ខណៈ​ការធ្វើដំណើរ​កម្សាន្ត​នៅក្នុង​ស្រុក​កំពុង​កើនឡើង​នោះ រមណីយដ្ឋាន ថ្ងៃ​បាំងឆត្រ​ដែល​ស្ថិត​នៅក្នុង​ខេត្ត​កែប គឺជា​រមណីយដ្ឋាន​ដ៏ល្អ​ឥតខ្ចោះ សម្រាប់​អ្នក​ដែល​ស្វែងរក​កន្លែង​សម្រាកលម្ហែ ថ្ងៃ​ឈប់​សម្រាក​ក្នុងស្រុក​ដែល​ពោរពេញ​ទេសភាព​ដ៏ស្រស់ត្រកាល​គួរ​ជា​ទីមនោរម្យ​។

លោក Jef Moons ដែលជា​ម្ចាស់​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា ខណៈ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ធ្វើឲ្យ​ទេសចរ​អន្តរជាតិ​ធ្លាក់ចុះ​នោះ រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​ដ៏ប្រណីត​បាន​បើកទទួល​ស្វាគមន៍​ភ្ញៀវ​សាជាថ្មី និង​ប្រកបដោយ​សុវត្ថិភាព សម្រាប់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ដ៏ស្រស់បំព្រង​មួយ​នេះ​។

«​វា​តែងតែ​មាន​រឿង​ល្អ សូម្បីតែ​នៅក្នុង​ស្ថានភាព​មិនល្អ​បំផុត​។ បច្ចុប្បន្ន យើង​កំពុង​មើលឃើញ​កំណើន​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ជាពិសេស​ការធ្វើដំណើរ​កម្សាន្ត និង​ទស្សនា​សម្រស់​ធម្មជាតិ​ដ៏សម្បូរបែប និង​ស្រស់ស្អាត​របស់​ប្រទេស​កម្ពុជា​»​។

លោក Moons ថ្លែងថា​« រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​បាន​ចាប់ផ្តើម​ពេញលេញ​ឡើងវិញ​ហើយ​។ នៅឯ​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ យើង​ខិតខំ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជា​រៀងរាល់​ថ្ងៃ ហើយ​យើង​ពិតជា​មោទនភាព​ដែល​យើង​នៅតែ​អាច​បម្រើ​អតិថិជន​បាន​ល្អ​បំផុត​។ ពេលនេះ រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​សូម​ស្វាគមន៍​ទេសចរ​ក្នុងស្រុក ដើម្បី​ចែករំលែក​ចំណងមិត្តភាព​របស់​យើង​តាម​វិធី​ដ៏បរិសុទ្ធ​បំផុត​ដោយ​ការចែករំលែក​ផ្អែកលើ​ទស្សន​វិទ្យា​ជប៉ុន ​«wabi sabi» និង​សម្រស់​ដ៏ស្រស់ស្អាត​នៃ​ខេត្ត​កែប​»​។

លោក Jef Moons ម្ចាស់​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​នៅ​ខេត្ក​កែប​។

រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​មាន​វីឡា​ដ៏ប្រណីត និង​ស្រស់ស្អាត​ដែល​ត្រូវបាន​រចនា​ដោយ​លោក​ វណ្ណ ម៉ូលីវណ្ណ ​ដែល​ជា​ស្ថាបត្យករ​ដ៏ល្បីល្បាញ​របស់​កម្ពុជា ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ដោយ​ភ្ញៀវ​អាច​គយគន់​ទេសភាព​ផ្ទៃសមុទ្រ​ខៀវស្រងាត់ និង​មាន​ចម្ងាយ​ដើរ​តែ​ ៥ ​នាទី​ប៉ុណ្ណោះ​ពី​ផ្សារ​ក្តាម​ដ៏ល្បីល្បាញ​របស់​ក្រុង​កែប​។

លោក Moons ជឿជាក់​ថា ភាពស្ងប់ស្ងាត់ និង​សម្រស់​ដ៏អស្ចារ្យ​របស់​ខេត្ត​កែប​នឹង​បន្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​មក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​កាន់តែ​ច្រើន​។

«​កាន់តែ​ពិសេស​ទៀត​នោះ ខ្ញុំ​ជឿជាក់​ថា ខេត្ត​កែប​គឺជា​តារា​ដែល​កំពុងតែ​រះ ហើយ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ចំណុចកណ្តាល​នៃ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព និង​លំដាប់​ខ្ពស់​។ តំបន់​របស់​យើង​នឹង​កាន់តែ​មាន​ភាពទាក់ទាញ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​»​។

លោក Moons មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​អនាគត​នៃ​រមណីយដ្ឋាន​របស់លោក​ដោយ​ថ្លែងថា​៖« រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រឈម​នឹង​បរិបទ​ថ្មី​ជាពិសេស នៅពេល​ទីផ្សារ​ក្នុង​ស្រុក​មាន​ភាព​ចម្រុះ​កាន់តែ​ច្រើន ហើយ​ទេសចរ​កំពុង​ស្វែងរក​ការ​លម្ហែ​កម្សាន្ត​នៅ​រមណីយដ្ឋាន​របស់​យើង​កាន់តែ​ច្រើន​។ យើង​តែងតែ​ផ្តល់នូវ​គុណ​តម្លៃ យើង​នឹង​មិនមែន​គ្រាន់តែ​លក់​បន្ទប់​នោះទេ​។ យើង​កំពុង​បង្កើត​អ្វីដែល​ថ្មី​ដើម្បី​បំពេញ​គ្រប់​តម្រូវការ​ទាំងអស់​»​។

«​ពេលនេះ​គឺ​ផ្តោត​បន្ថែម​លើ​ភាពរ៉ូមែនទិក និង​សុវត្ថិភាព​សម្រាប់​គ្រប់គ្នា ខណៈ​មាន​អាហារ​សមុទ្រ​ស្រស់ៗ និង​របៀប​រស់នៅ​ខាងក្រៅ​ប្រកប​ដោយ​ផាសុកភាព​តាមរយៈ​ការបោះតង់​រដូវក្តៅ និង​ការជិះទូក​កម្សាន្ត​។ យើង​បន្ត​ផ្តោតលើ​ប្រវត្តិសាស្ត្រ សិល្បៈ ស្ថាបត្យកម្ម និង​តម្លៃ [​ការទទួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​] ខណៈ​កំពុង​អភិវឌ្ឍ​គោលដៅ​ដំណើរ​ផ្សងព្រេង​សម្រាប់​ទេសចរ​ក្នុងស្រុក​»​។

ខណៈ​ពេល​ដែល​រមណីយដ្ឋាន​នេះ​ផ្តល់ជូន​កញ្ចប់​រដូវ​បៃតង (Green Season) និង​ការផ្តល់ជូន​កញ្ចប់​ពាក់កណ្តាល​សប្តាហ៍ គេ​ក៏​កំពុងបើក​វគ្គ​បង្រៀនរ​បៀប​ជិះទូក​កម្សាន្ត​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍​ផងដែរ​។ ហើយក៏​មានដំណើរ​កម្សាន្ត​តាម​សួន​ប្រកប​ដោយ​ចីរភាព​ដែល​មាន​ទំហំ​ ៣,៥ ហិកតា​ក្នុង​នោះ​រួមមាន​អាង​ហែល​ទឹក​ដ៏ទំនើប ទីធ្លា​សួនច្បារ​ធម្មជាតិ​ និង​ក្លិប​ជិះទូក​កម្សាន្ត​។

«​សារ​របស់​យើង​គឺ​ «​ភាពត្រឹមត្រូវ និង​ស្មោះត្រង់​»​។ យើង​បាន​កែសម្រួល​មិន​ត្រឹមតែ​តម្លៃ​របស់​យើង​ប៉ុណ្ណោះ​ទេ យើង​ក៏បាន​បង្កើត​កញ្ចប់​ផ្សេងៗ​ដើម្បី​បំពេញតម្រូវការ​របស់​បុគ្គល​ម្នាក់ៗ​។ កញ្ចប់​ស្នាក់នៅ​ពាក់កណ្តាល​សប្តាហ៍​និង​កញ្ចប់​រដូវកាល​បៃតង គឺ​ដើម្បី​គាំទ្រ​ដល់​ចំណូលចិត្ត​របស់​បុគ្គល​នីមួយៗ​។ ការផ្តល់ជូន​ចំពោះ​កញ្ចប់​ស្នាក់នៅ​ពាក់កណ្តាល​សប្តាហ៍​របស់​យើង​ឥឡូវនេះ​ក៏មាន​ភាពងាយស្រួល ដែល​ភ្ជាប់​ជាមួយ​ការបោះ​តង់​រដូវក្តៅ​ និង​ការជិះទូក​កម្សាន្ត​ផងដែរ​។

ទេសភាព​ដ៏ស្រស់ត្រកាល​នៃ​រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​ពេល​រាត្រី​។

«​ខ្ញុំ​ពេញចិត្ត​គំនិត​ដែលថា​នៅពេល​ភ្ញៀវ​កក់​កញ្ចប់​កម្សាន្ត​ពាក់កណ្តាល​សប្តាហ៍ គឺ​យើង​អាច​មើលថែរក្សា​កូនៗ​របស់​ពួកគេ​បាន​។ វា​ពិតជា​ការផ្តល់នូវ​ដំណោះស្រាយ​ដ៏ល្អ​សម្រាប់​គ្រួសារ​ទាំងមូល​ដែល​បំពេញ​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​សព្វថ្ងៃ​»​។

បុរស​ជនជាតិ​បែលហ្ស៊ិក​រូបនេះ​បន្ត ថា ខណៈ​ឧស្សាហកម្ម​ទេសចរណ៍​កំពុង​ប្រឈម​នឹង​ការផ្លាស់ប្តូរ​ខ្លាំង ការសម្រប​ខ្លួន​គឺមាន​សារៈ​សំខាន់​បំផុត​។

«​នេះ​ជា​ពេលវេលា​ផ្លាស់ប្តូរ​។ ខ្ញុំ​ជឿជាក់​ថា​មនុស្ស​កាន់តែ​ច្រើន​នឹង​ស្វែងរក​បទពិសោធ​ពិតប្រាកដ និង​បរិបទ​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​ការធ្វើដំណើរ​កម្សាន្ត ឬ​ការធ្វើ​ដំណើរ​លក្ខណៈ​អាជីវកម្ម​»​។

លោក Moons បន្តថា​៖ «​សព្វថ្ងៃ​យើង​កំពុង​មើលឃើញ​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង នៅក្នុង​គំរូ​នៃ​ការធ្វើដំណើរ​ក៏​ដូចជា​នៅក្នុង​ទីផ្សារ​ទេសចរណ៍​។ ​នៅក្នុង​ពេលវេលា​ដែល​មិន​ច្បាស់លាស់​ «​សូម​ស្តាប់​អ្វីៗ​ដែល​កំពុង​កើតឡើង​នៅ​ជុំវិញ ហើយ​ធ្វើការ​ផ្លាស់ប្តូរ​» នេះ​គឺជា​សារ​សម្រាប់​យើង​ទាំងអស់​គ្នា​»៕