ដើម្បី​សម្រេច​បាន​តាម​គោលដៅ​ក្នុង​ការទាក់ទាញ​ទេសចរ​ឲ្យ​បាន​ចំនួន​​ ៣០ ​លាន​នាក់​នៅ​ឆ្នាំក្រោយ ប្រទេស​ម៉ាឡេស៊ី​បាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជំនាន់​ថ្មី​ដែល​ចូលចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង អ្នក​ចូលចិត្ត​ថតរូប​បែប​សែលហ្វ៊ី និង​អ្នក​ចូលចិត្ត​ទទួលទាន​អាហារ​ដ៏សម្បូរបែប​។

ប្រទេស​ម៉ាឡេស៊ី​ហាក់​ងាក​ចេញ​ពី​យុទ្ធសាស្ត្រ​ទីផ្សារ​បែប​ប្រពៃណី​មក​រៀបចំ​យុទ្ធសាស្ត្រ​របស់​ខ្លួន​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដ៏មាន​សក្តានុពល​ដើម្បី​ធ្វើឲ្យ​យុទ្ធនាការ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​ ២០២០ សម្រេចបាន​ជោគជ័យ ហើយ​សង្ឃឹម​ថា​នឹង​ទទួលបាន​ចំណូល​ប្រមាណ​ ២៥ ​ពាន់​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ​ក្រោយ​។

«​នៅក្នុង​យុទ្ធនាការ​នេះ យើង​កំពុង​ផ្សព្វផ្សាយ​បែប​ឌីជីថល​។ យើង​នឹង​ផ្សព្វផ្សាយ​យ៉ាងសកម្ម​លើ​ប្រព័ន្ធ​អនឡាញ គេហទំព័រ ឬ​ហ្វេសប៊ុក​។ យើង​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ ភ្នាក់ងារ ទេសចរណ៍ មកពី​គ្រប់​ទីផ្សារ ដើម្បី​ឱ្យ​ពួកគេ​អាច​នាំ​ភ្ញៀវទេសចរ​មក​កាន់​ប្រទេស​ម៉ាឡេស៊ី​កាន់តែ​ច្រើន​»​។

លោក Iskandar Miraza Mohd Yusof ប្រធាន​ផ្នែក​ទំនាក់ទំនង​សាជីវកម្ម​ទេសចរណ៍​ម៉ាឡេស៊ី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ទីក្រុង​គូឡាឡាំពួ​ថា​៖ «​យើង​ក៏បាន​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ថ្មីៗ​ផងដែរ ដើម្បី​ឲ្យ​ទេសចរ ជំនាន់​ថ្មី​ទទួល​បាន​នូវ​បទពិសោធ​បដិសណ្ឋារកិច្ច​របស់​ម៉ាឡេស៊ី​»​។

ភ្នាក់ងារ​នេះ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន Expedia Group ដើម្បី​ទាក់ទាញ​ទេសចរ​មកពី​ប្រទេស​ជប៉ុន អូស្ត្រាលី និង​សហរដ្ឋអាមេរិក ហើយ​ថែមទាំង​បាន​ចាប់​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន Sharp ដើម្បី​ពង្រីក​វីដេអូ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​ម៉ាឡេស៊ី ជាមួយ​នឹង​អេក្រង់​បច្ចេកវិទ្យា​ខ្ពស់​កម្រិត 8k ចំនួន ២០០,០០០ ដែល​មាន​គុណភាព​ខ្ពស់ រូបភាព​ច្បាស់​ដាក់​បង្ហាញ​នៅ​ទូទាំង​ប្រទេស​អាស៊ាន ចិន ឥណ្ឌា ជប៉ុន និង​តៃវ៉ាន់​។

ប្រទេស​ម៉ាឡេស៊ី​កំពុង​ស្ថិត​ក្នុង​ការផ្សព្វផ្សាយ​យុទ្ធនាការ​ទស្សនា​ប្រទេស ម៉ាឡេស៊ី ឆ្នាំ​ ២០២០ ក្រោម​ពាក្យ​ស្លោក «Truly Asia Malaysia 2020» ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស អាស៊ាន​ដទៃទៀត​ដូចជា​ថៃ​ និង​ហ្វីលីពីន​ដែល​វិស័យ​ទេសចរណ៍​កំពុង​កើនឡើង​។

លោក Musa៖ គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​គឺ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​។

នៅ​ឆ្នាំ​ក្រោយ​អាចជា​ឆ្នាំ​ដែល​មាន​ភាព​តានតឹង​សម្រាប់​វិស័យ​ទេសចរណ៍​។ ចំនួន​ទេសចរ​ចិន​ដែល​ជា​ទេសចរ​អន្តរជាតិ​ដ៏សំខាន់​នៅ​ទូទាំង​ពិភពលោក អាច​ធ្លាក់ចុះ​ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន-អាមេរិក និង​តម្លៃ​រូបិយវត្ថុ​ចិន​ធ្លាក់ចុះ​។ ទេសចរ​ចិន​ប្រមាណ​ ១,៥៦ ​លាន​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​នៅ​ឆមាស​ទី​ ១​ ​ក្នុង​ឆ្នាំ​នេះ​។

ក្នុង​រយៈពេល​ ៦​ ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ទេសចរ​ចំនួន ១៣,៣៥ លាន​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ពោល​គឺ​កើនឡើង​ ៤,៩ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន ១២,៧៣ លាន​នាក់ និង​ទទួល​បាន​ចំណូល​ប្រមាណ ១០ ពាន់​លាន​ដុល្លារ​នៅក្នុង​រយៈពេល​​ ៦ ​ខែ​ដើម​ឆ្នាំនេះ​។

ថ្លែង​ទៅកាន់​សមាជិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​នៅ​ទីក្រុង​គូឡាឡាំពួ​កាលពី​សប្តាហ៍​មុន លោក Musa Yusof អគ្គនាយក​ទេសចរណ៍​ម៉ាឡេស៊ី​បាន​ថ្លែងថា​៖ «​គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​ដាក់ចេញ​ដើម្បី​លើកកម្ពស់ យុទ្ធនាការ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​ ២០២០»​។

ទីក្រុង​គូឡាឡាំពួ​ជា​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​។

«​ដើម្បី​សម្រេច​បាន​គោលដៅ​របស់​យើង ទេសចរណ៍​ម៉ាឡេស៊ី​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង​សម្រាប់​ការផ្សព្វផ្សាយ​ទាំង​នៅក្នុង​ស្រុក​ និង​អន្តរជាតិ​ដែល​យើង​បានធ្វើ​តាំងពី​ដើមឆ្នាំ​ ២០១៨ ​មក​ម្ល៉េះ​។ យុទ្ធសាស្ត្រ​ថ្មី​នេះ​ត្រូវ​បាន​អនុវត្ត​ដើម្បី​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រភព​ចំណូល​ដ៏ធំ​មួយ​របស់​ប្រទេស និង​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​»​។

លោក Musa បន្ថែម​ថា​៖ «​ជា​លទ្ធផល​នៃ​ការផ្តួចផ្តើម​យុទ្ធសាស្ត្រ​ និង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​នានា យើង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន ២៥,៨ លាន​នាក់ និង​ទទួល​បាន​ចំណូល​ចំនួន ៨៤,១ ពាន់​លាន​រីងហ្គីត (​កាលពី​ឆ្នាំមុន​)»​។

ប្រទេស​ ម៉ាឡេស៊ី​ នឹង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ថ្មីៗ​ដើម្បី​ទាក់ទាញ​ទេសចរ​ជំនាន់​ថ្មី​។

ដំណើរ Mega Fam សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ត្រូវបាន​រៀបចំ ឡើង​ដោយ​ទេសចរណ៍​ម៉ាឡេស៊ី​ពី​ថ្ងៃទី ២-៧ ខែ​កញ្ញា​។

ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​កំពូល​ទាំង​ ១០ ​មក​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ឆមាស​ទី​ ១ ​នៃ​ឆ្នាំ​ ២០១៩ គឺ​មកពី​ប្រទេស​សិង្ហបុរី ឥណ្ឌូនេស៊ី ចិន ថៃ ប្រ៊ុយណេ ឥណ្ឌា កូរ៉េខាងត្បូង ហ្វីលីពីន វៀតណាម និង​ជប៉ុន​។

លោក Musa Yusof លើក​ឡើង​ថា​ម៉ាឡេស៊ី​មាន​អាកាសធាតុ​ដ៏អំណោយផល​ពេញ​មួយឆ្នាំ​។ ទេសចរ​នឹង​ទទួល​បាន​នូវ​បទពិសោធ​ដ៏អស្ទារ្យ ហើយ​ពាក្យ Malaysia Turly Asia មិនមែន​គ្រាន់តែ​ជា​ការផ្សព្វផ្សាយ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​បង្ហាញ​ពី​តថភាព​ជាក់ស្តែង​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ម៉ាឡេស៊ី​ដ៏សម្បូរបែប​៕