ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​សកល​កំពុង​សម្លឹង​មើល​ទីផ្សារ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ដែល​មាន​ទីតាំង​ល្អ​ហើយ​អាច​ជួយ​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​។

ដោយ​ឡែក​ចំពោះ​ប្រទេស ​ថៃ ​និង​វៀតណាម ប្រទេស​ទាំង ២ គឺ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏​ធំ​នៅ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ​(GMS) ខណៈ​កម្ពុជា​មាន​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​បណ្តាញ​ដឹក​ជញ្ជូន​នៅ​ក្នុង​តំបន់ ដែល​កំពុង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​អន្តរជាតិ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា (CAMFFA) បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ ​«​វិស័យ​ដឹក​ជញ្ជូន​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស ​កម្ពុជា ក្នុង​ការ​នាំ​ជញ្ជូន​ទំនិញ​ពី​អ្នក​ផលិត​ទៅ​កាន់​អតិថិជន​នៅ​គ្រប់​ទិសទី​។ វិស័យ​ដឹក​ជញ្ជូន​គ្រប​ដណ្តប់​ធំ​ណាស់ លើ​វិស័យ​ផ្សេងៗ ជា​ពិសេស​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​»​។

លោក ស៊ិន ចន្ធី៖ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជិត ៥០០ ក្រុមហ៊ុន​បាន​ចុះ​បញ្ជី។សហការី

លោក​បន្ថែម​ថា​៖ «​វិស័យ​ដឹក​ជញ្ជូន​ធ្វើ​ឲ្យ​ទំនិញ​ទៅ​ដល់​ដៃ​អ្នក​ប្រើប្រាស់ ស្រូប​យក​កម្លាំង​ពលកម្ម​បាន​ច្រើន​ទាក់ទង​នឹង​វិស័យ​ពាក់ព័ន្ធ ដូចជា​រោងចក្រ​សហគ្រាស​ជា​ដើម​។ លើស​ពី​នេះ​ទៀត​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​កាន់​តែ​ខ្លាំង រាប់​ចាប់​តាំង​ពី​កសិដ្ឋាន រោងចក្រ និង​រហូត​ដល់​ពិភព​លោក​ទាំង​មូល​»​។​

លោក​ឲ្យ​ដឹង​ទៀត​ថា​៖ «​វិស័យ​ដឹក​ជញ្ជូន​កំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង ដោយ​ក្នុង​រយៈពេល​ប្រមាណ ​៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជិត​ ៥០០​ ក្រុមហ៊ុន​បាន​ចុះបញ្ជី ដែល​ស្រូប​យក​កម្លាំង​ពលកម្ម​បាន​ប្រមាណ ១៣,៥០០ នាក់​។ យោង​តាម​ការ​សិក្សា​គម្រោង​មេ​របស់​អង្គការ​ចៃ​កា​បាន​ឲ្យ​ដឹង​ថា ​នៅ​ត្រឹម​ឆ្នាំ ​២០២៣ វិស័យ​ដឹក​ជញ្ជូន​នឹង​កើន​ឡើង​ទ្វេដង​»​។

លោក Jevan Chandran អគ្គនាយក​ក្រុមហ៊ុន MV International បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ ​«​ប្រទេស ​កម្ពុជា ​គឺ​ជា​ប្រទេស​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ​(​នៅ​ក្នុង​តំបន់​) ​ហើយ​ផលិតផល​ក្នុង​ស្រុក​សរុប​ក៏​មាន​កំណើន​ខ្ពស់​ផង​ដែរ​។ នៅ​ក្នុង​ឱកាស​នេះ​មាន​វិនិយោគិន​ចិន​ជាច្រើន​មក​កាន់​ទីនេះ​ហើយ​វិស័យ​ដឹក​ជញ្ជូន​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​ផលិត​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​ទៅ​មក​ប្រទេស ​ចិន​»​។

មាន​អ្នក​ចូលរួម​ជិត ​១០០ ​នាក់ មក​ពី ​១៣ ​ប្រទេស បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ Global Logistics, Cargo and Supply Chain (GLCS) ក្រោម​ប្រធាន​បទ​រៀបចំ​អនាគត​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី ​២៧-២៨ ខែ​ឧសភា​កន្លង​ទៅ​។

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ​បង្ហាញ​ពី​កំណើន​ទំនិញ​ចេញ-ចូល​យ៉ាង​ច្រើន។ហេង ជីវ័ន

សន្និសីទ​នេះ​សហការ​រៀបចំ​ដោយ សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា (CAMFFA) និង​ក្រុមហ៊ុន MV International ពាក់ព័ន្ធ​នឹង​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ពី​អាជីវកម្ម (​ដឹក​ជញ្ជូន ឃ្លាំង ការ​ផលិត និង​ធនាគារ​)​ រដ្ឋាភិបាល និង​វិស័យ​សាជីវកម្ម ដើម្បី​ស្វែង​យល់​អំពី​លទ្ធភាព​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ដឹកជញ្ជូន​ក្នុង​ស្រុក​។

យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ចំនួន ​២,៦ លាន​គីឡូ​ម៉ែត្រការ៉េ និង​មាន​ប្រជាជន​ប្រមាណ ​៣២៦ ​លាន​នាក់​។ បណ្តា​ប្រទេស​ដូចជា ​កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ​គឺ​ជា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​។

រដ្ឋាភិបាល​មាន​ផែនការ​សំខាន់ៗ​ដើម្បី​អភិវឌ្ឍ​ដល់​វិស័យ​ដឹក​ជញ្ជូន​ដែល​អាច​គាំទ្រ​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ដែល​កំពុង​រីក​ចម្រើន ហើយ​បាន​កំណត់​គោលដៅ​នៅ​ក្រោម​គោល​នយោបាយ​អភិវឌ្ឍន៍​​ឧស្សាហកម្ម ២០១៥-២០២៥​។

ក្រោម​ការ​អភិវឌ្ឍ​ប្លង់​មេឡូជីស្ទិក​សម្រាប់​កម្ពុជា រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដោយ​តភ្ជាប់​ច្រក​សេដ្ឋកិច្ច​ចំនួន​​គឺ ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ភ្នំពេញ​-​បាវិត និង​ភ្នំពេញ​-​​ប៉ោយប៉ែត​។

ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស បរិមាណ​ទំនិញ​ចេញ​ចូល​នៅ​តាម​អាកាសយានដ្ឋាន​ និង​កំពង់ផែ​សមុទ្រ​ធំៗ​នៅ​ក្នុង​ប្រទេស​ កម្ពុជា ​បាន​បង្ហាញ​អំពី​សញ្ញា​កើន​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​មុន​។

លោក ចន្ធី បន្ថែម​ថា​៖ «​ចំពោះ​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ដ៏​ឆាប់​រហ័ស​នេះ ហេដ្ឋា​រចនា​សម្ព័ន្ធ ​គឺ​ជា​កត្តា​មួយ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​។ រដ្ឋាភិបាល​បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​ដឹក​ជញ្ជូន​ដែល​កំពុង​តែ​មាន​កំណើន​យ៉ាង​ឆាប់​រហ័ស​នេះ​។ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចុប្បន្ន​ហាក់​នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នេះ​នៅ​ឡើយ​»​។​

លោក ចន្ធី ​បន្ត​ថា​៖ «​ក្នុង​នាម​ជា​ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​​កម្ពុជា ខ្ញុំ​សូម​សំណូមពរ​ដល់​​រដ្ឋាភិបាល​ជួយ​រៀបចំ​ឲ្យ​មាន​ការ​សិក្សា​ពី​វិស័យ​នេះ​ឲ្យ​កាន់​តែ​ស៊ីជម្រៅ ជា​ពិសេស​ជួយ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ឲ្យ​បាន​​​ច្រើន ដើម្បី​បម្រើ​ដល់​វិស័យ​ដឹក​ជញ្ជូន​ឲ្យ​កាន់​តែ​មាន​ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​»៕