Voltra គឺជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី​ដំបូង​គេ​បង្អស់​របស់​ប្រទេស​កម្ពុជា​។

ស្ថាបនិក​ក្រុមហ៊ុន លោក Yann Vaudin បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែធ្នូ ក្រុមហ៊ុន​លក់​ម៉ូតូ​អគ្គិសនី (e-bikes) បាន​ចំនួន​ ៧០ ​គ្រឿង​រួចហើយ និង​រំពឹងថា​នឹង​លក់បាន​យ៉ាង​ហោចណាស់​ ១ ០០០ ​គ្រឿង​គិត​ត្រឹម​ចុង​ឆ្នាំនេះ​។ ក្រុមហ៊ុន​ក៏បាន​សាងសង់​សាល​តាំង​បង្ហាញ​ទី​ ២ ​រួចហើយ​ដែរ​នៅក្នុង​ខេត្តសៀមរាប​។

រហូត​មក​ដល់​ពេលនេះ​ក្រុមហ៊ុន​មាន​អតិថិជន​ជាច្រើន​មកពី​ស្ថាប័ន​ផ្សេងៗ ដូចជា​មកពី​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ស្ថានទូត​ស៊ុយអែត ស្ថានទូត​បារាំង ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏ដូចជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ម៉ាឡេស៊ី Smart ជាដើម​។

ក្រុមហ៊ុន​មាន​បុគ្គលិក​ ៦ ​នាក់​ក្នុង​នោះ​មាន​វិស្វករ​ខ្មែរ​ ២ ​រូប​ដែល​ដំឡើង​គ្រឿង​ផ្គុំ​នីមួយៗ​ដោយ​ដៃ​។

បច្ចុប្បន្ន​ក្រុមហ៊ុន Voltra មាន​ម៉ូតូ​ ២ ​ម៉ូដែល​ហើយ​ទាំង​ ២ ​ម៉ូដែល​នេះ​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​។ ម៉ូដែល Off-road សាក​ថ្ម​ម្តង​អាច​ធ្វើ​ដំណើរ​បាន​ ៥០ ​គីឡូម៉ែត្រ និង​បើកបរ​បាន​ក្នុង​ល្បឿន​ ៣៨ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​។

ចំពោះ​ម៉ូដែល Matrix ត្រូវបាន​ដាក់លក់​នៅក្នុង​ខែមករា​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​រហូតដល់​ ៦០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​ហើយ​សាកថ្ម​ម្តង​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ ១០០ ​គីឡូម៉ែត្រ​។

ម៉ូដែល Off-road បើកបរ​បាន​ក្នុង​ល្បឿន​ ៣៨ ​គីឡូម៉ែត្រ​ក្នុង​ ១​ ម៉ោង​។ រូបថត សហការី

អតិថិជន​នៃ​ម៉ូដែល​ទាំងពីរ​អាច​ដក​ថ្ម​សាក​ (lithiumion) ​ដែល​ដាក់​នៅ​ខាងក្រោម​កែប​ទៅ​សាក​នៅ​ក្នុង​ការិយាល័យ ឬ​គេហដ្ឋាន​របស់​ពួកគេ​បាន​យ៉ាង​ងាយស្រួល​។

«​ម៉ូដែល Off-road ចំណាយ​ត្រឹម​តែ​ ១៥ ​រៀល​ប៉ុណ្ណោះ​ក្នុង​ការបើកបរ​លើ​ចម្ងាយ​ផ្លូវ​ ១ ​គីឡូម៉ែត្រ ហើយ​ម៉ូដែល​ Matrix ចំណាយ​តែ​ ១២,៤ រៀល​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ​ផ្លូវ ១ ​គីឡូម៉ែត្រ​។ វា​ស៊ី​ថាមពល​អស់​ត្រឹមតែ​ ១ ​គីឡូវ៉ាត់​ម៉ោង​ប៉ុណ្ណោះ​សម្រាប់​ធ្វើដំណើរ​ចម្ងាយ​ផ្លូវ​ ៥០ ​គីឡូម៉ែត្រ​ដូច្នេះ​ម៉ូតូ​អគ្គិសនី​របស់​យើង​មាន​តម្លៃ​ថោក​ជាង​ម៉ូតូ​ប្រើ​សាំង​ ៦ ​ទៅ​ ៧ ​ដង​។

លោក Vaudin ថ្លែង​នៅឯ​ការិយាល័យ​របស់លោក​ក្នុង​រាជធានី​ភ្នំពេញ​ថា​៖ «​អាគុយ​ប្រើ​ជាមួយ​ម៉ូតូ​នេះ​មាន​សុពលភាព​រយៈពេល​ ៤ ​ឆ្នាំ ហើយ​វា​សន្សំសំចៃ​បាន​ច្រើន បើ​ប្រៀបធៀប​ទៅនឹង​ម៉ូតូ​ប្រើ​សាំង​»​។

ក្រុមហ៊ុន Voltra គ្រោង​នឹង​ចាប់ផ្តើម​ផលិត​គ្រឿងបន្លាស់​ប្លាស្ទិក​សម្រាប់​ម៉ូតូ​នៅ​កម្ពុជា​។ ហើយ​ឆាប់ៗ​នេះ​ក្រុមហ៊ុន​ក៏​នឹង​ពង្រីក​សមត្ថភាព​ផលិតកម្ម​របស់ខ្លួន​ផងដែរ​។

បច្ចុប្បន្ន​ម៉ូដែល​ទាំងនេះ​ត្រូវ​បាន​ផលិត​នៅ​អគារ​មួយ​ជិត​ព្រលាន​យន្តហោះ​ប៉ុន្តែ​លោក Vaudin មានបំណង​ចង់​មាន​រោងចក្រ និង​បណ្តាញ​ដំឡើង​ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​ឆ្នាំ ២០២១​។

សម្រាប់​លោក Vaudin ប្រទេស​កម្ពុជា​គឺជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ក្រុមហ៊ុន Voltra មុន​ពេល​ពង្រីក​ទៅ​តំបន់​ផ្សេងទៀត និង​នៅ​ទូទាំង​ពិភពលោក​។

ដើម្បី​សម្រេច​គោលដៅ​នេះ​ក្រុមហ៊ុន Voltra ទទួល​បាន​វិញ្ញាបនបត្រ​ "CE" (European Conformity) ដែល​ធ្វើឱ្យ​វា​មាន​ភាពសមស្រប​សម្រាប់​ទីផ្សារ​អឺរ៉ុប​។

លោក Yann Vaudin បង្ហាញ​ម៉ូតូ​ម៉ូដែល Matrix ថ្មី​របស់​ក្រុមហ៊ុន Voltra​។ រូបថត សហការី

លោក Vaudin ដែលជា​វិស្វករ​ផ្នែក​ថាមពល​កកើត​ឡើងវិញ​ថ្លែងថា​លោក​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ធានា​ថា ម៉ូតូ​របស់​លោក​មិន​ត្រឹមតែ​បំពេញ​តាម​ស្តង់ដា​សុវត្ថិភាព និង​មិន​ប៉ះពាល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​តម្រូវ​តាម​តម្រូវការ​របស់​អតិថិជន​កម្ពុជា​ផងដែរ​។

«​ចាប់តាំងពី​ដំបូង​នៅពេល​ដែល​យើង​ចាប់ផ្តើម​ក្រុមហ៊ុន Voltra យើង​មិន​ត្រឹមតែ​គិត​អំពី​ទីផ្សារ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ យើង​ថែមទាំង​បានគិត​អំពី​ការនាំចេញ​ម៉ូតូ​នេះ​ទៅដល់​អតិថិជន​អន្តរជាតិ​ទៀតផង​។ យើង​បាន​ចំណាយពេល​ជាង​ ២ ​ឆ្នាំ​ដើម្បី​ធ្វើឱ្យ​ប្រាកដថា ផលិតផល​នេះ​នឹងត្រូវ​បានទទួល​ស្គាល់​នៅ​ទូទាំង​ពិភពលោក​»​។

លោក​បន្ថែមថា លោក​បាន​សាកល្បង​ម៉ូដែល Off-road នៅលើ​ចម្ងាយ​ផ្លូវ​ ១២ ០០០ ​គីឡូម៉ែត្រ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​រាប់​ចាប់ពី​ផ្លូវ​កកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ​រហូត​ដល់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​នៃ​តំបន់​ជនបទ​ក្នុង​ខេត្តសៀមរាប​។

ម៉ូដែល Off-road ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​ជាមួយ​នឹង​ផ្នត់គំនិត​គិតពី​អតិថិជន​ក្នុង​ស្រុក​ដោយ​មិន​ត្រឹមតែ​យកចិត្ត​ទុកដាក់​លើ​ស្ថានភាព​ផ្លូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​គិត​អំពី​តម្លៃ​ផលិតផល​ផងដែរ​។

ចំពោះ​ម៉ូដែល Off-road មាន​តម្លៃ ៨៩៩ ​ដុល្លារ​ក្នុង​ ១ ​គ្រឿង​ចំណែកឯ​ម៉ូដែល Matrix មានតម្លៃ​ ១៣៩០ ​ដុល្លារ​។ ក្រុមហ៊ុន Voltra ក៏​គ្រោង​នឹងដាក់​បង្ហាញ​ម៉ូដែល 3W Matrix នៅក្នុង​រយៈពេល​ ២ ​ខែ​ខាងមុខ​ផងដែរ​៕