ក្តីប្រាថ្នា​របស់​អ្នក​ចង់​ក្លាយជា​អ្នកផលិត​នាឡិកា​បានមក​ដល់​ហើយ ដែល​វា​ជា​ឱកាស​មួយ​ដើម្បី​បំពេញ​នូវ​ក្តីសុបិន​របស់​ពួកគេ​។

ថ្វីបើ​នាឡិកាដៃ​វៃឆ្លាត​កំពុងតែ​រីកដុះដាល​ច្រើនឡើងៗ ប៉ុន្តែ​សិល្បៈ​នៃ​ការច្នៃប្រឌិត និង​បំណងប្រាថ្នា​សម្រាប់​របស់​អ្នក​ផលិត​នាឡិកា​នៅតែ​មិនអាច​ប្រកែក​បាន​។

ជម្រើស​នៃ​ការទិញ​នាឡិកា​ដ៏ល្អ​មួយ គឺជា​បំណងប្រាថ្នា​របស់​អ្នក​ដែលមាន​លទ្ធភាព ហើយ​ពី​មុន​ឱកាស​ក្លាយជា​អ្នក​ផលិត​នាឡិកា វា​ជា​ក្តីសុបិន​ដ៏វែងឆ្ងាយ​របស់​ប្រជាជន​កម្ពុជា ប៉ុន្តែ​ពេលនេះ​ក្តី​សុបិន​នោះ​អាច​សម្រេចបាន​ហើយ​ជាមួយ​នឹង​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រីនស៍ ផលិត​នាឡិកា​។

នៅក្នុង​ខែ​មិថុនា​ខាងមុខ​នេះ​សិស្ស​ចំនួន​ ៨ ​នាក់​នឹង​ក្លាយជា​សិស្ស​រៀន​ផលិត​នាឡិកា​ដំបូង​គេ​របស់​កម្ពុជា​ដែល​ចាប់ផ្តើម​ទទួល​ការសិក្សា​រយៈពេល ២ ​ឆ្នាំ​ពោលគឺ​ការបណ្តុះបណ្តាល​ ៣៤០០ ​ម៉ោង​ដើម្បី​ក្លាយ​ជា​អ្នក​ផលិត​នាឡិកា​ជំនាញ​។

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ​មាន​កម្ពស់​ ៣ ​ជាន់​នៅ​សង្កាត់​ជ្រោយចង្វារ ដែល​បំពាក់​ជាមួយ​ឧបករណ៍​ទំនើបៗ​យក​មកពី​ប្រទេស​ស្វ៊ីស​រួមមាន​ទាំង​កន្លែង​ផលិត កន្លែង​រចនា​យ៉ាង​ពិសេស​មាន​ម៉ាស៊ីន​មីក្រូទស្សន៍​ Leica ម៉ាស៊ីន Schaublin និង Horia ក៏ដូចជា​ឧបករណ៍ និង​សម្ភារ​ទំនើបៗ​ជាច្រើន​ទៀត​។

ដោយសារតែ​កម្រិត​នៃ​ការវិនិយោគ​បាន​ប្តេជ្ញា​ផ្តល់​ការបណ្តុះបណ្តាល​អ្នកផលិត​នាឡិកា​ឲ្យ​មាន​គុណភាព​ខ្ពស់បំផុត​នៅ​កម្ពុជា ឧបករណ៍ និង​សម្ភារ​ដែលមាន​នៅ​មណ្ឌល​បណ្តុះបណ្តាល​នេះ​គឺមាន​ច្រើនជាង​សាលា​ផលិត​នាឡិកា​ភាគច្រើន​នៅ​ទូទាំង​ពិភពលោក នេះ​បើ​យោង​តាម​លោកស្រី Jessica Thakur ដែល​ជា​ទីប្រឹក្សា​បច្ចេកទេស​របស់​មជ្ឈមណ្ឌល​ផលិត​នាឡិកា​មួយ​នេះ​។

លោក Anthony McGonigle ។

លោកស្រី Thakur ថ្លែងថា​៖ «​គ្រប់គ្នា​ដែល​មក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​របស់​យើង ពួកគេ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​បានឃើញ​មណ្ឌល​ផលិត​នាឡិកា​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ នេះ​គឺជា​សាលា​ផលិត​នាឡិកា​ដ៏ពិសេស​បំផុត​»​។

សិស្ស​ដែល​សិក្សា​ជំនាញ​នេះ គឺ​យក​គំរូ​តាម​កម្មវិធីសិក្សា​ធ្វើ​នាឡិកា​របស់​ប្រទេស​ស្វ៊ីស ហើយ​ពួកគេ​មិន​ត្រឹមតែ​រៀន​ជួសជុល​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​រៀន​ផលិត​នាឡិកា​ផ្ទាល់ខ្លួន​ថែម​ទៀតផង ហើយ​អ្វីដែល​សំខាន់​ទៀត​នោះ​គឺ​ពួកគេ​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​។

សិស្ស​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​យ៉ាងច្រើន ដោយ​រាប់​ចាប់ផ្តើម​ពី​ទ្រឹស្តី​នៃ​ពេលវេលា​រហូត​ដល់​មូលដ្ឋានគ្រឹះ​នៃ​មីក្រូ​ទស្សន៍​មុនពេល​ពួកគេ​ចាប់ផ្តើម​ការងារ​ច្នៃប្រឌិត និង​សិក្សា​ពី​គ្រឿង​ផ្គុំ រៀន​អំពី​របៀប​នៃ​ការសេរ៉េ​នាឡិកា សិក្សា​អំពី​វិទ្យាសាស្ត្រ​នៃ​ការ​វាស់​ពេលវេលា ដែល​បង្រៀន​ដោយ​គ្រូ និង​ក្រុមបច្ចេកទេស​ដែលមាន​បទពិសោធ​ខ្ពស់​។

លោកស្រី Thakur ដែល​បង្រៀន​នៅ​សាលា​ផលិត​នាឡិកា​របស់​ក្រុមហ៊ុន Richemont Group ក្នុង​សហរដ្ឋអាមេរិក ដែល​បណ្តុះបណ្តាល​អ្នក​ផលិត​នាឡិកា​ម៉ាក​ល្បីៗ​ជាច្រើន​បាន​ថ្លែងថា​៖ «​យើង​រីករាយ​ណាស់​ក្នុង​ការបណ្តុះបណ្តាល​សិស្ស​ទាំងនេះ ដែល​ពួកគេ​ដូច​ក្រដាស​ស​ ១ ​សន្លឹក​ឲ្យ​ក្លាយជា​អ្នក​ផលិត​ជំនាញ​»​។

លោកស្រី​សង្កត់ធ្ងន់ថា សិស្ស​មិន​ត្រឹមតែ​ទទួលបាន​ការបណ្តុះបណ្តាល​ទូលំទូលាយ​ដូចគ្នា​ទៅនឹង​អតីត​សិស្ស​របស់លោក​ស្រី​នៅ​សាលា​ Richemont និង Wostep ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សាលា​នេះ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ផ្តល់នូវ​ឱកាស​ដ៏ពិតប្រាកដ​ដល់​ប្រជាជន​កម្ពុជា​ដែលមាន​ទេពកោសល្យ​។

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅ​កម្ពុជា​បំពាក់​ដោយ​សម្ភារ​ទំនើបៗ​នាំចូល​មកពី​ប្រទេស​ស្វ៊ីស ។

អង្គុយ​ជិត​លោកស្រី Thakur គឺ​លោក Maarten Pieters ដែល​លោក​ក៏​ជា​ទីប្រឹក្សាបច្ចេកទេស​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រីនស៍ នាឡិកា នេះដែរ និង​ ១ ​រូប​ទៀត​គឺ​លោក Anthony McGonigle គ្រូបង្រៀន​ធ្វើ​នាឡិកា​ដែល​នឹង​ដឹកនាំ​បង្រៀន​ថ្នាក់ដំបូង​។

ចំពោះ​ថ្នាក់ដឹកនាំ​គឺ​លោក Xu Zhou ដែលជា​វិស្វករ​ផ្នែក​មេកា​និក​ និង​លោក Sack-Man Loui នាយក​ប្រតិបត្តិ​សម្រាប់​មជ្ឈមណ្ឌល​នេះ​ដែល​សុទ្ធ​ជា​អ្នកមាន​បទពិសោធ​ខ្ពស់​ផ្នែក​នាឡិកា​។

លោក Pieters ថ្លែងថា​៖ «​រៀន​ផលិត​នាឡិកា វា​គឺជា​រឿង​មួយ​ដ៏អស្ចារ្យ ពីព្រោះ​វា​ជួយ​យើង​ឲ្យ​ចេះ​បង្កើត​នាឡិកា​ដែល​កាន់តែ​ស្រស់ស្អាត​។ ជាមួយ​នឹង​ចំណង់​ចំណូលចិត្ត​ និង​ការលើកទឹកចិត្ត​ដ៏ត្រឹមត្រូវ​មនុស្ស​អាច​សម្រេចបាន​នូវ​អ្វីដែល​ពួកគេ​​សុបិន​ចង់បាន ហើយ​គ្មាន​នរណាម្នាក់​អាច​កំណត់​វា​បាន​នោះទេ​»​។

បច្ចុប្បន្ន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ព្រីនស៍ ផលិត​នាឡិកា​នេះ​កំពុង​ទទួល​ពាក្យ​ចុះឈ្មោះ​ចូលរៀន ហើយ​ក៏​ផ្តល់​ផងដែរ​នូវ​អាហារូបករណ៍​មួយផ្នែក និង​ពេញលេញ​រហូត​ដល់​ ១០០ ​ភាគរយ​នៃ​ថ្លៃ​សិក្សា រួមជាមួយ​ប្រាក់ឧបត្ថម្ភ និង​កន្លែង​ស្នាក់នៅ​៕

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅ​កម្ពុជា​បំពាក់​ដោយ​សម្ភារ​ទំនើបៗ​នាំចូល​មកពី​ប្រទេស​ស្វ៊ីស ។