តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​វិទ្យាស្ថាន​បើកទូលាយ និង​ក្រុមហ៊ុន Smart Axiata Co Ltd បានប្រកាស​ពី​ការចាប់ផ្ដើម​ផ្សព្វផ្សាយ​វីដេអូ​មេរៀន​អនឡាញ​ពី​កម្មវិធី «Smart 1,000 Grade 12 Video Collection» ​ដើម្បី​ជួយ​ដល់​សិស្សានុសិស្ស អាច​បន្ត​ការសិក្សា​ពី​ចម្ងាយ​ និង​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅក្នុង​ឆ្នាំនេះ​។

គំនិត​ផ្តួចផ្តើម​នេះ​ទទួល​បាន​ការគាំទ្រ​ពី​មូលនិធិ​ទឹកប្រាក់​ ១ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​ប្រឆាំង​ជំងឺ​កូវីដ​១៩ ខណៈ​មកដល់​ពេល​នេះ សាលារៀន​នៅ​ទូទាំង​ប្រទេស​មិន​ទាន់​បើក​ឡើង​វិញ​ទូលំទូលាយ​នៅឡើយ​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មាន​ប្រសាសន៍​ថា​៖ «​ខណៈ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុងតែ​ពង្រីក​កាលានុវត្តភាព​នៃ​ការសិក្សា​ពី​ចម្ងាយ ដូច្នេះ​មូលនិធិ​របស់​ក្រុមហ៊ុន Smart Axiata គឺជា​ជំនួយ​យ៉ាង​ធំធេង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង ដោយ​បាន​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​»​។

គំនិត​ផ្ដួចផ្ដើម​នេះ​ផ្ដោតលើ​សិស្ស​ថ្នាក់​ទី ១២ ​ពីព្រោះ​សិស្ស​ដែល​កំពុង​រៀន​ឆ្នាំ​ចុងក្រោយ សម្រាប់​មធ្យម​សិក្សា​ចាំបាច់​ត្រូវ​ត្រៀម លក្ខណៈ​សម្រាប់​ការប្រឡង​បញ្ចប់​ហើយ​បន្ត​ចូលទៅ​រៀន​នៅ​សាកលវិទ្យាល័យ​។

ក្រុមហ៊ុន Smart Axiata បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «​កម្មវិធី Smart 1,000 Grade 12 Video Collection នឹង​ក្លាយជា​ធនធាន​ដ៏សំខាន់​សម្រាប់​សិស្ស​ថ្នាក់​ទី ១២ នា​ឆ្នាំនេះ​ក៏​ដូចជា​ពេលអនាគត ហើយ​បណ្ណាល័យ​ឌីជីថល​ដែល​មាន​ផ្ទុក​វីដេអូ​អនឡាញ​នេះ​ក៏​នឹង​ជួយ​ដល់​ការត្រៀមខ្លួន​ជាស្រេច​របស់​ក្រសួង​អប់រំ សម្រាប់​ពេលអនាគត​ផងដែរ​»​។

មូលនិធិ​នេះ​បាន​ជួយ​គុណតម្លៃ​យ៉ាងច្រើន​បន្ថែមទៀត ដល់​កិច្ច​សហការ​ និង​ភាពជា​ដៃគូ​យូរអង្វែង​រវាង​ក្រុមហ៊ុន Smart Axiata ក្រសួង​អប់រំ យុវជន​ និង​កីឡា និង​វិទ្យាស្ថាន​បើកទូលាយ​។

រហូតមក​ទល់នឹង​ពេលនេះ​មាន​វីដេអូ​ចំនួន​ជាង ៤០០ ហើយ​ដែល​បាន​ផលិតឡើង​។ ខណៈ​ដែលមាន​វីដេអូ​ជាច្រើន​ទៀត​កំពុង​ស្ថិតក្នុង​ដំណើរ​ការផលិត​ក្នុង​ពេល​នេះដែរ ក្រសួង​អប់រំ នឹង​ចាប់ផ្ដើម​សម្ពោធ​ឲ្យ​ប្រើប្រាស់​វីដេអូ​ដែល​បាន​រៀបចំ​យ៉ាង​មាន​របៀបរៀបរយ​។ វីដេអូ​ទាំងនោះ​នឹង​ត្រូវ​បាន​ចាក់ផ្សាយ​នៅលើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រសួង​រួមមាន​នៅលើ​ទំព័រ Facebook និង​ទំព័រ​ YouTube របស់​ក្រសួង​ផ្ទាល់ ក៏​ដូចជា​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍​កម្ពុជា ២ ( ប៉ុស្តិ៍​អប់រំ TVK 2) ផងដែរ​។

លោក Thomas Hundt នាយកប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍​ថា​៖ «​យើង​មានបំណង​ចង់​ធានា​ថា​ការបិទទ្វារ​សាលា​មិនមែន​ជា​ឧបសគ្គ​ឡើយ​សម្រាប់​ការអប់រំ​សិស្ស​នៅ​កម្ពុជា​។ ក្រុមហ៊ុន Smart តែងមាន​ការប្ដេជ្ញាចិត្ត​ក្នុង​ការជួយ​ទ្រទ្រង់​ដល់​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​។ យើង​មាន​ជំនឿ​ចិត្ត​លើ​ការធ្វើការ​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ ដូច្នេះ​ហើយ​ទើប​មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លារ​របស់ ក្រុមហ៊ុន Smart Axiata ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជួយ​ដល់​សហគមន៍​ដែល​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​រាតត្បាត​សកល​»​។

មូលនិធិ​នេះ​ផ្ដោតលើ​គំនិត​ផ្ដួចផ្ដើម​នានា​ដោយ​ផ្អែកលើ​គោលដៅ​ចំនួន​បួន​រួមមាន​៖ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​សម្រាប់​ការអប់រំ ការគ្រប់គ្រង​វិបត្តិ​គម្លាត​សង្គម និង​អនាម័យ​ផ្ទាល់ខ្លួន​។ ​កម្មវិធី​កិច្ចសហការ​ជា​ដៃគូ រវាង​ស្ថាប័ន​ឯកជន និង​រដ្ឋ​ត្រូវបាន​ជំរុញ​លើក ទឹកចិត្ត​ឲ្យ​ដាក់សំណើ​មកកាន់​មូលនិធិ​នេះ ដើម្បី​ទទួលបាន​ជំនួយ​មូលនិធិ​រហូត​ដល់​ទៅ ២០ ​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​កម្មវិធី​នីមួយៗ ។

ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​នោះ​លោក Javier Sola នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​បើកទូលាយ​បាន​ថ្លែងថា​៖ «​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ទទួល​បាន​ពី​មូលនិធិ​សង្គ្រោះ​នេះ​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​វិទ្យាស្ថាន​យើងខ្ញុំ​ក្នុង​ការកសាង​ស្ទូឌីយោ​ថត​ដ៏ទំនើប​ចំនួន​ ២ ​យ៉ាង​ឆាប់រហ័ស​ដែល​សុទ្ធតែ​ជា​ស្ទូឌីយោ​ការពារ​សំឡេង​ និង​បំពាក់​ទៅ​ដោយ​ក្ដារខៀន​វៃឆ្លាត ឧបករណ៍​ថត​សំឡេង និង​ម៉ាស៊ីន​ថត​វីដេអូ​លំដាប់​ខ្ពស់​។ នៅពេល​នេះ​ស្ទូឌីយោ​ទាំងពីរ​នេះ​កំពុង​ដំណើរការ​ប្រកប​ដោយ​ភាព​ពេញលេញ ដូច្នេះ​យើង​អាច​ផលិត​វីដេអូ​បាន​ចំនួន​រហូត​ដល់​ទៅ ៨០ វីដេអូ បង្រៀន​ក្នុង​មួយថ្ងៃ​។

ក្រុម​ការងារ​ត្រួតពិនិត្យ​គុណភាព​បាន​ធ្វើការ​យ៉ាង​ហ្មត់ចត់ ដើម្បី​ធានាថា​រាល់​វីដេអូ​ដែល​បាន​ថត​គោរព​តាម​បទដ្ឋាន​របស់​ក្រសួង និង​មាន​គុណភាព​ខ្ពស់​សម្រាប់​ការចាក់ផ្សាយ​។ យើង​ពិតជា​មាន​សេចក្ដីរំភើប​រីករាយ​ក្នុង​ការធ្វើការ​ជាមួយ​នឹង​លោកគ្រូ​អ្នកគ្រូ​ដ៏ចំណាន និង​ក្រុមការងារ​ដែល​ឧស្សាហ៍​ព្យាយាម​ក្នុង​ការផលិត​វីដេអូ​ទាំងអស់​នេះ​»​។

កាលពី​ខែ​មីនា គ្រប់​សាលារៀន​ទាំងអស់​ត្រូវ​បាន​តម្រូវ​ឲ្យ​បិទទ្វារ​ដើម្បី​រារាំង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩​។ ដោយ​មើលឃើញ​ពី​តម្រូវការ​បន្ទាន់​ក្នុង​ការជួយ​គាំទ្រ​សម្ភារ​សិក្សា​ពី​ចម្ងាយ​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១២ ក្នុងការ​ត្រៀមប្រឡង វិទ្យាស្ថាន​បើកទូលាយ​បាន​ដាក់​សំណើ​មកកាន់​មូលនិធិ ដើម្បី​អនុវត្ត​គម្រោង​រួមគ្នា​ជាមួយ​ក្រសួង អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន Smart Axiata៕

ការចូលរួម​ពី​ក្រុមហ៊ុន​ឯកជន​នឹង​ជួយ​លើកកម្ពស់​ការអប់រំ​។

រហូត​មក​ដល់​ពេល​នេះ វីដេអូ​ជាង ៤០០ ត្រូវ​បាន​ផលិតឡើង​។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​សម្ពោធ​ស្ទូឌីយោ​ផលិត​វីដេអូ​។