នៅ​ក្នុង​ទីក្រុង​សៀមរាប​ដែល​ជា​តំបន់​នៃ​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​​និយម​ ផ្សារ ​ហេរីថេក (Heritage) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Metro Lifestyle Development Co. Ltd ដែល​ផ្តល់​ជូន​នូវ​បទពិសោធ​កម្សាន្ត​ថ្មី​ដ៏​អស្ទារ្យ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ​និង​ភ្ញៀវទេសចរ​​ក៏​ដូចជា​អ្នក​ដំណើរ​អន្តរជាតិ​មក​ពី​គ្រប់​ទិសទី​។​

ប្រជាពលរដ្ឋ​ក្នុង​តំបន់ ​ឬ​ក៏​ភ្ញៀវ​ទេសចរ​​អាច​ចូល​ទស្សនា​ផ្សារ ​ហេរីថេក ​(Heritage) ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ខេត្ត​សៀមរាប​បាន​យ៉ាង​ងាយ ស្រួល​​ពី​ព្រោះ​ផ្សារ​ទំនើប​ដ៏​ធំ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​យុទ្ធសាស្ត្រ​ចំ​កណ្តាល​ទីក្រុង​សៀមរាប​​តែ​ម្តង​ គឺ​នៅ​ជិត Pub Street និង Royal Gardens ដែល​ហ៊ុមព័ទ្ធ​ដោយ​ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​ជា​ច្រើន​។​

ចាប់​តាំង​ពី​បើក​ដំណើរការ​ជា​ផ្លូវការ​កាល​ពី ​៨ ​ខែ​មុន​រហូត​មក​ដល់​បច្ចុប្បន្ន​ផ្សារ​ទំនើប​នេះ​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​គ្រប់​រូប​ជា​ពិសេស​យុវវ័យ​ និង​ភ្ញៀវ​ទេសចរ​។​

អាគារ​ផ្សារ​ទំនើប​នេះ​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ដែល​ក្លាយ​ជា​ទី​ចាប់អារម្មណ៍​ពី​សំណាក់​អតិថិជន​គ្រប់​រូប​ព្រម​ទាំង​ភ្ញៀវទេសចរ​បរទេស​ផង​ដែរ​។​ ផ្សារ​ទំនើប​នេះ​មាន​ទំហំ​ធំ​ទូលាយ​ដែល មាន​ហាង​ជា​ច្រើន​បាន​បង្ហាញ​វត្តមាន​របស់​ពួក​គេ​រាប់​ចាប់​ពី​ហាង​កាហ្វេ​អាហារ ​ភេសជ្ជៈ ​សម្លៀកបំពាក់​ និង​ហាង​ប៊្រេនៗ​ទំនើបៗ​ជា​ច្រើន​ទៀត​។​​​ ក្នុង​នាម​ជា​ផ្សារ​ទំនើប​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ផ្សារ​ហេរីថេក (Heritage) ​គឺ​ជា​ទិសដៅ​ដ៏​ពេញ​​និយម​សម្រាប់​ការ​ដើរ​ទិញ​ទំនិញ​ ការ​កម្សាន្ត​ទទួល​ទាន​អាហារ​មើល​កុន​ ឬ​លម្ហែ​កាយ​ជាមួយ​ក្រុម​គ្រួសារ ​ឬ​មិត្តភក្តិ​។​

ហាង​ល្បីៗ​ដែល​កំពុង​បម្រើ​សេវាកម្ម​ដល់​អតិថិជន​មក​ពី​គ្រប់​ទិសទី​នៅ​ផ្សារ​ហេរីថេក (Heritage) ​មាន​ដូច​ជា​ហាង​អាហារ ​និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​ហាង​នំ​ភីស្សា Pizza Company, ហាង​អាហារ​ជប៉ុន ដឹហាស៊ិក ហាង​តែ​គជ់​ទំនើប Koi ហាង​នំ Tous Les Jours ហាង​កាហ្វេ Starbucks ហាង​ការ៉េម Swensen''s និង​ហាង​លក់​ទំនិញ​គ្រប់​ប្រភេទ​ជាច្រើន​ទៀត ​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន ​និង​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ និង​យុវវ័យ​មក​ពី​គ្រប់​ទិសទី​។​

លើស​ពី​នេះ​ទៀត​អតិថិជន​ដែល​មក​ទស្សនា​ និង​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​នេះ​ក៏​អាច​ទទួល​បាន​នូវ​ការ​កម្សាន្ត​ដ៏​រីករាយ​ជាមួយ​រោងកុន Legends Cinema ដ៏​ទំនើប​ដែល​មាន​សាល​ចំនួន ​៥ ​មាន​កៅអី​សម្រាប់​ទស្សនិកជន ទស្សនា​រហូតដល់ ​១ ០០០ ​កៅអី​។​

លោក សុខុម សំអុល ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ផ្សារ​ទំនើប The Heritage Walk បាន​ឲ្យ​ដឹង​ថា​៖ «​ផ្នែក​សំខាន់ៗ​របស់​ផ្សារ​ហេរីថេក (Heritage) គឺ​ហាង​លក់​អាហារ​ភេសជ្ជៈ ​និង​កន្លែង​កម្សាន្ត​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រៅ​ពី​ហាង​អាហារ​ និង​ភេសជ្ជៈ​ក៏​មាន​ហាង​លក់​ទំនិញ​ល្បី​ជា​ច្រើន​ទៀត​ប្រមាណ ​៥០ ​ដែល​ជា​ហាង​លក់​សម្ភារ​ទំនើបៗ​គ្រប់​ប្រភេទ​។ ​គោល​បំណង​របស់​យើង​គឺ ​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​ឲ្យ​បាន​សម្បូរបែប​»​។​

លោក សុខុម សំអុល ប្រធាន​គ្រប់គ្រង​ទូទៅ​ផ្សារ​ទំនើប ហេរីថេក។

លោក ​សំអុល​ បាន​បន្ត​ថា​៖ «​ជាង​នេះ​ទៀត ​ផ្សារ ​ហេរីថេក (Heritage) ​មាន​កន្លែង​ក្មេង​លេង​កម្សាន្ត ​និង​កន្លែង​សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ​។​ទាំង​នេះ ​គឺ​មាន​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នេះ ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ​ និង​អន្តរជាតិ​គ្រួសារ ​និង​ប្រជាពល​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​»​។​

នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​ផ្សារទំនើប​នេះ​នឹង​មាន​ស្កាយបារ៍ ​ផាប់ ​និង​កន្លែង​កម្សាន្ត​ផ្សេង​ទៀត ​ដែល​នឹង​បើក​ដំណើរការ​ចាប់​ពី​ម៉ោង ​១០ ​ព្រឹក ​រហូត ដល់​ម៉ោង ​១០ ​យប់​។​

ក្រៅ​ពី​មាន​ហាង​លក់​ម្ហូប​អាហារ​ភេសជ្ជៈ​ និង​ហាង​លក់​ទំនិញ​គ្រប់​ប្រភេទ​ហើយ​នោះ​លក្ខណ​ពិសេស​មួយ​ទៀត​នៃ​ផ្សារ​ហេរីថេក (Heritage) ​គឺ​ជា​ស្ថាបត្យកម្ម​របស់​វា​ដែល​រួម​បញ្ចូលរ​ចនាប័ទ្ម​​ខ្មែរ ​និង​រចនាប័ទ្ម​ទំនើប ​ដែល​រចនា​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ខ្មែរ Five Arc ធ្វើ​ឲ្យ​ផ្សារ​ទំនើប​មួយ​នេះ​មើល​ទៅ​កាន់​តែ​ទំនើប​ទាន់​សម័យ ​និង​ល្អ​ឥត​ខ្ចោះ​ជា​ពិសេស​ការ​រចនា​ផ្ទៃ​ខាង​ក្នុង​មាន​ភាព​ធំ​ទូលាយ ​និង​ទាន់​សម័យ​។​

អគារ​ផ្សារ ហេរីថេក ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​ភាព​ប្រណីត។

ផ្សារ​ទំនើប​នេះ​មាន​​ទំហំ​ចំនួន ​៨ ០០០ ​​ម៉ែត្រការ៉េ ​បំពាក់​ដោយ​សម្ភារ​ទំនើប​ពាក់​កណ្តាល ​នៃ​ផ្ទៃ​អគារ​មាន​ដើម​ឈើ​ដ៏​ខៀវ​ស្រងាត់ ​និង​ការ​តុបតែង​មាន​ភាព​ប្រណីត​ដែល​បង្កើត​បាន​បរិយាកាស​ធម្មជាតិ​មួយ​ដ៏​ស្រស់​បំព្រង​។​

ផ្សារ ​ហេរីថេក (Heritage) បាន​បន្ថែម​នូវ​ជម្រើស​កន្លែង​កម្សាន្ត​ដ៏​សម្បូរ​បែប​នៅ​ក្នុង​ក្រុង​សៀមរាប ​ដែល​ពី​មុន​មាន​តែ​តំបន់​ផាប់​ស្ទ្រីត​ និង​សណ្ឋាគារ​ប៉ុណ្ណោះ ​សម្រាប់​ផ្តល់​ជូន​ភ្ញៀវទេសចរ​មក​ពី​ជុំវិញ​ពិភព​លោក​។​

ខេត្ត​សៀមរាប ​គឺ​ជា​តំបន់​គោល​ដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​ពី​ភ្ញៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភព​លោក​ដែល មាន​ប្រាង្គ​ប្រាសាទ​ដ៏​ល្បីល្បាញ​ជា ពិសេស​ប្រាសាទ​អង្គរវត្ត​។ ផ្សារ​ហេរីថេក (Heritage) ​គឺ​ជា​ផលិតផល​ទេសចរណ៍​កំពុង​ទាក់ទាញ​ខ្លាំង​នៅ​ក្នុង​ខេត្ត​សៀមរាប​ដ៏​មាន​សក្តានុពល ហើយ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​បន្ថែម​ភាព​សប្បាយ​រីករាយ​ និង​ជម្រើស​កាន់​តែ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ​និង​ភ្ញៀវទេសចរ​មក​ពី​គ្រប់​ទិសទី​៕