ដោយ​ការ​ចូលរួម​ជាមួយ​យុទ្ធនាការ​សកល​ក្នុង​ការ​ដាំ​ដើម​ឈើ សម្រាប់​ការពារ​បរិស្ថាន​ប្រកប​ដោយ​ចីរភាព ​និង​ដើម្បី​ទប់ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ​ផង​នោះ ដើម​ឈើ​ចំនួន​ ១០ ០០០ ​ដើម នឹង​ត្រូវ​ដាំ​នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃទី ​៣​ ខែ សីហា ​ខាង​មុខ​។

យុទ្ធនាការ​ដាំ​ដើម​ឈើ​នេះ​កើត​ឡើង ស្រប​ពេល​ដែល​ប្រទេស ​កម្ពុជា ​និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ពិភព​លោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ការ​កើន​ឡើង​កម្តៅ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ​យ៉ាង​ខ្លាំង​។

លោក Philip (រូប​ទី២ រាប់​ពី​ឆ្វេង) លោក គឹមសួរ និង លោក បូរី ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​ការ​ការពារ​បរិស្ថាន។ ​រូបថត សហការី

យុទ្ធនាការ​ដាំ​ដើម​ឈើ​នេះ ស្ថិត​ក្រោម​ប្រធានបទ ​«​យើង​រួម​គ្នា​ព្យាបាល​ដំបៅ​ផែនដី​» ដែល​ផ្តួចផ្តើម​ដោយ​សកម្មជន​សង្គម លោក តាន់ គឹម​សួរ និង​គាំទ្រ​ដោយ​សមាគម​ក្លឹប​ទេសចរណ៏​សៀមរាប ​(STC)។ ការ​ជួបជុំ​ស្តីពី​ការ​ចាប់​ផ្តើម​យុទ្ធនាការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ​១០ ខែ កក្កដា នៅ​ក្នុង​ខេត្ត​សៀមរាប​។​

លោក តាន់ គឹមសួរ ថ្លែង​ថា​៖ «​ការ​ដាំ​ដើម​ឈើ​នេះ ​គឺ​ដើម្បី​ការពារ​ផែនដី​របស់​យើង ពី​ព្រោះ​ផែនដី​នេះ​មិនមែន​ជា​របស់​អ្នក​ណា​ម្នាក់​ទេ ប៉ុន្តែ​ជា​របស់​ពួក​យើង​ទាំង​អស់​គ្នា ដូច្នេះ​ពួក​យើង​មាន​កាតព្វកិច្ច​មួយ ​គឺ​ចូលរួម​ថែរក្សា​»​។

ជា​សរុប ដើម​ឈើ​ចំនួន ​១០ ​ម៉ឺន​ដើម នឹង​ត្រូវ​ដាំ​នៅ​ទូទាំង​ប្រទេស​ជា​ដំណាក់​កាលៗ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​។ ប្រភេទ​ដើម​ឈើ​ដែល​ត្រូវ​ដាំ ​គឺ​ជា​ប្រភេទ​ឈើ​ប្រណិត ដូចជា ផ្ចឹក បេង នាងនួន និង​គ្រញូង ជា​ដើម​។

ភ្ញៀវ​ចូលរួម​គាំទ្រ​ដល់​យុទ្ធនាការ​ដាំ​ដើម​ឈើ។សហការី

ការ​ចាប់​ផ្តើម​ដាំ​ដំបូង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រៃ​ទទឹង​ថ្ងៃ ភូមិ​បឹង​មាលា ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​។ ​លោក Philip Kao ប្រធាន STC ថ្លែង​ថា យុទ្ធនាការ​នេះ ​គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​ជាតិ​ហើយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​សហការ​គ្នា ​ដើម្បី​ធ្វើ​ឱ្យ​គំនិត​ផ្តួចផ្តើម​នេះ​ទទួល​បាន​ជោគជ័យ​ដើម្បី​ការពារ​បរិស្ថាន​។

លោក Philip បន្ថែម​ថា​៖ «រដ្ឋាភិបាល​បាន​ដាំ​ដើម​ឈើ​តាមរយៈ​ខេត្ត​នីមួយៗ មន្ទីរ​នីមួយៗ ក្រសួង​នីមួយៗ​។ ដូច្នេះ​សកម្មភាព​នេះ គឺ​យើង​ចង់​បញ្ជាក់​ថា​ជា​ការ​ចូលរួម ទាំង​រដ្ឋាភិបាល ទាំង​វិស័យ​ឯកជន ក្នុង​គោល​បំណង​មួយ​ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​ប្រទេស​យើង​បាន​ដើម​ឈើ​ច្រើន​ត្រឡប់​មក​វិញ​»​។

លោក​ក៏​សំណូមពរ​ដល់​រដ្ឋាភិបាល​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ដាំ​ដើម​ឈើ​ឲ្យ​បាន​​ច្រើន​បន្ថែម​ទៀត ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ថែរក្សា​ដើម​ឈើ​ដែល​បាន​ផ្តួចផ្តើម​ដាំ​ថ្មី​នេះ ក៏ដូច​ជា​ទប់ស្កាត់​ការ​កាប់​ព្រៃឈើ​ដែល​គ្មាន​​ការ​អនុញ្ញាត។

ការ​ដាំ​ដើម​ឈើ ​ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរជាតិ​អប្សរា​នៅ​ក្នុង​ខេត្ត​សៀមរាប​កាល​ពី​ពេល​ថ្មីៗ។ រូបថត ហ្វេសប៊ុក​របស់​អាជ្ញាធរជាតិ​អប្សរា ​

លើស​ពី​នេះ​ទៀត លោក Philip សង្កត់​ធ្ងន់​ថា ​យុទ្ធនាការ​ដាំ​ដើម​ឈើ​នេះ​គួរ​តែ​ជា​ផ្នែក​មួយ​ដែល​ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​កម្មវិធី​សិក្សា​ចាប់​ពី​ថ្នាក់​បឋម​សិក្សា​រហូត​ដល់​ថ្នាក់​ឧត្តម​សិក្សា​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន​ និង​ហានិភ័យ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​។​

លោក​បន្ថែម​ថា​៖ «​ដូច្នេះ​ដើម្បី​ទ្រទ្រង់​ដល់​ប្រព័ន្ធ​អេកូ​ចាំបាច់ ​គឺ​ត្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​មនុស្ស​គ្រប់គ្នា​។ បើ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​បន្ថែម​នោះ ការងារ​ដែល​យើង​ធ្វើ​នេះ​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​»​។

យោង​តាម​ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ព្រៃឈើ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​អេកូ​។ ព្រៃឈើ​ជួយ​ស្រូប​កាបូន​ឌីអុកស៊ីត​ពី​ខ្យល់​អាកាស ​និង​បញ្ចេញ​អុកស៊ីហ៊្សែន កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​កាត់​បន្ថយ​កម្តៅ។

លោក ប៉ាត បូរី នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន Booking.com យល់​ឃើញ​ថា​ បងប្អូន​យើង​បាន​ទទួល​ស្គាល់​ថា​ ព្រៃ​ឈើ​របស់​យើង ​ឬ​ព្រៃ​ឈើ​នៅ​លើ​ពិភព​លោក​បាន​ថមថយ​ចុះ។ ដូច្នេះ​ហើយ​ដល់​ពេល​ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង​ក្លា​អំពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​។

ការ​ដាំ​ដើម​ឈើ ​ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរជាតិ​អប្សរា​នៅ​ក្នុង​ខេត្ត​សៀមរាប​កាល​ពី​ពេល​ថ្មីៗ។ រូបថត ហ្វេសប៊ុក​របស់​អាជ្ញាធរជាតិ​អប្សរា ​

លោក បូរី ថ្លែង​ថា​៖ «​យើង​មាន​គោលដៅ ​២ ​ច្បាស់​លាស់​។ ទី១ គឺ​យើង​ដាំ​ដើម​ឈើ​ទុក​ជា​កេរ​ដំណែល​សម្រាប់​កូន​ចៅ​យើង​ក្នុង​ជំនាន់​នេះ ​និង​ជំនាន់​ក្រោយ​។ ទី២ គឺ​យើង​ចង់​បណ្តុះ ​និង​បំផុស​គំនិត ឲ្យ​បងប្អូន​យើង​ចេះ​ស្រឡាញ់ ថែរក្សា និង​ដាំ​ដើម​ឈើ​»​។

ការ​ដាំ​ដើម​ឈើ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​ទី​សាធារណៈ​ផ្សេងៗ ដូចជា​នៅ​តាម​សាលា​រៀន ឬ​វត្ត​អារាម​ជា​ដើម ពី​ព្រោះ​ទីកន្លែង​ទាំង​នោះ​នឹង​មាន​ការ​ថែទាំ​បាន​ល្អ​។

លោក​បន្ត​ថា​៖ «​យើង​ចង់​ដាំ​ដើម​ឈើ​ឲ្យ​បាន​នៅ​គ្រប់​វត្ត និង​គ្រប់​សាលារៀន ដើម្បី​បញ្ចូល​ភាព​ស្រឡាញ់​​ដើម​ឈើ និង​ពន្យល់​ប្រជាពលរដ្ឋ​អំពី​សារៈសំខាន់​ និង​អត្ថប្រយោជន៍​នៃ​ដើម​ឈើ​ចំពោះ​មនុស្ស​លោក​»​។

លោក បូរី បន្ថែម​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ យើង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​ពី​មន្ទីរ និង​ពី​ក្រសួង​បរិស្ថាន​»៕