ពិព័រណ៍​វិស័យ​សំណង់​ និង​អគារ Cambuild''19 លើក​ទី​៩ នេះ គឺ​ជា​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​ និង​អគារ​ខ្នាត​អន្តរជាតិ​ធំ​ជាង​គេ​បំផុត​ នៅ​កម្ពុជា ដែល​វា​គឺ​ជា​សក្ខីភាព​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ថា ​វិស័យ​សំណង់​នៅ​កម្ពុជា​នៅ​តែ​ជា​ទីផ្សារ​ដ៏​ទាក់ទាញ​សម្រាប់​វិនិយោគិន​ទាំង​ក្នុង​ស្រុក​ និង​បរទេស​។​

មាន​ក្រុមហ៊ុន​ជាង ៥០០ ក្រុមហ៊ុន និង​ម៉ាក​សញ្ញា​មក​ពី ​២៨ ប្រទេស​នឹង​មក​បង្ហាញ​ផលិតផល សេវា និង​ដំណោះស្រាយ​ថ្មី​បំផុត​របស់​ពួក​គេ សម្រាប់​វិស័យ​សំណង់​ក្នុង​ប្រទេស ​កម្ពុជា ​ដែល​កំពុង​រីក​ចម្រើន​ខ្លាំង​។

លោក Andrew Siow ប្រធាន​ក្រុមហ៊ុន AMB Tarsus ដែល​ជា​អ្នក​រៀបចំ​ការ​តាំង​ពិព័រណ៍​នេះ​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​វិស័យ​សំណង់​បាន​ចូលរួម​ចំណែក​មួយ​យ៉ាង​សំខាន់​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ​កម្ពុជា ហើយ​យើង​មើល​ឃើញ​ថា​វិស័យ​នេះ​នឹង​បន្ត​រីក​ចម្រើន​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ជា​ពិសេស​​វា​ក៏​បាន​ផ្តល់​ឱកាស​ការងារ​កាន់​តែ​ច្រើន​ដល់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ទីក្រុង​ផង​ដែរ​»​។

ព្រឹត្តិការណ៍​រយៈពេល ​៣ ​ថ្ងៃ​នេះ ត្រូវ​បាន​រំពឹង​ថា ​នឹង​អាច​ទាក់ទាញ​អ្នក​ជំនាញ​ការ​ក្នុង​ឧស្សាហកម្ម​សំណង់​បាន​ជាង​ ៨ ០០០ នាក់​មក​ពី​ទូទាំង​ប្រទេស​រួមមាន​ស្ថាបត្យករ អ្នក​រចនា អ្នក​អភិវឌ្ឍន៍ វិស្វករ​ផ្នែក​មេកានិច ​និង​អេឡិចត្រូនិក អ្នក​ម៉ៅការ អ្នក​ផ្គត់ផ្គង់ និង​អ្នក​ចែកចាយ​។

ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងចំពេលដែលវិស័យសំណង់កំពុងរីកលូតលាស់ ។

ផលិតផល​ជា​ច្រើន ដែល​មាន​ដូចជា ស៊ីម៉ងត៍ សម្ភារ​សំណង់​គ្រប់​ប្រភេទ ផលិតផល​ធ្វើ​ពី​ឈើ ផលិតផល​អេឡិចត្រូនិក ម៉ាស៊ីន​ត្រជាក់ អំពូល​ភ្លើង​ក៏​ដូចជា​សម្ភារ​ជា​ច្រើន​មុខ​ផ្សេង​ទៀត នឹង​ត្រូវ​យក​មក​ដាក់​បង្ហាញ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និបាត​កោះ​ពេជ្រ ចាប់​ពី​ថ្ងៃទី ​១៨-២០ ខែ​កញ្ញា​។

នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍ Cambuild''19 ដ៏​ធំ​នេះ​ក៏​មាន​ពន្លា​មក​ពី​តំបន់ និង​ប្រទេស​ជា​ច្រើន ដូចជា ចិន ឥណ្ឌា សិង្ហបុរី អ៊ីតាលី ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម។​

វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​កំពុង​មាន​កំណើន​រឹងមាំ ដោយ​ក្នុង​រយៈពេល ​៥ ខែ ​ដំបូង​នៃ​ឆ្នាំ​នេះ បាន​ពង្រីក​វិសាលភាព​ជាង ៦០ ​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង ឆ្នាំ ​២០១៨​។

គេ​សង្កេត​ឃើញ​មាន​អគារ​ខ្ពស់ៗ គម្រោង​អភិវឌ្ឍ​ចម្រុះ អគារ​ពាណិជ្ជកម្ម ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ដូច​ជា​ស្ពាន​ផ្លូវ​ថ្នល់​ជាដើម គឺ​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឱ្យ​ឧស្សាហកម្ម​មួយ​នេះ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស ​កម្ពុជា ដែល​ជា​ប្រទេស​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន​។

ការ​តាំង​ពិព័រណ៍​នេះ​ក៏​កំពុង​ទទួល​បាន​ការ​រីក​ចម្រើន​ផង​ដែរ​ដោយសារ​តែ​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​មាន​ភាព​រឹងមាំ ជា​ពិសេស​​សំណង់​អគារ​ខ្ពស់ៗ​នៅ​ក្នុង​​​រាជធានី​ភ្នំពេញ​កំពុង​ធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ​កាន់​តែ​ស្រស់​ស្អាត​ និង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ឡើង​។

ការតាំងពិព័រណ៍ Cambuild កាលពីឆ្នាំមុនក៏បានទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនផងដែរ ។

«​ពី​មុន​មាន​តែ​អគារ​ទាបៗ ប៉ុន្តែ​បច្ចុប្បន្ន​មាន​អគារ​ខ្ពស់ៗ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​កែ​លម្អ​គុណភាព និង​សុវត្ថិភាព ក៏​ដូចជា​ប្រសិទ្ធភាព​សម្រាប់​ឧស្សាហកម្ម​មួយ​នេះ​»​។

លោក Andrew បាន​បន្ថែម​ថា​៖ «​យើង​មិន​ត្រឹម​តែ​សម្លឹង​មើល​ការ​ផ្គត់ផ្គង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​សម្លឹង​មើល​ទៅ​លើ​បច្ចេកវិទ្យា​ដែល​ធ្វើ​ឲ្យ​អគារ​ទាំង​នោះ​កាន់​តែ​មាន​គុណភាព​ខ្ពស់​ផង​ដែរ​»​។

ជាមួយ​គ្នា​ដែរ ក្រុមហ៊ុន An Cuong ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ​​​ និង​ជា​ក្រុមហ៊ុន​ផ្តត់ផ្គង់​សម្ភារ​ ដេគ័រ​គ្រប់​ប្រភេទ ជា​ពិសេស​ក្តារ​សម្រាប់​ដេគ័រ​ និង​តុបតែង ដែល​ភាគ​ច្រើន​ផ្តោត​លើ​អគារ​ខុនដូ​ និង​គម្រោង​​​អគារ​ការិយាល័យ​បាន​រំពឹងថា​នឹង​មាន​ស្តង់​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន​រហូត​ដល់ ​៨ ​ស្តង់​ឯណោះ នៅ​ក្នុង​ពិធី​តាំងពិព័រណ៍​នេះ​។

លោក សឿង សុធានី ប្រធាន​ការិយាល័យ​តំណាង​របស់​ក្រុមហ៊ុន An Cuong ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា​៖​ «យើង​ចង់​ពង្រីក​ទីផ្សារ​របស់​យើង​នៅ​កម្ពុជា ​ដើម្បី​បង្ហាញ​អតិថិជន​នៅ​កម្ពុជា​ឲ្យ​ស្គាល់​ពី​សក្តានុពល ​និង​ផលិតផល​របស់​ក្រុមហ៊ុន​។ យើង​រំពឹង​ថា​ នឹង​មាន​អតិថិជន​ជា​ច្រើន​មក​ចូលរួម​ក្នុង​ការ​តាំង​​ពិព័រណ៍​ដ៏​ធំ​នេះ ហើយ​នឹង​ទទួល​បាន​អតិថិជន​ជា​បុគ្គល​​ក៏​ដូច​អតិថិជន​ជា​គម្រោង​ខុនដូ​ ឬ​អាផាត​មិន​ជាដើម ជា​ពិសេស​រំពឹង​ថា​និង​មាន​ការ​បញ្ជា​ទិញ​សម្ភារ​របស់​ក្រុមហ៊ុន​ច្រើន បន្ទាប់​ពី​​ការ​តាំង​ពិព័រណ៍​រួច​»​។

លោក​បន្ថែម​ថា​៖ «​ក្រុមហ៊ុន An Cuong ជា​ក្រុមហ៊ុន​ដ៏​ធំ​មាន​បុគ្គលិក​ជាង ​៤ ០០០ ​នាក់ ​នៅ​វៀតណាម ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​ដេគ័រ​គ្រប់​ប្រភេទ​»៕