ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​គឺ​ការបន្ត​ពង្រីក​ការផ្តល់​ជូន​ភ្ញៀវ​របស់ខ្លួន​នូវ​បទពិសោធ​ «​ដោយ​គ្មាន​បារម្ភ​អំពី​ផលប៉ះពាល់​» ​ដល់​បរិស្ថាន ដើម្បី​ទទួល​បាន​ភាពរីករាយ​ដ៏ស្រស់ស្រាយ​បំផុត​នៅក្នុង​ជីវិត​។

ដោយ​ទទួល​បាន​ការទទួល​ស្គាល់​កម្រិត​អន្តរជាតិ​អំពី​និរន្តរភាព​នៅក្នុង​កម្រិត​ខ្ពស់បំផុត​ពី​អង្គការ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​ជា​សកល និង​ជា​ស្ថាប័ន​ទទួល​ខុសត្រូវ​សង្គម​ឈានមុខ​គេ រមណីយដ្ឋាន​ដ៏ប្រណីត​នៅក្នុង​ខេត្ត​កែប​មួយ​នេះ​កំពុង​រៀបចំ​សៀវភៅ​ណែនាំ​មួយ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)​។

ជា​សណ្ឋាគារ​មួយ​ក្នុង​ចំណោម​សណ្ឋាគារ​តិចតួច​បំផុត​នៅលើ​ពិភពលោក ដែល​ទទួល​បាន​ស្តង់ដា platinum ខ្ពស់បំផុត​ពី GreenGrowth 2050, បច្ចុប្បន្ន​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​កំពុង​នាំមុខគេ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដោយ​ឆ្លងកាត់​គំរូ​ប្រកប​ដោយ​និរន្តរភាព​របស់​ខ្លួន​សម្រាប់​អ្នកផ្សេង​ទៀត​នៅ​គ្រប់​វិស័យ ដើម្បី​អាច​អនុវត្តតាម​។ GreenGrowth 2050 គឺ​ក្រុមប្រឹក្សា​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព​ជា​សកល​ដែល​ទទួលស្គាល់​កម្រិតស្តង់ដា​។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​លោកស្រី Estelle Bergandi បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​ផ្តោត​សំខាន់​លើ​ការបង្កើត​ជា​សហគមន៍​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ជា​វិជ្ជមាន​។ បច្ចុប្បន្ន​យើង​កំពុង​សហការ​ជាមួយ UNDP និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បង្កើត​សៀវភៅ​ណែនាំ​មួយ ដើម្បី​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ឱ្យ​មាន​និរន្តរភាព​ដើម្បី​សម្រាប់​ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​»​។

សៀវភៅ​ណែនាំ​នេះ​បើ​តាម​គម្រោង​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​ដែល​នឹង​បង្ហាញ​អំពី​របៀប​ប្រើប្រាស់​យុទ្ធសាស្ត្រ​បៃតង​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​ការប្រតិបត្តិ​អាជីវកម្ម​កាន់តែ​មាន​ប្រសិទ្ធភាព​ជួយ​កាត់បន្ថយ​កាកសំណល់ ធ្វើជា​គំរូ​សម្រាប់​សាធារណជន និង​ជួយ​សន្សំ​ថវិកា​ជាដើម​។

លោកស្រី Bergandi បន្ថែម​ថា​ជាមួយ​នឹង​អ្នកដំណើរ​ជំនាន់​ថ្មី​ដែល​មិន​កក់​សណ្ឋាគារ​ណា​ដែល​មិន​ជួយ​ការពារ​ដល់​បរិស្ថាន គឺ​វា​ចាំបាច់​ណាស់​សម្រាប់​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​គួរ​យក​គំរូ​នៃ​ការអនុវត្ត​ប្រកប​ដោយ​និរន្តរភាព​នេះ​។

«​គោលដៅ​ចុងក្រោយ​នៃ​គំនិត​ផ្តួចផ្តើម​អាជីវកម្ម​បៃតង គឺ​បង្កើត​បរិយាកាស​ប្រកបដោយ​និរន្តរភាព​ដែល​អំណោយផល​ដល់​ការរីកចម្រើន ខណៈ​ការប្រែប្រួល​អាកាសធាតុ​បាន​ប៉ះពាល់​ដល់​យើង​ទាំងអស់​គ្នា​រួចហើយ ដូច្នេះ​ការរួមបញ្ចូល​គំរូ​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព​គឺជា​រឿង​ដែល​ត្រូវធ្វើ​»​។

«​សម្រាប់​ខ្ញុំ​វា​ចាប់ផ្តើម​ពី​ឥទ្ធិពល​។ វា​គឺជា​មោទនភាព​មួយ​ដែល​ខ្ញុំ​គឺជា​ផ្នែក​មួយ​នៃ​រមណីយដ្ឋាន​នេះ​ដែល​អាច​បង្ហាញ​អំពី​ការយកចិត្ត​ទុកដាក់​ខ្ពស់​ដល់​ភ្ញៀវទេសចរ និង​បរិស្ថាន​នៅ​ជុំវិញខ្លួន ហើយ​អាច​ផ្តល់​ការអប់រំ​ក៏​ដូចជា​បង្ហាញ​អំពី​សក្តានុពល​នៃ​ការរីកចម្រើន​នេះ​»​។

លោកស្រី Estelle Bergandi

លោកស្រី​បាន​បន្ថែមថា​៖ «​វា​ពិតជា​អស្ទារ្យ​ណាស់​ដែល​អាច​បង្ហាញ​ដល់​ប្រជាជន​ឱ្យ​ចេះ​ផលិត​កសិផល​ចេញពី​សួន​ដំណាំ​របស់​យើង និង​បង្ហាញ​ពី​ដំណើរការ​នៃ​រមណីយដ្ឋាន​ទាំងមូល​ដែល​អាច​និយាយ​បានថា សាលា​ដដែល​ពួកគេ​បរិភោគ​បានមកពី​សួន​ដំណាំ ដែល​ជីវជាតិ​គឺ​កើតចេញ​ពី​កាកសំណល់​ផ្សេងៗ​ដូចជា​ផ្កា​ខាត់ណា​ជាដើម ដោយ​គ្រាន់តែ​រឿង​តូចតាច​ទាំងនេះ​ធ្វើឱ្យមាន​ភាពល្អប្រសើរ​ខ្លាំង​។ រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​កំពុង​បន្ត​ផ្តល់​ការអប់រំ​ដោយ​បើក​សិក្ខាសាលា​ដើម្បី​បង្ហាញ​អំពី​អត្ថប្រយោជន៍​នៃ​គំរូ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​។

«​អ្វីដែល​យើង​ធ្វើ​នៅទីនេះ​គឺ​កំពុង​រីកសាយ ហើយ​យើង​បានទទួល​សំណើ​ពី​សណ្ឋាគារ​លំដាប់​កំពូល​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ឱ្យធ្វើ​បទបង្ហាញ​ដល់​ពួកគេ​ឱ្យ​ទទួល​បាន​ជោគជ័យ​។ វា​ជា​ជោគជ័យ​មួយ​ដែល​យើង​ដឹងថា យើង​បាន​បើក​សិក្ខាសាលា​ដើម្បី​អាច​ចែករំលែក​ពី​របៀប​ដែល​យើង​ធ្វើឱ្យ​មាន​ភាពខុសប្លែក និង​ពី​របៀប​ដែល​អ្នកផ្សេង​ទៀត​អាច​ធ្វើ​បានដែរ​»​។

«​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ខណៈ​ការដឹង​ឭ​អំពី​យើង​កំពុង​រីកសាយ​តាមរយៈ​ការអប់រំ​អំពី​របៀប​ដែល​ប្រជាជន​អាច​ថែរក្សា​បរិស្ថាន​ជុំវិញ សម្រាប់​ទឹកដី​របស់​ពួកគេ នោះ​ហើយ​គឺជា​ការផ្លាស់ប្តូរ​ពិតប្រាកដ​»​។

លោកស្រី Bergandi បន្តថា​៖ «​កិច្ចសហការ​ជាមួយ UNDP ការបើក​សិក្ខាសាលា​ជាមួយ​ពួកគេ និង​ការទទួល​បាន​ការគាំទ្រ​ពី​ពួកគេ​គឺ​យើង​អាច​ផ្តល់​ការអប់រំ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅ​បាន គឺជា​អ្វីដែល​ខ្ញុំ​គិតថា​យើង​មាន​មោទនភាព​។ ដោយ​ប្រើប្រាស់​បច្ចេកទេស​ងាយៗ​ដូចជា​ការកែច្នៃ​ឡើងវិញ​ក្នុង​នោះ​ដូចជា​ជីកំប៉ុសិ៍្ត ដើម្បី​ធានាថា កាកសំណល់​ប្រមាណ​ ៧០ ​ភាគរយ​នឹង​មិន​ត្រូវបាន​បោះចោល​នោះឡើយ​»​។

ជីកំប៉ុស្តិ៍​របស់​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​ត្រូវ​បាន​ប្រើប្រាស់​នៅលើ​សួន​បន្លែ​សរីរាង្គ​ និង​ជីវចម្រុះ​របស់ខ្លួន​ដែល​បច្ចុប្បន្ន​ធ្វើឱ្យ​រមណីយដ្ឋាន​មាន​បន្លែ ផ្លែឈើ​ស្រស់​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​។ រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​ ១០០ ​ភាគរយ​គឺ​មិន​ប្រើប្រាស់​ប្លាស្ទិក​ដែល​ក្លាយជា​គំរូ​មួយ​ប្រកប​ដោយ​និរន្តរភាព ជាហេតុ​ធ្វើឱ្យ​រមណីយដ្ឋាន​មួយ​នេះ​កាន់តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជា​រមណីយដ្ឋាន​ប្រណីត​។

ពេល​លោកអ្នក​ឈាន​ជើង​ចូលទៅ​ដល់​នោះ​នឹង​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បុគ្គលិក​ប្រកប​ដោយ​វិជ្ជាជីវៈ​អម​ដោយ​ការរចនា តុបតែង​ដ៏ស្រស់ស្អាត​ដែល​ធ្វើឱ្យ​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​ក្លាយ​ជា​ទិសដៅ​សម្រាក​លម្អែ​ដ៏ប្រណីត និង​មាន​លក្ខណពិសេស​។ ក្នុងនោះ​ភ្ញៀវ​អាច​ទទួលទាន​អាហារ​ដ៏ឈ្ងុយឆ្ងាញ់​ក្នុង​ភោជនីយដ្ឋាន​ដ៏ប្រណីត ពួកគេ​រីករាយ​ជាមួយ​ការជិះទូក​ក្តោង​រួម​ជាមួយ​នឹង​សកម្មភាព​កម្សាន្ត​ជាច្រើន​ទៀត​រួម​នឹង​ការទស្សនា​ទេសភាព​ផ្ទៃសមុទ្រ​ដ៏ស្រស់ត្រកាល​។

មេចុងភៅ​លោក Jay Scaife បានឱ្យ​ដឹងថា​៖ «​អាហារ​គឺជា​ផ្នែក​មួយ​នៃ​ការចងចាំ​នៅ​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​។ ខ្ញុំ​បាន​រៀបចំ​បញ្ជី​មុខម្ហូប​ដោយ​ផ្អែកទៅលើ​គោលការណ៍​ ៣ ​គឺ​រសជាតិ សោភណភាព និង​អារម្មណ៍​។ ម្ហូបអាហារ​នីមួយៗ​គឺ​សុទ្ធតែ​ភ្ជាប់​មក​ជាមួយ​នូវ​ប្រវត្តិ​របស់​វា រាប់​ចាប់ពី​ហេមប៊ើហ្គឺ រហូត​ដល់​ក្តាម​ក្នុងស្រុក​»​។

លោកស្រី Parisian បន្តថា​៖ «​យើង​តែងតែ​ឆ្លៀតពេល​ដើម្បី​ឆ្លុះបញ្ចាំង​នូវ​អ្វីដែល​សំខាន់​ចំពោះ​យើង​ និង​គុណតម្លៃ​សម្រាប់​អ្វីដែល​យើង​ធ្វើ​នៅទីនេះ ហើយ​សម្រាប់​អ្វីដែល​យើង​ធ្វើ​នៅទីនេះ គឺ​ក្រុមការងារ​របស់​យើង​ដែល​ភ្ញៀវ​ចងចាំ​បំផុត​។ វា​គឺជា​ភាពសប្បាយ​រីករាយ​របស់​ពួកគេ​ក្នុង​នោះ​មាន​ក្តីស្រឡាញ់ ភាពសប្បាយ​រីករាយ ការពេញចិត្ត គឺ​ពួកគេ​ទទួល​បានជា​រៀងរាល់ថ្ងៃ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ពួកគេ​ត្រឡប់​មក​វិញ​»៕