ធនាគារ Maybank Group ដែលមានការិយាល័យកណ្តាលនៅប្រទេសម៉ាឡេស៊ីបានផ្តល់នូវការលើកទឹកចិត្តសម្រាប់ស្ត្រីតម្បាញក្នុងស្រុកដោយបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញតម្បាញសូត្រថ្មីមួយទៀតនៅក្នុងខេត្តសៀមរាបកាលពីដើមខែធ្នូ។
មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងនៅស្រុកបន្ទាយស្រីក្រោមកម្មវិធីស្ត្រី និងតម្បាញរបស់ធនាគារមេយប៊ែងនៅកម្ពុជាដែលត្រូវបានអនុវត្តតាមរយៈមូលនិធិការទទួលខុសត្រូវសង្គមរបស់ធនាគារមេយប៊ែង។
យោងតាមសេចក្តីប្រកាសរបស់ធនាគារមេយប៊ែងបានឲ្យដឹងថាគោលបំណងរបស់ធនាគារគឺដើម្បីលើកទឹកចិត្តស្ត្រីតម្បាញក្នុងស្រុកឱ្យមានឯករាជភាពផ្នែកហិរញ្ញវត្ថុហើយជាមួយគ្នាគឺដើម្បីរក្សានូវជំនាញតម្បាញ និងវាយនភណ្ឌបែបប្រពៃណី។
«យើងមានមោទនភាពក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញតម្បាញសូត្រទី ២ នៅក្នុងខេត្តសៀមរាបនេះ បន្ទាប់ពីទទួលបានភាពជោគជ័យនៃមជ្ឈមណ្ឌលទី ១ ស្ថិតនៅក្នុងខេត្តតាកែវដែលត្រូវបានសាងសង់កាលពីឆ្នាំ ២០១៦»។
លោកស្រី Mohaiyani Shamsudin ប្រធានធនាគារ Maybank Group ថ្លែងថា៖ «បច្ចុប្បន្នវាកំពុងដំណើរការក្នុងឆ្នាំទី ៤ ហើយមជ្ឈមណ្ឌលនៅខេត្តតាកែវបានបណ្តុះបណ្តាលស្ត្រីតម្បាញប្រមាណ ១៥១ នាក់ដោយជោគជ័យ ហើយពួកគាត់អាចទទួលបានប្រាក់ចំណូលជាង ២០០ ដុល្លារអាមេរិកក្នុង ១ ខែ»។
លោកស្រីលើកឡើងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញតម្បាញសូត្រថ្មីនេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់កម្មវិធីស្ត្រី និងតម្បាញនៅក្នុងប្រទេសកម្ពុជាដែលតំណាងឱ្យការខិតខំរួមគ្នាដើម្បីផ្តល់អំណាចដល់ស្ត្រីកម្ពុជាឲ្យទទួលបានឯករាជភាពផ្នែកសេដ្ឋកិច្ច។
លោកស្រីបន្ថែមថា បច្ចុប្បន្នសិក្ខាកាមចំនួន ២៧ នាក់ទៀតកំពុងទទួលនូវការបណ្តុះបណ្តាលខណៈពេលដែលគ្រួសារកសិករចំនួន ៣៦០ គ្រួសារក៏ទទួលបានការគាំទ្រក្នុងការដាំដើមមនជាលក្ខណៈគ្រួសារដើម្បីផ្គត់ផ្គង់ការផលិតសូត្រឆៅសម្រាប់ផ្គត់ផ្គង់មជ្ឈមណ្ឌលតម្បាញ ខេត្តតាកែវ។
«នៅកម្រិតតំបន់ កម្មវិធីស្ត្រី និងតម្បាញរបស់ធនាគារមេឃប៊ែង កំពុងបន្តផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា ឡាវឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីបំពេញគោលបំណង និងតម្រូវការជាក់លាក់នៅក្នុងប្រទេសទាំងនោះដោយការបង្កើតមជ្ឈមបណ្តុះបណ្តាលជំនាញតម្បាញថ្មីៗ ដើម្បីគាំទ្រដល់ការដាំដើមមន និងផ្តល់ជំនួយមីក្រូហិរញ្ញវត្ថុដល់សហគមន៍»។
លោកស្រី Mohaiyani លើកឡើងថា៖ «រហូតមកដល់បច្ចុប្បន្នកម្មវិធីនេះបានផ្តល់លទ្ធផលវិជ្ជមានដល់ប្រជាជនជាង ២៥០០ នាក់ដែលប្រកាន់ខ្ជាប់នូវបេសកកម្មរបស់យើងក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុនៅតំបន់អាស៊ាន»។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ដដែលនោះដែរលោក ShahrilAzuarJimin នាយកប្រតិបត្តិនៃមូលនិធិមេយប៊ែង បានមានប្រសាសន៍ថាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីនៅក្នុងខេត្តសៀមរាបនេះ គ្រោងនឹងបញ្ចប់នៅត្រីមាសទី ៣ ឆ្នាំ ២០២០ ។
«មជ្ឈមណ្ឌលនេះនឹងក្លាយជាវេទិកាមួយសម្រាប់អ្នកចូលរួមដើម្បីទទួលការបណ្តុះបណ្តាលជំនាញ និងឱកាសសហគ្រិនភាព»។
លោក Shahril ថ្លែងថា៖ «ជាពិសេសវានឹងផ្តល់ផលអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ស្ត្រីវ័យក្មេងដែលមានជីវភាពខ្វះខាតដែលកំពុងមានបំណងស្វែងរកការងារនៅក្នុងទីក្រុង ឬនៅក្រៅប្រទេសក្នុងលក្ខខណ្ឌការងារដ៏លំបាក»។
វគ្គបណ្តុះបណ្តាលនេះនឹងទទួលសិក្ខាកាមចំនួន ២៥ នាក់ក្នុង ១ វគ្គដែលមានរយៈពេល ៥ ខែ និងបង្រៀនដោយសិប្បករជំនាញ។
កម្មវិធីស្រី្ត និងតម្បាញរបស់ធនាគារ មេយប៊ែង គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីឈានមុខរបស់មូលនិធិមេយប៊ែង ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ភាពសុខដុមនៅក្នុងបណ្តាប្រទេសអាស៊ានតាមរយៈការលើកកម្ពស់ការតម្បាញវាយនភណ្ឌតាមបែបប្រពៃណីប្រកបដោយនិរន្តរភាព និងដើម្បីជួយស្ត្រីក្រីក្រតាមរយៈការបណ្តុះបណ្តាលជំនាញ៕