សិស្ស និស្សិត និងអាណាព្យាបាលជាង ២០០០ នាក់ត្រូវបានរំពឹងថានឹងចូលរួមក្នុងកម្មវិធីពិព័រណ៍ការសិក្សា និងការងារប្រចាំឆ្នាំដែលរៀបចំឡើងដោយស្ថាប័នអប់រំ IDP Education នៅថ្ងៃសៅរ៍ស្អែកនេះនៅក្នុងសណ្ឋាគារឈានមុខមួយក្នុងរាជធានីភ្នំពេញ។
IDP ជាស្ថាប័នអប់រំធំជាងគេលើពិភពលោកក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេសដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីបានរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើង ដើម្បីលើកកម្ពស់ការសិក្សាប្រកបដោយគុណភាពសម្រាប់សិស្សនិស្សិត កម្ពុជាដែលចង់បន្តការសិក្សានៅបរទេស ដូច្នេះតាមរយៈពិព័រណ៍នេះវាគឺជាឱកាសទទួលបានព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សានានា។
លោក ឈាង វ៉ាន់តាក់ អ្នកគ្រប់គ្រងផ្នែកបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេសរបស់ស្ថាប័ន IDP Education (Cambodia) បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ការធ្វើការសម្រេចចិត្តខុសក្នុងការសិក្សាធ្វើឲ្យខាតបង់ពេលវេលា និងថវិកាជាច្រើន ដូច្នេះយើងខ្ញុំសូមលើកទឹកចិត្តឲ្យសិស្ស និស្សិត និងអាណាព្យាបាលមកចូលរួម ពិព័រណ៍ការសិក្សា និងការងារដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់មុនធ្វើការសម្រេចចិត្ត។ អ្នកប្រឹក្សាយើងខ្ញុំនឹងណែនាំសិស្ស និស្សិត ទាក់ទងនឹងជម្រើសសិក្សាដែលសមស្របទៅនឹងតម្រូវការ និងបំណងទៅថ្ងៃអនាគតរបស់បុគ្គលរៀងៗខ្លួន»។
ពិព័រណ៍នេះនឹងបង្ហាញពីជម្រើសសិក្សាស្តង់ដាពិភពលោកចាប់ពីកម្រិតវិទ្យាល័យរហូតដល់កម្រិតបច្ចេកទេស និងឧត្តមសិក្សា។ ពិព័រណ៍ការសិក្សានិងការងារដ៏ធំនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី ២៦ ខែតុលា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៤ ល្ងាចនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ កម្មវិធីនេះត្រូវបានបើកសម្រាប់ឱ្យសាធារណជនចូលរួមដោយឥតគិតថ្លៃ។
លើសពីនេះទៀត សិស្ស និស្សិត និងអាណាព្យាបាលទទួលបានព័ត៌មានពីកម្មវិធីសិក្សា ការណែនាំ និងជំនួយនៅក្នុងការរៀបចំឯកសារទាក់ទងទៅនឹងការដាក់ពាក្យចូលរៀន ដំណើការសុំទិដ្ឋាការ និងការដាក់អាហារូបករណ៍ពីសំណាក់ស្ថាប័នសិក្សានានា។
ក្នុងនោះមានស្ថាប័នសិក្សាប្រមាណជាង ៧០ ស្ថាប័នមកពីជុំវិញពិភពលោក រួមមានប្រទេសអូស្ត្រាលី កម្ពុជា កាណាដា អៀរឡង់ នូវែលសេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សិង្ហបុរី និងប្រទេសថៃ។
សិស្ស និស្សិត និងអាណាព្យាបាលក៏អាចចូលរួមក្នុងកិច្ចពិភាក្សា និងស្តាប់ការធ្វើបទបង្ហាញពីអ្នកជំនាញអតីតនិស្សិតមកពីបរទេស តំណាងអាហារូបករណ៍ និងតំណាងមកពីស្ថានទូត និងសង្គមស៊ីវិលផ្តោតលើប្រធានបទដែលផ្តល់នូវចំណេះដឹងដ៏ទូលំទូលាយស្តីអំពីការអភិវឌ្ឍជំនាញ គោលដៅសម្រាប់ការងារ និងជម្រើសសិក្សាអន្តរជាតិ ដែលជួយដល់សិស្ស និស្សិត និងអាណាព្យាបាលក្នុងការរៀបចំគម្រោងសិក្សាទៅថ្ងៃអនាគតឲ្យបានល្អប្រសើរ។
ស្ថាប័ន IDP Education មានការិយាល័យជាង ១០០ នៅក្នុង ៣០ ប្រទេសជុំវិញពិភពលោក។ នៅប្រទេសកម្ពុជាការិយាល័យផ្តល់សេវាកម្មបញ្ជូនសិស្ស និស្សិតទៅរៀននៅបរទេសរបស់ស្ថាប័ន IDP មានទីតាំងនៅគ្រប់សាខាទាំង ៥ របស់សាលា ACE (Australian Centre for Education) ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការប្រឹក្សា និងការបំពេញទម្រង់បែបបទសិក្សាត្រូវបានផ្តល់ជូនដោយស្ថាប័ន IDP ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា ស្ថាប័ន IDP Education បង្កើតឡើងដោយសាកលវិទ្យាល័យអូស្ត្រាលីចំនួន ៣៨ និងជាស្ថាប័នធំជាងគេលើពិភពលោកក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេស៕