វិទ្យាស្ថាន​ជាតិ សុវត្ថិភាព និង​ពន្លត់ អគ្គិភ័យ (NFAC) បាន​ចាត់​វិធានការ​ដ៏សំខាន់​មួយទៀត​ដើម្បី​លើកកម្ពស់​ការយល់ដឹង​សុវត្ថិភាព​អគ្គិភ័យ បន្ទាប់ពី​បាន​បើក​ដំណើរការ​ជិត​ ២ ​ខែ​តាមរយៈ​ការបើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ពេញ​ ១ ​ថ្ងៃ សម្រាប់​សិក្ខាកាម​មកពី​វិស័យ​ផ្សេងៗ​អំពី​វិធីសាស្ត្រ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​។

នៅក្នុង​វគ្គបណ្តុះបណ្តាល​រយៈពេល​ពេញ​ ១ ​ថ្ងៃ​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ សុវត្ថិភាព និង​ពន្លត់​អគ្គិភ័យ (NFAC)​នេះ សិក្ខាកាម​ទទួលបាន​ការបណ្តុះបណ្តាល និង​អនុវត្ត​ផ្ទាល់​ស្តីពី​ការប្រើប្រាស់​ឧបករណ៍​ពន្លត់​អគ្គិភ័យ ពួកគេ​ទទួល​បាន​ចំណេះដឹង​ផ្នែក​ទ្រឹស្តី​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ និង​វិធីសាស្ត្រ​ជួយសង្គ្រោះ​ក្នុងពេល​មាន​អាសន្ន​។

លោក Gary Kidd អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ត្រួតពិនិត្យ​គុណភាព​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ (NICS) ​ថ្លែងថា​៖ «​ផ្នែក​សំខាន់​នៃ​យុទ្ធសាស្ត្រ​បង្ការ និង​ពន្លត់​អគ្គិភ័យ​គឺ​បុគ្គលិក​ដែល​នៅក្នុង​អគារ​ ឬ​តំបន់​ដែលមាន​ហានិភ័យ​ពី​អគ្គិភ័យ​ក៏ដូចជា​ជំនាញ និង​ចំណេះដឹង​របស់​ពួកគេ​។

អ្នកពន្លត់​អគ្គិភ័យ​អាច​ជា​បុគ្គលិក​ធ្វើការ​ធម្មតា​ ប៉ុន្តែ​ពួកគេ​ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែម​ដើម្បី​ការពារ​អំពី​គ្រោះថ្នាក់​ និង​ហានិភ័យ​នៃ​អគ្គិភ័យ​ជួយ​អង្កេត​មើលផ្លូវ​រត់គេច​ដែល​អាច​មាន​អ្វី​រាំងស្ទះ​ដល់​ផ្លូវ​រត់គេច​ចេញ​ពី​អគារ​ក្នុង​ករណី​មាន​អគ្គិភ័យ ពួកគេ​អាច​ជូនដំណឹង​ក្នុងករណី​មាន​អគ្គិភ័យ​កើតឡើង ពួកគេ​ចេះ​ពី​របៀប​ជួយ​ជម្លៀស​មនុស្ស​ចេញពី​អគារ​ក្នុង​ករណី​មាន​អាសន្ន ឬ​ជួយ​ពន្លត់​អគ្គិភ័យ ប្រសិនបើ​មាន​សុវត្ថិភាព​សម្រាប់​ពួកគេ​ក្នុង​ការធ្វើ​ដូច្នេះ​»​។

អនុវត្ត​ការជម្លៀសចេញ​ក្នុង​ករណី​មាន​អគ្គិភ័យ​កើតឡើង​។

NFAC ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ខេមបូឌាន ហ្វែរវីន អ៊ីនធើប្រាយ ខមភេនី លីមីធីត (CFE) ដែល​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ​។

វគ្គបណ្តុះបណ្តាល​អ្នក​ពន្លត់​អគ្គិភ័យ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ក្រុមហ៊ុន ខេមបូឌាន ហ្វែរវីន និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។ វិទ្យាស្ថាន​ជាតិ សុវត្ថិភាព និង​ពន្លត់​អគ្គិភ័យ (NFAC) នេះ​ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៧ ខែមករា​។

លោក Gary Kidd បាន​បន្ថែមថា​៖ «​មាន​ប្រធានបទ​សំខាន់ៗ​ជាច្រើន​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ក្នុង​នោះ​មានដូចជា​ការបង្រៀន​អំពី​តួនាទី និង​ការទទួលខុសត្រូវ​របស់​អ្នក​ពន្លត់​អគ្គិភ័យ ការស្វែងយល់​អំពី​គោលការណ៍​នៃ​អគ្គិភ័យ​ថ្នាក់​គ្រោះ​នៃ​អគ្គិភ័យ ការសង្កេត​ស្ថានភាព​អាសន្ន ការគ្រប់គ្រង​ហានិភ័យ ការអនុវត្ត ការជម្លៀសចេញ ត្រូតពិនិត្យ​ឧបករណ៍​ប្រកាស អាសន្ន ប្រតិបត្ដិការ​ជាក់ស្តែង​នានា និង​រៀន​ពី​វិធី​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ជាដើម​»​។

លោក អេង សុផា អ្នកត្រួតពិនិត្យ​ផ្នែក​គុណភាព និង​សុវត្ថិភាព​នៅ​អាកាសយានដា្ឋន​អន្តរជាតិ​ភ្នំពេញ​ដែល​លោក​ជា​សិក្ខាកាម​ម្នាក់​បាន​ចូលរួម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះដែរ បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​អត្ថប្រយោជន៍​ខ្លាំងណាស់ ពីព្រោះ​វា​បានផ្តល់​ចំណេះដឹង​បន្ថែម​ទាក់ទង​នឹង​ការបង្ការ និង​ពន្លត់​អគ្គិភ័យ ដែល​វា​ទាក់ទង​នឹង​ការងារ​ប្រចាំថ្ងៃ​របស់ខ្ញុំ​។

តាមរយៈ​វគ្គបណ្តុះបណ្តាល​នេះ​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ច្រើន​អំពី​ការប្រើប្រាស់​ឧបករណ៍​ពន្លត់​អគ្គិភ័យ​កាន់តែច្បាស់​។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ​វា​នឹង​ជួយ​ការងា​របស់ខ្ញុំ​ឲ្យ​កាន់តែ​ប្រសើរ​»​។

សិក្ខាកាម​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ពី​លោក Gary Kidd​។

សិក្ខាកាម​ជិត​ ៦០ ​នាក់​ បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។ ពួកគេ​ក៏​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ផងដែរ ដែល​ចេញ​ដោយ NFAC តាមរយៈ​ការប្រឡង​នៅពេល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​។

សិក្ខាកាម​ម្នាក់ទៀត​ឈ្មោះ វ៉ែន ស៊ូយ៉ាណា ប្រធាន​វិស្វករ​នៅ​សណ្ឋាគារ​អូឡាំព្យាស៊ីធី បាន​ថ្លែងថា​៖ «​វគ្គបណ្តុះបណ្តាល​នេះ​បាន​បង្រៀន​ឲ្យ​យើង​យល់ដឹង​អំពី​របៀប​ជម្លៀស​មនុស្ស​ចេញ​ពី​អគារ​របៀប​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​ត្រឹមត្រូវ​។

ខ្ញុំ​ទទួលបាន​ចំណេះដឹង​ច្រើន​អំពី​ការបង្ការ​អគ្គិភ័យ ហើយ​ខ្ញុំ​នឹង​យក​ចំណេះដឹង​ទាំងនេះ​ទៅ​អនុវត្ត​នៅ​ស្ថាប័ន​ដែល​ខ្ញុំ​ធ្វើការ ដើម្បី​បង្ការ​អគ្គិភ័យ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​»​។

យោងតាម​នាយកដ្ឋាន​អគ្គិភ័យ​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា​ក្នុង​ឆ្នាំ​ ២០១៩ ករណី​​អគ្គិភ័យ​មាន​ចំនួន​ ៧១៧ ​ករណី​ ពោល​គឺ​កើនឡើង​ចំនួន​ ១៨៣ ​ករណី​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​ ៥៣៤ ​ករណី​។ ដោយឡែក​នៅក្នុង​ខែ​មករា​ដើម​ឆ្នាំ​ ២០២០ ​នេះ​អគ្គិភ័យ​មាន​ចំនួន​ ៧៧ ​ករណី​៕