មិនមែន​អ្វីៗ​ទាំងអស់​ដែល​មាន​ពន្លឺ​ចែងចាំង​សុទ្ធតែ​មាស​នោះទេ ប៉ុន្តែ​ទស្សនវិស័យ​របស់​ក្រុមហ៊ុន Sandara Industry and Development Company Ltd កំពុង​មាន​ពន្លឺ​ចែងចាំង​បន្ទាប់ពី​បាន​លក់​នូវ​គ្រឿង​អលង្ការ​ម៉ាក​យីហោ​របស់​ដាណឺម៉ាក​ដ៏ល្បីល្បាញ​ចំនួន​ ២ ​យីហោ​។

ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ក្នុងប្រទេស​កម្ពុជា​នូវ​គ្រឿងអលង្ការ​ម៉ាក Pandora និង​នាឡិកា​ម៉ាក Bering Time ក្នុង​ឆ្នាំ​ ២០១៨ ហើយ​បាន​ពង្រីក​វត្តមាន​លក់រាយ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប្រមាណ​ ១៨ ​ខែ​មកនេះ​។

លោក Thierry Tea អគ្គនាយក​ក្រុមហ៊ុន​បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ពី​ការិយាល័យ​របស់​លោក​នៅក្នុង​ខណ្ឌ​ដូនពេញ​ថា​៖ «​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ក្រុមហ៊ុន Sandara គឺ​នាំយក​ផលិតផល​ដែលមាន​តម្លៃ​ដ៏សមរម្យ​មកកាន់​ទីផ្សារ​កម្ពុជា ហើយ​បេសកកម្ម​នេះ​ត្រូវបាន​អនុវត្ត​យ៉ាងសកម្ម​ជាមួយ​ហាង Pandora និង Bering ។

ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ចំពោះ​ហាង​លក់រាយ លោក​ថ្លែង​ថា​៖ «​យើង​មាន​គម្រោង​បើកហាង​ថ្មីៗ ប៉ុន្តែ​យើង​កំពុង​រង់ចាំ​មើល​ថា តើ​ទីផ្សារ​នឹង​មាន​កំណើន​ខ្លាំង​ដែរឬទេ​នៅ​ឆ្នាំក្រោយ​?»​។

«​យើង​បាន​សង្កេតឃើញថា​ឥរិយាបទ​របស់​អ្នកទិញ​មាន​ការផ្លាស់ប្តូរ ដោយ​ការលក់​ជាទូទៅ​ធ្លាក់ចុះ ដោយសារ​ការធ្លាក់ចុះ​អតិថិជន​ក្នុង​ផ្សារទំនើប និង​ប្រាក់ចំណូល​ធ្លាក់ចុះ​។ អ្នកទិញ​ទំនិញ​ភាគច្រើន​គឺ​ពួកគាត់​ស្វែងរក​ផលិតផល​ដែលមាន​គុណភាព​ល្អ និង​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការជ្រើសរើស​ទិញ​ផលិតផល​ណាមួយ​»​។

Pandora គឺជា​ក្រុមហ៊ុន​លក់រាយ​គ្រឿងអលង្ការ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក បើ​គិត​អំពី​បរិមាណ​លក់​សរុប និង​នៅ​ពីក្រោយ Cartier និង Tiffany & Co បើ​គិតពី​ចំណូល​លក់​សរុប​។

លោក Tea មាន​ប្រសាសន៍​ថា កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ទីផ្សារ​ដែល​រីកលូតលាស់​លឿន​បំផុត​សម្រាប់​ផលិតផល​ម៉ាក Pandora នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

ដោយ​មាន​ឈ្មោះ​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក​រួចទៅ​ហើយ​ផលិតផល​របស់ Pandora បាន​ទាក់ទាញ​ដួងចិត្ត​យុវវ័យ និង​អ្នក​រស់នៅក្នុង​ទីក្រុង ដោយសារ​តែ​ភាពស្រស់ស្អាត​របស់​វា និង​ការ​រចនា​ដែលមាន​ភាពទាក់ទាញ​។

អគ្គនាយក​ក្រុមហ៊ុន Sandara លោក Thierry Tea ។

លោក Tea ថ្លែង​ថា Pandora លេចធ្លោ​នៅក្នុង​ទីផ្សារ​កម្ពុជា​ដោយសារ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល និង​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​ក្នុង​ការនាំយក​មក​នូវ​ «​ផលិតផល​ប្រណីត​ជាមួយ​តម្លៃ​សមរម្យ​»​។

ផលិតផល​ដែល​លក់ដាច់​ជាងគេ​របស់ Pandora នោះ​គឺជា​ប្រភេទ​ charm ខូឡិកសិន ដែល​ជំរុញ​អតិថិជន​ក្នុង​ការចងចាំ​ល្អៗ​ដាក់​ទៅក្នុង​ខ្សែដៃ​របស់​ពួកគេ ។

«​គ្រប់ការ​រចនា​គ្រឿងអលង្ការ​របស់ Pandora នីមួយៗ​គឺ​មាន​បង្កប់​អត្ថន័យ​របស់​វា​ដែល​ទាក់ទង​ទៅនឹង​ក្តី​ស្រឡាញ់ ក្រុមគ្រួសារ មិត្តភក្តិ និង​ពេលវេលា​ដ៏មានតម្លៃ​។ ជាពិសេស​គ្រប់គ្រាប់ charm ដែល​ទាក់ទាញ អតិថិជន​ឲ្យ​បន្ត​ប្រើប្រាស់​ពី​ខូឡិកសិន​មួយ​ទៅ​ខូឡិកសិន​ថ្មី​មួយទៀត ដោយ​ពួកគាត់​គ្រាន់តែ​បន្ថែម​គ្រាប់ charm ថ្មី​ក្នុង​ខ្សែដៃ​របស់​ពួកគាត់​»​។ នេះ​ជាការ​លើកឡើង​របស់​កញ្ញា ប៊ុន កុលសាលីតា អ្នកគ្រប់គ្រង​ម៉ាក​យីហោ​។

ទន្ទឹមនឹង​លក់​គ្រឿងអលង្ការ ក្រុមហ៊ុន Sandara ក៏មាន​ហាង​នាឡិកា​ម៉ាក Bering Time ចំនួន​ ៣ ​កន្លែង​ផងដែរ ដែល​យីហោ​របស់​ដាណឺម៉ាក​មួយ​នេះ ផលិត​នាឡិកា​ដ៏ទំនើប និង​ទាន់សម័យ​។

«Pandora មាន​ភាពល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក​ដោយ​ឡែក​ដំបូង​ខ្ញុំ​ទទួលស្គាល់​ថា យើង​មាន​ភាពស្ទាក់ស្ទើរ​បន្តិច​ជាមួយ​នឹង​នាឡិកា​ម៉ាក Bering ប៉ុន្តែ​ក្រោយមក​យើង​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​វា​ទទួល​បាន​ការគាំទ្រ​ច្រើន​នៅក្នុង​ទីផ្សារ​កម្ពុជា​ដោយសា​ភាព​ប្រណីត និង​គុណ​តម្លៃ​ម៉ាក​យីហោ​របស់​វា​»​។ ចំណូល​សរុប​សម្រាប់​ម៉ាក Pandora និង Bering នៅ​កម្ពុជា សរុប​មាន​ជាង​ ១ លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

លោក​បន្ថែមថា Sandora មាន កំណើន​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប្រមាណ​ ៨០ ​ភាគរយ​នៅក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លង​មក​នេះ​។ ក្រុមហ៊ុន​គ្រោង​នឹង​បើក​សាខា​ថ្មី​ចំនួន​ ២ ​នៅក្នុង​ឆ្នាំនេះ ប៉ុន្តែ​ដោយសារ​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩ ​បាន​បង្អាក់​ដល់​ផែនការ​ពង្រីក​នេះ​។ ផ្ទុយទៅវិញ​វា​បាន​ផ្តល់​ពេលវេលា​ដល់​ក្រុមការងារ​ក្នុង​ការវិភាគ និង​រៀបចំ​ផែនការ​ច្បាស់លាស់​សម្រាប់​ពេលអនាគត​។ ពួកយើង​បាន​ខិតខំ​ក្នុង​ការរក្សា​ប្រតិបត្តិការ​ក្នុង​ហាង​ដោយ​មាន​សុវត្ថិភាព​ខ្ពស់បំផុត និង​បំពេញ​នូវ​តម្រូវការ​អតិថិជន​។ ពួកយើង​នៅតែ​ឈរ​ត្រង់​នេះ​ដើម្បី​នាំមក​នូវ​ការអភិវឌ្ឍ​ស្ទីល​នៃ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​»​។

ជា​លទ្ធផល ក្រុមហ៊ុន​បាន​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​វេទិកា​លក់​តាម​ប្រព័ន្ធ​ឌីជីថល​របស់ខ្លួន​គឺ​តាមរយៈ​ប្រព័ន្ធ​ហ្វេសប៊ុក និង​គេហទំព័រ​។

លោក​បន្តថា​៖ «​ក្នុង​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ​ ២០១៩ យើង​សម្រេច​បាន​កំណើន​ ៨០ ​ភាគរយ​ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​។ នៅក្នុង​ឆ្នាំនេះ​ពី​ដំបូង​យើង​បាន​ព្យាករ​ថា​នឹងមាន​កំណើន​ ៣០ ​ភាគរយ​។ ប៉ុន្តែ​ដោយសា​វិបត្តិ​ជំងឺ​កូវីដ​១៩ យើង​ប្រហែល​ត្រូវ​ដក​ ៣០ ​ភាគរយ [​ឬ​] ដក ៥០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

លោក Tea ថ្លែងថា ប៉ុន្តែ​ទោះ​យ៉ាងណា​យើង​មាន​ទំនុកចិត្ត​ខ្ពស់​ថា ម៉ាក​យីហោ​ទាំងនេះ​នឹងមាន​កំណើន​ឡើងវិញ​កាន់តែ​ខ្លាំង​ជាង​មុន​»​។

លោក Tea បន្ថែម​ថា​៖ «​នេះ​គឺជា​ពេលវេលា​ដ៏ល្អ​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​សកម្មភាព​បន្ទាប់​របស់​យើង ពីព្រោះ​សហគមន៍​ជំនួញ​ទាំងមូល​គឺ​ស្ថិតនៅក្នុង​ទូក​តែមួយ​។ អាជីវកម្ម​លក់រាយ​ជាទូទៅ​នៅលើ​ពិភពលោក សុទ្ធតែ​រង​ផលប៉ះពាល់​។ យើង​នៅ​រក្សា​បុគ្គលិក​របស់​យើង និង​ចាត់វិធានការ​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ​ក៏ដូចជា​សុវត្ថិភាព​របស់​អតិថិជន​របស់​យើង​ផងដែរ​»៕