ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាញ ម៉ាយ៉ូរ៉ា (Mayura) បាន​ចូលមកក្នុង​ទីផ្សារ​ទិញ​ទំនិញ​តាម​អនឡាញ​នៅ​កម្ពុជា ជាមួយ​នឹង​ពាក្យស្លោក «​ការបង្កើត​ឱកាស និង​ការពង្រឹង​សេដ្ឋកិច្ច អាជីវកម្ម​» សម្រាប់​អ្នកលក់​ និង​អ្នកទិញ​។

ពាក្យ​ «​ម៉ាយ៉ូរ៉ា​» ​គឺ​មានន័យថា សត្វក្ងោក ដែល​ស្តែង​បង្ហាញ​ពី​ការដាក់​ចេញ​នូវ​វិធីសាស្ត្រ​លក់​ច្រើន​របៀប ដើម្បី​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​នូវ​បទពិសោធ​ទិញ​ទំនិញ​តាម​អនឡាញ​ដ៏សម្បូរបែប​។

ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ដឹក​ជញ្ចូន ហុង ឡេង ហួរ ម៉ាយ៉ូរ៉ា នឹង​ទទួល​អត្ថប្រយោជន៍​ពី​បណ្តាញ និង​ជំនាញ​ដែលមាន​ស្រាប់ ខណៈ​ការធ្វើ​ពាណិជ្ជកម្ម​អនឡាញ​នៅ​កម្ពុជា​កំពុង​រីកចម្រើន​។

«​បណ្តាញ​ដឹក​ជញ្ចូន​ដែលមាន​ស្រាប់ និង​ជំនាញ​ជាច្រើន​របស់​យើង​នៅក្នុង​ការគ្រប់គ្រង​ការដឹកជញ្ជូន បានផ្តល់​អត្ថប្រយោជន៍​ជា​យុទ្ធសាស្ត្រ​ដ៏សំខាន់​សម្រាប់​ម៉ាយ៉ូរ៉ា ឱ្យ​អភិវឌ្ឍ​ឧស្សាហកម្ម​ពាណិជ្ជកម្ម អនឡាញ​នៅ​កម្ពុជា ដើម្បីឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​ការធ្វើ​ពាណិជ្ជកម្ម​អនឡាញ​មាន​ការរីកចម្រើន​ខ្លាំង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»​។

លោក Paul Kim ប្រធាន​ផលិតផល​ក្រុមហ៊ុន​ម៉ាយ៉ូរ៉ា​បាន​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​យើង​កំពុង​បំពេញ​បេសកកម្ម តាមរយៈ​ការជួយ​ដៃគូ​អាជីវកម្ម​របស់​យើង​ឱ្យ​បង្កើត​អាជីវកម្ម​អនឡាញ​ដែលមាន​និរន្តរភាព ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ឧបករណ៍​ និង​ជំនាញ ដែល​ពួកគេ​ត្រូវការ ដើម្បី​ទទួលជោគជ័យ​នៅក្នុង​ទីផ្សារ​ដែល​កំពុង​មាន​ការប្រកួតប្រជែង​នាពេល​បច្ចុប្បន្ន​»​។

យោងតាម​លោក Paul ម៉ាយ៉ូរ៉ា ​គឺជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ពាណិជ្ជកម្ម​អនឡាញ​ពេញលេញ (end-to-end) តែមួយគត់​នៅ​កម្ពុជា ដោយមាន​សេវាកម្ម​ជាច្រើន រួមមាន​ទាំង​ការនាំ​ចូល សេវា​បង់​ពន្ធគយ (custom clearance) ឃ្លាំង​ស្តុក​ទំនិញ ការចែក​ចាយ ទៅកាន់​ទីផ្សារ ការលក់ និង​ដឹកជញ្ជូន ទៅដល់​អតិថិជន​ចុងក្រោយ​។

កំណើន​ពាណិជ្ជកម្ម​អនឡាញ​នៅ​កម្ពុជា ភាគច្រើន​គឺ​ជំរុញ​ដោយសារ​កំណើន​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត ទូរស័ព្ទដៃ​មាន​តម្លៃ​សមរម្យ តម្រូវការ​ទំទិញ​តាម​អនឡាញ ជាពិសេស​ក្នុងអំឡុងពេល​បិទខ្ទប់​ពេល​ជំងឺ​កូវីដ​ ១៩ ​ផ្ទុះឡើង និង​កត្តា​ជាច្រើន​ទៀត ដូចជា​អតិថិជន​វ័យក្មេង​ប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​ជាដើម​។

លោក Paul Kim ប្រធាន​ផលិតផល​ក្រុមហ៊ុន​ ម៉ាយ៉ូរ៉ា​។ រូបថត Supplied

និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​ប៉ាន់​ស្មានថា​មាន​ស៊ីមកាត​ជាង​ ២០ ​លាន​ត្រូវបាន​ប្រើប្រាស់​ក្នុង​នោះ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​មាន​ប្រមាណ​​ ១៥ ​លាន​នាក់ គិត​ត្រឹម​ខែសីហា​ឆ្នាំមុន​។ ការទិញ​ទំនិញ​តាម​អនឡាញ​នៅ​កម្ពុជា​នឹងមាន​កំណើន​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។

ផលិតផល​ផ្នែក​សម្រស់​ និង​សុខភាព ដូចជា​គ្រឿង​តុបតែង​ផ្ទៃមុខ ផលិតផល​រក្សា​ស្បែក សក់ ដៃ ជើង ក្រចក គ្រឿងក្រអូប ផលិតផល​សម្រាប់​ទារក កុមារ វីតាមីន អាហារ​បំប៉ន និង​អាហារូបត្ថម្ភ​ផ្នែក​កីឡា ទាំងអស់​នេះ​សុទ្ធ​តែមាន​នៅលើ​វេទិកា​របស់​ ម៉ាយ៉ូរ៉ា​។ ម៉ាយ៉ូរ៉ា ​មាន​គម្រោង​ពង្រីក​ផលិតផល​ជាច្រើន​ទៀត ដូចជា សម្លៀកបំពាក់ គ្រឿង​តុបតែង​ផ្សេងៗ គ្រឿង​អេឡិចត្រូនិក និង​ទំនិញ​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ​។

ជាមួយ​នឹង​បរិយាកាស​អាជីវកម្ម​គ្មាន​ស្ថិរភាព​ដែល​បង្កដោយ​ជំងឺ​កូវីដ​ ១៩ វា​នៅតែ​បន្ត​រាំងស្ទះ​ដល់​អាជីវកម្ម​ជាច្រើន រួមទាំង​សហគ្រាស​ធំៗ និង​សហគ្រាស​ធុនតូច​ និង​មធ្យម ដែល​បង្ខំ​ឱ្យ​មនុស្ស​ជាច្រើន​រិះរក​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​លក់ទំនិញ​និង​សេវាកម្ម​របស់​ពួកគេ ខណៈ​ទីផ្សារ​អាជីវកម្ម​ឌីជីថល​កំពុងមាន​កំណើន​គួរឱ្យ​កត់សម្គាល់​។ ហើយ​ ម៉ាយ៉ូរ៉ា ប្តេជ្ញា​ជួយ​អាជីវកម្ម​ឱ្យ​រីកចម្រើន​នៅក្នុង​ស្ថានភាព​ដ៏លំបាក​នេះ​។

ជាមួយ​នឹង​គោលដៅ​ចម្បង​របស់​ក្រុមហ៊ុន គឺ​ធ្វើឱ្យ​ការស្វែងរក​ទំនិញ​មាន​ភាពងាយស្រួល និង​បង្កើន​ការលក់​សម្រាប់​ដៃគូ​របស់ខ្លួន ហើយ​បច្ចុប្បន្ន​ ម៉ាយ៉ូរ៉ា ​កំពុង​ផ្តល់ជូន​នូវ​សេវាកម្ម​ទាំងអស់​ដោយ​ឥតគិតថ្លៃ​ដល់​ម្ចាស់​អាជីវកម្ម​របស់ខ្លួន ចំពោះ​ការចុះឈ្មោះ​ជា​ម្ចាស់​អាជីវកម្ម ការចុះឈ្មោះ​ផលិតផល កម្រៃជើងសា និង​ថ្លៃ​ប្រតិបត្តិការ​ជាដើម​។

«​ខណៈ​ដែល​ពិភពលោក​របស់​យើង កំពុង​ងាក​ទៅរក​ឌីជីថល​យ៉ាងឆាប់រហ័ស​នោះ យើង​បាន​កត់សម្គាល់​ឃើញថា សហគ្រិន​ដែល​ខ្វះខាត​សាច់ប្រាក់​ជាច្រើន និង​ម្ចាស់​អាជីវកម្ម​ខ្នាតតូច កំពុង​ពិបាក​ប្រកួតប្រជែង​ជាមួយ​ឧស្សាហកម្ម​ធំៗ ឬ​ក្រុមហ៊ុន​ថ្មីៗ​ដែល​មាន​ប្រាក់​ច្រើន​»​។

«​ពួកគេ​បាន​ចុះ​អន់ថយ​បន្តិច​ម្តងៗ ហើយ​ឈាន​ទៅ​រក​ការក្ស័យធន​។ ដោយ​មើលឃើញ​ពី​ចំណុច​នេះ យើង​ក៏បាន​សម្រេច​ចាត់វិធានការ​តាមរយៈ​ការលើកកម្ពស់​សហគ្រិន និង​ម្ចាស់​អាជីវកម្ម​ខ្នាតតូច ដោយ​បង្កើត​ឱកាស​សម្រាប់​ពួកគេ​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​យុគសម័យ​ឌីជីថល​»​។

«​ជាមួយ​ជំងឺ​រាតត្បាត សកល សារៈសំខាន់​នៃ​ឌីជីថល​ និង​ពាណិជ្ជកម្ម​អនឡាញ គឺ មិនមាន​ពេលណា​សំខាន់​ដូច​ពេលនេះ​ទេ​។ ការពិត​គឺថា​ពាណិជ្ជកម្ម​អនឡាញ​លែង​ជា​ជម្រើស​ទៀតហើយ ប៉ុន្តែ​វា​គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​ការរស់រាន​មាន​ជីវិត​»​។

លោក Paul ក៏បាន​មានប្រសាសន៍​ថា​៖ «​យើង​ប្តេជ្ញា​រក្សា​វេទិកា​របស់​យើង ដោយ​ឥតគិតថ្លៃ​សម្រាប់​ដៃគូ​អាជីវកម្ម​ទាំងអស់ រហូត​ដល់​ពួកគេ​អាច​លក់បាន និង​ទទួលជោគជ័យ​នៅលើ​វេទិការ​របស់​យើង​។ យើង​ជឿជាក់ថា ជោគជ័យ​របស់​ដៃគូ​អាជីវកម្ម​របស់​យើង គឺជា​ជោគជ័យ​របស់​យើង​»៕