកហ្វ៊ែនផេច ដែលផ្តល់កន្លែងសម្រាប់ពាណិជ្ជករអាចផ្សព្វផ្សាយព័ត៌មានក៏ដូចជាបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេបានដែរ។
លោក Teh បន្តថាការប្រើប្រាស់ WeChat ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ជាឧបករណ៍ធ្វើទីផ្សារ ប៉ុន្តែចំណុចសំខាន់គឺអាចប្រើប្រាស់មុខងារ និងលក្ខណៈពិសេសទីផ្សាររបស់ WeChat យ៉ាងពេញលេញ។ នេះជាមូលហេតុដែលវាជាជម្រើសល្អបំផុតសម្រាប់ពាណិជ្ជករគួរចុះឈ្មោះចូលរួមវគ្គសិក្ខាសាលាទីផ្សារ WeChat ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីការធ្វើទីផ្សារជាមួយកម្មវិធីដ៏មានប្រសិទ្ធភាពមួយនេះ។
អ្នកជំនួញ និងអ្នកជំនួញតាមអនឡាញនៅតាមបណ្តាប្រទេសមួយចំនួន មិនទាន់បានដឹងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសលោកខាងលិចមួយចំនួនដូចជា Google, Facebook, Twitter និង Instagram គឺមិនអាចដំណើរការបាននៅក្នុងប្រទេសចិននោះទេ។ លោក Teh ថ្លែងថាដូច្នេះហើយអ្នកជំនួញដែលមិនទាន់ដឹងអំពីបញ្ហានេះមានជម្រើសតិចតួចនៅក្នុងការឈោងចាប់អតិថិជននៅក្នុងទីផ្សារចិន។
លោកបញ្ជាក់ថា៖ «ពួកគេគ្មានជម្រើសទេ ដូច្នេះហើយត្រូវសិក្សាស្វែងយល់អំពីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានមូលដ្ឋាននៅប្រទេសចិន ហើយកម្មវិធីសង្គមធំបំផុតមួយក្នុងចំណោមកម្មវិធីដទៃទៀតគឺ WeChat »។
«WeChat មិនមែនគ្រាន់តែជាកម្មវិធីសម្រាប់ផ្ញើសារប៉ុណ្ណោះទេ វាគឺជាវេទិកាដែលអាចឲ្យយើងធ្វើអ្វីៗបានស្ទើរតែគ្រប់យ៉ាងនៅលើស្មាតហ្វូនរបស់យើង។ ជាមួយនឹងលក្ខណៈពិសេសនៃការច្នៃប្រឌិតជាច្រើនដែលកម្មវិធីរបស់ប្រទេសលោកខាងលិចគ្មានវាបានក្លាយជាបាតុភូតដ៏ធំបំផុតនៅក្នុងទីផ្សារប្រទេសចិនដែលផ្តល់នូវឱកាសដែលគ្មានដែនកំណត់»។
លោកបន្តថា៖ «មានពាក្យមួយគេតែងតែលើកឡើងថា “កន្លែងណាដែលមានជនជាតិចិននៅទីនោះគឺមាន WeChat”។ សិក្សាស្វែងយល់អំពីឥទ្ធិពលនៃការប្រើប្រាស់ WeChat គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការឈានទៅរកអតិថិជនចិនទាំងអ្នកដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេសចិន៕