អាជីព​កាត់សក់​ ២ ​ជំនាន់​ដែល​តពី​ឪពុក​រហូតដល់​កូន កំពុង​ទទួល​បាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅក្នុង​រាជធានី-ភ្នំពេញ ខណៈ​អាជីវកម្ម​គ្រួសារ​ ១ ​នេះ​ត្រូវបាន​កូនប្រុស​នាំយក​មក​បម្រើ​អតិថិជន​នៅក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​នឹង​ជំនាញ​កាត់សក់​ដ៏ប៉ិនប្រសប់ និង​ប្រកប​ដោយ​វិជ្ជាជីវៈ​។

ហាង​កាត់សក់​មីសស្ទ័រ​ង៉ោល​ដែលមាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ ៤៥៦ ក្នុង​សង្កាត់​ទួលទំពូង​ ១ គឺជា​និមិត្តរូប​នៃ​កេរដំណែល​កាត់សក់​តពី​ឪពុក​ដល់​កូន ហើយ​អាជីវកម្ម​ ១ ​នេះ​កំពុង​មាន​ការរីកចម្រើន​ជា​លំដាប់ ដែល​ក៏​ជា​ការរួម​ចំណែក​ដល់​ការរីកចម្រើន​របស់​ប្រទេសជាតិ​ផងដែរ​។

សហគ្រិន​វ័យក្មេង​ដែល​បាន​ជម្នះ​ឧបសគ្គ ពេល​នេះ​កំពុង​បន្ថែម​កម្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា ខណៈ​បច្ចុប្បន្ន​សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​កំណើន​លឿន​បំផុត​មួយ​នៅក្នុង​តំបន់​អាស៊ាន​។ លោក ចាន់ សារឹម អាយុ​ ៣៨ ​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត​ដែល​ជា​ម្ចាស់​ហាង​កាត់សក់​មីសស្ទ័រ​ង៉ោល​គឺជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ពី​ការតស៊ូ​ និង​ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​ក្លាយជា​សហគ្រិន​ ១ ​រូប​ដ៏ជោគជ័យ​។

ដូច​យុវជន​កម្ពុជា​ដទៃទៀត​ដែរ លោក ចាន់ សារឹម បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ក្លាយជា​អ្នក​ប្រកប​អាជីវកម្ម​ឯករាជ្យ​ម្នាក់ ហើយ​ក្តីសុបិន​របស់លោក​បាន​ក្លាយ​ជា​ការពិត ខណៈ​កាលពី​ ៦ ​ឆ្នាំ​មុន​គាត់​គ្រាន់តែ​ជា​ជាង​កាត់សក់​ធម្មតា​ម្នាក់​ដែល​ធ្វើការ​នៅ​ហាង​កាត់សក់​របស់​មិត្តភក្តិ​គាត់​នៅ​ម្តុំ​ទួលទំពូង​ប៉ុណ្ណោះ​។ បន្ទាប់ពី​ទទួល​បាន​បទពិសោធ ជំនាញ​ច្បាស់លាស់ និង​ភាពជឿជាក់​មក លោក​ សារឹម ក៏​សម្រេច​បើកហាង​កាត់សក់​មីសស្ទ័រ​ង៉ោ​ល​នេះ​ឡើង​។

ក្រៅពី​កាត់សក់​ក៏​មាន​សេវា​កក់ និង​លាបថ្នាំ​សក់​គ្រប់​ពណ៌​ផងដែរ​។

លោក​ សារឹម ថ្លែងថា​៖ «​ខ្ញុំ​ទទួល​បាន​ការបំផុស​គំនិត​ពី​អាជីព​របស់​ឪពុក​ខ្ញុំ​មួយ​នេះ​កាលពី​ខ្ញុំ​នៅ​ក្មេង ហើយ​ក៏​ចង់ឃើញ​អាជីវកម្ម​របស់គាត់​នៅ​បន្ត​រីកចម្រើន​។ ដោយ​ចង់​មាន​អាជីវកម្ម​ ១ ​ផ្ទាល់​ខ្លួន​ផង ខ្ញុំ​ក៏​សម្រេចចិត្ត​បើកហាង​កាត់សក់​នេះ​ឡើង​»​។ លោក​ក៏​បាន​ឲ្យ​ដឹងថា លោក​មាន​គម្រោង​បើកហាង​កាត់សក់​លំដាប់​ខ្ពស់​ ១ ​នៅ​ឆ្នាំ​ក្រោយ​។

ហាង​កាត់សក់​ដ៏ល្បីល្បាញ​នេះ​មាន​បុគ្គលិក​ចំនួន​ ៦ ​នាក់​ក្នុង​នោះ​បុគ្គលិក​ប្រុស​ដែល​ជា​ជាងកាត់​សក់​ចំនួន​ ៤ ​នាក់ ហើយ​បុគ្គលិក​ជា​ស្ត្រី​ចំនួន​ ២ ​នាក់ ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការម៉ាស្សា​មុខ កក់សក់ កាត់​ក្រចក និង​លាបថ្នាំ​សក់​ជាដើម​។

ក្រៅពី​មាន​សេវាកម្ម​កាត់សក់ ហាង​កាត់សក់​មីសស្ទ័រង៉ោល ក៏​មាន​សេវាកម្ម​កក់សក់ ព្យាបាល​សក់​សម្រាប់​សក់​ខូច លាប​ពណ៌​សក់ កាត់​ក្រចក​ដៃ ក្រចកជើង សម្អាត​ត្រចៀក ម៉ាស្សា​ផ្ទៃមុខ និង​លាប​ពណ៌​សក់​គ្រប់​ប្រភេទ​ផងដែរ​។

មិន​ខុសពី​អាជីវកម្ម​ផ្សេងទៀត​ទេ ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ ក៏បាន​ជះឥទ្ធិពល​ដល់​អាជីវកម្ម​កាត់សក់​របស់​លោក​ សារឹម ​ផងដែរ​។ ធ្លាប់តែ​ទទួល​បាន​អតិថិជន​ជា​មធ្យម​ ៨០ ​នាក់​ក្នុង​ ១ ​ថ្ងៃ​កាលពី​មុន​ជំងឺ​កូវីដ​១៩​ផ្ទុះឡើង បាន​ធ្លាក់​មក​ត្រឹម​ប្រមាណ​ ៣០ ​នាក់​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ​។

ប៉ុន្តែ​ទោះយ៉ាងណា ចាប់តាំងពី​ចុង​ខែ​មិថុនា​មក អតិថិជន​ចាប់ផ្តើម​កើនឡើង​វិញ​សន្សឹមៗ​គឺ​ទទួល​បាន​អតិថិជន​ប្រមាណ​ពី​ ៥០ ​ទៅ​ ៦០ ​នាក់​ក្នុង​ ១ ​ថ្ងៃ​ដោយ​ភាគច្រើន​ជា​ជនជាតិខ្មែរ ហើយ​អតិថិជន​ដែល​ជា​ជនបរទេស​មាន​ប្រមាណ​ ២០ ​ភាគរយ​។

សម្ភារ និង​កន្រៃ្ត​ច្រើន​ប្រភេទ​សម្រាប់​កាត់សក់​។

«​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​ត្រូវបាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​។ នៅពេល​អតិថិជន​មក​ដល់​យើង​បាញ់​ទឹក​អាល់កុល​លាងដៃ និង​ឲ្យ​ម៉ាស់​ពាក់​។ យើង​ដែល​ជា​ជាងកាត់សក់​គឺ​ត្រូវ​ពាក់​ម៉ាស់ និង​ពាក់​ស្រោមដៃ​។ យើង​រក្សា​អនាម័យ​ខ្ពស់ ហាង​យើង​ត្រូវ​បាន​សម្អាត​ជាប្រចាំ បន្ទាប់ពី​កាត់សក់​រួច​គឺ​យើង​សម្អាត​ភ្លាមៗ​មិន​ទុក​ឲ្យ​មាន​សក់​ជ្រុះ​នៅលើ​ឥដ្ឋ​យូរ​ទេ​»​។ លោក​ សារឹម ថ្លែង​។

«​កាលពី​បើក​ដំបូង​តម្លៃ​កាត់សក់​តែ​ ២ ​ដុល្លារ​ប៉ុណ្ណោះ ហើយ​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​ដំឡើងថ្លៃ​ពី​ ២ ​ដុល្លារ​មក ២,៥ ​ដុល្លារ ហើយ​ឥឡូវ​ខ្ញុំ​ឡើងថ្លៃ​ដល់​ ៣ ​ដុល្លារ​សម្រាប់​ការកាត់សក់ ពោល​គឺ​ខ្ញុំ​ឡើងថ្លៃ​តិចតួច​បំផុត​។ ចំពោះ​តម្លៃ​ម៉ាស្សា​មុខ កក់សក់ និង​បក​មុន​គឺ​មាន​តម្លៃ​ ១០ ​ដុល្លារ ហើយ​បើ​កាត់​ក្រចកដៃ​ក្រចកជើង​ ៥ ​ដុល្លារ​»​។

លោក​ សារឹម ​បន្តថា​៖ ««​ចំពោះ​អតិថិជន​ខ្មែរ​ និង​បរទេស​គឺ​ខ្ញុំ​គិត​តម្លៃ​ដូចគ្នា​។ មូលហេតុ​ដែល​ខ្ញុំ​គិត​តម្លៃ​សម្រាប់​អតិថិជន​ខ្មែរ និង​បរទេស​ស្មើគ្នា​ ដោយសារ​ខ្ញុំ​យល់ថា ខ្ញុំ​មិន​ចង់​ឲ្យ​ពួកគាត់​គិត​ថា​យើង​មិនមាន​ស្មើភាព​គ្នា និង​ដើម្បី​កុំ​ឲ្យ​ពួកគាត់​មិន​សប្បាយចិត្ត​។ ខ្ញុំ​ឲ្យ​តម្លៃ​អតិថិជន​របស់​ខ្ញុំ​ស្មើៗ​គ្នា​មិន​ថា​អតិថិជន​ជា​ខ្មែរ​ ឬ​បរទេស​នោះទេ​»៕

ហាង​កាត់សក់​មីសស្ទ័រង៉ោល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទួលទំពូង​១​។