អាហារ​ដែល​ធ្លាប់តែ​សម្រាប់​អ្នកមាន​ស្តុកស្តម្ភ​នៅ​បរទេស ពេលនេះ​មាន​ការពេញនិយម​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​វ័យក្មេង​ដែលមាន​ជីវភាព​ធូរធារ​។ គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៤ ​មក​ការនាំចូល​ពងត្រី កាវីយ៉ា (caviar) បាន​កើនឡើង​ ១៧,៨ ​ភាគរយ​ដែល​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​តម្រូវការ​អាហារ​គុណភាព​ខ្ពស់ ហើយ​វា​ក៏​បង្ហាញ​ផងដែរ​ពី​ការកើនឡើង​អ្នកមាន​ជីវភាព​ធូរធារ​របស់​ប្រជាជន​កម្ពុជា​ជំនាន់​ថ្មី​។

លោក Bernard Matter អគ្គនាយក​ក្រុមហ៊ុន Caviar and Traditions Caviar បាន​ឲ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ដឹងថា ភាគច្រើន​នៃ​អតិថិជន​របស់​លោក​គឺជា​កូនចៅ​នៅក្នុង​គ្រួសារ​ធូរធារ​ដែល​តែង​ស្វែងរក​អាហារ​មាន​រសជាតិ​ពិសេស​នៅពេល​ធ្វើដំណើរ​កម្សាន្ត​ ឬ​ទៅ​សិក្សា​នៅ​បរទេស​។

នៅ​ក្រោម​ក្រុមហ៊ុន Asia Gourmet (Cambodia) Co Ltd ក្រុមហ៊ុន Caviar & Tradition បាន​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៧ និង​ក្លាយជា​ក្រុមហ៊ុន​ចែកចាយ ពងត្រី​ម៉ាក Comptoir du Caviar ផ្តាច់មុខ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ចែកចាយ​ស្រា​សំប៉ាញ Bollinger ផ្តាច់មុខ​នៅក្នុង​ប្រទេស​កម្ពុជា​។

អតិថិជន​របស់ Caviar & Traditions សុទ្ធតែ​បាន​ទទួល​ស្គាល់​ពី​កេរ្តិ៍ឈ្មោះ​ដ៏ល្បីល្បាញ​នៃ​ពងត្រី​ម៉ាក Comptoir du Caviar នេះ​បើ​យោងតាម​លោក Matter ។

លោក Bernard Matter (​ឆ្វេង​) ​និង​លោក Gregoire Serrell​។

ដូច្នេះ​នៅពេល​ដែល​ក្រុមហ៊ុន Caviar & Traditions ចាប់ផ្តើម​នាំ​ផលិតផល​ដែលមាន​ប្រភព​ពិតប្រាកដ​មកពី​ទីក្រុង​ប៉ារីស វា​ទទួល​បាន​ការគាំទ្រ​យ៉ាង​ឆាប់រហ័ស​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ដែល​មាន​ជីវភាព​ធូរធារ​។

លោក Matter បាន​សង្កត់ធ្ងន់​ថា​៖ «​នៅពេល​យើង​ចាប់ផ្តើម​អាជីវកម្ម​ដំបូង យើង​ត្រូវតែ​អត់ធ្មត់ ពីព្រោះ​យើង​ពិតជា​បាន​ចាប់ផ្តើម​ពី​ចំណុចសូន្យ​។ បញ្ហា​ប្រឈម​ចម្បង​គឺ​មិនមែន​ថា ប្រជាជន​មិន​ស្គាល់​អំពី​ពងត្រីកាវីយ៉ា​នោះទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ការធ្វើ​ទីផ្សារ​ផលិតផល​ឲ្យ​បាន​ត្រឹមត្រូវ​ទៅដល់​អតិថិជន​។

ការកុម្ម៉ង់​យកទៅ​តាម​គេហដ្ឋាន​មាន​ប្រហែល​ ៧០ ​ភាគរយ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន Caviar & Traditions ដូច្នេះ​ក្រុមហ៊ុន​តែងតែ​បណ្តុះបណ្តាល​បុគ្គលិក​ឲ្យ​ចេះ​ពី​របៀប​រៀបចំ​មុខម្ហូប​ដ៏ពិសេស​នេះ​។

ក្រុមហ៊ុន​ទទួល​បាន​កំណើន​ប្រមាណ​ ៤០ ​ភាគរយ​ក្នុង​អាជីវកម្ម​កាលពី​ឆ្នាំមុន ដែល​ភាគច្រើន​ដោយសារ​តែ​ការច្នៃប្រឌិត​ថ្មី​នៃ​គំរូ​ចែកចាយ និង​ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​ក៏​ដូចជា​ការដឹកជញ្ជូន​ទំនិញ​ទៅ​ដល់​អតិថិជន​ជាដើម​។

ខណៈ​ក្រុមហ៊ុន Caviar & Traditions សម្លឹង​ទៅរក​ការបន្ថែម​ស្រា​សំប៉ាញ​ទៅក្នុង​បញ្ជី​ជាមួយ​នឹង​ជម្រើស​បន្ថែម​លោក Matter បាន​សង្កត់ធ្ងន់​ថា ការផ្តោត​ចម្បង​របស់​លោក​គឺ​ផ្តល់ជូន​នូវ​អ្វីដែល​ពិសេស​សម្រាប់​អតិថិជន​របស់លោក​។

លោក Matter លើកឡើង​ថា​៖ «​អ្វីៗ​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ហើយ​ប្រទេស​កម្ពុជា​មិន​ដូច​កាលពី​មុន​ទេ​។ ជា​រៀងរាល់​ថ្ងៃ រសជាតិ​កាន់តែ​ពិសេស ហើយ​អតិថិជន​របស់​យើង​មាន​ការយល់ដឹង​កាន់តែ​ច្រើនឡើងៗ​»​។

កំប៉ុង​ពងត្រី​កាវីយ៉ា​របស់​ត្រី beluga ។

ក្រុមហ៊ុន​ក៏​ផ្តល់ជូន​នូវ​ផលិតផល​ជាច្រើន​ប្រភេទ​ដើម្បី​បង្កើន​បទពិសោធ​ខាង​ផ្នែក​អាហារ​ក្នុង​នោះ​ក៏មាន​បារី​គុយបា ចាន​ដាក់​ពងត្រី​កាវីយ៉ា ស្លាបព្រា​ពិសេស​សម្រាប់​ទទួលទាន​ពងត្រី​កាវីយ៉ា​ជាដើម​។

ពងត្រី​កាវីយ៉ា​មាន​តម្លៃ​ថ្លៃ​ដោយសារ​តែ​វា​ជា​ពងត្រី​កម្រ ហើយ​មនុស្ស​ជាច្រើន​ចាត់ទុក​វា​ជា​អាហារ​ប្រណីត​នៅលើ​ពិភពលោក​។

វា​មាន​តម្លៃ​ចាប់ពី​ ៣៥ ​ដុល្លារ​សម្រាប់​ពងត្រី​កាវីយ៉ា​របស់​ត្រី baerii ២០ ​ក្រាម មាន​ប្រភព​មកពី​ប្រទេស​ប៉ូឡូញ​រហូត​ដល់​ ៣៨៩ ​ដុល្លារ​សម្រាប់​ពងត្រី កាវីយ៉ា របស់​ត្រី beluga ដ៏ល្បីល្បាញ​មកពី​ប្រទេស​អ៊ីរ៉ង់​។

ក្រុមហ៊ុន Caviar & Traditions កំពុង​សម្លឹងមើល​ការលក់​ស្រា​សំប៉ាញ Bollinger ឲ្យ​បាន​រហូត​ដល់​ ១៥០០ ​ដប​នៅក្នុង​ឆ្នាំនេះ​។ ស្តាប់​ទៅ​ដូចជា​ចំនួន​តិចតួច ប៉ុន្តែ​បើ​ផ្អែកលើ​ការផលិត​មាន​ចំនួន​កំណត់ ដូច្នេះ​វា​មិនមែន​ជា​ចំនួន​តិច​នោះទេ​។

«​ស្រា​សំប៉ាញ Bollinger កម្រិត​ផលិតកម្ម​របស់​ខ្លួន​យ៉ាងខ្លាំង​ដើម្បី​ធានា​បាន​នូវ​គុណភាព​ដែល​ត្រូវ​ផលិត​យ៉ាងតិច​ ៨៥ ​ភាគរយ​ពី​ផ្លែ​ទំពាំងបាយជូរ​គុណភាព​ខ្ពស់ និង​ទំពាំងបាយជូរ​គុណភាព​ខ្ពស់បំផុត​»​។

លោក Matter បាន​បន្តថា​៖ «​មានរឿង​មួយចំនួន​នៅក្នុង​ជីវិត​ដែល​នាំ​អ្នក​ចេញពី​ពេលវេលា និង​ការពិត ហើយ​នាំ​អ្នក​ទៅកាន់​កន្លែង​ដ៏រីករាយ​បំផុត ហើយ​មួយ​ក្នុង​ចំណោម​នោះ​គឺ​ស្រា​សំប៉ាញ និង​ពងត្រី​កាវីយ៉ា​»៕