វិស័យម្ហូបអាហារនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ ដែលត្រូវបានគេមើលឃើញថា ភោជនីយដ្ឋានទាំងក្នុងទីក្រុង និងតាមបណ្តាខេត្តមានការរីកចម្រើនយ៉ាងខ្លាំង។ ក្នុងនោះក៏មានភោជនីយដ្ឋានម្លិះ និងភោជនីយដ្ឋានខេមា អង្គរនៅក្នុងខេត្តសៀមរាបផងដែរ។
បង្កើតឡើងនៅក្នុងឆ្នាំ ២០០៤ ជាមួយនឹងការតាំងចិត្តខ្ពស់ក្នុងការស្តារឡើងវិញនូវម្ហូបខ្មែរដែលធ្លាប់ល្បីល្បាញឲ្យមាននៅលើបញ្ជីមុខម្ហូបខ្មែរឡើងវិញ ទើបភោជនីយដ្ឋាន ម្លិះបានខិតខំនាំមកនូវមុខម្ហូបខ្មែរដល់អតិថិជនរបស់ខ្លួនឲ្យទទួលបាននូវបទពិសោធនៃម្ហូបអាហារខ្មែរដ៏ឈ្ងុយឆ្ងាញ់។
ដោយមានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប អតិថិជនអាចរីករាយជាមួយនឹងបរិយាកាសដ៏មនោរម្យអមដោយសួនច្បារដ៏ស្រស់បំព្រង។
ក្នុងនោះផងដែរភោជនីយដ្ឋានម្លិះក៏មានទីធ្លាធំទូលាយ ដែលអតិថិជនអាចអង្គុយទទួលទានអាហារប្រកបដោយផាសុកភាព ជាមួយនឹងជម្រើសដ៏សម្បូរបែប ហើយជាន់ទី១ ត្រូវបានពង្រីកដែលអាចផ្ទុកអតិថិជនបានរហូតដល់ ១៤០ នាក់ អាចទទួលរៀបចំកម្មវីធីដូចជាជប់លៀង ខួបកំណើត ឬព្រឹត្តិការណ៍ផ្សេងៗតាមត្រូវការ។
ចំពោះការរចនាផ្ទៃខាងក្នុង គឺមានភាពស្រស់ស្អាត ទាក់ទាញ អមដោយពិដានខ្ពស់ ផ្ទៃក្រាលដោយថ្មពណ៌ប្រផេះ។ ក្រៅពីនោះក៏មានការតាំងបង្ហាញវត្ថុសិល្បៈ និងសិប្បកម្មខ្មែរដើម្បីបង្ហាញភ្ញៀវឲ្យដឹងអំពីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ។
លោកស្រី ព្រាប លំភានី ប្រធានគ្រប់គ្រងភោជនីយដ្ឋានម្លិះនៃក្រុមហ៊ុនថាលាស Thalias បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖
«ភោជនីយដ្ឋានម្លិះមានមោទនភាពដែលបាននាំមកនូវម្ហូបខ្មែរជូនភ្ញៀវទេសចរបរទេសឲ្យបានស្គាល់នូវរសជាតិម្ហូបខ្មែរដ៏សម្បូរបែបនេះ»។
«ប៉ុន្តែវិធីសាស្ត្រនៃការរៀបចំគ្រឿងផ្សំក្នុងស្រុក ក៏បានទាក់ទាញអតិថិជនខ្មែរ និងភ្ញៀវទេសចរដទៃទៀតឱ្យមកទទួលទានអាហារខ្មែរពិតៗជាមួយនឹងបរិស្ថានដ៏ស្រស់បំព្រងរបស់យើងនេះ»។
ការទទួលទានអាហារនៅភោជនីយដ្ឋានម្លិះ លោកស្រី លំភានី បញ្ជាក់ថា វានឹងផ្តល់ឲ្យអតិថិជននូវបទពិសោធនៃអាហារខ្មែរដ៏ឈ្ងុយឆ្ងាញ់ ហើយភ្ញៀវក៏អាចស្វែងយល់អំពីប្រវត្តិម្ហូបរបស់ខ្មែរផងដែរ។
«នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់របបប្រល័យពូជសាសន៍ខ្មែរក្រហម មុខម្ហូបប្រពៃណីខ្មែរជាច្រើនដែលមានជាយូរលង់ណាស់មកហើយនោះ គឺត្រូវបានបាត់បង់»។
លោកស្រីបន្តថា៖ «ភោជនីយដ្ឋានម្លិះ បានខិតខំស្រាវជ្រាវស្វែងរកម្ហូបខ្មែរដែលបាត់បង់មួយចំនួនមកវិញ គឺជាអ្វីដែលមេចុងភៅដ៏ឆ្នើម លោក លូ ម៉េង និងក្រុមការងាររបស់លោកខិតខំ ដើម្បីធ្វើឲ្យមុខម្ហូបទាំងនោះមានឈ្មោះឡើងវិញរហូតមកដល់បច្ចុប្បន្ន ហើយវាក៏ជាផ្នែកមួយនៃការអភិរក្សសម្រាប់ពេលអនាគតផងដែរ»។
ដើម្បីចម្អិនអាហារខ្មែរដ៏មានឱជារសឈ្ងុយឆ្ងាញ់ដែលជាទីពេញចិត្តរបស់អតិថិជន គឺភោជនីយដ្ឋាន ប្រើគ្រឿងផ្សំក្នុងស្រុក ធម្មជាតិស្រស់ៗដើម្បីបង្កើតនូវអាហារដែលមានរសជាតិឥតខ្ចោះ។
មានមុខម្ហូបជាច្រើនប្រភេទ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលមានដូចជាត្រីដុត មាន់ដុត សាច់ជ្រូកសាច់គោ និងម្ហូបជាច្រើនមុខទៀតដែលជាជម្រើសរបស់អតិថិជន។
លោកស្រី លំភានី ថ្លែងថាភោជនីយដ្ឋានម្លិះ មានការផ្តល់ជូនជាពិសេស ដែលជាការលើកទឹកចិត្តឱ្យភ្ញៀវបរទេសស្វែងយល់ និងទទួលទានម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់។
ចំណែកឯភោជនីយដ្ឋាន ខេមា អង្គរ ដែលមានទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ខេត្តសៀមរាប ក៏ផ្តល់ជូននូវបទពិសោធនៃការទទួលទានអាហារដ៏ល្អឥតខ្ចោះផងដែរ ចំពោះអ្នកដែលស្រឡាញ់អាហារបែបអឺរ៉ុប ដែលស្ថិតនៅចំកណ្តាលទីក្រុងសៀមរាបតែម្តង។
«ភោជនីយដ្ឋាននេះ គឺជាកន្លែងមួយដ៏សមស្របបំផុតដែលភ្ញៀវអាចចំណាយពេលជួបជុំក្រុមគ្រួសារ ឬមិត្តភក្តិ ខណៈកំពុងទទួលទានម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានតម្លៃសមរម្យ»។
លោកស្រី Céline ប្រធានគ្រប់គ្រងភោជនីយដ្ឋាន ខេមា អង្គរ ថ្លែងថា៖ «យើងមានអាហារអ៊ឺរ៉ុបដែលនាំចូលពីបរទេស ដូចជាឈីស ហេម ហតដក ផាស្តា នំដុត និងនំប៉័ងជាដើម ដែលអតិថិជនអាចទទួលទាននៅក្នុងភោជនីយដ្ឋានផ្ទាល់ ឬក៏អាចទិញយកទៅទទួលទាននៅគេហដ្ឋានក៏បាន»។
លោកស្រីបន្តថា ទីធ្លាភោជនីយដ្ឋានដែលមានភាពស្រស់ស្អាត និងធំទូលាយ។
ក្រុមហ៊ុន ថាលាស "Thalias Hospitality Group" គឺជាម្ចាស់ភោជនីយដ្ឋានម្លិះ និងភោជនីយដ្ឋាន ខេមា អង្គរ ទាំងនៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប រួមទាំងភោជនីយដ្ឋាន Topaz និងសណ្ឋាគារអារុណរះ នៅក្នុងរាជធានីភ្នំពេញផងដែរ៕