ប្រតិបត្តិករ​ទូរគមនាគមន៍​ទូរស័ព្ទ ក្រុមហ៊ុន Smart Axiata Co., Ltd. បាន​ឈាន​ជំហាន​ថ្មី​មួយ​ទៀត​ក្នុង​ការ​ដាក់​ជូន​នូវ​បច្ចេកវិទ្យា​រ៉ូបូត ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បម្រើ​ដល់​អតិថិជន​នៅ​ឯ Smart Shops​។

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ដល់​អតិថិជន​ឱ្យ​កាន់​តែ​ប្រសើរ ក្រុមហ៊ុន​បាន​បង្ហាញ​នូវ Oun Smart (​អូន​ស្មាត​) ដែល​ជា​មនុស្ស​យន្ត​ជំនួយ​ការ ដើម្បី​ផ្តល់នូវ​ភាព​រំភើប​រីករាយ ​និង​សម្តែង​នូវ​ការ​ស្វាគមន៍​ដល់​អតិថិជន​ក៏​ដូចជា​ជួយ​ឆ្លើយ​សំណួរ​ជា​មូលដ្ឋាន​ផ្សេងៗ​។

រហូត​មក​ដល់​ពេល​នេះ មនុស្ស​យន្ត​និយាយ​ភាសា​​អង់គ្លេស​ចំនួន ​៣ គឺ​នៅ Smart Shop មុនីវង្ស Exchange Square និង​នេរុហ៍។ ជាមួយ​គ្នា ក្រុមហ៊ុន​ក៏​កំពុង​ធ្វើ​មនុស្ស​យន្ត​ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​ផង​ដែរ​។

យោង​តាម​ក្រុមហ៊ុន Smart បាន​ឲ្យ​ដឹងថា​ វា​គឺ​ជា​មនុស្ស​យន្ត​មាន​មុខ​មាត់​ស្រដៀង​មនុស្ស​ដំបូង​គេ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​មួយ​នឹង​សមត្ថភាព​បែប​នេះ​នៅ​ក្នុង​ប្រទេស​ ​កម្ពុជា ​ដើម្បី​ជួយ​ដល់​អតិថិជន​ទាក់ទង​នឹង​ព័ត៌មាន​អំពី​ផលិតផល​តាមរយៈ​ការ​ប្រើ​សំឡេង​។

GoGames ​​ ជាកម្មវិធីហ្គេមសម្រាប់ជាវតាមទូរស័ព្ទដៃប្រព័ន្ធ Android។

លោក Thomas Hundt នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart​ Axiata បន្ទាប់​ពី​ការ​បង្ហាញ​មនុស្ស​យន្ត​កាល​ពី​ថ្ងៃ​ទី ​៦ ខែ ឧសភា បាន​ថ្លែង​ថា​៖ «​ក្នុង​នាម​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​កំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​កម្ពុជា យើង​ពិត​ជា​រំភើប​ណាស់​ក្នុង​ការ​ផ្តល់​ឲ្យ​អតិថិជន Smart Shop របស់​យើង​នូវ​បទពិសោធ​ដ៏​ពិសេស​តែ​មួយ​នេះ ដោយ​យើង​សង្ឃឹម​ថា​វា​នឹង​ផ្តល់នូវ​ការ​កម្សាន្ត ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ស្រឡាញ់​បច្ចេកវិទ្យា និង​ការ​ច្នៃ​ប្រឌិត​ថ្មីៗ​ដូច​ដែល​យើង​មាន​ក្រុមហ៊ុន Smart »​។

លោក​បន្ថែម​ថា​៖ «​បច្ចេកវិទ្យា​កំណត់​​អត្តសញ្ញាណ​មុខ​មាត់​អនុញ្ញាត​ឱ្យ​មនុស្ស​យន្ត Oun Smart សម្តែង​​នូវ​ការ​ស្វាគមន៍​ដល់​អតិថិជន​តាមរយៈ​ការ​ហៅ​ឈ្មោះ​របស់​ពួក​គាត់ ហើយ​​នៅ​ពេល​ខាង​មុខ លោក​អ្នក​នឹង​ឃើញ​ថា​មនុស្ស​យន្ត​នេះ​នឹង​មាន​អន្តរ​ទំនាក់ទំនង​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ក្រោយពី​យើង​អភិវឌ្ឍ​សមត្ថភាព​របស់​វា​»​។

មនុស្ស​យន្ត​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា SoftBank Robotics និង​ដំណើរការ​ប្រាជ្ញា​សិប្បនិម្មិត​ដោយ​ក្រុមហ៊ុន Cloud Minds ដោយ​មនុស្ស​យន្ត​នេះ​ត្រូវ​បាន​កែច្នៃ​យ៉ាង​ពិសេស​ដើម្បី​ទាក់ទង​ជាមួយ​មនុស្ស​តាមរយៈ​ការ​សន្ទនា​។

ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស​យន្ត​ម៉ូដែល​នេះ​មាន​សមត្ថភាព ធ្វើ​ជា​ជំនួយ​ការ​ម្នាក់ ដែល​អាច​កត់​សម្គាល់​​មុខ និង​អារម្មណ៍​ជាទូទៅ​របស់​មនុស្ស ដើម្បី​ស្វាគមន៍ ប្រាប់​ព័ត៌មាន​ ​និង​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​រីករាយ​តាម​វិធីសាស្ត្រ​បែប​ច្នៃ​ប្រឌិត​ថ្មី​មួយ​»​។

លោក Stjepan Udovicic ប្រធាន​​ផ្នែក​ទីផ្សារ​​ របស់​ក្រុមហ៊ុន Smart Axiata បាន​បញ្ជាក់​បន្ថែម ថា​៖ « យើង​​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​មាន​ក្រុម​ការងារ​មួយ​ប្រកប​ដោយ​ការ​ប្តេជ្ញា ចិត្ត​ខ្ពស់​ក្នុង​ការ​ជួយ​អភិវឌ្ឍ Oun Smart​។

នៅ​ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ​ពី​កម្រិត​សក្តានុពល​ដែល​អន្តរកម្ម​ឌីជីថល អាច​ត្រូវ​បាន​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត និង​ផ្តល់​ការ​រីករាយ​កាន់​តែ​ខ្លាំង​! ខ្ញុំ​ពិត​ជា​ចង់​ចាប់​ផ្តើម​ឲ្យ Oun Smart កាន់​តែ​មាន​ភាព​ស៊ាំ​ទៅ​នឹង​បរិស្ថាន​ជុំវិញ ហើយ​ជា​ការ​រំពឹង​ទុក​អាច​និយាយ​ភាសា​ខ្មែរ​បាន​ក្នុង​ពេល​ឆាប់ៗ​»​។

កាល​ពី​ដើម​ខែ​នេះ មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល (SADIF) របស់​ក្រុមហ៊ុន Smart បាន​ប្រកាស​អំពី​ការ​វិនិយោគ​ថ្មី​ចុង​ក្រោយ​បំផុត​របស់​ខ្លួន​ទៅ​លើ​ក្រុមហ៊ុន SALA ដែល​ជា​កម្មវិធី​គ្រប់គ្រង​ដំណោះស្រាយ​សម្រាប់​សាលា​រៀន ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា ​និង​ក្រុមហ៊ុន GoGames ដែល​ជា​ផ្លាត​ហ្វម​ហ្គេម​កម្សាន្ត​ក្នុង​ទូរស័ព្ទ​ដៃ ដែល​កំពុង​ដាក់​ឲ្យ​ដំណើរការ​នៅ​កម្ពុជា​។

ការ​វិនិយោគ​បន្ថែម​ទាំង​នេះ បាន​ធ្វើ​ឲ្យ​មូលនិធិ​អាជីវកម្ម​របស់ SADIF ពង្រីក​ខ្លួន​រហូត​ដល់​ទៅ ៨ ​ក្រុមហ៊ុន ដោយ​ក្រុមហ៊ុន​បែប​ឌីជីថល​ផ្សេង​ទៀត​មាន​ដូចជា ក្រុមហ៊ុន Morakot Technology, ក្រុមហ៊ុន Joonaak Delivery ក្រុមហ៊ុន Nham24 ក្រុមហ៊ុន Agribuddy ក្រុមហ៊ុន Sousdey និង​ក្រុមហ៊ុន Okra Solar។​

លោក គឹម បូរ៉ា ដៃគូ​របស់​ក្រុមហ៊ុន Mekong Strategic Partners ជា​ក្រុមហ៊ុន​វិនិយោគ​ដែល​គ្រប់គ្រង​មូលនិធិ SADIF ថ្លែង​ថា​៖ «​ការ​វិនិយោគ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ បច្ចេកវិទ្យា​ឌីជីថល​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​រៀន​សូត្រ និង​ការ​លេង​កម្សាន្ត​។ ក្រុមហ៊ុន SALA ពង្រឹង​អំណាច​ដល់​សាលា​រៀន ​និង​ស្ថាប័ន​អប់រំ ​ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​លទ្ធភាព និង​ការ​គ្រប់គ្រង​ទិន្នន័យ​របស់​សិស្ស​»​។

លោក​បន្ថែម​ថា​៖ «ដោយ​ឡែក ក្រុមហ៊ុន GoGames ជា​ផ្លាត​ហ្វម​ហ្គេម​តាម​ទូរស័ព្ទ​ដៃ​អនុញ្ញាត​ឲ្យ​អ្នក​ចូល​ចិត្ត​លេង​ហ្គេម​រីករាយ​ជាមួយ​ហ្គេម​រាប់រយ​ជាមួយ​ការ​ជាវ​ដោយ​ភាព​ងាយ​ស្រួល​លើ​ឧបករណ៍​ប្រើប្រាស់​របស់​ពួក​គេ​»​។​

SALA គឺ​ជា​កម្មវិធី​គ្រប់គ្រង​សាលា​រៀន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី​១២ ​និង​សាកល​វិទ្យាល័យ ជាមួយ​នឹង​កម្មវិធី​ផ្សេងៗ។

ដោយ​បាន​ចាប់​ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន GoGames គឺ​ជា​កម្មវិធី​ហ្គេម​សម្រាប់​ជាវ​តាម​ទូរស័ព្ទ​ដៃ​ប្រព័ន្ធ Android ដែល​មាន​កម្មវិធី​ហ្គេម​ជាង ​៤០០ ​កម្មវិធី។​ ក្រុមហ៊ុន​ផ្តោត​លើ​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន និង​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា​ Netfix of Games ដោយសារ​តែ​គំរូ​អាជីវកម្ម​របស់​ខ្លួន ភាព​ងាយ​ស្រួល និង​ជម្រើស​ផ្សេងៗ៕