នៅក្នុង​សប្តាហ៍​នេះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្នែក Post Focus ផ្តោត​លើ​ក្រុមហ៊ុន​ខ្មែរ​ចំនួន​ ៣ ​ដែល​នឹង​បង្ហាញ​ខ្លួន​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ផលិតផល និង​ម្ហូបអាហារ​ខ្មែរ (KCFF) នៅ​ថ្ងៃ​សៅរ៍ ទី​ ២៣ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ​ស្អែក​នេះ​។ កម្មវិធី KCFF នេះ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់ ស្នាដៃ សិល្បៈ សិប្បកម្ម ម្ហូបអាហារ និង​អាជីវកម្ម​ខ្នាតតូច​ដែល​ជា​សហគ្រាស​ ឬ​ក្រុមហ៊ុន​ក្នុង​ស្រុក ជាពិសេស​គឺ​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ និង​ផលិតផល​ផ្សេងៗ​ដែល​ផលិត​ដោយ​កូន​ខ្មែរ និង​ជា​ស្នាដៃ​សិល្បៈ​ដើម ជាពិសេស​គឺ​ម្ហូបអាហារ​។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ពេញ​ ១ ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​សៅរ៍​ទី​ ២៣ ខែ​កុម្ភៈ​លើ​ផ្លូវ​លេខ​ ៣៣០ នៅ​ជិត​សារមន្ទីរ​ទួលស្លែង ក្រុង​ភ្នំពេញ​។ ពិធី​នេះ​ត្រូវ​បាន​បង្កើតឡើង​នឹង​រៀបចំ​ដោយ​អង្គការ NOMI network និង​អង្គការ Villageworks ។
សមាគម​រចនា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៩៥ ដោយ​អង្គការ​មួយ​ដែល​ធ្វើ​សកម្មភាព​ជួយ​ដល់​ប្រជាជន​ខ្មែរ​ដែល​ភៀស​ខ្លួន​នៅ​ជំរំ​ក្នុង​ទឹកដី​ថៃ​ដើម្បី​ឲ្យ​ពួកគេ​អាច​ស្វែងរក​ប្រាក់ចំណូល​បន្ថែម​។ រហូត​ដល់​ឆ្នាំ​ ២០០២ ​ក៏​បាន​ក្លាយ​ជា​សហគ្រិន​សង្គម​មួយ​ជា​សមាគម​ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ ជា​សមាគម​ឯករាជ្យ​ស្វែងរក​ប្រាក់​ចំណូល​ទ្រទ្រង់​សមាគម​ដោយ​ខ្លួនឯង​។ លោកស្រី​ ញ៉ុក និមល ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​សមាគម​រចនា​បាន​ឲ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ដឹង​ថា​៖ «​សមាគម​រចនា​បាន​ប្រើប្រាស់​សម្បក​គ្រាប់​កាំភ្លើង​យក​ទៅ​កែច្នៃ​ធ្វើ​ជា​គ្រឿងអលង្ការ​។ ដោយ​សម័យ​សង្គ្រាម​បាន​បន្សល់​ទុក​នូវ​សំណល់​គ្រាប់​កាំភ្លើង​ជាច្រើន​ដូច្នេះ​ហើយ​ទើប​សមាគម​រចនា​ចង់​ផ្លាស់ប្តូរ​សម្បក​គ្រាប់កាំភ្លើង​ទាំង​នោះ​ទៅ​ធ្វើ​គ្រឿងអលង្ការ​ ឬ​វត្ថុ​ដែល​មាន​តម្លៃ​សម្រាប់​ជា​ការរំឭក​ពី​អតីតកាល​។ ​ការ​រំឭក​នេះ​គឺ​ដោយសារ​តែ​យើង​មិន​ចង់​មាន​សង្គ្រាម យើង​ចង់​បាន​សន្តិភាព យើង​ស្រឡាញ់​សន្តិភាព​។ ក្រៅពី​ផលិត​គ្រឿង​អលង្ការ​ដ៏ល្អ​ប្រណីត​ហើយ សមាគម​រចនា​ក៏​មាន​ផលិត​ក្រមា និង​គ្រឿង​ស្មួន​ផ្សេង​ធ្វើ​ពី​ដីឥដ្ឋ​ផង​ដែរ​ដូចជា​ពែង ចាន ឬ វត្ថុ​ផ្សេងៗ​តាម​ការចង់បាន​របស់​អតិថិជន​។ បច្ចុប្បន្ន​សមាគម​រចនា​មាន​បុគ្គលិក​ចំនួន​ ២២ ​នាក់​។ បុគ្គលិក​ភាគច្រើន​គឺជា​ជនពិការ​ដែល​ត្រូវការ​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ពួកគេ​។ លោកស្រី​ និមល បន្ថែម​ថា​៖ «​យើង​ក៏​បាន​ជួយ​បណ្តុះបណ្តាល​ប្រជាសហគមន៍​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ដើម្បី​ជួយ​ចេញ​ម៉ូដ​ឲ្យ​ពួកគាត់​សម្រាប់​តម្រូវការ​ទីផ្សារ​។ នៅ​រាជធានី​ភ្នំពេញ​សមាគម​រចនា មាន​ទីតាំង​ចំនួន​ ២ ​កន្លែង ទី​ ១ នៅ​ទួលទំពូង ខណ្ឌ​ចំការមន និង​ ១ ​កន្លែង​ទៀត​ស្ថិត​នៅ​ផ្លូវ ២៤០ ក្នុង​ខណ្ឌ​ដូនពេញ ហើយ​នៅ​ក្រុង​សៀមរាប​ក៏​មាន​ហាង​ ១ ​កន្លែង​ដែរ​។ ផលិតផល​របស់​សមាគម​ក៏​មាន​តម្រូវការ​ខ្ពស់​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​ដូចជា​នៅ​សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​បណ្តា​ដទៃ​ទៀត​នៅក្នុង​ទ្វីប​អឺរ៉ុប​។ បុគ្គលិក​របស់​សមាគម​រចនា​នៅ​រង់ចាំ​ទទួល​ស្វាគមន៍​អតិថិជន​ទាំងអស់​ដោយ​ក្តី​រីករាយ​បំផុត​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ផលិតផល​នឹង​ម្ហូបអាហារ​ខ្មែរ (KCFF) ៕
សិប្បកម្ម​ឈ្លាសវៃ​ផលិត​កាបូប​ប្រើប្រាស់​គ្រប់​ប្រភេទ​ដែល​កែច្នៃ​ពី​ពោះវៀន​រថយន្ត កែបម៉ូតូ​ និង​សម្បក​បាវ​ស៊ីម៉ងត៍​ចាស់ៗ​ដែល​ជា​ផលិតផល​កែច្នៃ​នៅក្នុង​ស្រុក​។ លោក ឡាវ ចំរើន ស្ថាបនិក​សិប្បកម្ម​ឈ្លាសវៃ​បាន​ពន្យល់​ពី​តួនាទី​របស់​លោក​នៅក្នុង​សិប្បកម្ម​ឈ្លាសវៃ​ថា​៖ «​ខ្ញុំ​គឺជា​ស្ថាបនិក និង​ជា​អ្នកគ្រប់គ្រង​សិប្បកម្ម​នេះ​ផ្ទាល់​តែ​ម្តង លើស​ពី​នេះ​ទៀត​ខ្ញុំ​ក៏​ជា​អ្នក​រចនា​ម៉ូដ និង​ជា​អ្នក​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​ផង​ដែរ​»​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ចាប់ផ្តើម​អាជីវកម្ម​មួយ​នេះ​ដោយ​ខ្លួនឯង​ ធ្វើការ​តែ​ម្នាក់ឯង​អស់​រយៈពេល​ប្រហែល​ ១ ​ឆ្នាំ បន្ទាប់​មក​ក៏​បើក​សិប្បកម្ម​នេះ​ឡើង​ក្នុង​ឆ្នាំ​ ២០១២​។ ខ្ញុំ​ចង់​ស្វែងរក​វត្ថុធាតុ​ដើម​ ឬ​សម្ភារ​ចាស់ៗ​ដែល​គេ​បោះបង់​ចោល​យក​មក​កែច្នៃ​ជា​វត្ថុ​មាន​តម្លៃ​ផ្សេងៗ​ជាពិសេស​គឺ​ការច្នៃ​ជា​កាបូប​គ្រប់​ប្រភេទ​»​។ «​ផលិតផល​ដែល​សិប្បកម្ម​ឈ្លាសវៃ​កែច្នៃ​ឡើង​គឺ​សុទ្ធសឹង​កែច្នៃ​ពី​វត្ថុ​ចាស់ៗ​។ កាបូប​គ្រប់​ប្រភេទ​យើង​បាន​កែច្នៃ​ចេញ​ពី​ពោះវៀន​រថយន្ត កែបម៉ូតូ និង​សម្បក​ស៊ីម៉ងត៍​ចាស់ៗ​ដែល​មាន ដូចជា កាបូប ស្ពាយ កាបូប​យួរដៃ កាបូប​ដាក់​លុយ​សម្រាប់​បុរស ស្ត្រី​»​។ លោក​ ចំរើន ​ថ្លែង​ថា​៖ «​ខ្ញុំ​ជួយ​ជនពិការ​ដែល​ជា​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន ជាពិសេស​ប្រជាជន​ក្រីក្រ​នៅ​តាម​ជនបទ យើង​ផ្តល់​ការបណ្តុះ​បណ្តាល​ដល់​ពួកគាត់ និង​ទីតាំង​លក់​ផលិតផល​។ ជា​ការពិត​ណាស់ សហគមន៍​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ តាមរយៈ​ការកែច្នៃ​កាកសំណល់​នៅ​ក្នុង​សហគមន៍​ដែល​វា​បាន​ជួយ​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​ជួយ​ធ្វើឲ្យ​បរិស្ថាន​ស្អាត​បាន​មួយ​កម្រិត​»​។ អតិថិជន​អាច​រក​ទិញ​ផលិតផល​របស់​សិប្បកម្ម​ឈ្លាសវៃ​បាន​នៅ​តាម​ហាង​នានា​ក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ឬ​ក៏​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេសប៊ុក​របស់​សិប្បកម្ម​ដើម្បី​ធ្វើការ​បញ្ជាទិញ​ផ្ទាល់​តែ​ម្តង​។ លោក​ ចំរើន បាន​បន្ថែម​ទៀត​ថា​៖ «​សិប្បកម្ម​ឈ្លាសវៃ​មាន​អតិថិជន​មកពី​គ្រប់​មជ្ឈដ្ឋាន​។ លើស​ពី​នេះ​ទៀត​អតិថិជន​ក៏​អាច​រក​ទិញ​ផលិតផល​របស់​សិប្បកម្ម​ឈ្លាសវៃ​បាន​នៅក្នុង​កម្មវិធី KCFF ដើម្បី​ជា​ការគាំទ្រ​ដល់​ផលិតផល​ដែល​ធ្វើ​ដោយ​ដៃ​ពី​សិប្បករ​ខ្មែរ​ក៏ដូចជា​ដើម្បី​រួម​ចំណែក​ដល់​ការជួយ​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​ជួយ​លើក​កម្ពស់​ជីវភាព​ជនពិការ​»៕
ហាង​លក់​សម្លៀកបំពាក់ CARINO ជា​ហាង​លក់​សម្លៀកបំពាក់​ដែល​ច្នៃ​ម៉ូដ​ដោយ​កូន​ខ្មែរ និង​មាន​ការច្នៃប្រឌិត​ខ្ពស់ ពិសេស​គឺ​លោកស្រី​ ទឹម លក្ខិណា ដែល​ជា​ប្រធាន​គ្រប់គ្រង​ផលិតកម្ម​ និង​ជា​ប្រធាន​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ម៉ាក CARINO នេះ​ផ្ទាល់​តែ​ម្តង​។ លោកស្រី​ លក្ខិណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​អ្វី​ដែល​ធ្វើឱ្យ​សម្លៀក​​បំពាក់​ម៉ាក​នេះ​ខុស​ប្លែក​ពី​សម្លៀកបំពាក់​ដទៃ​គឺ​ដោយសារ​តែ​វា​ត្រូវ​​បាន​ច្នៃ​ម៉ូដ​ដោយ​ជាង​ច្នៃ​ម៉ូដ​ខ្មែរ​ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​។ លោកស្រី​បាន​បន្ថែម​ថា​៖ «​ចំណុច​ទី​ ១ ​ដែល​ធ្វើឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​បើក​អាជីវកម្ម​មួយ​នេះ​គឺ​ដោយសារ​តែ​ខ្ញុំ​មាន​ទេពកោសល្យ​នៅក្នុង​ការច្នៃ​ម៉ូដ​។ ចំណុច​ទី​ ២ ​គឺ​ដោយសារ​តែ​នៅក្នុង​ប្រទេស​កម្ពុជា​មិន​សូវ​មាន​អ្នក​ច្នៃ​ម៉ូដ​ច្រើន ដូច្នេះ​វា​ជា​ឱកាស​សម្រាប់​ខ្ញុំ​ដើម្បី​ចាប់ផ្ដើម​បើក​ហាង​លក់​សម្លៀកបំពាក់​ម៉ាក CARINO នេះ​ឡើង​។ កង្វះ​ការច្នៃ​ម៉ូដ​សម្លៀកបំពាក់​នៅ​លើ​ទីផ្សារ​នេះ​ហើយ​ទើប​ផ្តល់​ឱកាស​ដ៏ច្រើន​ដល់​ហាង CARINO ក្នុង​ការច្នៃ​ម៉ូដ​សម្លៀកបំពាក់​ដ៏ស្រស់ស្អាត​ប្រកប​ដោយ​គុណភាព និង​សោភណភាព​ខ្ពស់​សម្រាប់​អតិថិជន​»​។ លើស​ពី​នេះ​ទៀត​អាជីវកម្ម​មួយ​នេះ​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ហើយ​អតិថិជន​ក៏​ពួកគាត់​ទទួល​បាន​នូវ​ម៉ូដ​សម្លៀកបំពាក់​ដ៏ស្រស់ស្អាត និង​ល្អ​ប្រណីត​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ​។ លោកស្រី​បន្ថែម​ថា​៖ «​ជាទូទៅ​ប្រជាពលរដ្ឋ​តែងតែ​ទិញ​សម្លៀកបំពាក់​ដែល​ជា​ផលិតផល​សម្រេច​នាំចូល​ពី​ក្រៅ​ប្រទេស​ដែល​ពិបាក​តម្រូវ​តាម​រូបរាង​របស់​ពួកគាត់ ដូច្នេះ​ហើយ​ទើប​ហាង CARINO ជួយ​ពួក​គាត់​បាន​តាមរយៈ​ការច្នៃ​ម៉ូដ​ដ៏ស្រស់ស្អាត​តម្រូវ​តាម​រូបរាង​របស់​អតិថិជន​គ្រប់រូប​ជាមួយ​នឹង​តម្លៃ​សមរម្យ​»​។ ម្យ៉ាង​វិញ​ទៀត​ហាង​លក់​សម្លៀកបំពាក់ CARINO ក៏​កំពុង​ជួយ​ដល់​សហគមន៍​មូលដ្ឋាន​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ ជាពិសេស​សម្រាប់​ស្ត្រី​ និង​ស្ត្រី​មេម៉ាយ​តាមរយៈ​ការប្រើប្រាស់​ជំនាញ​កាត់ដេរ​របស់​ពួកគាត់​។ ហាង​លក់​សម្លៀកបំពាក់ CARINO ក៏​នឹង​ចូលរួម​ដាក់​តាំង​បង្ហាញ​លក់​ផលិតផល​របស់​ខ្លួន​នៅក្នុង​កម្មវិធី KCFF នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ដែរ ប៉ុន្តែ​បើ​អតិថិជន​មិន​បាន​ទៅ​ចូលរួម​ទេ អតិថិជន​ក៏​អាច​ទៅ​ដល់​ហាង ដើម្បី​មើល​ម៉ូដ​សម្លៀកបំពាក់​ស្អាតៗ និង​គួរ​ឲ្យ​ទាក់ទាញ​ដោយ​ផ្ទាល់​បាន​។ ហាង​លក់​សម្លៀកបំពាក់​ CARINO មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ព្រះ​នរោត្តម ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​៕