កំណើន​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ កម្ពុជា ខណៈ​ចំនួន​យានយន្ត​នៅលើ​ដងផ្លូវ​ក៏​កំពុងតែ​កើនឡើង​ផងដែរ​។ ដូច្នេះ​ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​គឺមាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។

កិច្ចសហការ​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​មាន​កម្រិត​ផ្សេងៗ​គ្នា​នៅក្នុង​ប្រទេស​ កម្ពុជា​។ ប្រទេស​ជាច្រើន​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​បណ្តាញ​ដឹកជញ្ជូន និង​ការកសាង​ផ្លូវ​ហាយវ៉េ ហើយ​សុវត្ថិភាព​ចរាចរណ៍​បានក្លាយ​ជា​រឿង​ដ៏​សំខាន់​មួយទៀត​នៅក្នុង​ភាពជា​ដៃគូ​ពហុវិស័យ​។

បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​សហការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​បង្កើន​សុវត្ថិភាព​ចរាចរណ៍ ដោយ​កាលពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ២២ ខែ​ តុលា ឆ្នាំ​ ២០១៩ កន្លងទៅ នៅឯ​សាលប្រជុំ​នៃ​សាលាខេត្ត​ព្រះសីហនុ​មាន​វគ្គបណ្តុះបណ្តាល​បំប៉ន​ស្តីពី​បច្ចេកទេស​បង្កើន​ប្រសិទ្ធភាព​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​លើ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង វិធាន​សម្រួល​ចរាចរណ៍​ពេល​កកស្ទះ និង​កិច្ច​ជួយសង្គ្រោះ​ជនរងគ្រោះ​។

កំណើន​គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើឲ្យ​អាជ្ញាធរ​មាន​ការព្រួយ​បារម្ភ​។

វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​អង្គការ​ខេមសេហ្វ (CaMSafe) ដោយមាន​កិច្ច​គាំទ្រ​ពី​សាលា​ខេត្ត​ព្រះសីហនុ តាមរយៈ​ជំនួយ​ឧបត្ថម្ភ APIWSA និង​សមាជិក​ដៃគូ​ស្ថាប័ន​។ ក្នុងនោះ​មាន​មន្ត្រីនគរបាល​ចរាចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផ្ទាល់​សរុប​ចំនួន​ ៦០ ​រូប​ ដែល​ចូលរួម​ក្នុង​វគ្គ​នេះ​។

វគ្គ​ដូចគ្នានេះ​ក៏ត្រូវ​បាន​រៀបចំ​កាលពី​ថ្ងៃទី​ ២៣ តុលា ឆ្នាំ​ ២០១៩ នា​សាល​ខេត្ត​ព្រះសីហនុ​ដដែល​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ចំនួន​ ៦០ ​រូប​បន្ថែមទៀត ដើម្បី​រួមចំណែក​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ និង​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ពេលធ្វើ​ដំណើរ​លើ​ដងផ្លូវ​នៅក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ២ ​ថ្ងៃនេះ​ មាន​គោលបំណង​បង្កើន​ចំណេះដឹង​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ស្ថានភាព​ចរាចរណ៍ និង​ឥរិយាបថ​ហានិភ័យ និង​ផលប៉ះពាល់​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។ បង្កើន​ចំណេះដឹង​អំពី​ការធ្វើ​ផែនការ​ប្រតិបត្តិការ និង​វិធាន​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​លើ​ការរឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​កាយវិការ​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​។

ពង្រឹងសមត្ថភាព​ជំនាញ​ដាក់​គោលដៅ​រឹតបន្តឹង និង​ប្រើប្រាស់​ម៉ាស៊ីន​វាស់​ជាតិ​អាល់កុល ប្រកប​ដោយ​ប្រសិទ្ធភាព គុណភាព និង​សុវត្ថិភាព​។ បង្កើន​សមត្ថភាព​ដោះស្រាយ គ្រប់គ្រង និង​ធានា​សុវត្ថិភាព​គោលដៅ រឹតបន្តឹង​ច្បាប់ ក៏ដូចជា​ការអង្កេត កត់ត្រា ប្រមូល​ភ័ស្តុតាង និង​ធ្វើ​របាយការណ៍​។ ផ្ដល់​ឲ្យ​នគរបាល​ចរាចរណ៍​ទទួល​បាន​នូវ​ចំណេះដឹង ជំនាញ និង​សម្ភារ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​នៅនឹង​កន្លែង​កើតហេតុ​មុនពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ព្រមទាំង​បង្កើន​សមត្ថភាព​ជំនាញ​ដើម្បី​បណ្តុះបណ្តាល​បន្ត រួម​ជាមួយ​នឹង​សមត្ថភាព​អប់រំ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់ ផ្លូវ​ឱ្យចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ៗ​គ្នា​។

ប៉ូលិស​ចរាចរណ៍​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​ខេត្ត​ព្រះសីហនុ​។

លោក ថី វិសាល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឱ្យ​ដឹងថា យោងតាម​របាយការណ៍​ឆ្នាំ​ ២០១៨ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ៣ ២៦៧​ ​ករណី លើ ៣ ៥៣១ ​លើក ថយចុះ ៧​ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧​។

ក្នុង​ត្រីមាស​ទី​ ៣ ​ឆ្នាំ​ ២០១៩ ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៩៨៨ ​លើក​ បណ្តាល​ឱ្យ​មាន​អ្នកស្លាប់​ចំនួន​ ៤៨៨ ​នាក់ និង​របួស​ចំនួន​ ១ ៤៩៤ ​នាក់ ដែល​ក្នុងនោះ​ខេត្ត​ព្រះសីហនុ​ស្លាប់​ចំនួន​ ៣៧ ​នាក់​។ ជា​មធ្យម​ក្នុង​ក្នុង ​១ ​ថ្ងៃ​មនុស្ស​ស្លាប់​ ១១ ​នាក់ និង​របួស​ចំនួន​ ១៧ ​នាក់​។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​នៅតែ​បណ្តាល​មកពី​ការបើកបរ​ល្មើស​ល្បឿន​កំណត់ ៣៣% ការមិន​គោរព​សិទ្ធិ​អាទិភាព ២៧% ការមិន​ប្រកាន់​ស្តាំ ១៣% ការ​វ៉ាជែង ១០% ការបត់ ៩%, ស្រវឹង ៤%, កត្តា​យានយន្ត ៣% និង​ងងុយ​ ១%​។ ប្រៀបធៀប​ឆមាស​ទី​ ៣ ឆ្នាំ​ ២០១៨ គ្រោះថ្នាក់​ចរាចរណ៍​កើន​ចំនួន ២៣៨ ​លើក (៩៨៨/៧៥០ ​លើក​) ស្មើ​ ៣២% ស្លាប់​កើនឡើង​ចំនួន ១០៥ ​នាក់ (៤៨៨/៣៨៣ ​នាក់​) ស្មើ​ ២៧% និង​របួស​កើន ៤៤៦ ​នាក់ (១៤៩៤/ ១០២៨) ស្មើ​ ៤៥%​។

សូមបញ្ជាក់​ថា អង្គការ CaMSafe ក្រោម​កិច្ចគាំទ្រ​ពី​ស្ថាប័ន APIWSA នឹង​បន្ត​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាកបាទក្រហមកម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​យុទ្ធនាការ​អបរំ​ផ្សព្វផ្សាយ​នានា​នៅពេល​ខាងមុខ​នេះ​ជា​បន្តទៀត​៕