ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ទិសដៅ​លក់​ទិញ​ទំនិញ​សម្រាប់​ម៉ាក​យីហោ​អន្តរជាតិ​ល្បីៗ ហើយ​ក៏​ជា​ទីផ្សារ​ដែល​មិនអាច​មើលរំលង​នៅក្នុង​តំបន់​សម្រាប់​វិនិយោគិន​បរទេស​ផងដែរ​។

ការបើក​ម៉ាក​យីហោ​ដ៏ពេញនិយម​ចំនួន​ ២ ​របស់​អាមេរិក​គឺ​សណ្ឋាគារ Hyatt Regency និង​ហាង​មាន់​បំពង Texas Chicken នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែធ្នូ​ឆ្នាំមុន គឺជា​ការពង្រីក​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការទាក់ទាញ​ម៉ាក​យីហោ​ល្បីៗ​ក្នុង​ពិភពលោក​ឱ្យ​មក​កាន់​ដែនដី​របស់ខ្លួន​។ អ្នកដើរ​ទិញ​ទំនិញ​នៅ​ទីក្រុង​ដែល​មាន​ជីវភាព​ធូរធារ និង​សហគមន៍​ជនបរទេស​ចំពោះ​ទំនិញ​ប្រណីត​បាន​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​ក្លាយជា​កន្លែង​ប្រមូលផ្តុំ​ដោយ​ទំនិញ​ម៉ាក​ល្បីៗ​។

ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ស្ថិរភាព​នយោបាយ និង​គោលនយោបាយ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​មាន​អំណោយផល កំពុង​ប្រែក្លាយ​ប្រទេស​កសិកម្ម​មួយ​នេះ​ឱ្យ​ទៅ​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លក់រាយ​ដ៏មាន​ឥទ្ធិពល​។ សម្លៀកបំពាក់​សកល អាហារ និង​ភេសជ្ជៈ ស្បែកជើង សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ សម្ភារ​កីឡា និង​បណ្តាញ​ផ្សារ​ទំនើប បាន​រីកដុះដាល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​។

ម៉ាក​យីហោ​ល្បីៗ​ទាំងនោះ​រួមមាន Starbucks, Burger King, Costa Coffee, KFC គ្រឿង​អេឡិចត្រូនិក LG , Samsung, ហាង​ស្បែកជើង Charles &Keith និង Jimmy Choo គឺជា​យីហោ​ធំៗ​ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ទាក់ទាញ​អតិថិជន​អស់​រយៈពេល​ជាង ១ ​ទសវត្សរ៍​មកហើយ​។

លោក Anthony Galliano ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា មានប្រសាសន៍​ថា​៖ «​ប្រទេស​កម្ពុជា​គឺជា​ទឹកដី​នៃ​ឱកាស​»​។

លោក Anthony Galliano

«​កត្តា​ទាក់ទាញ​ម៉ាក​យីហោ​ល្បីៗ​ទាំងនោះ​គឺ​កត្តា​ស្ថិរភាព​នយោបាយ ភាពងាយស្រួល​ក្នុង​ការធ្វើ​អាជីវកម្ម ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់ ពលកម្ម​មាន​តម្លៃ​ថោក និង​មាន​ចំនួន​ច្រើន សេដ្ឋកិច្ច​រឹងមាំ​ជាច្រើន​ទសវត្សរ៍ គឺ​វា​បាន​ក្លាយ​ជា​កត្តា​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​»​។

«​មាន​ការទទួលស្គាល់​កាន់តែ​ច្រើនឡើងៗ​ថា ទោះបី​មិនទាន់​រីកចម្រើន​ដូច​នៅ​សិង្ហបុរី ឬ​ហុងកុង​ក្តី ក៏​ចំនួន​ប្រជាជន​កាន់តែ​មាន​ភាពចម្រុះ ជាពិសេស​អ្នក​ដែលមាន​ធនធាន​ស្តុកស្តម្ភ​ជាមួយ​ការរំពឹងទុក​ពី​ជនជាតិ​ចិន​មួយចំនួនធំ​បន្ថែមទៀត រួមផ្សំ​ជាមួយ​ជនបរទេស​មកពី​លោកខាងលិច​»​។

ការកើនឡើង​ចំនួន​ប្រជាជន​មាន​កម្រិត​ជីវភាព​មធ្យម ប្រាក់ចំណូល​កាន់តែ​ប្រសើរ​ជាង​មុន ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កាន់តែ​មាន​ឥទ្ធិពល ដូចជា​បណ្តាញ​ទូរទស្សន៍ (24X7) កំណើន​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​រហូត​ដល់​ផ្សព្វផ្សាយ​នៅលើ​ផ្ទាំង​ប៉ាណូ​ខាងក្រៅ កំពុង​វាយលុក​ឥតឈប់ឈរ​ពី​ម៉ាក​យីហោ​ពិភពលោក​ល្បីៗ ដើម្បី​ទាក់ទាញ​អតិថិជន​។

ក្រៅពី​នេះ​កំណើន​នៃ​ការលក់​រាយ​អចលនទ្រព្យ​ដែលមាន​គុណភាព​បាន​បន្ថែម​គុណសម្បត្តិ​មួយទៀត​សម្រាប់​ម្ចាស់​យីហោ ដើម្បី​បង្ហាញ​ទំនិញ​របស់​ពួកគេ​តាមរបៀប​ទាន់សម័យ​។

«​ការកើនឡើង​នៃ​ផ្សារ​ទំនើប និង​ការហូរចូល​ជា​លំដាប់​នៃ​យីហោ​លំដាប់​អន្តរជាតិ ធ្វើឱ្យ​មាន​តម្រូវការ​កើនឡើង​សម្រាប់​ផលិតផល​ប្រណីត​»​។

«​អ្នកទិញ​ទំនិញ​នៅ​កម្ពុជា​ហាក់​ទៅ​ផ្សារ​បែប​ប្រពៃណី​តិចជាង​មុន ខណៈ​បច្ចុប្បន្ន​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ​មាន​កំណើន​កាន់តែច្រើន​»​។

សម្រាប់​យុវជន​កម្ពុជា កំណើន​សេដ្ឋកិច្ច​រឹងមាំ និង​ការអភិវឌ្ឍ​បាន​នាំមក​នូវ​ការអប់រំ​ល្អប្រសើរ ឱកាស​ការងារ​គួរឱ្យ​ទាក់ទាញ ចំណូល​កាន់តែ​ច្រើន និង​ការចំណាយ​កាន់តែ​ធំ​តាម​តម្រូវការ​អតិថិជន​។

ជាមួយ​នឹង​ប្រាក់ចំណូល​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ ១ ៧៧១ ​ដុល្លារ​កាលពី​ឆ្នាំមុន​ពោល​គឺ​កើនឡើង​ពី ១ ០៤៣ ដុល្លារ ក្នុង​ឆ្នាំ​ ២០១៣ ដោយ​ប្រាក់ចំណូល​កាន់តែ​កើនឡើង​នេះ​កំពុង​ផ្លាស់ប្តូរ​មុខមាត់​នៃ​ការប្រើប្រាស់​ទំនិញ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

យុវជន​មាន​ការយល់ដឹង​កាន់តែ​ច្រើន​លើ​បច្ចេកវិទ្យា ខណៈ​យុវជន​មាន​ប្រហែល​ ៦០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន ១៦ ​លាន​នាក់ ពួកគេ​មួយចំនួន​មាន​ចំណូលចិត្ត​លើ​អាជីវកម្ម​ផ្សេងៗ​រហូត​ដល់​ការលក់​ម្ហូប​បរទេស​ជាដើម ដែល​ភាគច្រើន​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ការទិញ​ទំនិញ​តាម​អនឡាញ​ដែល​កំពុង​ជំរុញ​វិស័យ​លក់រាយ​នូវ​ទំនិញ​ប្រណីត​។

ភាពងាយស្រួល​នៃ​ការបើក​អាជីវកម្ម​ជាមួយ​នឹង​ការរឹតត្បិត​តិចតួច និង​ដើមទុន​សមល្មម​ធ្វើឱ្យ​ម៉ាក​យីហោ​ល្បីៗ​ហូរ​ចូល​យ៉ាង​ឆាប់រហ័ស និង​មិនមាន​ភាពស្មុគស្មាញ​។ នៅក្នុង​វិស័យ​ជាច្រើន ការប្រកួតប្រជែង​នៅមានកម្រិត​ទាប ដូច្នេះ​នៅមាន​កន្លែង​ច្រើន​សម្រាប់​អ្នក​ចំណូល​ថ្មី ហើយ​ជាពិសេស​អ្នក​ដែល​អាច​បង្ហាញ​អំពី​គុណភាព​ និង​តម្លៃ​។

ទោះបី​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​បង្កើន​ថ្លៃដើម​ក្នុង​ការធ្វើ​អាជីវកម្ម​ក្តី​ក៏​មាន​ការខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ប្រសើរ​ឡើង​ឥត​ឈប់ឈរ​ផងដែរ ដូចជា​ការចុះឈ្មោះ​អាជីវកម្ម និង​ការបំពេញ​ឯកសារ​តាម​អនឡាញ និង​ច្រក​ចេញចូល​តែ​​ ១ ​គឺជា​ឧទាហរណ៍​ដ៏ល្អ​។ លោក Galliano ថ្លែង «​ខ្ញុំ​រំពឹងថា​នឹង​មាន​កំណើន​បន្តទៀត និង​បន្ត​ពង្រីក​ម៉ាក​យីហោ​អន្តរជាតិ​ចូលមក​ប្រទេស​កម្ពុជា ប៉ុន្តែ​មិន​មានន័យ​ថា ទាំងអស់​នឹង​ទទួល​ជោគជ័យ​នោះទេ​»​។

លោក​បន្តថា​៖ «​ឃើញ​មាន​មកហើយ និង​ត្រឡប់​ទៅវិញ ដូច្នេះ​វា​សំខាន់​ណាស់​ដែល​ម្ចាស់​យីហោ​គួរ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​អំពី​ចំណង់​ចំណូលចិត្ត​ និង​រស់ជាតិ​របស់​អតិថិជន កំណត់​ទិសដៅ​ទីផ្សារ​ត្រឹមត្រូវ ហើយ​មាន​ផែនការ​ច្បាស់លាស់​។ គ្រាន់តែ​ជា​ម៉ាក​យីហោ​អន្តរជាតិ វា​មិនមែន​មានន័យថា​នឹង​ទទួល​បាន​ជោគជ័យ​ដោយ​ស្វ័យប្រវត្តិ​នោះទេ​»​។

សម្រាប់​ពេលនេះ វា​ជា​រូបមន្ត​ឈ្នះ-ឈ្នះ ក្រុមហ៊ុន​សាជីវកម្ម​អាច​ពង្រីក​ម៉ាក​យីហោ​របស់​ពួកគេ ខណៈ​ពេល​ដែល​អតិថិជន​មាន​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​ការទិញ​ទំនិញ​៕